តុលាការ​ខេត្តកោះកុង​ឃុំ​ខ្លួន​បុរស​២នាក់​ក្រោយ​ប្រើ​កាំភ្លើង​បាញ់​សម្លាប់​សត្វព្រៃ​ក្នុង​តំបន់ការពារ

រថយន្តនិងអាវុធដែលជនសង្ស័យប្រើប្រាស់ក្នុងការបាញ់សត្វព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ នៅស្រុកថ្មបាំង ខេត្តកោះកុង កាលពីយប់រំលងអធ្រាត្រ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង)

តុលាការ​ខេត្ត​កោះកុង បាន​ចោទ​ប្រកាន់និងឃុំខ្លួនបុរស​២នាក់​ជា​បណ្ដោះអាសន្នក្នុងពន្ធនាគារ ក្រោយពួកគេ​​ប្រើកាំភ្លើ​ង​បាញ់​​សម្លាប់​​សត្វព្រៃ​ដោយ​ខុស​ច្បាប់ ​ក្នុងតំបន់ការពារធម្មជាតិ នៅស្រុកថ្មបាំង ខេត្តកោះកុង។

ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានចុះផ្សាយលើ​ទំព័រ​ហ្វេសប៊ុករបស់ខ្លួនថា កាល​ពី​យប់រំលងអធ្រាត្រថ្ងៃទី៦ ខែ​កញ្ញា កម្លាំង​កង​រាជអាវុធហត្ថ សហការជាមួយមន្ត្រីបរិស្ថាន និងកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឃាត់ខ្លួនបុរស​ជាជន​សង្ស័យ២នាក់ ​នៅចំនុច​ភូមិ​ទឹក​ល្អក់​ ឃុំជីផាត ស្រុក​ថ្មបាំង ខណៈ​២នាក់ទៀតរត់គេចខ្លួនបាត់ ក្រោយ​ប្រើ​​ប្រាស់​​កាំភ្លើង​បាញ់​សម្លាប់សត្វព្រៃ។

ស្នងការ​ដ្ឋាននគរបាលខេត្តកោះកុង បញ្ជាក់ថា អ្នកដែលបាញ់សត្វព្រៃនោះ ម្នាក់ឈ្មោះ ស្រី វាសនា អាយុ៣៥ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរដឹម សង្កាក់​ចោម​ចៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ ហុង រត្នមុនី អាយុ២៩ឆ្នាំ មានទីលំនៅសង្កាត់ទឹកល្អក់១ ខណ្ឌទួល​គោក រាជធានីភ្នំពេញ ។

ប្រភពដដែលបន្តថា វត្ថុ​តាងដែល​សមត្ថកិច្ចរឹបអូសបាន​ក្នុងករណីបង្ក្រាបបទល្មើស​ធនធាន​ធម្ម​ជាតិ​នោះ រួមមាន រថយន្តម៉ាកហ្វត ពណ៌ត្រេអ៊ី​ ពាក់​ស្លាក​លេខ ២-៤៧៩៣ ខេម​រៈភូមិន្ទ​០២ ចំនួន១គ្រឿង, សត្វប្រើស១ក្បាល, សំពោច១ក្បាល, សាច់សត្វមួយស្បោង និងអាវុធចំនួន៥ដើម ក្នុងនោះមាន​កាំភ្លើងបាញ់សត្វប្រភេទទំនើប២ដើម កាំភ្លើងខ្លី៣ដើម និងគ្រាប់ចំនួន៥៩គ្រាប់។

បើតាមស្នងការដ្ឋាននគរបាលខេត្តកោះកុង ជនសង្ស័យទាំង​២នាក់នោះត្រូវ​បាន​សមត្ថកិច្ចបញ្ជូនទៅមន្ទីរបរិស្ថាន​ខេត្តកោះ​កុងភ្លាមៗ​ ដើម្បីសាកសួរ និង​កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់។

ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លោក ហ៊ុន ម៉ារ៉ាឌី ប្រាប់វីអូឌីនៅថ្ងៃទី៨ ខែកញ្ញានេះថា ជន​​សង្ស័យទាំង​២នាក់នោះត្រូវបាន​​មន្ទីរ​បរិស្ថាន​ខេត្ត​បញ្ជូន​ទៅ​តុលាការ​ហើយ​កាលពីល្ងាចថ្ងៃ​ម្សិល​មិញ ក្រោយ​សាកសួរជាច្រើនម៉ោង។

ប៉ុន្តែ​នៅ​ពេល​សួរថា តើអ្នកដែលប្រើកាំភ្លើងបាញ់​សត្វព្រៃនោះ​ជាពលរដ្ឋធម្មតា ឬជាមន្ត្រីរាជការ ហើយកាំភ្លើងដែលពួកគេប្រើប្រាស់នោះជាអាវុធស្រប​​ច្បាប់ឬ​ខុស​ច្បាប់? លោក ហ៊ុន ម៉ារ៉ាឌី បដិសេធឆ្លើយតប​ ដោយ​លោក​បង្វែរឱ្យ​ទៅ​សួរខាង​តុលាការ​វិញ។

លោកបន្ថែមថា៖ «[ជន​សង្ស័យ] ២នាក់​ហ្នឹង គឺ​មន្ទីរ​បាន​បញ្ជូន​ទៅ​អយ្យការអម​សាលាដំ​បូង​ខេត្ត​ចាត់​ការ​តាម​នីតិ​វិធី​បន្តកាល​ពីថ្ងៃ​ម្សិល​មិញ​ហើយ។ ទុកនីតិវិធីហ្នឹងឱ្យខាងតុលាការលោកស៊ើបអ​ង្កេតបន្តទៀត ព្រោះពេលយើងសួរនៅនេះ គាត់​ថាជា​ប្រជាពលរដ្ឋ អ៊ីចឹង​រឿង​ផ្សេងៗទៀត​ទុកជានាទីរបស់អយ្យការទៅ»

អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង​ លោក វ៉ៃ ភីរម្យ មាន​ប្រសាសន៍​ថា បុរ​ស​២នាក់​នោះត្រូវ​បាន​ចៅក្រម​ស៊ើប​សួរសម្រេច​ចោទ​ប្រកាន់ជា​ផ្លូវការ និង​បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារបណ្ដោះអាសន្នហើយកាលពីថ្ងៃ​ម្សិលមិញ។

លោកបន្ថែមថា៖ «ចំពោះ​បទ​ចោទ​មានការប្រើប្រាស់អាវុធដោយខុសច្បាប់ និងមួយទៀត​ពាក់ព័ន្ធនឹងការបំផ្លិច​បំផ្លាញធន​ធាន​ធម្ម​ជាតិ​តាម​រយៈ​ការ​បរបាញ់​នោះ»

ប្រធាន​កម្ម​វិធី​ផ្នែក​​ស្រាវ​ជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង បានសាទរចំពោះវិធានការនានា​របស់សមត្ថកិច្ចពាក់ព័ន្ធទៅលើជនសម្លាប់សត្វព្រៃ។ ប៉ុន្តែលោក​បានជំរុញឱ្យមានវិធានការ​ច្បាប់តឹ​ង​រ៉ឹង​ជាង​នេះ ខណៈ​ការ​ចាប់​សត្វ​ព្រៃ និង​ផ្សព្វ​ផ្សាយ​លក់​សាច់​សត្វព្រៃ​នៅ​តែ​បន្ត​កើត​មាន​ជា​ហូរហែ។

លោកបន្ថែម​ថា៖ «អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​មាន​វិធាន​ការ​តឹង​រ៉ឹង ឬឃាត់ខ្លួនចំពោះជនទាំងឡាយណាដែលបរិភោគសត្វព្រៃ និងបរបាញ់សត្វព្រៃដោយខុសច្បាប់ ឱ្យពួកគេទទួលខុសត្រូវចំពោះមុខច្បាប់។ បើសិនជាលក្ខណៈវិនិច្ឆយនៃទោសត្រូវកំណត់​ឱ្យជាប់​ពន្ធនាគារ គួរតែមានភាពតឹងរ៉ឹងក្នុងការដាក់ទណ្ឌកម្មបែបនេះដែរ ដើម្បីព្រមានដល់ប្រជាពលរដ្ឋផ្សេងទៀត[ដែល]ហ៊ានទៅបរបាញ់ និងទិញសត្វព្រៃមកហូប»។

ក្រសួង​បរិស្ថាន សង្គមស៊ីវិល និងអាជ្ញាធរពាក់ព័ន្ធ បាននិង​​កំពុងធ្វើយុទ្ធនាការ «​អន្ទាក់សូន្យ» ដោយបានដាក់ចេញ​នូវវិធាន​ការ​បន្ទាន់នានា ដើម្បីបង្កើនការពង្រឹង​ការអនុវត្តច្បាប់ និងពិនិត្យមើលបទប្បញ្ញត្តិពាក់ព័ន្ធ ក្នុងគោលបំណងទប់ស្កាត់​ការ​បរបាញ់​សត្វ​ព្រៃ​ខុស​ច្បាប់ និង​បញ្ចប់​វិបត្តិ​អន្ទាក់ ដែលកំពុង​គំរាមកំហែងដល់ជីវិតសត្វព្រៃនៅកម្ពុជា។

ក្នុង​ឆ្នាំ២០២១ ក្រសួងបរិស្ថាន និងស្ថាប័នអង្គការដៃគូរបស់ខ្លួន បានដក​អន្ទាក់សរុបជាង៦ម៉ឺនអន្ទាក់ (៦១ ៦១១)​ ចេញពីតំបន់ការពារធម្មជាតិ ចំនួន៧២ និងច្រករបៀង​ជីវ​ចម្រុះផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ ជាមធ្យម ក្នុងមួយឆ្នាំ មានអន្ទាក់សរុបចំនួនប្រមាណ៤០ ០០០អន្ទាក់​ ត្រូវ​បាន​ដក​ចេញ​ពី​តំបន់​ការពារ​ធម្មជាតិទាំង​នោះ។

បើតាមលោក នេត្រ ភក្ត្រា ក្នុងឆ្នាំ២០២១​ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់​មកពី​អង្គភាពចម្រុះ បានចុះប្រតិបត្តិការបង្ក្រាប​​ការ​ជួញដូរសត្វ​ព្រៃ​​ចំនួន៦២៥​​ករណី សង្គ្រោះសត្វព្រៃ​បាន១ ២៧១​ក្បាល រឹបអូសសាច់សត្វព្រៃចំនួន៣ ៦០៩ក្បាល និ​ង​​រឹបអូស​សាច់សត្វព្រៃគ្រប់ប្រភេទបានចំនួន៣៥៤​គីឡូ​ក្រាម បញ្ជូន​សំណុំ​រឿង​ចំនួន១១​ទៅ​​តុលាការ និងបានដោះលែងសត្វព្រៃចូលទៅព្រៃធម្មជាតិ​វិញចំនួន៨៦៤ក្បាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ