បក្ស​ខ្មែរ​រួបរួម​ជាតិ​ប្រកាស​ដក​ខ្លួន​ចេញ​ពី​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​ ដោយ​ថា​មិន​អាច​អនុវត្ត​ទៅ​មុខ​បាន​​

ទិដ្ឋភាពក្បួនហែគណបក្សខ្មែររួបរួមជាតិ ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្ស៊ី)

គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ បានប្រកាសដកខ្លួនចេញពីសមាជិកភាពនៃសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ដោយយល់ឃើញថា សម្ព័ន្ធភាពនេះមិនអាចអនុវត្តទៅមុខបានដោយរលូនសម្រាប់ការចូលរួមបោះឆ្នោតជាតិខាងមុខឡើយ។

សេចក្តីប្រកាសព័ត៌មានរបស់គណបក្សខ្មែររួបរួមជាតិនៅថ្ងៃអាទិត្យ បានលើកឡើងដោយយល់ឃើញថា ខ្លឹមសារនៃពិធីសារសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ មិនអាចអនុវត្តទៅបាន ដោយរលូន នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣។ គណបក្សបញ្ជាក់ថា ការមិនអាចអនុវត្តបានដោយរលូន ក្នុងគោលដៅ បម្រើប្រទេសជាតិ និងប្រជាពលរដ្ឋឱ្យមានការរីកចម្រើនមានជីវភាពធូរធារ សុខដុមរមនាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដើម្បីសមស្របទៅតាមការវិវត្តស្ថានការនយោបាយថ្មីៗនេះ។ បញ្ហានេះ គណបក្សខ្មែររួបរួមជាតិ បានសម្រេចដកខ្លួនចេញពីសមាជិកភាពនៃសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ចាប់ពីថ្ងៃប្រកាសព័ត៌មានជាផ្លូវការនេះតទៅ។

អគ្គលេខាធិការរងគណបក្សខ្មែររួបរួមជាតិ លោក ទិប ទាវ មានប្រសាសន៍ប្រាប់វីអូឌីបន្ថែមថា សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរនេះ ត្រូវគណបក្សនេះនិងគណបក្សផ្សេងទៀត ដូចជាគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ គណបក្សខ្មែរតែមួយរបស់លោក គុជ លី ព្រមទាំងបក្សផ្សេងទៀតបានផ្តួចផ្តើមឡើងតាំងពីមុនការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ម្លេះ។

លោកបន្តថា មូលហេតុ​គណបក្សខ្មែររួបរួមជាតិប្រកាសដកខ្លួនចេញពីសម្ព័ន្ធភាពនេះ ដោយសារក្រោយកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំបក្សទាំងនោះរួចមក ឃើញថាដំណើរការរួបរួមគ្នានោះ ហាក់មិនមានការស្រុះស្រួលគ្នាទេ។

លោកមានប្រសាសន៍ថា៖ «មែនទែនទៅ គណបក្សខ្មែររួបរួមជាតិមិនចង់គាស់កកាយ ឬក៏បកស្រាយអ្វីមួយទេ ដោយសារអី ដោយសារគណបក្សខ្មែររួបរួមជាតិប្រកាន់ជំហរកណ្តាល អព្យាក្រឹត្យ តែងតែសប្បាយ ស្វាគមន៍ចំពោះគណបក្សផ្សេងៗដែលគាត់គិតថា គណបក្សខ្មែររួបរួមជាតិអាចសហការគ្នាបានយ៉ាងណាមួយ។ ប្រសិនបើមិនអាចសហការ​គ្នាបានយ៉ាងណាមួយ ជាការសម្រេចចិត្តរបស់គណបក្សទាំងនោះទេ។ អ៊ីចឹងត្រង់ចំណុចនេះ ខ្ញុំថាមិនបកស្រាយអីផ្សេងទេ ព្រោះអីចេះ កាលណាបកស្រាយទៅចេះតែវែង ចេះតែឆ្ងាយទៅ ធ្វើឱ្យខុសពីគោលការណ៍របស់គណបក្សខ្មែររួបរួមជាតិ ដែលចង់ឱ្យខ្មែរនិងខ្មែរចេះរួបរួមគ្នា សហការគ្នា»។

លោកបន្តថា គម្រោងនៃការចងសម្ព័ន្ធអ្នកប្រជាធិបតេយ្យខ្មែរនេះ គ្រាន់តែស្ថិតនៅក្នុងផែនការរៀបចំឡើង ប៉ុន្តែគណបក្សទាំងអស់ នៅមិនទាន់បានសម្រេចរួបរួមគ្នាក្រោមឆ័ត្រសម្ព័ន្ធភាពតែមួយនៅឡើយទេ។

ទោះបីជាប្រកាសដកខ្លួនចេញពីសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរក៏ដោយ ប៉ុន្តែលោក ទិប ទាវ អះអាងថា ចំពោះជំហរនៃការរួបរួមគ្នាជាមួយគណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឫទ្ធិ វុញ គឺគ្មានការប្រែប្រួលឡើយ ហើយជំហររួបរួមគ្នានេះនឹងប្រកាសជាផ្លូវការនៅថ្ងៃចន្ទ ទី១០ ខែតុលា។

លោកបន្តថា៖ «សម្រាប់គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម នៅតែរក្សាគោលជំហរយ៉ាងរឹងមាំជាមួយគ្នា ក្នុងការរួបរួមគ្នាជីវភាពនយោបាយជាមួយគ្នាបាទ! មិនមានការកែប្រែអ្វីទេ»។

គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម គ្រោងជួបគ្នាដើម្បីបញ្ជាក់ពីជំហរផ្លូវការក្នុងការ​រួបរួមគ្នាបង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មី សម្រាប់ត្រៀមលក្ខណៈចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ខាងមុខ។

ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២  របស់គណបក្សខ្មែររួបរួម​ជាតិ និងគណបក្សកម្ពុជានិយម  បានឱ្យដឹងថា គណបក្សទាំងពីរនឹងជួបពិភាក្សាគ្នា ស្ដីពីការរួបរួមគ្នាដើម្បីបង្កើតប៉ូលនយោបាយ ប្រជាធិបតេយ្យសេរីថ្មី ដោយមានសមាភាពចូលរួមចម្រុះពីនិស្សិត បញ្ញវន្ត យុវជន ស្ត្រី អ្នកតស៊ូមតិ ដើម្បីបុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយម ។

ប្រភពដដែលបន្តថា  ការបង្កើតប៉ូលនយោបាយនេះ  ធ្វើឡើងក្នុងគោលដៅបង្រួបបង្រួម ផ្សះផ្សា អ្នកតស៊ូ ដើម្បីបុព្វហេតុជាតិ  អ្នកជាតិនិយមប្រជាធិបតេយ្យ សេរីនិយម និងលើកកម្ពស់ប្រជាធិបតេយ្យសេរី សិទ្ធិសេរីភាព  ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ  និងប្រជាជាតិខ្មែរ តាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។

នៅមុនការបញ្ជាក់ជំហរនៃការរួបរួមរបស់គណបក្សទាំងពីរនេះ កាលពីថ្ងៃ​ទី៣ ​ខែតុលាឆ្នាំ២០២២  គណបក្សឆន្ទៈខ្មែរ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ​ដោយ​សម្រេច​មិនដាក់បញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ជ្រើសតាំងតំណាងរាស្រ្តដែ​​ល​​​​​​​​ប​​​​ម្រើ​​ឱ្យការបោះ​ឆ្នោតរដ្ឋ​សភា នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះទេ គឺ​គណបក្ស​ក្រៅរដ្ឋា​ភិ​បាល​​មួយនេះ សម្រេចជ្រកក្រោមឆ័ត្រតែមួយ​ជាមួយ​គណបក្សភ្លើងទៀនវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ