អាជ្ញធររាជធានីភ្នំពេញអំពាវនាវដល់ពលរដ្ឋចូលរួមយុទ្ធនាការលុបបំបាត់កុងស៊ីបញ្ចាំខុសច្បាប់និងអំពើល្មើសផ្សេងៗ

មន្ត្រីនិងកម្លាំងជំនាញខណ្ឌទួលគោក ចុះត្រួតពនិត្យទីតាំងកន្លែងសេវាទទួលប្រាតិភោគ ដោយអនុប្បទាន (ទទួលបញ្ចាំ) នៅទីតាំងមួយកន្លែងក្នុងចំណោម០៤ទីតាំង ស្ថិតនៅក្នុងភូមិ២-៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ អធិការដ្ឋាននគរបាលខណ្ឌទួលគោក)

អាជ្ញាធរ​​អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមយុទ្ធនាការ​​បោស​សម្អាត​កុង​ស៊ីបញ្ចាំ​ខុស​ច្បាប់ ដើម្បីលុបបំបាត់អំពើចោរកម្ម ល្បែង​ស៊ីសង និង​ការ​ចែក​ចាយ-ការ​ប្រើប្រាស់គ្រឿងញៀន នៅទូទាំងរាជធានីភ្នំពេញ។

អភិបាល​រង​រាជធានីភ្នំពេញ លោក ឃ្លាំង ហួត បាន​សរសេរ​សារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក នៅ​ថ្ងៃទី​​២៦ ខែ​កញ្ញានេះ​ថា កុង​ស៊ី​ទទួល​បញ្ចាំដែលត្រូវមានវិធានការដាក់ទោសតាមច្បាប់ ដោយសារមានទទួល​បញ្ចាំរបស់ចោរ គ្មាន​ឯកសារ យកការប្រាក់ខ្ពស់ខុសច្បាប់ និងទទួលបញ្ចាំមិនបង់ពន្ធដារជូនរដ្ឋ ជាដើម​។

ករណីនេះ លោកបាន​អំពាវនាវឱ្យប្រជាជនរស់នៅរាជធានីភ្នំពេញទាំងអស់ត្រូវចូលរួមសហការជាពលរដ្ឋល្អ ក្នុងយុទ្ធនាការបោសសម្អាតកុងស៊ីបញ្ចាំខុសច្បាប់ទាំងនោះ ដើម្បីលុបបំបាត់អំពើចោរកម្មនានា លុបបំបាត់ល្បែងស៊ីសងខុសច្បាប់ និងលុបបំបាត់ការចែកចាយ-ប្រើប្រាស់គ្រឿងញៀន នៅទូទាំងរាជធានី។

កាលពីថ្ងៃទី២៤ ខែកញ្ញានេះ អភិបាលរងរាជធានីភ្នំពេញ លោក ឃ្លាំង ហួត បានសហការជាមួយមន្ត្រីជំនាញ បានចុះទៅស្រាវជ្រាវនៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដោយក្នុងនោះរកឃើញហាងបញ្ចាំចំនួន១៣ អត់មានច្បាប់អនុញ្ញាត ហើយសមត្ថកិច្ចបានដកហូតបានម៉ូតូចំនួន១ ១១៣គ្រឿង, រថយន្តចំនួន១៤គ្រឿង, ម៉ូតូកង់​បី​ចំនួន៩គ្រឿង, Passapp ចំនួន១២គ្រឿង ព្រមទាំងឃាត់ខ្លួនម្ចាស់ទីតាំង និងបុគ្គលិកចំនួន៩នាក់ ក្នុងនោះមានមេខ្លោងម្នាក់ ត្រូវកសាងសំណុំរឿងបញ្ជូន​ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការ​ច្បាប់បន្ត។

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិ​ភាព លោក យង់ គិមអេង សង្កេតឃើញថា អំពើល្មើសចោរកម្ម លួច ឆក់ និងបទល្មើសផ្សេងៗទៀត ភាគច្រើនកើតចេញពីការយករបស់ទ្រព្យ​​ទៅបញ្ចាំនៅហាងបញ្ចាំខុសច្បាប់។ ករណីនេះ លោកជំរុញទៅអាជ្ញាធរ​ធ្វើការស្រាវជ្រាវ និងចុះបង្ក្រាបលើម្ចាស់ហាងបញ្ចាំខុសច្បាប់ទាំង​អស់ និងពង្រឹងការអនុវត្តច្បាប់ ដោយមិនប្រកាន់បក្ខពួក ទើបអាច​កាត់​បន្ថយ​នូវ​អំពើ​ល្មើសផ្សេងៗបា​នប្រសិទ្ធ​ភាពខ្ពស់ ។

លោកថា៖ «ពលរដ្ឋតែងតែគិតថា អាជ្ញាធរហ្នឹងមិនហ៊ានបង្ក្រាបកន្លែងហាងអ្នកមានខ្សែធំៗ បង្ក្រាបបានតែត្រីចង្វារ ត្រីរ៉ស់ ត្រីឆ្ដោ មិនហ៊ានប៉ះពាល់ ទុក​ឱ្យធ្វើសកម្មភាពងងើល​ដដែល ហើយបញ្ហាដែលកើតឡើងនៅក្នុងសង្គម ដូច​ជា លួច ឆក់ និងអំពើខុសច្បាប់ផ្សេងៗនៅតែបន្តកើតមានដដែល។ អ៊ីចឹង​អាជ្ញាធរ​ត្រូវ​ហ៊ាន​ធ្វើ​ការ​បង្ក្រាប​ដោយ​មោះមុត ទាំងកន្លែងម្ចាស់ហាងបញ្ចាំតូច កន្លែងធំ ត្រូវអនុវត្តច្បាប់ឱ្យបានស្មើគ្នា ដើម្បីកែប្រែការគិតរបស់ប្រជាពលរដ្ឋទៅលើអាជ្ញាធរទៀត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ