ពលរដ្ឋ​ជិត​២០០នាក់​តវ៉ា​ជាថ្មី​នៅមុខ​អាជ្ញាធរ​ជាតិអប្សរា​ដើម្បី​ទាមទារ​សំណង​ដីធ្លី

ប្រជាពលរដ្ឋជិត២០០នាក់ តំណាង​ឱ្យ​ពលរដ្ឋ​២១០​គ្រួសារ ​នៅ​ស្រុក​ប្រាសាទ​បាគង ខេត្ត​​សៀម​​រាប បាន​ប្រមូលផ្តុំតវ៉ានៅមុខអាជ្ញាធរជាតិអប្សរា ដោយចោទ​អាជ្ញាធរជាតិអប្សរាថាបាន​យក​ដី​ស្រែរបស់​ពួកគេ​ទៅ​បែងចែកឱ្យពលរដ្ឋផ្សេងទៀត​​ ដោយ​មិន​បាន​ដោះស្រាយ​សំណង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋជិត២០០នាក់ តំណាង​ឱ្យ​ពលរដ្ឋ​២១០​គ្រួសារ ​នៅ​ស្រុក​ប្រាសាទ​បាគង ខេត្ត​​សៀម​​រាប បាន​ប្រមូលផ្តុំតវ៉ាជាថ្មីទៀតនៅមុខអាជ្ញាធរជាតិអប្សរា នៅថ្ងៃពុធនេះ ដើម្បីទាមទារសំណងដីធ្លី។

កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ម្សិលមិញ​ ប្រជាពលរដ្ឋ​រាប់សិ​បនា​ក់ ​​នៅ​ភូមិ​ស្នា​​សង្គ្រាម ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទ​បាគង ដែលមាន​ដី​អាស្រ័យ​ផល​​នៅ​ភូមិ​ធម្មជាតិ​រុនតា​ឯក ឃុំ​រុន​តាឯក ស្រុក​បន្ទាយ​ស្រី បាននាំគ្នាតវ៉ា និងដាក់ញត្តិនៅអាជ្ញាធរជាតិអប្សរា ដោយចោទស្ថាប័នមួយនេះថាបាន​​យក​​​ដី​​ស្រែរ​បស់​​ពួក​គាត់​ទៅ​បែង​ចែក​ឱ្យ​ពលរដ្ឋ​ផ្សេង​ទៀត​​ ដោយ​​មិន​​បាន​​ដោះ​ស្រាយ​សំណង។

លោក សំ មុំ ជា​ប្រជា​​ពលរដ្ឋ​​​រស់នៅភូមិស្នាសង្គ្រាម ប្រាប់វីអូឌីនៅថ្ងៃពុធនេះថា ការតវ៉ារបស់អ្នកភូមិកាលពីថ្ងៃ​ម្សិលមិញនោះ នៅពុំ​មាន​ដំណោះ​ស្រាយ​ណាមួយ​សម្រាប់​ពួក​គាត់​នៅឡើយ ដែលធ្វើឱ្យអ្នកភូមិមិនសប្បាយចិត្ត​ ហើយមកតវ៉ានៅមុខអាជ្ញាធរ​ជាតិអប្សរាជាថ្មីទៀត ជើម្បីជំរុញឱ្យមានដំណោះស្រាយដីធ្លី។

ពលរដ្ឋរូបនេះអះ​អាង​ថា ប្រជាព​លរដ្ឋ​ចំនួន​២១០គ្រួសារ ត្រូវបានអាជ្ញាធរជាតិអប្សរាដាក់បង្គោល​​ហ៊ុមព័ទ្ធយកដីស្រែអស់១៦០​ហិកតា កាលពីឆ្នាំ២០០៥ ដោយសន្យាផ្តល់សំណង​ចន្លោះពី៥០០ដុល្លារ ទៅ៧០០ដុល្លារក្នុង១ហិកតា ប៉ុន្តែរហូតមកដល់ឆ្នាំ២០២២នេះ អាជ្ញាធរមិនទាន់​ផ្តល់សំណងនោះជូនពលរដ្ឋឡើយ ហើយបានយកដីធ្លីរបស់ពួកគាត់ទៅ​អភិវឌ្ឍធ្វើ​ដី​ឡូត៍បែង​ចែក​ឱ្យពលរដ្ឋផ្សេងទៅវិញ។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល កាលពីថ្ងៃម្សិលមិញ សុំមិនឆ្លើយបញ្ជាក់ជុំវិញរឿងនេះទេ ដោយលោកអះអាងថា មិនទាន់ទទួលបានញត្តិ ឬឯកសារពីក្រុមពលរដ្ឋនៅឡើយ។

មន្ត្រីសម្របសម្រួល​គម្រោងធុរកិច្ច​ និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សុផាត មានប្រសាសន៍ថា ករណីអាជ្ញាធរមិនទទួលសំណើរបស់ប្រជាពលរដ្ឋ ហើយ​រុញដាក់​គ្នា​នោះ គឺបង្ហាញពីកម្សោយ និង​ការ​មិន​ទទួលខុស​ត្រូវ​របស់​អាជ្ញាធរ​ទាំ​ង​នោះ​ចំពោះប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ លោកថា តាម​​រដ្ឋធម្មនុញ្ញ គឺអាជ្ញាធររដ្ឋ​ត្រូវទទួល​យកសំណើរបស់​ប្រជាពលរដ្ឋទៅពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ