អ្នក​​ស្លាប់​​ដោយ​​ទឹក​​ជំនន់ និង​​រអិល​​បាក់ដី​​នៅ​​ភាគ​​ខាង​​ត្បូង​​ប្រទេស​​ហ្វីលីពីន​​កើន​​​ដល់​​៣១​​នាក់

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ហ្វីលីពីន (PCG) ជម្លៀស​អ្នកស្រុក​ចេញ​ពីផ្ទះ​ដែល​លិចទឹក ដោយសារ​ព្យុះត្រូពិច​មួយ ដែល​មាន​ឈ្មោះថា Paeng ក្នុងខេត្ត Sultan Kudarat ប្រទេស​ហ្វីលីពីន ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។ —– Philippine Coast Guard (PCG) rescuers evacuate residents from their flooded homes due to a tropical storm, locally named Paeng, in Sultan Kudarat province, Philippines, October 28, 2022. Philippine Coast Guard/Handout via REUTERS

មន្ត្រីរដ្ឋាភិបាល​ជាន់ខ្ពស់​មួយរូប បានឱ្យដឹងនៅ​ថ្ងៃសុក្រនេះថា ករណី​ទឹកជំនន់ និងការរអិលបាក់ដីជាច្រើន​​កន្លែងនៅក្នុង​ខេត្តភាគខាងត្បូង​ ប្រទេសហ្វីលីពីន បាន​សម្លាប់​​មនុស្ស​យ៉ាង​ហោច​ណាស់ ៣១នាក់ ខណៈ​ក្រុមអ្នកជួយ​សង្គ្រោះ​​កំពុងបន្តស្វែងរក​អ្នកដែល​បាត់ខ្លួនដទៃ​ទៀត។ នេះបើ​តាមការ​ចុះផ្សាយ​ដោយ​ ទីភ្នាក់​ងារ​​សារ​ព័ត៌​មាន Reuters

ថ្លែងតាមរយៈទូរស័ព្ទ មន្រ្តីក្នុង​តំបន់ លោក Naguib Sinarimbo បានលើកឡើងថា ករណីភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយព្យុះត្រូពិចមួយប្រភេទ បានបង្កឱ្យមានជាទឹកជំនន់ និងការរអិលបាក់ដី ដែលបាន​ប៉ះពាល់​ដល់​ក្រុង​មួយចំនួន​ក្នុង​ខេត្ត Maguindanao ។

ប្រភពដដែល​ បន្តថា ប្រតិបត្តិការ​ជួយ​សង្គ្រោះទាំងឡា​យ ក៏កំពុង​តែ​បន្ត​ធ្វើឡើង​ដើម្បី​ស្វែង​រក​អ្នកដែល​បាត់​ខ្លួន​ដទៃ​ទៀត​ផង​ដែរ ដោយមិន​បានបញ្ជាក់ពី​ចំនួនប៉ុន្មាន​នោះទេ។

ទោះជាយ៉ាងណា លោក Naguib Sinarimbo ថា ស្ថានភាពអាកាសធាតុ​នៅ​ថ្ងៃ​សុក្រ​នេះ បាន​ធូរស្រាល​ទៅវិញបន្តិចហើយ ​បើធៀបទៅនឹង​យប់​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ។

លោក​​ Naguib Sinarimbo ថ្លែងថា៖ «ចំនួន [អ្នកស្លាប់] នៅតែបន្ត​មាន​កា​រ​ប្រែប្រួល ដោយយើងរំពឹងថា តួលេខ​នឹងមានការកើនឡើង​ច្រើនជាងនេះ»។

គួរបញ្ជាក់​ថា ប្រទេសហ្វីលីពីន កាលពីខែកញ្ញាកន្លងទៅ ក៏ធ្លាប់មាន​ករណី​ព្យុះ​ទី​ហ្វុ​​ង​ណូរុ (​Nor​u) កើតឡើងផងដែរ ដោយក្នុងនោះ​មានមនុស្ស​យ៉ាង​ហោច​ណាស់ ៨នាក់ បានស្លាប់បាត់បង់ជីវិត ដីស្រែចម្ការ និងសហគមន៍ត្រូវ​បាន​ជន់លិច ខណៈដំណាំទាំងឡាយ​ក៏រងនូវការ​បំផ្លិចបំផ្លាញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ