ក្រសួង​អនុញ្ញាត​ឱ្យ​សាកល្បង​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុដោយ​ឥត​គិតថ្លៃ​រយៈពេល​១ខែ

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យការងារត្រៀមរៀបចំបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

ក្រសួងសាធារណការ និងដឹកជញ្ជូន អនុញ្ញាតឱ្យសាធារណជនប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយឥតគិតថ្លៃរយៈពេល១ខែ ដោយចាប់ផ្ដើមពីដើមខែរហូតដល់ចុងខែតុលា ខាងមុខនេះ។

ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី២៧ ខែកញ្ញានេះ បានឱ្យដឹងថា គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ភ្ជាប់​ពី​រាជធានីភ្នំពេញ​ ទៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែល​វិនិយោគសាង​សង់​ដោយ​ក្រុម​ហ៊ុន​សាជីវ​កម្ម​ស្ពាន​និង​ថ្នល់​ចិន (CRBC) ជាផ្លូវល្បឿនលឿនដំបូងបង្អស់នៅក្នុងប្រទេស​​កម្ពុជា និងជាផ្លូវដែលតម្រូវឱ្យបង់ប្រាក់សម្រាប់អ្នកប្រើប្រាស់ផ្លូវនេះ។

ប្រភពដដែលបន្តថា ក្រសួងនិង​ក្រុម​ហ៊ុន​វិនិយោគនឹងអនុញ្ញាតឱ្យ​សាធារណជនប្រើប្រាស់ផ្លូវល្បឿន​លឿន​នេះដោយឥត​គិតថ្លៃ ក្នុ​ង​រយៈ​ពេល​១ខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ហើយ​​ចំពោះយាន​យន្ត​ដែល​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ រួម​មាន រថយន្តគ្រប់ប្រភេទ ដែលមានល្បឿនអតិបរមាលើសពី ៧០គ.ម/ម៉ោង (កំណត់ពីរោងចក្រ) និង​ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី ៥០០CC ឡើងទៅ។ ប៉ុន្តែក្រសួង និងអាជ្ញាធរសមត្ថកិច្ច និងប្រតិ​បត្តិករផ្លូវល្បឿនលឿន មានសិទ្ធិបដិសេធ មិនអនុញ្ញាតឱ្យបុគ្គលណាប្រើប្រាស់ផ្លូវល្បឿនលឿន និងចាត់វិធានការតាមផ្លូវច្បាប់ ក្នុងករណីមិនអនុវត្តតាមការណែនាំ។

សេចក្តី​ជូនដំណឹង​ដដែលបាន​ក្រើនរំឭកដល់សាធារណជនឱ្យចូលរួមគោរពបទបញ្ជា និងសេចក្តីណែនាំនានាឱ្យបានខ្ជាប់ខ្ជួន ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងបង្ការគ្រោះថ្នាក់ជាយថាហេតុ ចំពោះការប្រើប្រាស់ផ្លូវល្បឿនលឿននេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ