នាយក​រដ្ឋមន្ត្រី​អង់គ្លេសថ្មី លោកស្រី Liz Truss នឹង​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន

លោកស្រី Liz Truss មក​ដល់​​​មជ្ឈមណ្ឌល Queen Elizabeth II ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ក្នុងថ្ងៃ​ប្រកាស​ពីបេក្ខភាព​នាយក​រដ្ឋមន្ត្រី​បន្ទាប់​របស់​អង់គ្លេស។ (REUTERS/John Sibley)

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោកស្រី លីស ត្រាស់ (Liz Truss) បានជួប​ពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) នៅក្នុងជំនួបតាមទូរសព្ទជាលើកដំបូងរបស់លោកស្រីជាមួយមេដឹកនាំបរទេស ហើយ​លោកស្រីបានទទួលយកការអញ្ជើញឱ្យទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន និងបានបញ្ជាក់ពីគោលជំហរក្នុងការគាំទ្រប្រទេសអ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី។

ប្រទេសអង់គ្លេស គឺជាម្ចាស់ជំនួយដ៏ធំមួយសម្រាប់អ៊ុយក្រែនក្នុងចំណោមប្រទេសនានា ដែលបានបញ្ជូនអាវុធប្រឆាំងរថក្រោះជិត៧ ០០០ដើម រ៉ុក្កែតរាប់រយគ្រាប់ និងរថពាសដែករ៉ាប់រយគ្រឿង។ លើសពីនេះ ប្រទេសអង់គ្លេសក៏កំពុងបណ្ដុះបណ្ដាលទាហានអ៊ុយក្រែនផងដែរ។

យោងតាមការិយាល័យរបស់លោកស្រី លីស ត្រាស់ (Liz Truss) បានឱ្យដឹងថា៖ «នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី បាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី [Volodymyr Zelenskiy] នៅល្ងាច [ថ្ងៃទី៦ ខែកញ្ញា ម្សិលមិញ] នេះ ដើម្បីបញ្ជាក់ពីគោលជំហរក្នុងការគាំទ្ររបស់អង់គ្លេស ចំពោះសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់អ៊ុយក្រែន»។  

ការិយាល័យរបស់លោកស្រី លីស ត្រាស់ (Liz Truss) បានឱ្យដឹងទៀតថា៖ «នាយករដ្ឋមន្ត្រីថ្មី បាន​និយាយថា លោកស្រីទន្ទឹងរង់ចាំធ្វើការជាមួយប្រធានាធិបតីអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មាន​សប្តាហ៍ខាងមុខនេះ ហើយលោកស្រីរីករាយក្នុងការទទួលយកការអញ្ជើញឱ្យទៅជួបប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី [Volodymyr Zelenskiy] ក្នុងប្រទេសអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ»។

គួរបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) បានឡើង​​​កាន់​​តំណែង​ជា​​នាយករដ្ឋមន្ត្រីអង់គ្លេស ជំនួស​​លោក បូរីស ចនសុន (Boris Johnson) នៅថ្ងៃអង្គារម្សិលមិញនេះ ក្រោយពីលោកស្រីជាប់ឆ្នោត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ