អាជ្ញាធរ​ខេត្តសៀមរាប​ព្រមាន​​វិធានការ​​ច្បាប់​ បើ​ពលរដ្ឋ​មិន​ព្រម​ចេញ​ពីចម្ការ​លោក ខឹម វាសនា

អ្នកគាំទ្រប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា រាប់ម៉ឺននាក់ បានចាកចោលផ្ទះសម្បែង មករស់នៅប្រមូលផ្តុំគ្នានៅ​ចម្ការមួយ ក្នុងស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។ (រូបភាព៖ ហ្វេសប៊ុក អភិបាលរងខេត្តសៀមរាប លោក ឃឹម ហ្វីណង់)

អាជ្ញាធរខេត្តសៀមរាប ព្រមានចាត់វិធានការផ្លូវច្បាប់​ ប្រសិនបើពលរដ្ឋមិនព្រមចាកចេញពីចម្ការ​របស់លោក ខឹម វាសនា ខណៈតំណាងរបស់លោក ខឹម វាសនា បានចុះកិច្ចសន្យាព្រមព្រៀងជាមួយសមត្ថកិច្ចថា នឹងជំរុញឱ្យសមាជិកខ្លួនចាកចេញឱ្យអស់ត្រឹមថ្ងៃទី៥ ខែកញ្ញានេះ។

ការព្រមាននេះ ធ្វើឡើងបន្ទាប់ពី ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា បានប្រកាសកៀរគរអ្នកគាំទ្រ​លោកមកប្រមូលផ្តុំគ្នានៅ​ចម្ការរបស់លោកក្នុងស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប ដោយថា ពិភពលោកទាំងមូលនឹងលិចលង់ដោយទឹកជំនន់ ក្នុងនោះមានតែទីតាំងចម្ការលោកមួយទេ ដែលអាចរួចផុតពីគ្រោះមហន្តរាយនេះ។

ការកៀរគរនេះ បានធ្វើឱ្យពលរដ្ឋ​ដែលអាជ្ញាធរប៉ាន់ប្រមាណថា មានជាង១ម៉ឺន៥ពាន់នាក់ ដែលនៅក្នុងស្រុក និងត្រលប់ពីក្រៅប្រទេស បានធ្វើដំណើរទៅ និងសាងសង់រោងជាច្រើន​ស្នាក់នៅទីតាំងនោះ។

ស្នងការនគរបាល​ខេត្តសៀមរាប លោក តេង ច័ន្ទណាត មានប្រសាសន៍ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា សមាជិកបក្សអ៊ិលឌីភី (LDP) ដែលមក​ប្រមូល​ផ្តុំ​តាមការកៀរគរ​របស់លោក ខឹម វាសនា ប្រមាណ​ ៥ ០០០នាក់បានចាកចេញពីចម្ការរបស់មេបក្សសម្ព័ន្ធនេះហើយ គិតត្រឹមថ្ងៃទី២ ដល់ទី៤ ខែកញ្ញា។

​លោកពុំទាន់ដឹងពីតួលេខច្បាស់លាស់ថា ពលរដ្ឋដែលមកចម្ការលោក ខឹម វាសនា មានសរុបប៉ុន្មាននោះទេ ខណៈការវាយតម្លៃគឺប្រមាណ​ ១៥ ០០០នាក់។ ក្រៅពីនោះ លោកថា សមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យប្រាប់អាជ្ញាធរថា ពួកគេប្រមាណ ១ ០០០នាក់ទៀតប៉ុណ្ណោះ កំពុងស្ថិតនៅក្នុងចម្ការលោក ខឹម វាសនា នៅឡើយ។

បែបនេះក្តី ស្នងការនគរបាល​ខេត្តសៀមរាបរូបនេះថា តំណាងលោក ខឹម វាសនា បានចុះកិច្ចសន្យាថា នឹងជំរុញឱ្យសមាជិក​របស់ខ្លួន​ដែលនៅសេសសល់​ចាកចេញឱ្យអស់ត្រឹមថ្ងៃទី៥ ខែកញ្ញានេះ។

លោក តេង ច័ន្ទណាត បន្តថា នេះជាករណីដាច់ខាតដែលពលរដ្ឋទាំងនោះត្រូវតែរំសាយការប្រមូលផ្តុំ ហើយចាកចេញតាមកាលកំណត់។ យ៉ាងណា លោកថា អាជ្ញាធរនឹងពិនិត្យពិចារណាអន្តរាគមន៍តាមស្ថានភាពជាក់ស្តែង បើពួកគេនៅតែមិនព្រមចាកចេញ។

លោក តេង ច័ន្ទណាត ថា៖ «ជាវិធាន អាហ្នឹងយើងត្រូវតែដាច់ខាតហើយ! ប៉ុន្តែយើងនៅតែមានការនិយាយគ្នាបន្តទៀត បើសិនអ្នកខ្លះ ជួនកាលគាត់​មិន​អាច​រើពេលហ្នឹង គាត់អាចរើស្អែក អាហ្នឹងក៏យើងមើលទៅតាមជាក់ស្តែង។ ប៉ុន្តែដាច់ខាត យើងធ្វើឱ្យម្ចាស់ទីតាំងហ្នឹង គាត់ជំរុញ […] វាដល់ពេល​វេលា​ដែលម្ចាស់ទីតាំង សាមីខ្លួន ព្រោះគាត់បានចុះកិច្ចសន្យាជាមួយអាជ្ញាធរហើយ។ [បើករណីអ្នកមួយចំនួនមិនព្រមចាកចេញពីចម្ការលោក ខឹម វាសនា?] អាហ្នឹងគឺសំខាន់គឺត្រូវឱ្យម្ចាស់ទីតាំងហ្នឹង លោកជួយអន្តរាគមន៍ ហើយខាងសមត្ថកិច្ចត្រូវអន្តរាគមន៍ អាហ្នឹងយើងមើលទៅតាមជាក់ស្តែង»។

លោក តេង ច័ន្ទណាត ថា តាំងពីចុះប្រតិបត្តិការនៅទីតាំងរបស់លោក ខឹម វាសនា មក សមត្ថកិច្ចបានឃាត់ខ្លួនសមាជិករបស់លោក ខឹម វាសនា ជាស្ត្រីចំនួន ៦នាក់ កាលពី​ថ្ងៃទី៣ខែកញ្ញា​ ករណីគេចពីរបាំងសមត្ថកិច្ច និងប្រឆាំងមន្ត្រីរាជការសាធារណៈ ហើយសំណុំរឿងនេះតុលាការកំពុងបន្តនីតិវិធី។ ​

ស្នងការខេត្តរូបនេះថា លោក ខឹម វាសនា កំពុងស្ថិតនៅចម្ការរបស់លោកស្ថិតក្នុងខេត្តសៀមរាបដដែល ខណៈកងកម្លាំងសមត្ថកិច្ចប្រហែល ៥០០នាក់ ទៅ ៨០០នាក់ កំពុងប្រចាំការនៅទីនោះ។

វីអូឌី បានព្យាយាមរកការបំភ្លឺពី អ្នកនាំពាក្យគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ លោក កូវ គា ប៉ុន្តែមិនមានការឆ្លើយតបទេនៅថ្ងៃចន្ទនេះ។

យ៉ាងណា ក្នុងលិខិត​កិច្ចសន្យាចុះថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ ដែលមានស្នាមមេដៃផងនោះ តំណាង លោក ខឹម វាសនា ចំនួន៦រូប បានទទួល​ស្គាល់​កំហុសដែលបានកៀរគរប្រមូលផ្តុំប្រជាពលរដ្ឋ ដោយពុំមានច្បាប់អនុញ្ញាត។

ក្នុងនោះពួកគេបានសន្យាចំនួន ៦ចំណុចទៅកាន់អាជ្ញាធរ ដោយអះអាងពីការបញ្ចប់ការជួបជុំប្រមូលផ្តុំ ព្រមទាំងប្រកាសរំសាយកម្លាំង ចាកចេញពីចម្ការ លោក ខឹម វាសនា ឱ្យអស់ត្រឹម​ម៉ោង៥កន្លះ ល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។

កិច្ចសន្យាសរសេរថា៖ «ក្នុងករណីជនណាម្នាក់រឹងរុះ មិនព្រមអនុវត្តតាមការសំណូមពរឱ្យចាកចេញតាមកាលបរិច្ឆេទដូចបានកំណត់ខាងលើនេះ សូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ ឬមានចំណាត់ការផ្លូវច្បាប់ឱ្យពួកគាត់ចាកចេញ។ ទន្ទឹមនេះ ចាប់ពីថ្ងៃប្រកាសឱ្យចាកចេញ យើងខ្ញុំសុំមិនទទួលខុសត្រូវលើការដាំស្លរ ឬផ្គត់ផ្គង់អាហារឱ្យប្រជាពលរដ្ឋតទៅទៀតនាះទេ»។

ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ ចាត់ទុកឥទ្ធិពលអូសទាញរបស់លោក ខឹម វាសនា ថា ជារឿងដ៏អាក្រក់​ដែលអាចរុញច្រាន​កម្ពុជាឱ្យ​រងទុក្ខពីអំពើអសីលធម៌ ការបំពានសិទ្ធិ គ្រួសារបែកបាក់ ហើយបុគ្គលជាច្រើនទៀតបោះបង់តួនាទី​ និងកាតព្វកិច្ចរបស់ខ្លួន មិនថាក្នុងជីវភាពខ្លួនឯង គ្រួសារ និង​សង្គមជាតិ។ ​

លោក សេក សុជាតិ ថា រដ្ឋាភិបាលមានតួនាទីចាត់វិធានការឱ្យបានតឹងរឹងចំពោះករណីនេះ តាមរយៈការហៅ លោក ខឹម វាសនា មកជួបពិភាក្សាជាមួយ​អាជ្ញាធរ ដើម្បីសិក្សាពីឬសគល់នៃបញ្ហា និងដោះស្រាយតាមផ្លូវច្បាប់ដើម្បីបញ្ឈប់ឥទ្ធិពលមនោគមន៍វិជ្ជានេះ។

លោកថា បើរដ្ឋាភិបាលបណ្តែតបណ្តោយឱ្យលោក ខឹម វាសនា បន្តធ្វើតាមអំពើចិត្ត ​នោះនឹងបង្កផលប៉ះពាល់ដល់អនាគតពលរដ្ឋ និងសង្គមជាតិទាំងមូល។

លោក សេក សុជាតិ ថា៖ «ឥទ្ធិពលនេះវានឹងជះកាន់តែធំទៅ ហើយនឹងធ្វើឱ្យមនុស្សបាត់បង់ជំនឿទៅលើផ្លូវច្បាប់ លែងជឿទៅលើរដ្ឋាភិបាល។ ដូច្នេះហើយវានឹងបង្កើតឱ្យមាននូវវិនាសកម្មច្រើនផ្សេងៗទៀត អាចថា នឹងមានកើតចេញជាអំពើឃោរឃៅ យង់ឃ្នងណាមួយ​តាមរយៈ​ការប្រើប្រាស់​មនោគមវិជ្ជាដើម្បីសន្តំផ្នត់គំនិតរបស់មនុស្សហ្នឹងឱ្យភ្លេច ឱ្យយល់ថាអ្វីដែលខ្លួនធ្វើ គឺជាសិទ្ធិ ជាអំណាចដែលបានមកពីព្រហ្ម មកពីអីចឹងទៅ ដែលធ្វើឱ្យ​បញ្ហាហ្នឹងវាអាចនឹងកើតធំឡើង»។

តាមវីដេអូជាច្រើន ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកបង្ហាញពីទិដ្ឋភាព​គ្រួសារជាច្រើនមកពីតាមបណ្តាខេត្តមួយចំនួន បានតាមរកសាច់ញាតិ​របស់ពួកគេ​ដែលកំពុងស្ថិតនៅក្នុងចម្ការរបស់លោក ខឹម វាសនា។

គ្រួសារខ្លះ បែកព្រាត់ប្រាស់ប្រពន្ធកូន ឪពុកម្តាយ ហើយខ្លះទៀតបាត់ដំណឹងកូនរាប់ខែ រាប់ថ្ងៃ ហើយនៅពេលបានជួបប្រពន្ធ ប្តី និងកូនៗពួកគេ អ្នកគាំទ្រ​លោក ខឹម វាសនា ទាំងនោះមិនព្រមចាកចេញពីចម្ការឡើយ ព្រមទាំងប្រឆាំងនឹងគ្រួសារពួកគេដែលកំពុងតាមរកថែមទៀតផង។

នៅថ្ងៃទី៥ ខែកញ្ញានេះ សារព័ត៌មានស្និទរដ្ឋាភិបាល Fresh News បានចុះផ្សាយថា យុវជនម្នាក់បានចងកសម្លាប់ខ្លួន បន្ទាប់ពីត្រឡប់មកពីចម្ការលោក ខឹម វាសនា នៅខេត្តសៀមរាបវិញ ហើយត្រូវបានឪពុកម្ដាយណែនាំ និងស្ដីបន្ទោស​ ព្រោះមិនចង់ឱ្យកូនត្រឡប់ទៅវិញ។

ករណីទាំងនេះ លោក សេក សុជាតិ ​ បារម្ភថា បើលោក ខឹម វាសនា មានគំនិតទុច្ចរិតណាមួយកាន់តែជ្រៅថែមទៀតនោះ នឹងធ្វើឱ្យសង្គម​កាន់តែច្របូក​ច្របល់ ពលរដ្ឋជាច្រើនដែលមិនបានដឹងនឹងកាន់តែងប់ងល់ លិចលង់ក្នុងមនោគមន៍វិជ្ជានេះ ហើយរងសម្ពាធដល់ធ្វើអត្តឃាត ព្រមទាំងអាចបង្កើតជា​គំរូអាក្រក់​ទៅអនាគត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ