ពលរដ្ឋ​នៅ​ភូមិ​មួយ​ជាប់​ព្រំដែន​វៀតណាម​ស្នើ​រដ្ឋាភិបាល​ជួយ​ត​បណ្ដាញ​ទឹកស្អាត

សាលាបឋមសិក្សាថ្មតាដោក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ (មេង គ្រុយពន្លក)

ប្រជា​ពលរដ្ឋ​រស់​​​នៅភូមិ​តាដោក ​ប្រមាណ​ជិត៤០គ្រួសារ ស្នើ​ទៅរដ្ឋាភិបាលជួយ​​អភិវឌ្ឍតបណ្ដាញ​​​ទឹក​​ស្អាតសម្រាប់​ប្រើប្រាស់​ និងរៀបចំហេដ្ឋារចនាសម្ពន្ធបន្ថែម ​ខណៈ​នៅក្នុង​ភូមិនោះ​​មាន​​​តែ​​​អណ្ដូងទឹក​​ចំនួន៣​​ប៉ុណ្ណោះ​។

ប្រជាពលរដ្ឋ​នៅភូមិ​តាដោក ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្ត​ត្បូងឃ្មុំ​ លោក សុះ យ៉ានី បានអះ​អាង​ថា​ នៅ​ក្នុងភូមិដែល​​ជាប់ព្រំ​ដែ​ន​វៀតណាម​មួយ​​នេះ ​ទើបនឹង​មាន​ការ​សាង​សង់​ផ្លូវ​​លំ​តូចមួយខ្សែប៉ុណ្ណោះ ខណៈពីមុន ពលរដ្ឋដែលចេញចូលភូមិ ត្រូវធ្វើដំណើរតាមផ្លូវទឹក។ ចំពោះ​ទឹកប្រើប្រាស់វិញ លោកថា បច្ចុប្បន្ន ភូមិនេះក៏មិនទាន់មានបណ្ដាញទឹកស្អាតទៅដល់នោះដែរ ដោយ​ប្រជាពលរដ្ឋ​ត្រូវទិញទឹកសម្រាប់ទទួលទាន ប្រើប្រាស់ទឹកភ្លៀងដែលត្រងទុក និង​​ដង​​​​ទឹក​ពី​អណ្ដូងចំ​នួន​៣ដែលជាជំនួយ​របស់​ជប៉ុន។​

បុរសដែលមានពិការភាពជើងម្ខាង វ័យ​៤៥ឆ្នាំរូបនេះ បន្ត​ថា ​កង្វះទឹ​ក​ស្អាត និង​ហេដ្ឋារចនាសម្ពន្ធនៅក្នុងភូមិ ​បានធ្វើឱ្យប្រជាពលរដ្ឋដែល​​មាន​​ជីវភាព​​ក្រីក្រមួយចំនួនធ្លាក់ខ្លួន​ឈឺ​ និង​​មួយ​ចំនួនទៀត​​បាន​ទៅ​ធ្វើកា​រ​នៅ​ក្រៅប្រទេស។

ប្រជាពលរដ្ឋ​នៅភូមិ​តាដោក ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្ត​ត្បូងឃ្មុំ​ លោក សុះ យ៉ានី អង្គុយនៅក្រោមផ្ទះ ផ្ដល់បទសម្ភាសពាក់ព័ន្ធនឹងស្ថានភាពប្រើប្រាស់ទឹកនៅក្នុងភូមិឃុំដែលលោករស់នៅ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។
ប្រជាពលរដ្ឋ​នៅភូមិ​តាដោក ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្ត​ត្បូងឃ្មុំ​ លោក សុះ យ៉ានី អង្គុយនៅក្រោមផ្ទះ ផ្ដល់បទសម្ភាសពាក់ព័ន្ធនឹងស្ថានភាពប្រើប្រាស់ទឹកនៅក្នុងភូមិឃុំដែលលោករស់នៅ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ (មេង គ្រុយពន្លក)

លោកថា៖ «​ចង់បានតែផ្លូវល្អ និងអណ្ដូងទឹក​ប្រើស្អាត​ហ្នឹង​ហើយ​ [បច្ចុប្បន្ន​យើងមាន​]អណ្ដូងសាលារៀន២​។ ទឹកអណ្ដូង ​យើង​ហូប​អត់​កើត​ទេ!​ ទឹក​ហូប​ យើង​ដូរ​គេ គេយក​ដល់​ផ្ទះ​»។

ពាក់ព័ន្ធនឹងករណីនេះ លោកអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធជួយតបណ្ដាញទឹកស្អាតសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងកសាងហេដ្ឋារចនាសម្ពន្ធបន្ថែម ដើម្បីបង្កភាពងាយស្រួល និង​លើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋ។

គ្រូបង្រៀននៅសាលា​បឋមសិ​ក្សាថ្ម​តា​ដោក លោក ម៉ុល សុផល បានឱ្យដឹងថា ប្រជាពលរដ្ឋ​រស់​នៅក្នុង​ភូមិតាដោកនេះ ជួបបញ្ហា​​កង្វះទឹកស្អាត​ប្រើប្រាស់ខ្លាំង តួយ៉ាងដូចនៅ​សាលា​រៀននេះក៏មិន​មានទឹកស្អាតសម្រាប់ឱ្យ​សិស្សទទួលទាននិងប្រើប្រាស់ផងដែរ ខណៈសាលារៀននេះមានតែអណ្ដូងទឹកមួយ ហើយទឹកនោះមានសារធាតុកំបោរខ្ពស់​។

គ្រូបង្រៀនម្នាក់ លោក ម៉ុល សុផល បំពេញការងារបង្រៀនដល់កូនសិស្សនៅសាលា​បឋមសិ​ក្សាថ្ម​តា​ដោក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។
គ្រូបង្រៀនម្នាក់ លោក ម៉ុល សុផល បំពេញការងារបង្រៀនដល់កូនសិស្សនៅសាលា​បឋមសិ​ក្សាថ្ម​តា​ដោក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ (មេង គ្រុយពន្លក)

លោក​បាន​បង្ហាញក្ដីបារម្ភពីផលប៉ះពាល់ទៅដល់សុខភាពកុមារ​ នៅពេលដែលពួកគេមិនមាន​ទឹកស្អាត​ប្រើប្រាស់។

ប្រធានភូមិតាដោក លោក ឆាន់ វីរៈ មានប្រសាសន៍​ថា នៅក្នុង​ភូមិនេះ មានប្រជាពលរដ្ឋ​រស់នៅសរុបចំនួន៤៥គ្រួសារ។ លោកទទួលស្គាល់ថា ក្នុងភូមិពិតជាមិនមាន​បណ្តាញទឹកស្អាត​សម្រាប់​ប្រជាពលរដ្ឋប្រើប្រាស់នៅឡើយ គឺមានតែអណ្តូងទឹកចំនួន​៣ប៉ុណ្ណោះ ហើយការប្រើប្រាស់​ទឹកអណ្តូងនោះទៀតសោត ក៏មានសារធាតុកំបោរ​ខ្ពស់ដែលធ្វើឱ្យពលរដ្ឋមាន​ជំងឺញឹក​ញាប់​ផងដែរ។

លោកថា៖ ​«បើនិយាយពីប្រភពទឹកប្រើ ពលរដ្ឋខ្លះប្រើទឹកអណ្ដូង​ តែអណ្ដូងទឹក​អត់​សូវស្អាតទេ ទឹក​កំបោរ​ច្រើន ​​អ៊ីចឹងច្រើន​ប្រើ​ទឹ​ក​ភ្លៀង​ ភាគច្រើនប្រើទឹកភ្លៀង»។

ប្រធានភូមិរូបនេះ​បន្តថា ក្រៅពីមិនទាន់មានទឹកស្អាតប្រើប្រាស់ ក្នុងភូមិក៏នៅមានកង្វះ​​ហេដ្ឋា​រចនា​សម្ពន្ធ​មួយចំនួន​ផងដែរ ដូចជា ផ្លូវ មន្ទីរពេទ្យ និងសាលារៀន ជាដើម ដោយបច្ចុប្បន្ន​មានសាលារៀន​តែមួយខ្នង​​ដែល​សភាពចាស់​ទ្រុឌទ្រោម​ និងខ្វះបន្ទប់រៀន។​

តែយ៉ាងណា លោកថា អាជ្ញាធរ​មូលដ្ឋានបានដាក់សំណើទៅកាន់ថ្នាក់លើរួចហើយ ដើម្បីស្នើសុំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធផ្សេងៗនៅ​ក្នុងភូមិ រួមទាំងបញ្ហាទឹកស្អាត​ផងដែរ។

សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជា​ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា​ នៅពេលដែលលោកចុះទៅតាមខេត្តនៅជាប់​ព្រំដែន ជាពិសេស​ព្រំដែន​​កម្ពុជា-វៀតណាម លោកសង្កេតឃើញ​មាន​​ការ​​អភិវឌ្ឍជា​បណ្ដើរៗហើយនៅតំបន់ជាប់មាត់ច្រកព្រំដែន ប៉ុន្តែ​​សម្រាប់​ប្រជាពលរដ្ឋដែលរស់នៅខ្សែបន្ទាត់​​ព្រំដែន​ នៅជួបបញ្ហាកង្វះទឹកស្អាត​ប្រើប្រាស់​ អគ្គិសនី សាលារៀន និងមន្ទីរពេទ្យនៅឡើយ។

ករណីនេះ លោកបាន​ជំរុញ​ទៅរដ្ឋាភិបាលគួរ​តែ​​អភិវឌ្ឍហេដ្ឋារចនាសម្ពន្ធឱ្យបានគ្រប់គ្រាន់ ​ជា​ពិសេសរឿងទឹកស្អាត នៅ​​​តាម​តំបន់​ជាប់​​​ព្រំដែន​​​ ​ដើម្បី​បង្ក​​ភាពងាយស្រួល និងការពារ​សុខុ​មាល​ភាព​​របស់ប្រជាពលរដ្ឋ​។

លោកថា៖ ​«ខ្ញុំលើកទឹកចិត្តរដ្ឋាភិបាលត្រូវតែ​ធ្វើការអភិវឌ្ឍចាប់​ពីព្រំដែន​ឱ្យមានការអភិវឌ្ឍ​ខ្លាំង​ វា​ប្រសើរ​ជាង​ទុក​​ឱ្យ​គ្មាន​​ការ​អភិវឌ្ឍ​។ បើយើងធ្វើការអភិវឌ្ឍ​តាមបណ្ដោយព្រំដែនទៅ នេះក៏​ខែលមួយ​សម្រាប់​ការពារព្រំដែន ​បូរណ​ភាព​ទឹកដី​កម្ពុជា​យើង​ផង​ដែរ​»។​​​

បុរសម្នាក់ឈរនៅកៀកនឹងតំបន់ស ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។
បុរសម្នាក់ឈរនៅកៀកនឹងតំបន់ស ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ (មេង គ្រុយពន្លក)

ពាក់ព័ន្ធនឹង​​ការ​គ្រប់​គ្រង ការ​អភិវឌ្ឍ​វិស័យ​ទឹកស្អាត និង​អនាម័យ​នៅ​​កម្ពុជា រដ្ឋាភិបាល​បានដាក់​ចេញ​នូ​​​វ​គោលនយោបាយ ​ដោយ​​​​កំណត់​​ថា៖ «ពង្រីក​វិសាលភាព​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត​នៅ​ទីក្រុង ទីប្រជុំជន​ ឱ្យបាន ៩០% នៅ​ឆ្នាំ​២០២៣ និង ១០០% ត្រឹម​ឆ្នាំ​២​០២៥ ដោយ​ឈរលើ​លក្ខ​ខណ្ឌ​៤យ៉ាង ​គឺ​ទឹក​​ត្រូវ​មាន​​គុណភា​ព សុវត្ថិភាព និរន្តរភាព និង​ថ្លៃ​សមរម្យ»។

​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២២ ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​ លោក ជ្រុន ថេរ៉ាវ៉ាត អ្នក​នាំពាក្យ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ​បានឱ្យដឹង​ថា ការអនុវត្ត​ផែនការ​សកម្មភាព​ជាតិ​​ស្តីពី​​ការផ្គត់​ផ្គង់​​ទឹក និង​អនាម័យ​ជនបទ ​ជំហាន​ទី​២ (ឆ្នាំ​២០១៩-២០២៣) គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២នេះ ​​សម្រេច​បាន​​ជាង​ ៨០​ភាគរយ ហើយ​​​នឹង​គ្រោង​សម្រេច​ទិសដៅ​ឱ្យបាន​គ្របដណ្តប់​ ៩០ភាគរយ​ ​នៅ​ឆ្នាំ​​២០២៣​។

លោក ជ្រុន ថេរ៉ាវ៉ាត បន្តថា រដ្ឋាភិបាល​បាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ ស្តីពី​ ការផ្គត់ផ្គង់​ទឹកស្អាត និង​​ការលើកកម្ពស់​អនាម័យ​នៅ​ជនប​ទ ​​ឆ្នាំ​​២០១៤-២០២៥ ក្នុង​គោលបំណង​ធ្វើឱ្យ​សេវា​​ទឹកស្អាត សុខភាព និង​អនាម័យ​នៅ​ជនបទ ​មាន​ភាពប្រសើរ​ឡើង និង​​ប្រកប​ដោយ​និរន្តរ​ភាព​ ដើម្បី​រួមចំណែក​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការលើក​កម្ពស់​សុខភាព និង​អាហារូបត្ថម្ភ​សម្រាប់ប្រជាពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ