លោក ចូ បៃឌិន មិន​គិត​ឡើយ​ថា​លោក ពូទីន នឹង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ថ្លែងសុន្ទរកថានៅ Volvo Group Powertrain Operations នៅ Hagerstown រដ្ឋ Maryland សហរដ្ឋអាមេរិក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។ (REUTERS/Elizabeth Frantz)

ថ្លែងក្នុងបទសម្ភាសជាមួយសារព័ត៌មាន CNN ដែលចេញកាលពីថ្ងៃអង្គារម្សិលមិញ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានឱ្យដឹងថា រូបលោកមិនគិតថាប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរបែបយុទ្ធសាស្ត្រ ក្នុងសង្គ្រាមជាមួយអ៊ុយក្រែននោះទេ បើទោះបីជាប្រធានាធិបតីរូបនេះបានព្រមានពីហានិភ័យខ្ពស់នៃសង្រ្គាមនុយក្លេអ៊ែរ កាលពីសប្ដាហ៍មុនក៏ដោយ។

ទាក់ទិននឹងសំណួររបស់អ្នកសារព័ត៌មាន ថាតើវាអាចជាការពិតកម្រិតណាសម្រាប់លោក ពូទីន ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរបែបយុទ្ធសាស្ត្រ ប្រធានាធិបតីអាមេរិក​បាន​ឆ្លើយតបយ៉ាងខ្លីថា៖ «ជាក់ស្ដែង ខ្ញុំមិនគិតថាគាត់ [លោក ពូទីន] នឹងធ្វើសកម្មភាពនេះនោះទេ»។

ទីភ្នាក់ងារសារព័ត៌​មាន Reuters បានរាយការណ៍បន្តថា ភាពតានតឹងរវាង​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ ​បាន​ចាប់ផ្ដើមកើនឡើងខ្លាំង បន្ទាប់ពីរុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំមកលើប្រទេសក្បែរខាងរបស់ខ្លួនមួយនេះ ដែលធ្វើឡើងបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​មួយដោយប្រធានា​ធិបតី លោក ​វ្លាឌីមៀរ ពូទីន​។

ករណីនេះក៏បានបង្កឱ្យមានជាការព្រួយបារម្ភពីបណ្ដាប្រទេសនានា​ ដែលថា ការប៉ះទង្គិចរវាងប្រទេសទាំង២នេះអាចនឹងវិវត្តទៅជាសង្រ្គាមដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរផងដែរ ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏ធ្លាប់ឱ្យដឹងកាលពីពេលកន្លងទៅថា ការត្រៀមខ្លួនដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីការពារប្រទេសរុស្ស៊ី ដែលលើកឡើងដោយលោក ពូទីន មិនមែនជាករណី​លេងសើចឡើយ។

ទោះជាយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំងមួយរូបធ្លាប់បានបញ្ជាក់កាលពីពេលថ្មីៗនេះថា គោលនយោ​បាយ​សន្តិសុខរបស់រុស្ស៊ី គឺកំណត់ថា ប្រទេសរបស់ខ្លួននឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរសម្រាប់តែករណីដែលអត្ថិភាពរបស់ខ្លួនត្រូវបានគំរាមកំហែងប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ