នគរបា​ល​បាន​សង្គ្រោះ​ជនបរទេស​រាប់សិបនាក់​ បញ្ជូន​ទៅ​កាន់​ព្រលាន​យន្តហោះ

រថយន្តក្រុងរៀបចំដឹកជនបរទេសចេញពីប្លុកផ្ទះល្វែងក្នុងរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវ៣១០ ខណ្ឌបឹងកេងកង ឆ្ពោះទៅព្រលានយន្តហោះ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ (Mech Dara/VOD)

​រថយន្ត​ក្រុងចំនួន​​៣​គ្រឿងត្រូវបានដឹកនាំ​ដោយ​រថយន្ត​ស៊ីរ៉ែនរបស់​នគរបាល​​​ចេញ​ពី​​ផ្លូវ​លេខ៣១០ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ នៅ​ម៉ោង១២និង​២៥នាទី រំល​ង​អធ្រាត្រ​ថ្ងៃ​ព្រហស្បតិ៍ម្សិល​មិញ។ មន្ត្រី​នគរបាលបាន​ទៅ​ឈរ​​ជើង​តាំង​ពី​ព្រឹក​ព្រលឹម​​ នៅ​អគារ​អាផាតមិន (Apartment) មួយ​កន្លែង និងបិទចរាចរណ៍មហា​វិថីព្រះមុនីវង្ស និងផ្លូវលេខ៦៣។ យ៉ាងហោច​ណាស់​មាន​រថយន្ត​នគរបាល​ចំនួន​៦គ្រឿង​​ចត​នៅ​តាម​ផ្លូវ។

គេអាចឮនគរ​បាលនិយាយតាមអាយកូមថា នេះ​គឺ​ជា​ក្រុម​ទី៣​នៃ​ជន​បរទេស​ដែល​ត្រូវ​បានសង្រ្គោះ​​ពី​​អាផាត​មិន ​ក្នុងសប្ដាហ៍​នេះ។ លើសពីនេះ គេអាចឮនគរបាលនិយាយថា លើក​នេះ ជន​បរទេស​​នឹ​ង​​ត្រូវ​​បញ្ជូន​​ទៅ​កា​ន់​អាកាស​យាន​ដ្ឋាន និង​ជិះ​យន្ត​ហោះ​​ត្រលប់​ទៅ​កាន់ប្រទេស​​ចិន។

ការ​ឆ្មក់​ចូល​របស់​នគរបាល​នៅ​សង្កាត់​បឹង​កេងកង​ទី​១ រាជធានី​ភ្នំពេញ ធ្វើ​ឡើង​ស្របពេលដែល​នគរបាលចាត់វិធានការប្រយុទ្ធ​ប្រឆាំង​នឹងការ​ជួញ​ដូរ​មនុស្ស​ ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​​កន្លង​​មក​​នេះ។

អាជ្ញាធរ​បាន​ឆ្មក់​ចូល​​ជាង១០​កន្លែង ​ក្នុង​​រា​ជ​ធានី​​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ហើយ​ពលករ​បរទេស​​រាប់​​ពាន់​នាក់​ត្រូវ​បាន​សង្រ្គោះពី​ទីតាំង​​ឆបោក ដែល​មនុស្សជាច្រើន​ត្រូវ​បានរៀបចំ​និរទេស​​អាស្រ័យ​​លើ​​​ស្ថាន​ភាព​​ឯកសារ​របស់​ពួក​គេ។ មានរាប់រយករណីត្រូវបានប្រកាសជាផ្លូវការថាជាករណីជួញដូរមនុស្ស ពាក់ព័ន្ធនឹងការបង្ខាំង និងការធ្វើទារុណកម្ម។

អស់រយៈពេលជាង១ឆ្នាំហើយដែលពលករបរទេស​ត្រូវ​បាន​ឆបោកឱ្យមកធ្វើការ​នៅ​ក្នុងប្រទេស​កម្ពុជា ដែលមន្រ្តីនគរបាលបាននិយាយថាពាក់ព័ន្ធនឹងល្បែងស៊ីសង។ ទោះយ៉ាងណា ពលករនិយាយថា ការងារនោះគឺការឆបោកមនុស្សតាមអ៊ីនធឺណិត។

លោក កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ​បដិសេធ​​ធ្វើ​អត្ថាធិប្បាយដោយប្រាប់ថាជាប់រវល់​ ខណៈ​អភិបាល​​រាជ​ធានី​​ភ្នំពេញ លោក ឃួង ស្រេង បង្វែរ​​សំណួរ​​ទៅ​ថ្នាក់​ជាតិ។

នគរបាល​​សង្កាត់ និង​ខណ្ឌ​បឹងកេងកងទី១ ក៏​បាន​បង្វែរ​សំណួរ​​ទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍ ប៉ុន្តែ​​បាន​​ទទួល​ស្គាល់​ថាមានការ​ឆ្មក់​ចូល​រយៈពេល​មួយ​សប្ដាហ៍​មកហើយ។

លោក កុល សុផាត អធិការនគរបាលសង្កាត់បឹងកេងកងទី១ មានប្រសាសន៍ថា៖ «ខាងនាយកដ្ឋានអន្តោប្រវេសន៍​បាន​ដោះស្រាយ​បញ្ហាជនជាតិ​ចិន ហើយ​ឥលូវ​នេះ ករណីនេះបានបញ្ចប់ហើយ។ នាយកដ្ឋានអន្តោប្រវេសន៍​​ធ្វើ​ការ​លើ​ករណី​នេះ ហើយ​ខ្ញុំ​មិន​ដឹង​រឿង​នេះ​ច្បាស់​ទេ»។

លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកងទី១ មានប្រសាសន៍ថា ផ្លូវនេះត្រូវបានបិទត្រឹមតែ៥នាទីប៉ុណ្ណោះ ខណៈអ្នករាយការណ៍ព័ត៌មានដែលនៅទីនោះឃើញបិទជិត៣ម៉ោង។

អ្នកលក់ដូរនៅក្បែរនោះបាននិយាយថា គាត់បានឃើញគេយកគ្រែដេកជាថ្នាក់ ចូលទៅក្នុងអាផាតមិន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយគាត់គិតថាប្រហែលជាគេយកអាផាតមិននោះធ្វើជាមន្ទីរពេទ្យ ឬគ្លីនិក។

ក្បួនរថយន្តដែលបានចាកចេញពីផ្លូវលេខ៣១០ ត្រូវបានដឹកនាំដោយរថយន្តនគរបាលពណ៌ខ្មៅ ដែលរថយន្តក្រុងមួយមានដាក់តែវ៉ាលីប៉ុណ្ណោះ ហើយរថយន្តក្រុង២ទៀត​ ដឹក​មនុស្ស។ នៅពីក្រោយ​ក្បួន​រថយន្ត មាន​រថយន្តសង្គ្រោះបន្ទាន់។​

ក្បួនរថយន្តបានរត់ឆ្លងកាត់តាមផ្លូវលេខ៦៣ មហាវិថីព្រះសីហនុ មហាវិថីព្រះមុនីរ៉េត ឡើងទៅផ្លូវលេខ២១៧ និងផ្លូវលេខ២០០៤ ហើយទីបំផុត ឈប់ប្រហែលមួយម៉ោង នៅខាងក្រៅមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍ នៅទល់មុខអាកាសយានដ្ឋាន។ រថយន្ត​សង្គ្រោះ​បាន​ចូល​ទៅ​ក្នុង​មណ្ឌល ខណៈ​អ្នក​ផ្សេង​ទៀត​បាន​រង់​ចាំ​នៅ​ខាង​ក្រៅ លើក​លែង​តែ​មានអ្នកចង់ចូលបន្ទប់ទឹក។ មន្ត្រីប្រដាប់អាវុធបានមកយាមរថយន្តក្រុង ខណៈមន្ត្រីនគរបាលអន្តោប្រវេសន៍ជាច្រើននាក់មកថតរូប។

រថយន្តក្រុងទាំង២គ្រឿងដែលដឹកអ្នកដំណើរ បានធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តជាតិភ្នំពេញ នៅវេលាម៉ោង១និង៣០នាទីរសៀល។ ជនបរទេសប្រមាណ៥០-៨០នាក់ដែលអមដំណើរដោយនគរបាល បានដើរចូលតាមទ្វារកញ្ចក់នៃច្រកចូលខាងមុខ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Police Raid Delivers Dozens of Foreign Nationals Straight to Airport

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ