ទីតាំង​ប្រតិបត្តិការ​ឆបោក​មួយចំនួន​ក្នុង​ក្រុងព្រះសីហនុ​ត្រូវ​បាន​ទុកចោល ខណៈ​អាជ្ញាធរ​បើក​ប្រតិបត្តិការ​ចុះត្រួតពិនិត្យ

ប៉ូលិសមួយក្រុមនៅតំបន់មួយនៃខេត្តព្រះសីហនុ អំឡុងខែកញ្ញា ឆ្នាំ២០២២។ (ម៉ិច ដារ៉ា)

ស្របពេលដែលអាជ្ញាធរខេត្តប្រកាស និងបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងដែលជាប់ពាក់ព័ន្ធនឹងការបង្ខាំងមនុស្សដោយខុសច្បាប់ ការធ្វើទារុណកម្ម និងការជួញដូរមនុស្ស នៅទូទាំងក្រុងព្រះសីហនុ ប្រជាពលរដ្ឋក្នុងតំបន់លើកឡើងថា ក្រុមហ៊ុននានាហាក់កំពុងតែចាកចេញដោយទុកអគារទាំងឡាយចោល។

យោងតាមសេចក្ដីប្រកាសព័ត៌មានចេញកាលពីថ្ងៃទី១៨ ខែកញ្ញា ដោយរដ្ឋបាលខេត្តព្រះសីហនុ សមត្ថកិច្ចបានចុះត្រួតពិនិត្យទីតាំងមួយកន្លែងក្នុងសង្កាត់​លេខ​៣ ក្រុងព្រះសីហនុ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកញ្ញា​ ដែលក្នុងនោះ ជនសង្ស័យចំនួន១២នាក់ត្រូវបានបញ្ជូនទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ខណៈសមត្ថកិច្ចក៏បាន​រកឃើញ​ករណីជនបរទេសធ្វើការ​ងារ​ដោយ​គ្មាន​បណ្ណ​ការងារផងដែរ។

អាគារដែលអាជ្ញាធរចុះត្រួតពិនិត្យនិងបង្រ្កាបនេះមានឈ្មោះថា ស៊ីង សាន ទីង (Xinshan Great Wall Park) ដែលក្នុងនោះ សមត្ថកិច្ចក៏បានរកឃើញករណីបង្ខាំងមនុស្ស ទារុណកម្មដោយខុសច្បាប់ បទ​ល្មើសសញ្ចា​រកម្ម ការជួញដូរមនុស្ស កើតឡើងនៅក្នុងទីតាំងមួយនេះផងដែរ។

សេចក្ដីប្រកាសព័ត៌មានដដែលបន្តថា ក្រោយ​ពីស្រាវជ្រាវបានចំនួន៥ថ្ងៃកន្លងមកនេះ សមត្ថកិច្ចចម្រុះបានរកឃើញជនបរទេសខុសច្បាប់អន្តោប្រវេសន៍​ចំនួន​​១៤១នាក់ ក្នុងនោះមានជនជាតិចិនចំនួន១៣០នាក់ និង​​ជន​ជាតិវៀតណាមចំនួន១១នាក់ ដោយបានបញ្ជូនទៅនាយកដ្ឋាន​ស៊ើប​អង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញចេញពីកម្ពុជា។

​ក្រៅពីនោះ សមត្ថកិច្ចក៏បាន​រកឃើញ​ជនបរទេសចំនួន២៦២នាក់ធ្វើការ​ងារ​ដោយ​គ្មាន​បណ្ណ​ការងារ ហើយ​អាជ្ញាធរក៏បាន​ផាកពិន័យ​តាមផ្លូវ​ច្បាប់ផងដែរ។

ប្រភពខាងលើបន្ថែមថា កម្លាំងចម្រុះបាន​ឃាត់ខ្លួន​ជនបរទេសចំនួន២៧នាក់ (​ជនសង្ស័យ១២​នាក់ ជនរងគ្រោះ៥​នាក់ និង​នារី​បម្រើសេវា​ផ្លូវភេទ ១០​នាក់​) និង​ដកហូត​នូវ​វត្ថុតាង​មួយចំនួន ដូចជា ទូរសព្ទដៃ​សរុប៨ ៧៧៦គ្រឿង កុំព្យូទ័រ​លើ​តុ៨០៤គ្រឿង កុំព្យូទ័រ​យួរដៃ១៦គ្រឿង លិខិតឆ្លងដែន៣៦ក្បាល ឧបករណ៍​ផ្ទុក​ទិន្នន័យ១២​គ្រឿង ខ្នោះដៃ៤​គូ ដំបងឆក់៨​ដើម ពិល​ឆក់២​ដើម រួមទាំងសម្ភារ ឯកសារ និង​ប្រាក់​មួយចំនួន​។​

ពាក់ព័ន្ធនឹងករណីនេះ ទីតាំង​អគារ​ពាណិជ្ជកម្ម​ខាងលើនេះ បច្ចុប្បន្ន ក៏ត្រូវបាន​អាជ្ញាធរសម្រេច​ឱ្យ​បិទ​អាជីវកម្ម និង​បិទ​អគារ​ទាំងមូល ដើម្បី​បន្ត​ស៊ើបអង្កេតផងដែរ ខណៈសមត្ថកិច្ចក៏​នឹងបន្ត​ស៊ើបអង្កេត​បទល្មើស​សម្អាត​ប្រាក់ ល្បែងស៊ីសង​ខុសច្បាប់ និង​រក្សាទុក​អាវុធ​ខុសច្បាប់ និង​បន្ត​ស្រាវជ្រាវ តាម​ចាប់ខ្លួន​មេខ្លោង​ម្នាក់ដែល​បាន​រត់គេចខ្លួន​ផងដែរ​។

យោងតាមការឱ្យដឹងពីអ្នកយកព័ត៌មានមួយរូប បរិវេណទីតាំងមួយដែលកាលពីពេលកន្លងទៅត្រូវបានស្គាល់ថាជា Bing Cheng នេះ ហាក់ត្រូវបានទុកចោល គិតត្រឹមយប់ថ្ងៃអាទិត្យ។

ក្រុមហ៊ុនដែលមានឈ្មោះថា Bing Cheng International Entertainment ត្រូវបានចុះក្នុងបញ្ជីក្រសួងពាណិជ្ជកម្ម ដោយដាក់ឈ្មោះ អ៊ឹង វណ្ណរិទ្ធ ជាជនជាតិខ្មែរមួយរូបដែលកាលពីពេលកន្លងទៅធ្លាប់ជានាយកក្រុមហ៊ុនមួយឈ្មោះថា Xi Gang Hong Da Properties។

យោងតាមសេចក្តីប្រកាសព័ត៌មានមួយទៀតរបស់រដ្ឋបាលខេត្តព្រះសីហនុ ចេញថ្ងៃទី១៩ ខែកញ្ញា ក្នុងនោះសមត្ថកិច្ចក៏បានបើកការចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងចំនួន៣កន្លែងបន្ថែមទៀត ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុផងដែរ។

ទីតាំងចំនួន៣ខាងលើនេះ រួមមាន ហ្កាឡាក់ស៊ីវើល (Galaxy World) ស្ថិតនៅក្នុងសង្កាត់លេខ៤, ជីងឆាយ ៥ (Jincai 5) ក្នុងសង្កាត់លេខ៥ និង ប៉ាវយ៉ុងតិចណូឡូជី (Pao Yong Technology) ក្នុងសង្កាត់លេខ៤។

អ្នកយកព័ត៌មានមួយរូប នៅថ្ងៃចន្ទម្សិលមិញនេះ ក៏បានទៅកាន់ទីតាំងអាគារ ជីងឆាយ៥ ផងដែរ ប៉ុន្តែត្រូវបានរារាំងដោយមន្រ្តីយោធាម្នាក់ ដោយលើកឡើងថា មិនអនុញ្ញាតឱ្យមនុស្សចូលឬចេញពីបរិវេណនោះទេ លុះត្រាតែពួកគេបង្ហាញអត្តសញ្ញាណ ខណៈសម្រាប់ទីតាំង ហ្កាឡាក់ស៊ីវើល វិញ គឺហាក់មានសភាពស្ងប់ស្ងាត់។

ក្រុមហ៊ុនមួយដែលមានឈ្មោះថា ហ្កាឡាក់ស៊ីវើល គឺកាន់កាប់ដោយបុគ្គលបីរូបដែលរួមមានឈ្មោះ ហ៊ុន ឆរ័ត្ន, សុខ ដារ៉ា និង ស ណារិន ខណៈក្រុមហ៊ុនមួយទៀតឈ្មោះថា Galaxy World (Cambodia) Trading Center Platform Online គឺដឹកនាំដោយនាយកជាជនជាតិខ្មែរម្នាក់ឈ្មោះថា មាស វណ្ណៈ

សហគ្រិនម្នាក់ខាងលើដែលមានឈ្មោះថា សុខ ដារ៉ា ក៏ត្រូវបានស្គាល់ថាជាអតីតនាយកក្រុមហ៊ុន Fairplay Entertainment ក៏ដូចជានាយកកាស៊ីណូ White Sand Palace ដែលជាទីតាំងមានករណីឆបោកផងដែរ។

ស្របពេលមានប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងនានាក្នុងក្រុងព្រះសីហនុនេះ តំបន់ឆៃណាថោន ក្នុងសង្កាត់លេខ៤ ដែលស្គាល់ថាជាទីតាំងសម្បូរទៅដោយពលកម្មដោយបង្ខំនៅក្នុងក្រុមហ៊ុនអនឡាញ ក៏ត្រូវបានសង្កេតឃើញថាមានសភាពស្ងប់ស្ងាត់ផងដែរ។

អ្នកយកព័ត៌មានមួយរូបបានឱ្យដឹងថា​ រូបគេបានឃើញប៉ូលិសនៅក្នុងបរិវេណនោះ ខណៈខ្លួនអាចចូលតាមច្រកទ្វាររវាងអគារការិយាល័យដែលជាធម្មតាត្រូវបានយាមកាមយ៉ាងតឹងរ៉ឹង។

ថ្លែងប្រាប់អ្នកយកព័ត៌មានសន្តិសុខយាមនៅអគារ Kaibo (KB) មួយរូប បានអះអាងថា មនុស្សជាង១ពាន់នាក់បានចាកចេញពីបរិវេណនេះកាលពីថ្ងៃអាទិត្យ ដោយមានមួយចំនួនបានធ្វើដំណើរទៅកាន់​តំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ។

ទាក់ទិននឹងករណីនេះ អ្នកបើករ៉ឺម៉កកង់បីម្នាក់ក៏បានឱ្យដឹងផងដែរថា មិត្តរបស់គាត់ម្នាក់បានបើកដឹកជនជាតិចិនចេញពីសង្កាត់លេខ៤នេះតាំងពីខែមុនមកម្ល៉េះ ដោយក្នុងមួយពេល គឺមានឡានក្រុងចេញចាប់ពី៥ទៅ៦គ្រឿង​។

លោក​ថា៖ «ករណីនេះ​មើលទៅ​ដូច​ជា​ការ​ជួញ​ដូរ​សត្វធាតុអ៊ីចឹង។ ជនជាតិចិនទាំងនេះត្រូវបានចាត់ទុកដូចជាទាសករ។ ពួកគេធ្វើការដោយទទួលបានតែអាហារដើម្បីទទួលទានប៉ុណ្ណោះ ហើយមិនទទួលបានប្រាក់ឈ្នួលអ្វីឡើយ។ ហើយនៅពេលដែលពួកគេចាកចេញ គឺពួកគេគ្មានទទួលបានអ្វីទាំងអស់»។

ជាមួយគ្នានេះ សន្តិសុខមួយរូបទៀត​នៅ​តំបន់ឆៃណាថោនក៏បានឱ្យដឹងផងដែរថា កម្មករ​ជនជាតិ​ចិន វៀតណាម និង​ខ្មែរ​ទាំង​អស់​បាន​ចាកចេញអស់ហើយ ហើយ​អាជីវកម្ម​នៅ​ក្នុង​បរិវេណ​នោះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដំណើរការ​ទៀត​ទេ។

លោក​​អះអាង​ថា​៖ «ពួកគេ​ទាំង​អស់​នេះ គឺសុទ្ធសឹងតែជាអ្នក​មក​​ដោយ​ខុស​ច្បាប់ ដូច្នេះហើយពួកគេ​ខ្លាច​ប៉ូលិស​កម្ពុជា​ខ្លាំង​ណាស់»។

ខណៈអ្នកយកព័ត៌មានចូលទៅកៀកនឹងទីតាំងមួយនៃ​តំបន់ឆៃណាថោន ក្នុងនោះគេសង្កេតឃើញមានកម្មករបីនាក់កំពុងតែកាត់បន្លាលួសចេញពីបរិវេណមួយ។

កម្មករម្នាក់​បានលើកឡើងថា​៖ «​យើង​ត្រូវ​តែកាត់​បន្លាលួសទាំងនេះចោល ដើម្បីកុំឱ្យ​ប៉ូលិសមើលឃើញថា វាដូចជាទីតាំងដែលមានការបង្ខាំង​មនុស្ស​។ ជាក់ស្ដែង [ការដាក់បន្លាលួស] គឺយើងមិន​បាន​បង្ខាំងនរណាម្នាក់​មិនឱ្យ​រត់​ចេញ​ពី​អគារ​នោះ​ទេ ប៉ុន្តែ​យើង​មិន​អាច​ដាក់​បន្លាលួស​នេះ​បាន​ទេ នៅពេលដែល​ប៉ូលិស​ចុះមក ដែលវាអាចនឹង​មាន​បញ្ហា។ ដូច្នេះ​ហើយ យើងត្រូវតែកាត់​វា​ចេញ»។

សារព័ត៌មានស៊ីស៊ីថាមស៍ (The Cambodia China Times) ក៏បានរាយការណ៍ពីការចុះបង្រ្កាបមួយកាលពីថ្ងៃអាទិត្យ នៅការិយាល័យរបស់ក្រុមហ៊ុន ZhengHeng New Energy ក្នុងខេត្តព្រះសីហនុផងដែរ។

ទាក់ទិននឹងករណីនេះ មន្ត្រី​ប៉ូលិស​ម្នាក់​ដែល​សុំមិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់សារព័ត៌មានខាងលើថា​ មនុស្ស​យ៉ាង​ហោច​ណាស់១០នាក់​ក៏ត្រូវ​បាន​ចាប់​ខ្លួន​ពី​អគារ​​មួយ​ទៀត​ក្នុង​សង្កាត់លេខ៤ ក្រុង​ព្រះសីហនុ កាល​ពី​យប់​ថ្ងៃ​អាទិត្យផងដែរ។

យោងតាមការចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន ZhengHeng New Energy នេះដឹកនាំដោយជនជាតិចិនមួយរូបមានឈ្មោះ Zhu Ronghui ដែលមានការិយាល័យនៅក្នុងបុរី Elite Town កោះពេជ្រ ខណៈក្រុមហ៊ុននេះក៏ត្រូវបានរកឃើញថាមានទំនាក់ទំនងនឹងក្រុមហ៊ុន ZhengHeng Group នៅភ្នំពេញផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Zhengheng Group កាលពីដើមខែនេះ ក៏ធ្លាប់បានស្នើ និងសន្យាផ្តល់ប្រាក់មួយចំនួនឱ្យវីអូឌីផងដែរ ជាថ្នូរនឹងការដកឈ្មោះក្រុមហ៊ុនរបស់ខ្លួនចេញពីអត្ថបទព័ត៌មានមួយដែលបានផ្សាយអំពីប្រតិបត្តិការឆបោកនៅគម្រោងរបស់ក្រុមហ៊ុន ​យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ក្នុងខេត្តកោះកុង៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Eerie Silence Descends on Notorious Sihanoukville Scam Compounds

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ