រុស្ស៊ី​នឹង​ទិញ​គ្រាប់ផ្លោង​និង​គ្រាប់រ៉ុក្កែត​ពី​កូរ៉េខាងជើង

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (ស្តាំ) ជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី ថ្ងៃទី25 ខែមេសា ឆ្នាំ2019។ (Reuters)

រុស្ស៊ីនឹង​ទិញ​គ្រាប់​ផ្លោង និង​គ្រាប់​រ៉ុក្កែត​រាប់​លាន​គ្រាប់​ពី​កូរ៉េខាង​ជើង។ នេះបើយោងតាមរបាយ​ការណ៍ស៊ើ​បអ​ង្កេត​របស់​សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ដែលត្រូវបានទីភ្នាក់ងារសារព័ត៌មាន Al Jazeera យកមកចុះផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ។

សារព័ត៌មាន The New York Times ដែលបានរាយការណ៍ពីការទិញនេះ បាននិយាយថា របាយ​ការណ៍បានផ្ដល់ព័ត៌មានតិចតួចអំពីអាវុធដែលនឹងត្រូវទិញ ឬពេលវេលា ឬទំហំនៃការដឹកជញ្ជូន។

ប្រភពដដែលបន្តថា ក្រៅពីគ្រាប់រ៉ុក្កែតរយៈចម្ងាយខ្លី និងគ្រាប់ផ្លោង រុស្ស៊ីអាចនឹងទិញសព្វាវុធបន្ថែមទៀតពីកូរ៉េខាងជើងនាពេលអនាគត។

ចំណាត់​ការ​របស់​រុស្ស៊ី​ក្នុង​ការ​ទិញ​សព្វា​វុធ​ពី​កូរ៉េ​ខាង​ជើង ដែល​ជា​រដ្ឋ​ឯកោ និង​ទទួល​រងទណ្ឌ​កម្ម​ពី​អន្តរ​ជាតិ​ចំពោះ​កម្ម​វិធី​អាវុធ​នុយ​ក្លេអ៊ែររបស់ខ្លួន បង្ហាញថា «យោធារុស្ស៊ីកំពុង​ខ្វះខាតសព្វា​​​វុធនៅក្នុងប្រទេសអ៊ុយក្រែន ដោយសារតែរងទណ្ឌកម្មពីអន្តរជាតិ»។ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Associated Press ​ដោយ​ស្រង់​សម្តី​មន្ត្រី​អាមេរិក​ម្នាក់​ដែល​សុំមិន​បញ្ចេញ​ឈ្មោះ។

រុស្ស៊ីបានពង្រឹងទំនាក់ទំនងជាមួយប្រទេសនានា រួមទាំងកូរ៉េខាងជើង និងអ៊ីរ៉ង់ ចាប់តាំងពីឈ្លាន​ពានអ៊ុយក្រែនកាលពីខែកុម្ភៈ។ ការឈ្លានពាននេះ បាននាំឱ្យមានការថ្កោលទោស និងការ​ដាក់ទណ្ឌកម្មពីអន្តរជាតិ ដែលបង្កឱ្យមានកង្វះខាតផ្នែកសព្វាវុធរបស់ខ្លួន។  

សហរដ្ឋអាមេរិកធ្លាប់បាននិយាយថា ទីក្រុងមូស្គូបាននិងកំពុង​ទិញយន្តហោះគ្មានមនុស្សបើក​ពីប្រទេសអ៊ីរ៉ង់។

គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ មិនបានចូលរួមក្នុងការថ្កោលទោសប្រទេសរុស្ស៊ីឡើយ ក្នុងករណីឈ្លាន​ពាន​អ៊ុយ​ក្រែន ផ្ទុយទៅវិញបានបន្ទោសការពង្រីកខ្លួនរបស់ណាតូ (NATO) នៅអឺរ៉ុបខាងកើត​ ថាជាមូលហេតុនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។

កាល​ពី​ខែ​កក្កដា អ៊ុយក្រែន​បាន​កាត់​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​កូរ៉េ​ខាង​ជើង ​បន្ទាប់​ពី​ទីក្រុងព្យុង​យ៉ាង​បាន​ចូល​រួម​ជាមួយ​រុស្ស៊ី និង​ស៊ីរី ក្នុងការទទួល​ស្គាល់​សាធារណរដ្ឋ​ចំនួន២ ដែល​ប្រកាស​​ឯករាជ្យដោយខ្លួនឯង​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ