កម្មករមួយចំនួនស្នើរដ្ឋាភិបាលទប់ស្កាត់ការឡើងតម្លៃទំនិញទីផ្សារ ខណៈប្រាក់ឈ្នួលគោលឡើងបាន៦ដុល្លារ

កម្មការិនីម្នាក់នៃរោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ឈរទិញអាហារពីអ្នកលក់នៅផ្សារព្រែកជ្រៃ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

កម្មករបម្រើការងារតាមបណ្ដារោងចក្រមួយចំនួនបានអំពាវនាវទៅរដ្ឋាភិបាលឱ្យជួយ​ទប់​ស្កាត់​ការ​ឡើង​តម្លៃ​​ទំនិញ​នៅ​តាម​ទីផ្សារ ខណៈ​ប្រាក់​ឈ្នួល​គោល​របស់​ពួកគេ​ឡើង​បាន​ត្រឹម​៦ដុល្លារ​សម្រាប់​ឆ្នាំ​២០២៣

រដ្ឋាភិបាល​ នៅថ្ងៃទី២១ ខែកញ្ញានេះ បានប្រកាសដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​​​កម្មករនិយោជិតផ្នែក​វាយនភណ្ឌកាត់​ដេរ​ និងផលិតស្បែក​ជើង សម្រាប់​ឆ្នាំ២០២៣ ឡើង​ដល់​ «២០០ដុល្លារ ក្នុង១ខែ» ខណៈប្រាក់ឈ្នួលគោល​បច្ចុប្បន្ន​នេះ​មានចំនួន​១៩៤ដុល្លារ។

កម្មករម្នាក់​​បម្រើ​​ការ​​ងារ​​នៅ​រោង​ចក្រ​មួយ​ក្នុង​រាជធានីភ្នំពេញ លោក ឈឹម សារិទ្ធ មានប្រសាសន៍ថា ការដំឡើងប្រាក់ឈ្នួលគោលឱ្យកម្មករត្រឹម៦ដុល្លារនេះ គឺ​មិនជួយសម្រួលឱ្យកម្មកររស់នៅ​បាន​សមរម្យ​នោះទេ ប្រសិន​បើ​ទំនិញ​នៅ​លើ​ទីផ្សារហក់​ឡើង​ថ្លៃ​ខ្ពស់ និង​បន្ទប់ជួលឡើង​ថ្លៃ​ដែ​រ​នោះ។

កម្មកររូបនេះបន្តថា បច្ចុប្បន្ន​ ទំនិញនៅលើទីផ្សារសឹងគ្រប់​មុខ រួមទាំងប្រេងសាំងផង បាន​ហក់​ឡើង​ថ្លៃ​ខ្ពស់។ លោកថា ត្រឹម​រូប​លោក​ម្នាក់​ឯង​រស់នៅរាជធានីភ្នំពេញ ត្រូវចំណាយប្រហែល៥០ម៉ឺន​រៀល ​(ប្រហាក់ប្រហែល១២៥ដុល្លារ​) ក្នុង​១ខែ និង​ត្រូវ​ចំណាយ​ឱ្យ​កូន​រៀន ឪពុក​ម្តាយ​ចាស់ជរាចាយ​វាយ​នៅ​ស្រុកកំណើត រួមទាំងថ្លៃមើលជំងឺផ្សេងៗផង សរុបជាង៣០០ដុល្លារក្នុង១ខែ។

លោក ឈឹម សារិទ្ធ បន្ថែមថា ប្រសិនបើរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលគោលជូនកម្មករត្រឹម៦ដុល្លារនោះ គឺរដ្ឋាភិបាលត្រូវជួយ​ទប់ស្កាត់កុំឱ្យទំនិញនៅលើទីផ្សារ ផ្ទះ​ជួល និងប្រេងសាំងឡើងថ្លៃខ្ពស់ពេក។

លោកបន្ថែមថា៖ «ប្រសិនបើទំនិញទីផ្សារនិងផ្ទះជួល​នៅតែឡើងថ្លៃទេ គឺកម្មករនៅតែជួបការលំបាកដដែលហ្នឹង។ ឧទារហ៍ថា បើ​បន្ទប់​ជួល ​គាត់​ឡើង​ថ្លៃ​៥ដុល្លារ​ទៀត អ៊ីចឹងគាត់នៅសល់១ដុល្លារហ្នឹង ចុះគាត់ត្រូវការចំណាយផ្សេងៗទៀត? បើសម្រាប់​ខ្ញុំ ខ្ញុំចាយម្នាក់ឯងប្រហែល៥០ម៉ឺនរៀល​ហើយ​ហ្នឹង ហើយ​ខ្ញុំនៅសល់លុយតិចតួច​​ទុក​ឱ្យកូន​រៀន កូនឈឺទៅពេទ្យទៅ​ គឺវាអត់សល់! វាត្រូវឱ្យយើងចាយក្បិតក្បៀតបំផុត។ អ៊ីចឹងក្នុងមួយខែ បើចង់ឱ្យគ្រប់គ្រាន់ ​ទាលល់តែ៣៥០ដុល្លារ»

កម្មករ​​បម្រើការងារនៅរោងចក្រ​មួយ​ក្នុងខេត្តកំពង់ស្ពឺ លោក ជេស វណ្ណា មានប្រសាសន៍ថា ការដំឡើងប្រាក់ឈ្នួលគោលជូន​កម្មករត្រឹម៦ដុល្លារនេះ មិនគ្រប់គ្រាន់សម្រាប់ការចំណាយប្រចាំ​ខែរបស់កម្មករឡើយ។

កម្មកររូបនេះ​អះអាងថា លោកត្រូវចំណាយក្នុងចំនួនច្រើនក្នុងមួយ​ខែៗ​ ទៅ​លើ​ថ្លៃអាហារ ប្រេង​សាំង ថ្លៃ​ធ្វើ​ដំណើរ កូនរៀន និង​ជូនឪពុកម្តាយចាយវាយនៅផ្ទះ។ លោក​ថា ប្រសិនបើទំនិញទីផ្សារ និងប្រេងសាំងមិនឡើងថ្លៃ គឺការដំឡើងប្រាក់ឈ្នួលគោល៦ដុល្លារនោះអាចជួយសម្រួល​ការចំណាយរបស់កម្មករបានខ្លះដែរ។

លោក ជេស វណ្ណា បន្ថែមថា ដើម្បីផ្គត់ផ្គង់ការចំណាយគ្រប់គ្រាន់​ លុះត្រាតែកម្មករបង្ខំចិត្តធ្វើការងារថែម​ម៉ោង និង​ចាយ​រិះថាំ​បំផុត។

លោកបន្ថែមថា៖ «ការដំឡើងប៉ុណ្ណឹង យើងដឹងថាវាមិនគ្រប់គ្រាន់ទេ ព្រោះទាក់ទងអតិផរណាទំនិញនៅលើទីផ្សារ​ គឺឡើងថ្លៃ​ទាំង​អស់។ អ៊ីចឹងការដំឡើងប៉ុណ្ណឹងមិន​គ្រប់​គ្រាន់ ប៉ុន្តែ​វា​ប្រសើរជាងអត់ដែរ។ យើងចង់ឱ្យចំណាយគ្រប់ លុះត្រាតែយើងចាយ​ក្បិតក្បៀតបំផុត​ ទើបវាអាចគ្រប់គ្រាន់សម្រាប់មួយខែ»

ប្រធាន​សហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ដែល​ចូល​រួម​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​គោល​កម្មក​រ​នេះ ​មានប្រសាសន៍​ថា លោក​មិនពេញចិត្តចំពោះការ​ដំឡើងប្រាក់ឈ្នួលគោលត្រឹម៦ដុល្លារនេះទេ ខណៈរូប​លោក និង​សហជីព៤នាក់​ ដែលតំណាងឱ្យកម្មករពិតប្រាកដបានទាមទារដំឡើង១៩​ដុល្លារ។

មេសហជីពរូបនេះ​បន្តថា ការដំឡើងត្រឹម៦ដុល្លារនេះ គឺ​មិនឆ្លើយតបទៅនឹងតម្រូវការចំណាយរបស់កម្មករនោះទេ ខណៈទំនិញនៅលើទីផ្សារគ្រប់​សារ​ពើ​ហក់​ឡើង​ថ្លៃ​ខ្ពស់ និង​ផល​ប្រយោជន៍​របស់​កម្មក​រមួយ​ចំនួនត្រូវបាន​កាត់បន្ថយ​​ ដូច​​ជា ការ​កាត់​​បន្ថយ​ថ្ងៃ​ឈប់សម្រាក​ថ្ងៃបុណ្យជា​តិ​ជា​ដើម​នោះ។

លោកបន្ថែមថា៖ «រដ្ឋាភិបាលត្រូវគិតគូរបន្ថែមទៀត​ ជុំវិញការឡើងថ្លៃទំនិញនៅលើទីផ្សារ និង​ជួយសម្រួលបន្ថែមទៀតចំពោះ​កា​រ​ប្រើប្រាស់អគ្គិសនី ទឹក និង​ការផ្តល់សេវាដឹកជញ្ជូនកម្មករ​ដោយ​សុវត្ថិ​ភាព និង​ឥត​គិត​ថ្លៃ​ជាដើម។ ដោយ​សារយើង​ដំឡើង​ប្រាក់ឈ្នួលបានប៉ុណ្ណឹង ហើយទំនិញទីផ្សារឡើងថ្លៃខ្ពស់ បើមិនទប់ស្កាត់បញ្ហានេះ និង​ការឡើងថ្លៃបន្ទប់ជួលទឹក​ភ្លើង​នេះ​ទេ វា​ច្បាស់​ណាស់​ថា ការដំឡើងប្រាក់ឈ្នួលនេះមិនឆ្លើយតបទៅនឹងតម្រូវការចំណាយរបស់បងប្អូនកម្មករឡើយ»

វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក លោក ប៉ែន សុវិជាតិ បាន​ទេ ពាក់ព័ន្ធរឿង​នេះ។

ការចរចា​ចុង​ក្រោយសម្រាប់​ការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់​​​កម្មករនិយោជិតផ្នែក​វាយនភណ្ឌកាត់​ដេរ និងផលិតស្បែក​ជើង សម្រាប់ឆ្នាំ២០២៣ គឺភាគីនិយោជក​បាន​ស្នើ​តួ​លេខ ១៩៨ដុល្លារ និងភាគីរដ្ឋាភិបាលស្នើ​តួលេខ១៩៨ដុល្លារដែរ ខណៈភាគី​តំណាង​កម្មករស្នើតួលេខចំនួន​៣ខុសៗគ្នា រួម​មាន ២០៦ដុល្លារ, ២១០ដុល្លារ និង២១៣ដុល្លារ។

ប៉ុន្តែក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រេចបោះឆ្នោតយកតួលេខ «១៩៨ដុល្លារ» ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់​ឱ្យ​២ដុល្លារ​បន្ថែម​ទៀត ដែលធ្វើឱ្យប្រាក់ឈ្នួលគោលកម្មករឡើងដល់ ២០០ដុល្លារ នៅឆ្នាំ២០២៣ខាងមុខនេះ។

បើតាមលិខិត​របស់ក្រសួងការងារ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្រោមការពិភាក្សាប្រាក់គោលកម្មករសម្រាប់ឆ្នាំ២០២៣នេះ គឺតំណាងកម្មករ និងតំណាងថៅកែ បានដាក់សំណើររៀងៗខ្លួនទៅកាន់រដ្ឋាភិបាល។

លិខិតដដែល​ឱ្យដឹង​ថា តំណាងកម្មករស្នើឱ្យបង្កើនសោហ៊ុយធ្វើដំណើរ អាហារថ្ងៃត្រង់​បន្ថែម​ទៀត និង​ស្នើ​រដ្ឋាភិបាល​បន្តអនុវត្ត​គោល​នយោបាយ​បញ្ចុះ​តម្លៃ​ទឹក​ភ្លើង រួមទាំង​តបណ្តាញទឹកភ្លើង​ដល់​កន្លែង​ស្នាក់​នៅ​របស់​កម្មករ និងសំណើផ្សេងៗទៀត​ផង​ដែរ។

ចំណែកតំណាង​ថៅកែបា​ន​ស្នើទៅ​រដ្ឋាភិបាល​ឱ្យ​កាត់​បន្ថយ​ថ្លៃ​ភស្តុភារ ជា​ពិសេសកម្រៃសេវាបញ្ចេញទំនិញ កម្រៃសេវាកំពង់​ផែ និង​កម្រៃ​អតុល្យភាពកុងតឺន័ររបស់ក្រុមហ៊ុនកប៉ាល់។ មួយទៀតនោះ ខាង​តំណាងថៅកែក៏បាន​ស្នើកាត់​បន្ថយ​ថ្លៃអគ្គិសនី និងផ្តល់​គោលនយោបាយអំណោយផលសម្រាប់ការដំឡើងថាមពលពន្លឺព្រះអាទិត្យ និង​សំណើផ្សេងៗទៀត។

អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិការងារ និងសហជីព បានលើកឡើងថា កម្មករនឹងបន្តប្រឈមបញ្ហាជីវភាពនិងសុខភាព ប្រសិន​បើការដំឡើងប្រាក់ឈ្នួលមិនឆ្លើយតបទៅនឹងការឡើងថ្លៃទំនិញទីផ្សារ ខណៈផលប្រយោជន៍មួយចំនួនរបស់កម្មករត្រូវ​បានបាត់បង់ ក្រោយកាត់បន្ថយថ្ងៃឈប់សម្រាក និងមិនលើកពេលថ្ងៃបុណ្យជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ