ស្ថិតក្នុងដីមិនដល់២ហិកតាមានរបងលួសព័ទ្ធជុំវិញដែលមានគុម្ពឫស្សីធំមួយ និងមានទំពាំងមួយពីរដុះចេញពីគុម្ពឫស្សីនោះ ហើយទៅមុខបន្តិចមានច្រកចូលទៅក្នុងទីតាំងដីនោះ ដែលច្រកនោះធំល្មមសម្រាប់ឡានធំចេញចូលបាន។ ក្រឡេកពីផ្លូវចូលទៅខាងក្នុង គេអាចមើលឃើញដើមស្វាយមួយមានទំហំជិតមួយឱប ដែលផ្ដល់ម្លប់ត្រឈឹងត្រឈៃ។ ដើរផុតពីដើមស្វាយនោះបន្តិច យើងអាចមើលឃើញផ្ទះមួយខ្នង ខាងក្រោមធ្វើអំពីថ្មលាបថ្នាំពណ៌លឿង និងខាងលើធ្វើអំពីឈើលាបពណ៌ក្រហម។ នៅក្រោមផ្ទះនោះគេឃើញមានគ្រែឫស្សីមួយមានផ្លែស្លាចាស់ ក្រូចពោធិ៍សាត់ និងក្រូចថ្លុងប្រហែល១០ផ្លែនៅលើគ្រែនោះផងដែរ។ នៅក្បែរគ្រែនោះ មានបង្គោលឈើខ្មៅមួយដែលម្ចាស់ផ្ទះមួយនេះបានដាំ ដើម្បីឱ្យវល្លិ៍របស់ស្រកានាគ វល្លិ៍ក្រូច វល្លិ៍ផ្លែផាសិន (Passion) វារឡើង។
ក្រលេកទៅមើល ចំហៀងផ្ទះ និងក្រោយផ្ទះនេះវិញគឺសម្បូរទៅដោយប្រភេទដំណាំចម្រុះ ដែលមានដូចជាដើមស្លាធំជាង៤០ដើម និងមានខ្លះទៀតទើបបានត្រឹមចង្កេះនៅឡើយ។ ក្រៅពីនោះ ក៏មានដើមស្វាយ ចេក ក្រូចពោធិ៍សាត់ ក្រូចថ្លុង ក្រូចឆ្មា ត្របែក ដំណាំហូបផ្លែ និងបន្លែមួយចំនួនទៀត។ ផ្ទះនោះស្ថិតនៅក្នុងភូមិអូរខ្ជាយ ឃុំតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។
ស្រ្តីជាម្ចាស់ផ្ទះក្នុងសម្លៀកបំពាក់ខោខ្មៅជើងវែង អាវដៃវែងពណ៌ឈាមជ្រូក កញ្ញា ពា សោផៃ បានប្រាប់វីអូឌីថា កញ្ញាបានបន្តដាំដំណាំចម្រុះបែបនេះតពីឳពុកម្ដាយ ដោយសារវាមានភាពងាយស្រួលក្នុងការរកទីផ្សារសម្រាប់ផលិតផលកសិផលរបស់ខ្លួនជាងការដាំដំណាំតែមួយមុខ ហើយក៏បានកាត់បន្ថយការចំណាយលើម្ហូបប្រចាំថ្ងៃផងដែរ។

រូបភាពដោយ៖ ទុយ អេងលី
កសិករវ័យ៤៥ឆ្នាំរូបនេះបន្តថា៖«សម្រាប់បង យើងដាំដំណាំចម្រុះដូចថា យើងមានមួយសព្វ ទីមួយយើងមិនសូវចំណាយទិញរបស់ខាងក្រៅ មកប្រើ ឬញ៉ាំអីចឹងណា យើងមានរបស់យើងស្រាប់ ការពារសុខភាពយើងផង ដូចថាយើងមានដំណាំយើងស្រាប់ យើងមិនបាច់ទៅទិញរបស់របរគេ»។
ម្ចាស់ចម្ការរូបនេះបន្ថែមថា៖«ទីពីរដូចថាផលប្រយោជន៍ ដូចថាវាអត់មានធ្លាក់ថ្លៃណា៎ ខែណាក៏យើងមានដាំណាំលក់បានចំណូលប្រចាំថៃ្ង ដូចថាបន្ត ចឹងទៅណា៎ ដូចខែនេះអ៊ីចឹងមានក្រូច ខែនោះមានស្លា មានខ្នុរ មានដូងអីចឹងយើងមានគ្រប់រដូវ»។
កញ្ញាបានបន្តទៀតថា ទៅថ្ងៃមុខគឺមិនមានគំនិតថាចង់កែប្រែពីការដាំដំណាំចម្រុះនៅក្នុងចម្ការដូចសព្វថ្ងៃទៅដាំតែដំណាំមួយមុខដូចនៅតំបន់ដទៃនោះទេ ដោយសារដំណាំចម្រុះនេះបានផ្ដល់ថវិកាដោះស្រាយបញ្ហាជីវភាពរស់នៅរបស់ខ្លួន មិនឱ្យមានភាពរាំងស្ទះ ឬខ្វះខាតលុយកាក់សម្រាប់ការចំណាយប្រចាំថ្ងៃសោះឡើយ ហើយក៏មិនត្រូវចំណាយដើមទុនច្រើនដើម្បីទិញជីឬថ្នាំមកដាក់ដំណាំ។
កសិករូបនេះនិយាយថា ដើមស្លាជាង៤០ដើមនៅក្នុងចម្ការដែលមានសព្វថ្ងៃ អាចជួយរកចំណូលឱ្យបានស្ទើរពេញមួយឆ្នាំ ដោយលក់ក្នុងអំឡុងពេលកន្លះខែម្ដង ហើយលក់ម្ដងៗបានមិនក្រោមពី១០ម៉ឺនរៀលនោះទេ នេះទាន់មិនបូកបញ្ចូលចំណូលពីដំណាំប្រភេទផ្សេងទៀតនៅឡើយទេ។
កញ្ញាបន្ថែមថា៖ « វាបានជួយ ឧបមាថា យើងត្រូវការបង្វិល(លុយ)ធំដុំអ៊ីចឹង វាទាន់ពេល យើងមិនបាច់ពិបាកទៅខ្ចីអង្គការ ឬធនាគារពីក្រៅអ៊ីចឹង យើងមានលុយចាយប្រចាំសម្រាប់ជីវភាពប្រចាំថ្ងៃ ដូចថាយើងមិនសូវខ្វះខាតខ្ចីដើមទុនគេមក អ៊ីចឹងណា៎ យើងថា មិនធូរខ្លាំងក៏មិនខ្វះខាតខ្លាំងយើងអាចទូទាត់ក្នុងមួយឆ្នាំៗយើងវាអត់មានបញ្ហា»។
កសិកររូបនេះ ក៏បានលើកទឹកចិត្តឱ្យកសិករដទៃទៀត គួរងាកមកដាំប្រភេទដំណាំចម្រុះនេះវិញ ដើម្បីមានភាពងាយស្រួលក្នុងការលក់ដូរចូលទីផ្សារ និងអាចរកប្រាក់ចំណូលបានដើម្បីដោះស្រាយជីវភាព ក៏ដូចជាដើម្បីចៀសវាងការកកស្ទះទីផ្សារ ដែលធ្វើឱ្យមានការខាតបង់ប្រាក់ដើម្បីផលិតផងដែរ។
ស្រ្តីមា្នក់ទៀតមានភូមិកំណើតនៅក្នុងភូមិនេះដែរគឺអ្នកស្រី អឿន វ៉ាត និយាយថា អ្នកស្រីបានចាប់ផ្ដើមដាំដំណាំគ្រប់មុខបែបនេះ ចាប់តាំងពីអាយុ២២ឆ្នាំមក បន្ទាប់ពីឳពុកម្ដាយរបស់អ្នកស្រីបានចែកដីឱ្យ ដែលស្ថិតនៅលើដីមិនដល់មួយហិកតាផងនោះ មានដំណាំដូចជា ចេកពងមាន់ ក្រូចពោធិ៍សាត់ ក្រូចថ្លុង និងដំណាំមួយចំនួនទៀត។

ស្ត្រីវ័យ៦០ឆ្នាំរូបនេះបន្តថា៖«បើនិយាយទៅ ដាំទៅ អាណា(ដំណាំ)កើតយកអាហ្នឹងទៅ ហើយម្យ៉ាងទៀតដីយើងតិចយើងចេះតែជ្រក់(ដាំលាយ)ទៅ។
អ្នកស្រីបន្ថែមថា អ្នកស្រីមិនអាចកំណត់ចំណូលដែលបានសរុបក្នុងមួយឆ្នាំៗដែលបានមកពីការលក់ផលិតផលកសិកម្មនៅក្នុងចម្ការទាំងនោះបានទេ ដោយសារថា អ្នកស្រីត្រូវការប្រើប្រាស់វាជាប្រចាំថ្ងៃ ប៉ុន្តែចំពោះដំណាំចេកពងមាន់វិញ គឺផ្ដល់ចំណូលជូនគ្រួសារបានជារៀងរាល់សប្តាហ៍ ដោយក្នុងមួយសប្តាហ៍អាចលក់បានប្រហែលជា២០ម៉ឺនរៀល ឬពេលខ្លះអាចបានរហូតទៅដល់៣០ទៅ៤០ម៉ឺនរៀល ប្រសិនបើចំខែបុណ្យទាន ដូចជាខែបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំជាដើម។
កសិកររូបនេះបន្តទៀតថា៖«ខ្ញុំអត់យកមកសរុបចឹងទេ ពីព្រោះខ្ញុំត្រូវការទៅបុណ្យ ទៅការទៅវត្តទៅអី អ៊ីចឹងណា៎ ចំណាយលុយថ្លៃម្ហូបថ្លៃអី អ៊ីចឹងទៅ គឺនៅក្នុងហ្នឹងទៅ! ចា៎ វាវិលជុំនៅហ្នឹងទៅខ្ញុំអត់មានយកមកសរុបទុកអីទេ ពីព្រោះខ្ញុំចាស់ហើយខ្ញុំត្រូវការហូប ត្រូវការញ៉ាំត្រូវការធ្វើបុណ្យ»។
ស្ត្រីរូបនេះបានបន្ថែមទៀតថា អ្នកស្រីបានយកប្រាក់ដែលរកបានពីការលក់ផលិតផលកសិកម្ម និងមួយផ្នែកទៀតដែលបានមកពីការធ្វើស្រែនៅលើដីមួយកន្លែងផ្សេងទៀតយកមកទិញដីពង្រីក សងខាងដីដែលម្ដាយបានចែកឱ្យនោះ ពីទំហំតូចដែលអាចត្រឹមសង់ផ្ទះតូចបានមួយនៅ រហូតបានជិតពេញមួយហិកតា និងបានសង់ផ្ទះថ្មផ្ទាល់ដីព្រមទាំងជីកស្រះចិញ្ចឹមត្រីមួយនៅពីក្រោយផ្ទះនោះទៀតផង និងបានទិញដីកន្លែងផ្សេងទៀត ចែកឱ្យកូនចំនួនពីរហិកតាសម្រាប់ធ្វើស្រែផងដែរ។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តបាត់ដំបង ឱ្យដឹងថានៅក្នុងឆ្នាំ២០២១កន្លងទៅ ខេត្តបាត់ដំបងមានផ្ទៃដីដាំចេកសរុប ១ ៩៨៨ ហិកតា ប្រមូលផលបាន១ ៩២៨ហិកតា ដោយផ្ដល់ផលបាន២០,៣៧៤តោនក្នុង១ហិកតា។
លោក កែ ឃឺន អាយុ៦០ឆ្នាំ ជាប្រធានភូមិអូរខ្ជាយ បានប្រាប់វីអូឌីថា ភូមិរបស់លោក មានពលរដ្ឋចំនួន៦២៨គ្រួសារ ក្នុងនោះប្រមាណជាង៧០% ដែលដាំដំណាំចម្រុះនៅក្នុងចម្ការបែបនេះ ជារបរដែលបន្តតាំងពីដូនតាមក។ ប្រធានភូមិរូបនេះក៏បានបញ្ជាក់ផងដែរថា នៅក្នុងភូមិរបស់លោកនេះ ដំណាំដែលមានសក្ដានុពលជាងគេ គឺផ្លែក្រូចពោធិ៍សាត់។ លោកបន្តថា នៅក្នុងអំឡុងមួយឆ្នាំចុងក្រោយនេះ កសិផលដូងបានជួបបញ្ហាទីផ្សារបន្តិចបន្តួចដែរ ដោយមិនមានឈ្មួញចុះមកទិញ ហើយទោះបីជាមានអ្នកទិញក៏លក់បានថោក។
ប្រធានភូមិរូបនេះបន្ថែមថា៖«អាហ្នឹងវាបានជួយចម្រុះគ្នា ជួនណាអានេះអត់ផ្លែ អានោះផ្លែចឹងទៅ អាហ្នឹងវាបានជួយទប់រាល់ថ្ងៃណា៎ លក់រាល់ខែចឹងទៅ។»
ងាកទៅកសិករម្នាក់ទៀតមានមាឌធំ ចងសក់ទៅក្រោយអស់ គឺអ្នកស្រី ញិត មួច ដែលមានទីលំនៅក្នុងភូមិឃុំតែមួយជាមួយកសិករពីរនាក់ខាងលើ។ កសិកររូបនេះ មានដំណាំតែពីរមុខប៉ុណ្ណោះនៅក្នុងចម្ការរបស់ខ្លួន នោះគឺក្រូចថ្លុង និងក្រូចពោធ៍សាត់។ ប៉ុន្តែ អ្នកស្រីផ្ដោតសំខាន់ទៅដំណាំក្រូចពោធិ៍សាត់ជាពិសេស ដោយបានប្រាប់ហេតុផលថា ដំណាំក្រូចពោធិសាត់នេះ មិនសូវហត់ក្នុងថែទាំហើយអាចរកចំណូលបានខ្ពស់។
ស្រ្តីវ័យ៤៥ឆ្នាំរូបនេះនិយាយទាំងទឹកមុខញញឹមរួសរាយថា៖«និយាយរួមទៅ វាស្រួលដាំជាងគេ ទីមួយយើងមិនសូវពិបាកហត់ថែ ដូចជាជីឬក៏ថ្នាំគីមីអ៊ីចឹងទៅណា៎ លក្ខណៈថាវាជាធម្មជាតិ យើងគ្រាន់តែបូមទឹកដាក់ទៅ ហើយនិងប្រើជីធម្មជាតិអីតិចតួចគឺវាអាចទទួលផលបាន»។
ស្ថិតនៅក្នុងចម្ការដែលមានក្រូចពោធិ៍សាត់ដាំជាជួរៗគម្លាតប្រមាណ១,៥ម៉ែត្រពីជួរមួយទៅជួរមួយលើដីមិនដល់មួយហិកតា ដែលមានក្រូចពោធិ៍សាត់សរុប១៥០ដើម និងមានលាយក្រូចថ្លុងប្រហែលជា៣ទៅ៤ជួរផងនោះ ម្ចាស់ចម្ការបានរៀបរាប់ថា ក្រូចពោធិ៍សាត់ទាំងនេះ អ្នកស្រីអាចរកប្រាក់ចំណូលពីវាបានពីចន្លោះ៦ ទៅ៨លានរៀលក្នុងមួយរដូវកាលនៃការលក់ អាស្រ័យទៅលើស្ថានភាពទីផ្សារជាក់ស្ដែង ដោយក្នុងមួយឆ្នាំប្រមូលផលបានម្ដង។
របាយការណ៍របស់មន្ទីរដដែលបានបន្ថែមថា ផ្ទៃដីដាំក្រូចពោធិ៍សាត់សរុបទូទាំងខេត្តមាន៩០៤ហិកតា ប្រមូលផលបាន៨២៨ហិកតាដោយផ្ដល់ផល១៤,៤២៦តោនក្នុង១ហិកតា។ ចំណែកក្រូចថ្លុងមានផ្ទៃដីដាំដុះចំនួន១១៦ហិកតា ប្រមូលផលបាន១១០ហិកតា ដោយផ្ដល់ផលបាន៧,៥៨៧តោនក្នុង១ហិកតា។
លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង មានប្រសាសន៍ថា លោកបានសង្កេតឃើញមានកសិករនៅក្នុងខេត្តបាត់ដំបងច្រើន បានដាំដំណាំចម្រុះបែបនេះ ព្រោះវាបានផ្ដល់ប្រាក់ចំណូលជាប្រចាំជូនពួកគាត់ ជាជាងការដាំហើយយកផលតែមួយមុខ។
លោកន្ថែមថា៖«ចំពោះការដាំដំណាំចម្រុះហ្នឹង អាហ្នឹងគាត់ដាំនៅក្នុងចម្ការរបស់គាត់តែមួយ ឧទាហរណ៍ថា គាត់មាន២ហិកតាចឹង ចន្លោះក្រូច ក្រូចហ្នឹងវាមិនទាន់ធំ ត្រឹមអីល្អចឹងគាត់ដាក់ត្របែកមុនដើម្បីបានម្លប់បានអី អ្នកខ្លះដាក់ចេកដាក់អីចឹងទៅណា ហើយក៏គាត់ទទួលផលបណ្ដើរៗទៅ មើលអាណាបានផលណា មើលវាដំណាំណាសក្ដានុពលជាងគាត់រំដោះអាហ្នឹងចេញមួយចឹងទៅណា៎»
ប្រធានមន្ទីររូបនេះក៏បានលើកទឹកចិត្តឱ្យកសិករដែលមានផ្ទៃដីមិនសូវធំ គួរងាកមកធ្វើកសិកម្មបែបចម្រុះបែបនេះ ដើម្បីលើកស្ទួយជីវភាព ក៏ដូចជាដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។លោកក៏បានអំពាវនាវឱ្យកសិករនៅក្នុងខេត្តបាត់ដំបងទាំងអស់ ទាក់ទងទៅខាងមន្ទីរ ឬមន្តី្រមានសមត្ថកិច្ចដើម្បីពិភាក្សានិងរកដំណោះស្រាយជូនតាមតម្រូវការ។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) យល់ឃើញថា ការជម្រុញព័ត៌មានឬការអំពាវនាវនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយសម្រាប់ការជួយដោះស្រាយការប្រឈមរបស់កសិករដែលមានដូចជា ការខាតបង់ប្រាក់កាស និងពេលវេលា ឬក៏អ្នកខ្លះធ្លាក់ខ្លួនជាប់ជំពាក់លុយធនាគារដើម្បីយកមកធ្វើកសិកកម្មនៅឡើយទេ។ លោកថា មន្ទីរក៏ដូចជាមន្ត្រីពាក់ព័ន្ធគួរតែមានវិធានការផ្សេងៗទៀតដែលមន្ទីរនិងក្រសួងកសិកម្មអាចធ្វើបានដើម្បីជួយសម្រួលដល់កសិករ ដូចជាការផ្ដល់នូវគ្រាប់ពូជ សម្ភារៈកសិកម្ម ក៏ដូចជាការៀបចំគោលការណ៍ថ្នាក់ជាតិដើម្បីផ្ដល់ប្រាក់កម្ចីដែលមានការប្រាក់តិចជូនពួកគេ ពីសំណាក់ធនាគារអភិវឌ្ឍន៍ជនបទជាដើម។
លោកបន្ថែមថា៖«អ្វីដែលអាចដោះស្រាយបាន ហើយនិងជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋដែលដាំនូវដំណាំចម្រុះផ្សេងៗ ទាំងចម្ការអីហ្នឹងគឺទី១ ការរៀបចំខ្សែចង្វាក់ប្រព័ន្ធទីផ្សារ ផលិតកម្មគឺមានន័យថាមន្ទីរកសិកម្មខេត្ត ក្រសួងអីហ្នឹង ត្រូវរៀបចំវេទិកា រៀបចំសិក្ខាសាលាពិគ្រោះយោបល់រួមជាមួយនិងការប្រមូលធាតុចូលផ្សេងៗក្នុងការកំណត់អំពីធនធានឬក៏ផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋ ហើយផ្សាភ្ជាប់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋជាមួយនឹងសិប្បកម្មជាមួយនឹងសណ្ឋាគារឬក៏ភោជនីយដ្ឋានឬក៏កន្លែងទទួលទិញនូវទំនិញកសិកម្មផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋឱ្យជួបគ្នាប្រាស្រ័យទាក់ទងគ្នាទើបយើងអាចទៅរួច»។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចេញផ្សាយកាលពីដើមឆ្នាំ២០២២ បានឱ្យដឹងថា ផលិតកម្មដំណាំកសិកម្មនៅទូទាំងប្រទេសទទួលបានសរុបចំនួន ៣៥ ៩៧៤ ១៣៨ តោន កើនឡើងចំនួន ២៣%ធៀបនឹងឆ្នាំ២០២០ ក្នុងនោះដំណាំសាកវប្បកម្ម មានចំនួន ៤ ៦០៨ ២៣៣ តោន ដែលមានប្រភេទដំណាំសំខាន់ៗដូចជាដំណាំបន្លែគ្រប់ប្រភេទ មានចំនួន ៩០៨ ៥៩៥ តោន ដំណាំហូបផ្លែ មានចំនួន ៣ ៦៩៩ ៥៤៨ តោន (ស្វាយចំនួន ២ ១៩៧ ២៦៥ តោន ចេកអំបូងលឿងចំនួន ៤៦៣ ១៤២ តោន ក្រូចពោធិ៍សាត់ចំនួន ១២១ ៨៦៤តោន មៀនប៉ៃលិន/មៀន ចំនួន ១៣១ ៤៩៨ តោន និងដំណាំហូបផ្លែផ្សេងទៀតចំនួន ៥៤៣ ៤២៤ តោន)៕