មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី បង្ហាញការសោកស្ដាយចំពោះក្រសួងមហាផ្ទៃ ដែលមកដល់ពេលនេះ នៅមិនទាន់ឆ្លើយតបលើសំណើសុំផ្ទេរកូនក្ដីរបស់ខ្លួន មកកាន់ពន្ធនាគារនៅរាជធានីភ្នំពេញ ខណៈលោកបានដាក់សំណើលើករណីនេះជាងមួយខែមកហើយ។
មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី គឺលោក ជូង ជូងី ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា ចាប់តាំងពី លោកបានដាក់សំណើស្នើសុំផ្ទេរ កញ្ញា សេង ធារី ពីពន្ធនាគារខេត្តព្រះវិហារ មកកាន់រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែសីហា គិតមកដល់ខែតុលានេះ ក្រសួងមហាផ្ទៃ នៅមិនទាន់មានការឆ្លើយតបណាមួយមករូបលោកនៅឡើយ។ លោកបន្តថា ការយកកូនក្ដីទៅឃុំនៅកន្លែងឆ្ងាយបែបនេះ ជាការធ្វើទុក្ខបុកម្នេញផ្នែកផ្លូវចិត្តលើកូនក្ដីរបស់ខ្លួន ដោយសារតែភាពឯកោ ខណៈអ្នកស្គាល់ និងសាច់ញាតិ ព្រមទាំងមេធាវីជាដើម ពិបាកក្នុងការធ្វើដំណើរទៅជួប ដោយសារមានចម្ងាយឆ្ងាយ។
លោកថា៖ «ខ្ញុំពិតជាសោកស្ដាយហើយ ព្រោះអីប៉ះពាល់សិទ្ធិកូនក្ដីខ្ញុំផង ហើយអត់បានឆ្លើយឱ្យ ឬមិនឱ្យយ៉ាងម៉េច[…] ខ្ញុំព្រួយបារម្ភព្រោះគាត់ត្រូវបានគេឃុំខ្លួននៅតំបន់ឆ្ងាយ ដែលមេធាវីក៏ពិបាកទៅ សាច់ញាតិក៏ពិបាកទៅ មិត្តភ័ក្ដ អ្នកដែលគាំទ្រ ស្រឡាញ់គាត់ក៏ពិបាកទៅ សួរសុខទុក្ខគាត់ អ៊ីចឹងធ្វើឱ្យគាត់ឯកោ»។
វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា បានទេនៅថ្ងៃនេះ។
កញ្ញា សេង ធារី ដែលមានសញ្ជាតិអាមេរិកកាំង និងជាមេធាវីអន្តរជាតិមួយរូបផងនោះ ត្រូវបាន លោក រស់ ពិសិដ្ឋ ចៅក្រុមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានផ្ដន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ។ ក្រៅពីកញ្ញា សេង ធារី ចៅក្រុមជំនុំជម្រះ ក៏បានផ្ដន្ទាទោសថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ ចំនួន៥០នាក់ផ្សេងទៀត ដាក់ពន្ធនាគារចន្លោះពី ៥ទៅ៨ឆ្នាំ ក្រោមបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ជុំវិញការប្រកាសជំហរគាំទ្រការធ្វើមាតុភូមិនិវត្តន៍ថ្ងៃ៩វិច្ឆិកា របស់លោក សម រង្ស៊ី។
ក្រោយការប្រកាសសាលក្រមមួយថ្ងៃ ពោលគឺនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចរាជធានីភ្នំពេញ បានបញ្ជូន កញ្ញា សេង ធារី ចេញពីពន្ធនាគារព្រៃស រាជធានីភ្នំពេញ ទៅកាន់ពន្ធនាគារខេត្តព្រះវិហារ ដោយមិនបានបញ្ជាក់ពីមូលហេតុឡើយ៕