លោក ហ៊ុន សែន៖ រដ្ឋ​ផ្តល់​ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ មិនមែន​កេង​ចំណេញ​សន្លឹក​ឆ្នោត​នៅ​ឆ្នាំ​២០២៣​ទេ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ។ (រូបថត៖ ហ្វេសប៊ុកនាយករដ្ឋមន្រ្តី ហ៊ុន សែន)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា រដ្ឋាភិបាល​បានផ្តល់ និងត្រៀម​ផ្តល់សាច់ប្រាក់​ជូនប្រជាពលរដ្ឋមិនតិច​ជាង ២លាននាក់​បន្ថែមទៀត ដើម្បី​កាត់​បន្ថយភាពក្រីក្រ ហើយលោក​ស្នើទៅ​គណបក្សនយោបាយ និងសង្គមស៊ីវិល មានការយោគយល់​កុំចាត់ទុកថា ការធ្វើរបស់​រដ្ឋាភិបាល​ជាល្បែង​ទាញយក​សន្លឹកឆ្នោត​នៅឆ្នាំ២០២៣​ខាងមុខនេះ​។

ក្នុងសន្និសីទស្តីពី​«ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នាព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង​ថា ដើម្បីតម្រង់​ទិសដៅ​អភិវឌ្ឍសង្គម និង​សេដ្ឋកិច្ច​កម្ពុជា រាជរដ្ឋាភិបាល​បាន​ដាក់​ចេញនូវ​យុទ្ធសាស្ត្រចតុកោណ​ចំនួន ៤​ដំណាក់​កាល​រួចមកហើយ។

លោក​ថ្លែងបន្តថា នៅក្នុង​យុទ្ធសាស្ត្រចតុកោណ​នោះ រាជរដ្ឋាភិបាល​ក៏បាន​កំណត់​យកចំណុចសំខាន់ៗ​ជាងគេនោះគឺ​ «មនុស្ស» ​ជាវិស័យអាទិភាព​ចម្បងបំផុត ក្នុង​ចំណោម​វិស័យ​អាទិភាព​ផ្សេងទៀត​រួមមាន ​ផ្លូវ ទឹក និងភ្លើង​។ លោក​បញ្ជាក់ថា ការ​ផ្តោតការ​យកចិត្តទុកដាក់​លើការ​អភិវឌ្ឍធនធាន​មនុស្ស ដើម្បី​បង្កើត​ការងារ និង​កាត់បន្ថយ​ភាពក្រីក្រជាដើម។

ករណីនេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា រដ្ឋាភិបាល​សម្រេចផ្តល់ និងត្រៀមផ្តល់សាច់ប្រាក់​ជូនប្រជាពលរដ្ឋរាប់លាននាក់​បន្ថែមទៀត ដើម្បីកាត់​បន្ថយភាពក្រីក្រ ហើយលោក​ស្នើទៅសង្គមស៊ីវិល និងគណបក្សនយោបាយ មានការយោគយល់​ កុំចាត់ទុកថា ការធ្វើរបស់រដ្ឋាភិបាល​ជាល្បែងទាញយ​កសន្លឹកឆ្នោត​នៅឆ្នាំ២០២៣​ខាងមុខនេះ ។

លោក ហ៊ុន សែន ថ្លែងថា៖ «រដ្ឋត្រូវអន្តរាគមន៍​តាមរយៈផ្តល់សាច់ប្រាក់​ បើតាមការប៉ាន់ស្មានគឺ​មានប្រហាក់ប្រហែលជា ៦០ម៉ឺនគ្រួសារ និងប្រជាជន​មិនតិចជាង ២លាននាក់​បន្ថែមទៀត ដូច្នេះ​យើងត្រូវរ៉ាប់រងទាំងបញ្ហាកូវីដ ទាំងបញ្ហានូវការដាក់ចេញ​នូវយន្តការចេញសាច់ប្រាក់ សម្រាប់គាំពារ​ប្រជា​ពលរដ្ឋ សម្រាប់​ឆ្លើយតប​និងអតិផរណា គឺយើងទទួលបន្ទុកចិញ្ចឹមប្រជាជនជិត ៥លាននាក់ មិនមែនជាការ​ប៉ាវចិញ្ចឹមទេ ប៉ុន្តែជាការប៉ះប៉ូវ ដើម្បីកុំ​ឱ្យពួកគាត់ធ្លាក់ទៅ​ក្រោមបន្ទាត់ភាពក្រីក្រ»។

លោក ហ៊ុន សែន ថ្លែងបន្តថា៖ «ហើយខ្ញុំក៏សំណូមពរ​ឱ្យបណ្តាបក្សនយោបាយ សង្គមស៊ីវិល យោគយល់ចំពោះរាជរដ្ឋាភិបាល កុំចាត់ទុកថា ការធ្វើ​របស់​រាជ​រដ្ឋាភិបាល ដើម្បីជាល្បែងសម្រាប់​ទាញយកសន្លឹកឆ្នោតនៅឆ្នាំ២០២៣ខាងមុខ ខ្ញុំសង្ឃឹមថា ក្រុមគ្រួសារ​ដែលគ្រប់លក្ខខណ្ឌដែលត្រូវទទួល និង​ទទួល​បាន​ផលប្រយោជន៍ មិនមែនជាបញ្ហាលេងសើច​សម្រាប់បញ្ហានយោបាយទេ ក៏ប៉ុន្តែគឺជាការ​ទទួលខុសត្រូវធំណាស់​ចំពោះមុខប្រ​វត្តិសាស្ត្រ​របស់​ជាតិ​យើង»។

ប្រធាន​គណបក្សឆន្ទៈខ្មែរ លោក​​ គង់​ មុនីកា សង្កេតឃើញថា កន្លងមក រដ្ឋាភិបាលផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្រនោះ  គឺការ​អនុវត្តជាក់ស្តែង អ្នកដែលទទួល​បានប្រាក់នោះភាគច្រើន​ជាសែស្រឡាយអាជ្ញាធរមូលដ្ឋាន ខណៈពលរដ្ឋក្រីក្រភាគច្រើនមិនទទួលបានប្រាក់ទាំងនោះឡើយ។

លោកបន្តថា បើរដ្ឋាភិបាលមិនផ្តល់ប្រាក់ជូន​ប្រជាពលរដ្ឋក្រីក្រឱ្យចំគោលដៅទេ នឹងធ្វើឱ្យគណបក្ស​កាន់អំណាចបាត់បង់ប្រជាប្រិយ  ហើយជាឱកាស​ធ្វើឱ្យគណបក្ស​ប្រឆាំងទទួល​បានសំឡេងគាំទ្រ​ពីប្រជាពលរដ្ឋទៅវិញ។

លោក គង់​ មុនីកា មានប្រសាសន៍ថា៖ «ចំណាយមិនចំគោលដៅ​មានន័យថា វាធ្វើឱ្យខាតបង់​ថវិកាជាតិ ហើយប្រជាពលរដ្ឋដែលរងគ្រោះ ក្រីក្រ គឺនៅតែបន្តរងគ្រោះ នៅតែបន្តខ្វះខាត […] នៅពេលនោះ គណបក្សនយោបាយ​[បក្សប្រឆាំង]នឹង​ទាញយកសំឡេង​ពីបញ្ហាទាំងអស់ហ្នឹងហើយ»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា សង្គមស៊ីវិល​ធ្វើការមិនមាន​និន្នាការគាំទ្រ​បក្សនយោបាយ​ណាមួយនោះទេ ពីព្រោះសង្គមស៊ីវិលធ្វើការងារលើកកម្ពស់សិទ្ធិមនុស្ស ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។

ចំណែករដ្ឋាភិបាលប្រកាសផ្តល់ និងត្រៀមផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនោះ លោកសាទរ ប៉ុន្តែលោក​ស្នើទៅ​រដ្ឋាភិបាល​ផ្តល់សាច់ប្រាក់នោះ​ ជូនប្រជាពលរដ្ឋដោយ​កុំប្រកាន់បក្ខពួកនិយម និងធ្វើជារៀងរហូត កុំធ្វើតែពេលបោះឆ្នោតខិតជិតមកដល់ នាំឱ្យ​មាន​ការរិះគន់ពី​សាធារណជន។

លោក អំ សំអាត មានប្រសាសន៍ថា៖ «យើងគាំទ្រទៅដល់​ការជួយដល់ប្រជាពលរដ្ឋក្រីក្រ ប៉ុន្តែសុំឱ្យការជួយហ្នឹងបន្តជានិរន្តន៍ កុំឱ្យការជួយ​មាន​កាលៈ​ទេសៈ និងពេលវេលា​ដែលនាំឱ្យគេរិះគន់ភ្ជាប់ជាមួយរឿងនយោបាយ។ អ៊ីចឹងការជួយសុំឱ្យអាជ្ញាធរមូលដ្ឋាន​វាយតម្លៃដោយតម្លាភាព និងយុត្តិធម៌ ហើយ​ទទួល​បានផលប្រយោជន៍ស្មើគ្នា»។

របាយការណ៍របស់​ក្រសួងផែនការ ពីអត្រានៃភាពក្រីក្រនៅកម្ពុជា ឆ្នាំ២០១៩-២០២០ ចេញនៅថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឱ្យដឹងថា ប្រជាជនកម្ពុជា​ប្រមាណ ១៨%​ (​១៧,៨%) ឬ ជិត​៣លាននាក់នៃប្រជាជនសរុប កំពុងរស់ក្រោមបន្ទាត់ភាពក្រីក្រ។ ក្រសួងផែនការបញ្ជាក់ថា អត្រាភាពក្រីក្របានរង ផល​ប៉ះពាល់ខ្លាំង​ពីការរីករាលដាលជំងឺកូវីដ-១៩ ចាប់ពីឆ្នាំ​២០២០ ជាពិសេសប៉ះពាល់​សេដ្ឋកិច្ច។

របាយការណ៍ធនាគារពិភពលោក (World Bank) បានព្យាករណ៍​ចុងក្រោយ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ថា សេដ្ឋកិច្ចរបស់កម្ពុជា​នឹងទទួល​បានកំណើន ៤,៥ ភាគរយ ក្នុងឆ្នាំ២០២២ ប៉ុន្តែត្រូវទប់ទល់នឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ។ ការឡើងថ្លៃ​ឥតស្រាកស្រាន្តនៃប្រេងឥន្ធនៈ និង​ស្បៀង​អាហារនៅលើទីផ្សារពិភពលោក កំពុងរុញអតិផរណាឱ្យកាន់តែធំឡើង ហើយនៅកម្ពុជា គ្រួសារក្រីក្រនឹងងាយរងគ្រោះ ព្រោះមិនសូវមានប្រាក់សន្សំ ហើយ​ត្រូវរង​ការលំបាកធ្ងន់ជាងគេពីសំណាក់វិបត្តិប្រេងឡើងថ្លៃនេះ ខណៈដែលចំណូលបន្តធ្លាក់ចុះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ