កូរ៉េខាងជើង​គាំទ្រ​រុស្ស៊ី​​លើការ​​ដាក់​​បញ្ចូល​​តំប​ន់​មួយ​​ចំនួន​​របស់​​អ៊ុយ​ក្រែន​ជា​ទឹកដី​​របស់​​ខ្លួន

ទង់ជាតិរបស់ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង ហោះហើរនៅតាមផ្លូវមួយ ក្បែរព្រះវិហារ អំឡុងពេលទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទៅកាន់ទីក្រុង Vladivostok ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។ (REUTERS/Yuri Maltsev/Files) —– State flags of Russia and North Korea fly in a street near a church during the visit of North Korea’s leader Kim Jong Un to Vladivostok, Russia April 25, 2019. REUTERS/Yuri Maltsev/Files

ក្រសួងការបរទេសកូរ៉េខាងជើង​ បាននិយាយ​ថា ប្រទេស​កូរ៉េខាងជើង គាំទ្រ​ការ​ប្រកាស​របស់រុស្ស៊ី​ ក្នុងការ​ដាក់​បញ្ចូល​តំបន់មួយចំនួននៃអ៊ុយក្រែន​ជាទឹកដីរបស់​ខ្លួន និងបាន​ចោទ​ប្រកាន់សហរដ្ឋ​អាមេរិក​ថា​ បាន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេសដទៃ។ នេះបើយោងតាមការចេញ​ផ្សាយរបស់ទីភ្នាក់​ងារ​សារព័ត៌មាន Reuters នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ។

ប្រព័ន្ធ​ផ្សព្វផ្សាយរបស់​កូរ៉េខាងជើង KCNA បានរាយការណ៍ថា កូរ៉េ​ខាង​ជើង​គាំទ្រទីក្រុង​ម៉ូស្គូក្នុង​ការដាក់បញ្ចូល​ផ្នែក​ខ្លះ​នៃប្រទេសអ៊ុយក្រែន​ជាទឹកដីរបស់​ខ្លួន ដែល​ត្រូវបាន​ថ្កោល​ទោសដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ។

ប្រធានាធិបតីអ៊ុយក្រែន​ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងមេដឹកនាំលោកខាងលិច​ បាន​ថ្កោលទោស​ការ​បោះឆ្នោត​ប្រជាមតិនេះថា​ ជា​ការ​ក្លែង​បន្លំ ដោយ​ទីក្រុងវ៉ាស៊ីនតោន បានជំរុញឱ្យរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិ មិនទទួលស្គាល់ស្ថានភាពផ្លាស់ប្តូរ​ណាមួយរ​បស់អ៊ុយក្រែន និងឱ្យរុស្ស៊ី​ដកទ័ពរបស់​ខ្លួនចេញពីតំបន់ដែលខ្លួនបានដណ្តើមយក។

លោក ចូ ជុលស៊ូ (Jo Chol Su) អគ្គនាយកអង្គការអន្តរជាតិ​ នៅក្រសួងការបរទេសរបស់ទីក្រុងព្យុង​យ៉ាង បាន​និយាយ​ថា ការ​ធ្វើប្រជាមតិ​ត្រូវបានធ្វើឡើង​ដោយស្របច្បាប់​ស្របតាមធម្ម​នុញ្ញ​របស់​អង្គការសហប្រជាជាតិ ប៉ុន្តែសហរដ្ឋអាមេរិកកំពុង​ឈ្លាន​ពាន​ប្រទេសផ្សេងទៀតដើម្បីរក្សាឧត្តមភាពរបស់ខ្លួន។

លោក Jo បានលើកឡើង​នៅក្នុង​សេចក្តី​ថ្លែងការណ៍មួយ ដែលត្រូវបានរាយការណ៍ដោយ KCNA ថា សហរដ្ឋអាមេរិក​ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង​នៃប្រទេស​ឯករាជ្យ និងរំលោភសិទ្ធិស្របច្បាប់របស់ប្រទេសទាំងនោះ ដោយបំពានលើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោក Jo Chol Su បន្ថែមថា៖ «សហរដ្ឋអាមេរិក បានធ្វើសង្រ្គាមឈ្លានពានប្រឆាំងនឹងរដ្ឋអធិបតេយ្យ រួមទាំងអតីតយូហ្គោស្លាវី អាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ ប៉ុន្តែសហរដ្ឋអាមេរិកមិនត្រូវបានកោះហៅដោយ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឡើយ»។

លោក Jo បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងប្រឈមមុខនឹងផលវិបាក ប្រសិន​បើ​ធ្វើតាម​ទីក្រុង​វ៉ាស៊ីនតោន ដែលប្រកាន់​យកនូវឥរិយាបថក្រអឺតក្រទម តាមទំនើងចិត្ត និងលម្អៀង។

អ៊ុយក្រែន បានផ្តាច់ទំនាក់ទំនងជាមួយកូរ៉េខាងជើង កាលពីខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីទីក្រុង​ព្យុង​យ៉ាង​បាន​ទទួល​ស្គាល់​សាធារណរដ្ឋចំនួន២ ដែល​ប្រកាសផ្តាច់ខ្លួន​ចេញពីភាគខាងកើតអ៊ុយក្រែន។

សហរដ្ឋអាមេរិក បានលើកឡើង​កាលពីខែមុនថា រុស្ស៊ីទិញគ្រាប់រ៉ុក្កែត និងគ្រាប់ផ្លោងរាប់លានគ្រាប់ពីកូរ៉េខាងជើង សម្រាប់ប្រើប្រាស់ក្នុង​សង្រ្គាមនៅអ៊ុយក្រែន។

ទោះយ៉ាងណា ​កូរ៉េ​ខាងជើង​ បាន​ច្រានចោល​ការលើកឡើង​នេះ ដោយ​ព្រមាន​ក្រុង​វ៉ាស៊ីន​តោន​​ឱ្យ «​បិ​ទ​​មាត់​» និង​ឈប់​បង្កើត​ពាក្យចចាមអារ៉ាមដែលធ្វើឱ្យ​​ប៉ះពាល់ដល់មុខមាត់​របស់ខ្លួន​។

គួរបញ្ជាក់ថា ភាព​តាន​តឹងរ​វាង​​​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ ​បាន​ចាប់ផ្ដើមកើនឡើងខ្លាំង បន្ទាប់​ពីរុស្ស៊ី​បាន​​បើក​ការ​ឈ្លាន​ពាន​ទ្រង់​ទ្រាយ​ធំទៅ​លើប្រទេសក្បែរខាងរបស់ខ្លួនមួយនេះ ដែលធ្វើឡើងបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​ដោយប្រធានាធិបតី លោក ​វ្លាឌីមៀរ ពូទីន​។

រុស្ស៊ី​ បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនទៅ​លើអ៊ុយក្រែន​​តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបានធ្វើឱ្យ​បណ្ដា​ប្រទេសមួយចំនួន​នៅលើពិភពលោក​សម្រេចដាក់​ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់លើរុស្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ