ដី​បឹងតាមោក​ប្រមាណ​១៦​ហិកតា​ត្រូវ​បាន​ផ្ទេរ​ឱ្យ​បុគ្គល​២រូប ខណៈ​ដី​នៅ​ខេត្តព្រះសីហនុ​៦៩​ហិកតា​ផ្ទេរ​ឱ្យ​ក្រុមហ៊ុន​មួយ​ជា​ថ្នូរ​នឹង​ការ​សង់​អគារ​និង​ផ្លូវ

គ្រឿងចក្រមួយគ្រឿងជីកដីនៅជិតគម្រោងអភិវឌ្ឍន៍ Fu Hai ក្នុងឃុំបិតត្រាង ខេត្តព្រះសីហនុ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ (Danielle Keeton-Olsen/VOD)

យោង​តាម​កិច្ច​ព្រម​ព្រៀងរបស់​រដ្ឋ​ជាមួយ​ក្រុមហ៊ុនអភិវឌ្ឍន៍ ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ឯកសារ​ផ្លូវ​ការ​ បាន​ឱ្យដឹង​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​រាម ស្ថិតក្នុងចំណោមអ្នកទទួលផលចុងក្រោយនៃការ​ធ្វើអនុប​យោគ​ដី​ឯកជន​របស់​រដ្ឋ។

ឯកសារដែលបានចេញផ្សាយកាលពីសប្ដាហ៍មុន បង្ហាញថា ដីព្រៃរដ្ឋចំនួន៩៤​ហិកតាត្រូវបាន​ផ្ទេរទៅ​ឱ្យឧកញ៉ាម្នាក់នៅខេត្តព្រះសីហនុ និង៦៩ហិកតា ទៅឱ្យក្រុមហ៊ុន Ream City Land & House។ ដីបឹងតាមោក ប្រមាណ១៦ហិកតាក៏ត្រូវ​បាន​ផ្ទេរ​ទៅ​ឱ្យ​បុគ្គល២​រូប​ផង​ដែរ។

គេសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការផ្ទេរដី​បឹង ព្រៃឈើ និងឆ្នេរសមុទ្រ​ ទៅឱ្យបុគ្គលនិងអាជីវកម្មដែលមានទំនាក់ទំនងជាមួយបុគ្គលមានអំណាច។

ការផ្ទេរ​​ដីទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍រាម ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០២២ បង្ហាញ​ព័ត៌មាន​​លម្អិត​នៃ​ការដោះដូរ​របស់​រដ្ឋាភិបាល​ ជុំវិញ​ការប្រគល់​ដី​ដើម្បី​ទទួលបានគម្រោង​សាងសង់​សាធារណៈ។ អនុក្រឹត្យស្រដៀងគ្នានេះភាគច្រើនមិនមានព័ត៌មានអំពីការដោះដូរនេះឡើយ ទោះបីជាតំណាងរដ្ឋាភិបាលអះអាងថា ផ្ទៃដីជាច្រើនមិនត្រូវបានផ្ដល់ទៅឱ្យនរណាម្នាក់ដោយឥតប្រយោជន៍ក៏ដោយ។​

បើយោងតាម​កិច្ចព្រមព្រៀងរបស់រដ្ឋាភិបាល​​ជាមួយក្រុមហ៊ុន Ream City Land បង្ហាញថា ក្រុមហ៊ុ​ន Ream City Land ទទួល​បាន​ដី​មាត់​សមុទ្រ​ទំហំ​៦៩​ហិកតា ​សម្រាប់​សាងសង់​កំពង់ផែទេសចរណ៍ និង​​លំនៅដ្ឋាន។ ជា​ថ្នូរ​នឹងការ​ដោះដូរ ក្រុមហ៊ុន Ream City Land នឹងសាងសង់​​អគារ​​រ​ដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ ដែល​​ក្រុមហ៊ុន​​បា​ន​​ប៉ាន់​ប្រមាណ​ថា​នឹង​ចំណាយទឹកប្រាក់ចំនួន១០​លាន​​ដុល្លារ។ ក្រុម​ហ៊ុន​ក៏​នឹង​សាង​សង់​ផ្លូវ​មួយ​ខ្សែប្រវែង២,១​គីឡូម៉ែត្រនៅរាម ដោយ​មិន​បាន​បញ្ជាក់​ពីចំនួនថវិកាសម្រាប់ការសាងសង់នេះឡើយ។

បើគិតទៅ ប្រាក់ចំនួន១០លានដុល្លារ សម្រាប់ផ្ទៃដី៦៩ហិកតា ស្មើនឹងប្រហែល១៤,៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។ អនុក្រឹត្យនេះបន្ថែមថា ការអភិវឌ្ឍរបស់ក្រុមហ៊ុន Ream City Land នឹងមាន «លំនៅដ្ឋានឆ្លាតវៃ ទំនើប និងប្រកបដោយភាពច្នៃប្រតិដ្ឋ»

ចៅសង្កាត់​រាម លោក គឹម ចាន់ មានប្រសាសន៍ថា មន្ត្រីមូលដ្ឋានមិនបានដឹងអំពីកិច្ចព្រម​ព្រៀង​របស់​រដ្ឋជាមួយអាជីវកម្មឯកជននេះទេ។

លោកបាននិយាយថា៖ «ខ្ញុំមិនដឹងរឿងនេះទេ។ យើង​មិន​ទាន់​ឃើញ​អនុក្រឹត្យ​នោះ​នៅ​ក្នុង​ឃុំ​ទេ។ អនុក្រឹត្យ​ទាំង​អស់​ដែល​បាន​ចេញ ​មិន​ដែល​បាន​មកដល់​ឃុំ​ទេ ប៉ុន្តែ​ប្រហែលជា​នៅ​ថ្នាក់​ស្រុក»។

លោក​បាន​បន្ត​ថា មន្ត្រី​មូលដ្ឋាន​បាន​ព្យាយាម​គ្រប់​គ្រង​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​របស់​ខ្លួន។

លោកបន្ថែម​ថា៖ «ពេល​ប្រជាពលរដ្ឋ​មក​វាស់វែង​ដី ឬ​ធ្វើ​អ្វី​នៅ​លើ​ដី ឬ​សកម្មភាព​ណា​មួយ យើង​មក​បញ្ឈប់​ពួក​គាត់។ យើង​នឹង​សួរ​ថា​មាន​ការ​អនុញ្ញាត​ឬ​អត់។ ពេល​អត់​មាន​ការ​អនុញ្ញាត យើង​ឱ្យ​ពួកគាត់ទៅ​សុំ​ការ​អនុញ្ញាតសិន។ ពេលពួក​គាត់​​ទទួល​បាន​ការ​អនុញ្ញាត យើង​ដក​ថយ ហើយ​យើង​មិន​ជ្រៀត​ជ្រែក ឬ​រំខាន​ការងារ​របស់​ពួក​គាត់​ទេ»។

លោក​បន្ថែម​ថា៖​ «​នៅក្នុង​ឃុំ​ យើង​ត្រូវ​ធ្វើ​តាម​ឋានានុក្រម ហើយ​បើ​ទៅ​ឆ្ងាយពីឋានានុក្រម យើង​នឹង​ត្រូវ​គេ​បន្ទោស​ថា​ឈ្លើយ​ ហើយ​មិន​ចេះ​ធ្វើ​ការ។ ក្រុមហ៊ុនទាំងឡាយ​មិន​ដែល​ប្រាប់​ឃុំ​ថាពួកគេទទួល​បាន​ដី​នេះឬ​ដី​នោះ​ទេ»។

ក្នុង​ការ​ផ្ទេរ​ដី​ដាច់​ដោយ​ឡែកមួយ​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លោក​ឧកញ៉ា រតនៈ សម្បត្តិ ទទួលបាន​ដី៩៤​ហិកតា ដែល​កាល​ពី​មុន​ត្រូវបានកំណត់​ជា​គម្រប​ព្រៃ​ឈើ ​ក្នុងឃុំបិតត្រាង​។ មួយសប្ដាហ៍មុនពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខាលើអនុក្រឹត្យនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ លោកឧកញ៉ា រតនៈ សម្បត្តិ បានបរិច្ចាគថវិកាចំនួន២ម៉ឺនដុល្លារដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក KNP អំពីការបរិច្ចាគសប្បុរសធម៌។

លោកឧកញ៉ា រតនៈ សម្បត្តិ ក៏​បាន​បរិច្ចាគ​ឧបករណ៍ការពារ​កុបកម្ម​ដល់មន្ត្រី​​នគរបាល​ខេត្ត​ព្រះ​សីហនុ​ផង​ដែរ​។ នេះបើយោងតាមសារព័ត៌មាន Huy Bunleng។

មេឃុំបិត​ត្រាង លោក មៀច ចាន់ ឱ្យដឹង​ថា ដី​នេះ ​ពី​មុន​ជាកម្មសិទ្ធិ​របស់​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា Fuhai Development។

ឯកសារដដែលដែលរៀបរាប់ពីកិច្ចព្រមព្រៀងស្តីពីដីធ្លីខេត្តព្រះសីហនុ ក៏បានរៀបរាប់ពីការផ្ទេររបស់រដ្ឋាភិបាលនូវផ្ទៃដីទំហំ១៥,៦ហិកតានៅបឹងតាមោក ក្នុងរាជធានីភ្នំពេញ ទៅឱ្យបុគ្គលឈ្មោះ ថៃ អ៊ុយ និង តាំង គីម

ភ្លាមៗ​នេះ វីអូឌី ​មិនអាចកំណត់អត្តសញ្ញាណបុគ្គលទាំងពីរនោះ​បាន​ឡើយ ប៉ុន្តែដីនោះមានទីតាំងស្ថិតនៅពីមុខខ្ទមមួយជួររបស់ប្រជាពលរដ្ឋ ដែលថ្មីៗនេះមានការតវ៉ាដោយសារតែការចាក់ដីបំពេញបឹងនៅជុំវិញពួកគាត់។ ពលរដ្ឋ​ទាំងនោះ​ត្រូវ​បាន​​ប្រាប់​ឱ្យ​ទៅ​តាំង​លំនៅ​កន្លែង​ផ្សេង​ទៀត ​ព្រោះ​បឹង​នេះ​ត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន​អភិវឌ្ឍន៍​ឯកជន​ធំមួយ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Land Swap Detailed: Firm Gets 69 Hectares for $10M Construction

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ