អាជ្ញាធរ​ខេត្តព្រះសីហនុ​រុះរើ​ផ្ទះ​ពលរដ្ឋ​ដែល​ចាញ់ក្ដី​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​គ្រួសារ​អតីត​មន្ត្រី​រាជការ​មួយរូប

កងកម្លាំងចម្រុះប្រមាណជា១០០នាក់ ប្រដាប់ដោយដំបង ពូថៅ និងគ្រឿងចក្រ ចូលទៅរុះរើផ្ទះប្រជាពលរដ្ឋនៅសហគមន៍អូរខ្សាច់ ស្ថិតក្នុងភូមិ៤ ឃុំអូរត្រះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយសមត្ថកិច្ចធ្វើតាម​ការដឹកនាំរបស់អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ ថ្ងៃទី០៨ ខែកញ្ញ ឆ្នាំ២០២២។ (CCFC)

អាជ្ញាធរខេត្តព្រះសីហនុបានចុះរុះរើផ្ទះរបស់ប្រជា​ពលរដ្ឋជិត ៣០ខ្នង​ ​ដែល​ចាញ់​ក្ដីក្នុងសំណុំ​​រឿង​ជម្លោះដីធ្លីជាមួយគ្រួសារអតីតមន្ត្រីរាជ​ការមួយរូប នៅ​ឃុំ​អូរត្រេះ ស្រុក​​ស្ទឹង​ហាវ។

កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២២ អាជ្ញាសាលា​​​នៃ​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ​ លោក ឡា ប៊ុនហួន បានចេញ​លិខិត​លើកចុង​ក្រោយ​មួយឱ្យ​ប្រជាពលរដ្ឋ​ចំនួន៣៥គ្រួសារ ក្នុងនោះ​មានអ្នកស្រី ឡុច ទូច, លោក កៅ ហួរ, អ្នកស្រី យឹម មុំ, អ្នកស្រី អេង វ៉ាន់ និងពលរដ្ឋផ្សេងទៀត នៅក្រុម៥ សង្កាត់អូរត្រេះ ស្រុកស្ទឹងហាវ រុះរើផ្ទះនិងសំណង់ផ្សេងៗចេញពីដីដែលមានបណ្ណ​​សម្គាល់​កម្ម​សិទ្ធិ ប៉ុន្តែពលរដ្ឋទាំងនោះមិនព្រមរុះរើ ដោយអះអាងថា ពួកគេបានចូលកាន់កាប់និងអាស្រ័យផលតាំងពីឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ន។

តំណាងពលរដ្ឋ អ្នកស្រី ឡុច ទូច ដែលធ្លាប់​ជាប់ពន្ធនាគារដោយសារសំណុំ​រឿង​វិវាទដីធ្លី​នេះជិត​១ឆ្នាំ ប្រាប់​វីអូឌី​នៅ​ថ្ងៃសុក្រ​នេះថា កាលពីថ្ងៃទី៨ ខែកញ្ញា​នេះ អាជ្ញាធរខេត្ត​ព្រះសី​ហនុបានដាក់កម្លាំងប្រមាណ៣០០នាក់ ប្រដាប់​ដោយ​កាំភ្លើង កាំបិត ពូថៅ និង​គ្រឿង​ចក្រ ចុះរុះរើផ្ទះប្រជាពលរដ្ឋអស់២៨ខ្នង​ផ្ទះ និង​ឈូសឆាយផលដំណាំពលរដ្ឋអស់ជាច្រើនផងដែរ។

អ្នកស្រី​អះអាងថា ពលរដ្ឋទាំង៣៥គ្រួសារបានទៅរស់នៅនិងអាស្រ័យផលលើដីកំពុងមា​ន​ជម្លោះ​នោះតាំ​ង​ពី​ឆ្នាំ​១៩៩២ជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន ប៉ុន្តែនៅឆ្នាំ២០០៨ លោក ប៉ុន សា​រឿន ដែល​​អ្នកភូមិ​អះអាង​ថា​ជា​អតីត​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និងជាអតីតចៅសង្កាត់មួយ​​នៅ​ខេត្ត​ព្រះសីហនុ បានចេញមុខ​មក​អះអាងថា ដីនោះ​ជាដីធ្លីរបស់ខ្លួនដែលមាន​បណ្ណកម្មសិទ្ធិទៅវិញ។

តំណាង​ពលរដ្ឋរូបនេះបាន​ចោទ​លោក ប៉ុន សា​រឿន ថា​​បាន​​គប់គិត​​​គ្នា​ជា​ប្រព័ន្ធ​លួច​ធ្វើ​បណ្ណ​កម្មសិទ្ធិយកដីពលរដ្ឋជិត៥ហិកតា និង​​បាន​​ប្ដឹង​​តំណាងពលរដ្ឋ​ទៅ​តុលាការ​ថែមទៀត។ អ្នក​ស្រី​ថា ទាំង​​តុលាការ​ថ្នាក់ទាប​​រហូតដល់​តុលាការ​កំពូល បាន​សម្រេច​​​ឱ្យ​​​ពលរដ្ឋ​ចាញ់ក្ដីលោក ប៉ុន សា​រឿន យ៉ាងអយុត្តិធម៌។

អ្នកស្រីបន្ថែម​ថា៖ «អ្នកធំៗមានអំណាចដើរយកដីពលរដ្ឋ និងចាប់ពលរដ្ឋដាក់គុកអ៊ីចឹង ខ្ញុំមិន​ដឹង​ជា​និយាយយ៉ាងម៉េច​ទេ បើ​អំណាច​នៅ​លើ​គេ ហើយប៉ូលិសប៉េអឹម​បាន​គំរា​ម​វាយ​ខ្នោះ និងចាប់ខ្ញុំដាក់គុក ប្រសិនខ្ញុំហ៊ានស្រែកតវ៉ា។ ប៉ុន្តែខ្ញុំគិតឃើញថា ដីខ្លួនឯង ត្រូវជាប់គុក ក៏ជាប់ទៅ ឱ្យខ្ញុំនៅតែតវ៉ាហ្នឹង»

ពលរដ្ឋរស់នៅសង្កាត់អូរត្រេះ លោក ហ៊ី រ៉ា និយាយ​ថា ក្រោម​ជម្លោះដីធ្លីជាមួយបុគ្គលឈ្មោះ ប៉ុន សារឿន នេះ គឺ​មានតំណាង​ពលរដ្ឋ​៤នាក់បានជាប់បណ្តឹងនៅតុលាការយ៉ាងអយុត្តិធម៌ ក្នុងនោះ ៣នាក់បានអនុវត្តទោសនៅពន្ធនាគារចប់ ខណៈម្នាក់ទៀតបានស្លាប់មុនចាប់ខ្លួន។

ពលរដ្ឋរូបនេះបន្តថា លោកមានការឈឺចាប់ជា​ខ្លាំង​ ដោយសារគ្រួសាររបស់លោកត្រូវបានគេរំលោភយកដីធ្លីហើយ និងបាន​ប្តឹង​ឪពុក​ម្តាយ​លោក​ឱ្យជាប់ពន្ធនាគារថែមទៀត។

លោកបន្ថែមថា៖ «ការអនុវត្តនេះ វាអយុត្តិធម៌ណាស់សម្រាប់ពួកខ្ញុំ ព្រោះពួកខ្ញុំបានរស់នៅអាស្រ័យផលតាំងពីឆ្នាំ១៩៩០[ឬ]១៩៩២​មកហើយ​រហូតមកដល់បច្ចុប្បន្ន លោក ប៊ុន សារឿន គាត់​មិន​មែន​ជា​ពលរដ្ឋ​រស់នៅហ្នឹងទេ បែរជាមាន​ដីមាន​ប្លង់នៅ​ហ្នឹង។ ខ្ញុំមិនដឹងថា ប្លង់គាត់ហ្នឹងកកើត​ឡើង​យ៉ាងម៉េចនោះទេ ព្រោះជំនាន់​នោះ តំបន់​ហ្នឹង​ជាព្រៃស្រោង។ ហើយខ្ញុំក៏អត់ដឹងដែរ​ថា ហេតុអីបានជាគាត់អាចធ្វើប្លង់បាន? ចំណែកពួកខ្ញុំសុំធ្វើប្លង់មិនដែលបានឡើយ»

វីអូឌី មិនអាចសុំការឆ្លើយតបពីក្រុមគ្រួសារលោក ប៊ុន សារឿន បានទេ ជុំវិញបញ្ហាជម្លោះដីធ្លីនេះ។

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តព្រះសីហនុ លោក ឃាង ភារម្យ បញ្ជាក់យ៉ាងខ្លីថា សមត្ថកិច្ចចុះទៅ​រុះរើផ្ទះប្រជា​ពលរដ្ឋទាំងនោះ គឺ​ធ្វើតាម​ការដឹកនាំរបស់អាជ្ញាសាលានៃសាលាដំបូងខេត្ត ដែលអនុវត្តសាលដីកាស្ថាពររបស់តុលាការ​កំពូល។

ក្នុងលិខិតឱ្យរុះរើដោយស្ម័គ្រ​ចិត្តរបស់សាលា​​ដំបូងខេត្ត​ព្រះសីហនុ​ ចុះថ្ងៃទី​៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា តាម​ការពិនិត្យ​ឯក​សារ គឺក្រុមពលរដ្ឋបានទៅរស់នៅលើដីរបស់គេ​ដែលមានបណ្ណកម្មសិទ្ធិ។

លិខិត​ដដែល​បន្ត​ថា សាលា​ឧទ្ធរណ៍ និងតុលាការកំពូល ក៏បានសម្រេចឱ្យក្រុមពលរដ្ឋចាញ់ក្តី និងបង្គាប់ឱ្យពលរដ្ឋទាំងនោះរុះរើផ្ទះនិងសំណង់ផ្សេងៗចេញពីដីដែលមានបណ្ណសម្គាល់ការ​កាន់កាប់ផងដែរ ប៉ុន្តែតុលាការមិនបាន​បញ្ជាក់ឈ្មោះដើម​បណ្តឹង ឬម្ចាស់កម្មសិទ្ធិនោះទេ។

តុលាការខេត្តព្រះសីហនុបានប្រកាសមិនទទួលខុសត្រូវលើការ​ខូចខាតសម្ភារទាំងឡាយរបស់ប្រជាពលរដ្ឋ​ នៅក្នុងពេលសមត្ថកិច្ចចុះអនុវត្តការ​រុះរើដោយបង្ខំនោះទេ ហើយ​​តុលាការក៏បាន​​​ព្រមាន​ចាត់វិធានការច្បាប់ផងដែរ ប្រសិន​​​បើ​​ពលរដ្ឋទាំង​នោះ​ហ៊ាន​រារាំងនិង​តវ៉ា​ប្រឆាំង។

អ្នកសម្របសម្រួល​សហគមន៍ ​នៃ​សមាគម​សម្ព័ន្ធ​សហគមន៍កសិករ​កម្ពុជា លោក ញ៉ិល ភាព ដែល​​ឃ្លាំមើល​រឿងនេះ ចាត់​ទុក​ករណីអាជ្ញាធរខេត្តព្រះសីហនុដាក់កម្លាំងរុះផ្ទះ និងកាប់ដំណាំពលរដ្ឋនោះ ថា​ជាទង្វើរំលោភសិទ្ធិពលរដ្ឋ។

លោក​បន្តថា កាលពីពេលថ្មីៗនេះ ក្រុមពលរដ្ឋបានដាក់លិខិត​មួយ​ទៅ​ក្រសួងយុត្តិធម៌ ស្នើសុំផ្អាក​ការ​អនុវត្ត​សាលក្រមរបស់​សាលាដំបូង​ខេត្ត​ព្រះសីហនុឱ្យរុះរើផ្ទះពលរដ្ឋ​នេះ ដើម្បីរង់ចាំចុះសិក្សា​ស្រាវ​ជ្រាវ​ដល់​ទី​កន្លែង ប៉ុន្តែអាជ្ញាធរខេត្តព្រះសីហនុមិនបាន​ចុះសិក្សាស្រាវជ្រាវអ្វីនោះទេ ហើយ​បាន​ប្រើកម្លាំងរុះផ្ទះពលរដ្ឋ ដែលធ្វើ​​ឱ្យពួកគេ​ជួបទុក្ខ​ ដោយសារបានបាត់បង់ដីធ្លី និងគ្មានទីជម្រក។

លោក​បន្ថែម​ថា៖ «ធ្វើឱ្យជីវិតរបស់ពួកគាត់ ​[ពលរដ្ឋ] វេទនាខ្លាំងមែនទែន ហើយ​ជាការមួយ​ដែល​រំលោភទៅលើសិទ្ធិពួកគាត់ដែល​ជាភោគៈស្របច្បាប់ ដែលបានកាន់​កាប់ដីនោះតាំងពីឆ្នាំ១៩៩១ និង១៩៩២មក។ នេះជារឿងអយុត្តិធម៌ជាទីបំផុត ដែល​អាជ្ញាធរមិនគួរណាប្រើអំពើ​ហិង្សា​ ដោយយកតែសាលក្រមរបស់តុលាការ​ទៅអនុវត្តលើពលរដ្ឋក្រីក្រនោះទេ»

លោក ញ៉ិល ភាព បន្ថែម​ថា ដំណើរ​ការ​កាត់ក្តីរបស់តុលាការថ្នាក់ទាប​រហូតដល់តុលាការកំពូល ធ្វើឡើងដោយ​​មិន​មាន​តម្លាភាព​នោះ​ទេ។ លោក​​ថា ​តុលាការ និង​អាជ្ញាធរ ​មិនបាន​ចុះ​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់​ទៅលើ​ទីតាំង​ដី​ជាក់ស្តែង​ឡើយ។

មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះបន្តថា តុលាការកាត់​សេច​ក្តីដោយ​​ផ្អែក​តែ​លើឯកសារ​ដើម​បណ្តឹង​ដែលធ្វើឡើងដោយមិនប្រក្រតី​តែប៉ុណ្ណោះ ហើយការសម្រេចឱ្យពលរដ្ឋចាញ់ក្តីនោះទៀតធ្វើឡើងដោយកំបាំងមុខថែមទៀត។

លោកបន្ថែមថា៖ «តុលាការកាត់ក្តីដោយសម្អាងលើបណ្ណកម្មសិទ្ធិដែលចេញតាំងពីឆ្នាំ១៩៩៤ សួរថានៅឆ្នាំ១៩៩៤ តំបន់សហគមន៍ដែលប្រជាពលរដ្ឋរស់នៅហ្នឹង តើភាគី ប៊ុន សារឿន ហ្នឹងហ៊ានចូលទៅកាន់កាប់ ហ៊ាន​ចូលទៅអាស្រ័យផល ហ៊ាន​ចូលទៅប្រើប្រាស់ដីហ្នឹងអត់? បើតំបន់ហ្នឹងជាតំបន់ព្រៃស្រោង បើតំបន់ហ្នឹងជាកន្លែងប្រទាញ​ប្រទង់​គ្នារវាងកងទ័ពរដ្ឋាភិ​​បាលបច្ចុប្បន្ន និង​កងទ័ពខ្មែរក្រហម ជាកន្លែងដែលប្រយុទ្ធគ្នាយ៉ាងខ្លាំងបំផុត។ អ៊ីចឹង ប៊ុន សារឿន ហ្នឹងមិនអាចទៅកសាង​​បណ្ណកម្មសិទ្ធិ និងអាស្រ័យផលឱ្យក្លាយជាភោគៈស្របច្បាប់លើដីហ្នឹងបានទេ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ