គ្មាន​ការ​លើកថ្ងៃ​ឈប់សម្រាក​សម្រាប់​និយោជិត​នា​ឱកាស​បុណ្យភ្ជុំបិណ្ឌ បើ​ទោះបី​ចំ​ថ្ងៃ​ចុងសប្ដាហ៍​ក្ដី

ពុទ្ធបរិស័ទជិតឆ្ងាយមកប្រគេនចង្ហាន់ព្រះសង្ឃនៅវត្តមួយកន្លែងក្នុងក្រុងភ្នំពេញ នាថ្ងៃដាក់បិណ្ឌទី១ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ការឈប់សម្រាករបស់កម្មករ-និយោជិតនាឱកាសភ្ជុំបិណ្ឌនេះ ពុំមានការលើកថ្ងៃ​ឡើយ បើទោះចំថ្ងៃចុងសប្ដាហ៍ សៅរ៍-អាទិត្យ ក្ដី ខណៈរោងចក្រ សហគ្រាសណាដែលមិនអាចឱ្យបុគ្គលិកឈប់ព្រមគ្នាក្នុងពេលតែមួយបាន អាចបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗដោយផ្លាស់វេនគ្នា និងមានសិទ្ធិទទួល​ប្រាក់បំណាច់បន្ថែម។

នេះបើតាមសេចក្ដីជូនដំណឹងស្ដីពី «ការអនុវត្តការឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២២» របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចុះថ្ងៃទី៧ ខែកញ្ញា​។

សេចក្តីជូនដំណឹងបានប្រាប់ឱ្យម្ចាស់រោងចក្រ សហគ្រាស អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥-២៦ ដែលត្រូវនឹងថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃចន្ទ ក្នុងខែកញ្ញា ឆ្នាំ២០២២។

សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «សូមលោក លោកស្រី ជាម្ចាស់ ឬនាយករោងចក្រ សហគ្រាស អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្នុងរយៈពេលបីថ្ងៃ គឺថ្ងៃទី២៤ – ២៥ និងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២»។

ដោយឡែក ក្រសួងការងារថា ចំពោះរោងចក្រសហគ្រាសណាដែលអាជីវកម្មមានលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន មិនអាចឱ្យបុគ្គលិកឈប់ព្រមគ្នាក្នុងពេលតែមួយបាន នោះស្ថាប័នត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗដោយផ្លាស់វេនគ្នា។

ក្រសួងការងារបន្តថា កម្មករនិយោជិតដែលធ្វើការនៅថ្ងៃឈប់បុណ្យភ្ជុំបិណ្ឌនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែម ដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ ម្ចាស់រោងចក្រ សហគ្រាស ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិតដែលត្រូវផ្លាស់ប្ដូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗ និងរក្សាទុកជាប្រចាំ សម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។

សេចក្តីជូនដំណឹងសរសេរថា៖ «ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាម៉ីនិងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ សហគ្រាស ឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យ»។

ក្រសួងការងារសំណូមពរឱ្យរោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ