ស្រ្តីម្នាក់​ព្យាយាម​បញ្ចុះបញ្ចូល​ឱ្យ​ប្ដី​របស់​គាត់​ចាកចេញ​ពី​ចម្ការ​របស់​លោក ខឹម វាសនា

ប្រធានគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ខឹម វាសនា ឈរនិយាយពន្យល់ធម៌ដល់អ្នកគាំទ្រខ្លួន ស្ថិតនៅចម្ការម្រេចរបស់លោក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀម​រាប ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ Khem Veasna)

លោក សេង ហួរ ជាពលករខ្មែរម្នាក់​នៅប្រទេសកូរ៉េខាងត្បូង បាន​ស្ដាប់ធម្មទេសនារបស់​​លោក ខឹម វាសនា អស់​រយៈពេល​៣​ឆ្នាំ​មកហើយ ដូច្នេះ កាលពីខែមុន នៅពេលដែលលោក ខឹម វាសនា ទស្សន៍ទាយថានឹងមានទឹកជំនន់ជន់លិចពិភពលោក លោកបានត្រលប់មកប្រទេស​កម្ពុជាវិញ ដើម្បីគេចពីគ្រោះមហន្តរាយ និងទៅចម្ការម្រេចរបស់លោក ខឹម វាសនា នៅ​ខេត្តសៀមរាប។

បច្ចុប្បន្ន លោកបាន​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ​ដោយ​សង្ឃឹមថា​នឹង​អាច​ចូល​ធ្វើការ​វិញ​បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌ ដោយសារលោកត្រូវ​ដោះបំណុលគេ។

កាល​ពីថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ​២០២២ លោក សេង ហួរ បាននិយាយថា មិនមានអ្វីខុសប្រក្រតីនៅចម្ការរបស់គាត់ [ខឹម វាសនា] នោះទេ។

លោកថា លោកនៅតែជឿលើការទស្សន៍ទាយរបស់លោក ខឹម វាសនា ថានឹងមានទឹកជន់លិច​ពិភពលោក។ លោកបន្តថា ​លោក​គ្មាន​ជម្រើស​ឡើយក្រៅ​ពី​ចាកចេញពីចម្ការ​ ដោយ​​សារ​តែ​ជំពាក់បំណុល​គេ។

លោក សេង ហួរ បាន​និយាយថា៖ «ខ្ញុំនៅតែជឿ ប៉ុន្តែបើខ្ញុំបន្តជឿ គ្មាន​នរណាជួយដោះបំណុលខ្ញុំឡើយ។ យើង​មិន​​ដឹ​ង​ថា​វា [ទឹកជំនន់] កើតឡើងនៅពេលណាពិតប្រាកដនោះទេ។ ម្យ៉ាងវិញទៀត ​ធនាគារ​​ទារប្រាក់ជារៀងរាល់ថ្ងៃ»។

លោកថា ​​លោកជំពាក់បំណុលគេច្រើន​ណាស់​។

លោក សេង ហួរ បាននិយាយថា នៅចម្ការមានបន្ទប់​ទឹកចំនួន​៥០ អាហារ​៣ពេល​ក្នុង​មួយ​ថ្ងៃ និង​ធម្មទេសនា​ប្រចាំថ្ងៃ​ដោយលោក​ ខឹម វាសនា។ 

លោក សេង ហួរ បាន​ថ្លែង​ថា​ អ្នកដែល​មិន​យល់​ ក៏​ខ្លាច​ទឹក​ជំនន់ដែរ ហើយ​បាន​នាំ​គ្រួសារ​ពួកគេទៅ​ទីនោះ [ចម្ការ]។ លោកបន្តថា មានមនុស្សលើសចំនួន ដោយសារតែមានអ្នកពីខាងក្រៅ [អ្នកមិនយល់] ដែលធ្វើឱ្យពលករមកពីកូរ៉េខាងត្បូង ដូចជារូបគាត់​​ ត្រូវសង់ជ​ម្រក​ដោយខ្លួន​ឯង។

លោក​បន្ថែម​ថា៖​ «​តាម​ពិត ​ពូ[ខឹម វាសនា]​បាន​រៀបចំ​កន្លែង​រស់នៅ និង​សម្ភារ​ប្រើប្រាស់​រួច​ហើយ ប៉ុន្តែ​ពេល​អ្នក​ខាងក្រៅ​[អ្នកមិនយល់]មក យើង​ដែល​មក​ពី​កូរ៉េ​គ្មាន​កន្លែង​ស្នាក់នៅឡើយ​»។

លោកបន្ថែមថា៖ «ពូ[ខឹម វាសនា] ប្រកាសឱ្យតែអ្នកយល់មកប៉ុណ្ណោះ»។

លោក សេង ហួរ បាន​និយាយ​ទៀតថា ​មាន​មនុស្សដែលយល់ពិត​ប្រាកដ​​តែ១ ០០០ ទៅ​២ ០០០​នាក់​​ប៉ុណ្ណោះ​។ លោក​បន្ត​ថា ពលករដែល​បានត្រលប់មកប្រទេស​កម្ពុជាវិញ ​នឹងមិនទៅប្រទេសកូរ៉េខាងត្បូងវិញទាំងអស់ឡើយ ដោយ​សារ​អ្នក​ខ្លះ​មាន​ទិដ្ឋាការ​ផុត​​កំណត់ ហើយ​ពួកគេ​ប្រកបរបរ ឬ​លក់​ដី​របស់ពួកគេ។

លោកបន្ថែមថា៖ «សម្រាប់ខ្ញុំ ខ្ញុំបានប្រាប់ថៅកែថា ខ្ញុំមកលេងទីនេះពីរបីសប្ដាហ៍»។

ដោយប្រាប់ដូច្នេះ លោកសង្ឈឹមថាអាចត្រលប់ទៅធ្វើការវិញបាន។

កាល​ពី​ថ្ងៃ​​ទី៣១ ខែសីហា ឆ្នាំ២០២២ លោក សេង ហួរ បាន​ចាក​ចេញ​ពី​ចម្ការ​របស់​លោក ខឹម វាសនា ដោយសារលោកនៅជាប់​បំណុល។

លោកបាន​និយាយ​ថា៖​ «​ខ្ញុំ​បាន​ចេញ​មក​ដោយ​មិន​ប្រាប់​អ្នក​ណា​ម្នាក់​នោះ​ទេ»។

ទោះយ៉ាងណា លោកថា បញ្ហាអ៊ីនធឺណិត និងអគ្គិសនី ធ្វើឱ្យគាត់ពិបាកស្នាក់នៅបន្ត។

ភរិយា​របស់​លោក សេង ហួរ គឺ​អ្នក​ស្រី ម៉ី មិនជឿដូចស្វាមីរបស់អ្នកស្រីឡើយ។ អ្នក​​ស្រីមិ​ន​បាន​ទៅចម្ការរបស់លោក ខឹម វាសនា​ ជាមួយនឹងស្វាមីនោះ​ទេ។ អ្នក​​​ស្រី​សុំមិន​ប្រាប់​ឈ្មោះ​​ពេញ​​ឡើយ ​ដោយ​​បារម្ភ​ថា ​ម្ចាស់បំណុល​នឹង​​ទៅ​រក​អ្នក​​ស្រី ខណៈ​​​អ្នក​​​ស្រីកំ​ពុង​តែស្នាក់នៅ​ក្នុង​​ប្រទេសកម្ពុជា។

អ្នក​ស្រី ​ម៉ី បាន​និយាយ​ថា អ្នក​ស្រីបាន​ទៅ​យកស្វាមី​​នៅ​ចម្ការ​​ក្បែរ​ភ្នំ​គូលែន កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ២០២២ ហើយ​គាត់​ហាក់​មិន​ស្រួល​ខ្លួន។

អ្នកស្រីបន្ថែមថា៖ «គាត់ [ស្វាមីអ្នកស្រី] បានចាកចេញពីចម្ការ ដោយមាន​រោគសញ្ញាមិនស្រួលខ្លួន និងមានភាពរវើរវាយ»។

អ្នក​ស្រីបន្ថែម​ថា៖​ «​គាត់​យល់​សប្តិ​ថា​​មាន​ទឹក​ជំនន់ និង​ធ្លាក់យន្តហោះ»។

អ្នក​ស្រីបាន​និយាយ​ថា ស្វាមី​របស់​គាត់​​បានទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​បាន​តែ៥​ខែ​ប៉ុណ្ណោះ ហើយ​គាត់គិតថា គាត់​​​អាចចូលធ្វើការ​វិញបាន។

អ្នកស្រីបន្ថែមថា៖ «សំណាងហើយដែលគាត់នៅស្តាប់ខ្ញុំ។ គាត់នៅខ្លាចប្រពន្ធគាត់។ ខ្ញុំ​បាន​ប្រាប់​គាត់​ឱ្យ​សុំ​ការអនុញ្ញាត​មក​លេង​ទី​នេះ​[ផ្ទះ]រយៈពេល​ពីរ​សប្តាហ៍»។

នៅចម្ការលោក ខឹម វាសនា លោក សេង ហួរ ត្រូវឈរយាមតាំងពីម៉ោង២ទៀបភ្លឺរហូតដល់ថ្ងៃរះ។ នេះបើយោងតាមសម្តីភរិយារបស់គា​ត់។

អ្នកស្រី​ចង់​ជួយ​ស្វាមីរបស់គាត់ឱ្យ​​​កាត់ផ្តាច់ទំនាក់ទំនងជាមួយ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក​ ខឹម វាសនា ហើយស្វាមីរបស់គាត់ប្រាប់វិញថា បើ​គ្មាន​អ្វី​កើត​ឡើង​​នោះទេ លោក​​នឹង​​ចាក​​ចេញ​​​ពី​​បក្ស។

ទោះយ៉ាង​ណា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ លោក សេង ហួរ បាន​និយាយថា៖ «មិន​ទាន់ដល់ពេលក្នុងការនិយាយថា លោក ខឹម វាសនា ជាអ្នកខុសឬអត់នោះទេ។ ឥលូវនេះ​ មិនទាន់មានអ្វីកើតឡើងទេ។ អ៊ីចឹង​ខ្ញុំ​ទៅ​រក​លុយ​សិន»។

នៅពេលបញ្ចប់កិច្ចសម្ភាសន៍ ​លោក សេង ហួរ បាន​និយាយ​ថា លោក​មាន​មន្ទិល​ចំពោះ​អ្នករាយការណ៍ព័ត៌មានជាស្រ្តី។

លោកថា៖ «ប្រសិនបើអ្នកសរសេរ សូមសរសេរឱ្យបានត្រឹមត្រូវ។ អ្នកកាសែតជាស្រ្តីភាគច្រើនសរសេរខុសពីការពិត។ យើង​និយាយ​ដូច្នេះ ទៅសរសេរដូច្នោះ»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ A Husband’s Week Inside Veasna’s Doomsday Farm, and a Wife’s Efforts to Get Him to Leave

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ