របាយការណ៍​ស្ទង់មតិ​របស់TI រកឃើញ​ថា​យុវជនកម្ពុជា​ចាប់​អារម្មណ៍​តិចតួច​ក្នុង​រឿងនយោបាយ

សារ «អរគុណសន្តិភាព អរគុណសម្ដេចតេជោសែន» ដែលត្រូវបានបង្ហាញនៅជាប់របងអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០។ (ឆពណ្ណ បញ្ញា)

របាយការណ៍ស្ទង់មតិ​មួយរបស់អង្គការតម្លាភាពកម្ពុជា (TI) បាន​រកឃើញថា យុវជន​កម្ពុជាភាគច្រើន​មិន​សូវចាប់អារម្មណ៍រឿងនយោបាយ ដោយសារតែ​ពួកគេ​ព្រួយបារម្ភ​ពីសុ​វត្ថិភាព និងយល់ថា​​​នយោបាយគឺជា​រឿង​គ្រោះ​ថ្នាក់។

អង្គការ​តម្លាភាព​កម្ពុជា បាន​ផ្សព្វផ្សាយ​​​​របាយការណ៍ស្ទង់មតិ​មួយ ស្ដី​ពី​ «ការ​ស្ទង់​មតិ​យុវជន​ស្ដីពី​គោលនយោ​បាយ» នៅថ្ងៃទី៣១ ខែ​តុលា ឆ្នាំ២០២២​ ក្រោយពីបាន​ធ្វើការ​ស្ទង់មតិ​ដោយ​ផ្ទាល់​​ជាមួយ​យុវជន​កម្ពុជាចំនួន១ ៦០០នាក់ ដែល​មានអាយុចន្លោះពី១៥ឆ្នាំ ទៅ៣០ឆ្នាំ នៅភូមិចំនួន២០០ នៅទូទាំងប្រទេស ចាប់ពីខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២១។

របាយការណ៍ស្ទង់មតិនោះបាន​រកឃើញថា ក្នុងចំណោមយុវជន១ ៦០០នាក់ គឺមាន១៧ភាគរយ និយាយ​ថា ពួកគេ​ចាប់អារម្មណ៍ ឬចាប់អារម្មណ៍យ៉ាងខ្លាំង​លើកិច្ចការនយោបាយ ខណៈ ៨២ភាគរយ​ បាននិយាយថា ពួកគេ​មិនចាប់អារម្មណ៍ទាល់តែសោះ ឬចាប់អារម្មណ៍បន្តិចបន្តួចលើកិច្ចការនយោបាយ។ ការវិភាគបង្ហាញបន្ថែមថា យុវជន​ដែលចាប់អារម្មណ៍លើនយោបាយ​ច្រើនជាបុរសមានការ​អប់រំ​ខ្ពស់ រស់នៅទីប្រជុំជន និងមានចំណូលក្នុងគ្រួសារ​ខ្ពស់។

ការស្ទង់មតិដដែលបន្តថា នៅពេលសួរ​ពី​មូល​ហេតុចម្បងដែល​​យុវជនមិន​ចាប់អារម្មណ៍លើនយោបាយនោះ យុវជន ២ភាគបី (៦៦ភាគរយ) បានលើកឡើងថា ដោយសារតែពួកគេ​មានកង្វះខាត​ចំណេះដឹង​អំពី​នយោបាយ ខណៈពួកគេ​នៅក្មេងពេក និងខ្លះទៀតយល់ថានយោបាយជារឿងគ្រោះថ្នាក់។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី យល់ថា ការរឹតត្បិតសិទ្ធិ​សេរីភាព​ និង​លំហសេរីភាព​នៃ​ការ​បញ្ចេញមតិរបស់ពលរដ្ឋ​​ ការ​រឹត​ត្បិត​សង្គម​ស៊ីវិល និង​អ្នក​សារ​ព័ត៌​មាន​ជាដើម​​នោះ​ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ ក្នុងនោះមានទាំង​យុវជនផង មានការ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព ឬ​គ្រោះ​ថ្នាក់ បើសិនពួកគេ​ចូលរួមពិភាក្សា ឬ​ចូលរួមសកម្មភាពនយោបាយ​​។ លោកបន្តថា ​ផលប៉ះពាល់ពីការមិនចូលរួម​របស់យុវជនក្នុង​នយោបាយ​នេះ អាចនឹង​​បង្ក​ផលវិបាករយៈពេលវែង ​​ដោយហេតុថា​ ​ប្រទេសមួយរីកចម្រើន ទាមទារឱ្យ​យុវជនចូលរួមលើគ្រប់វិស័យ​ ​ជាពិសេស​សេដ្ឋកិច្ច​ សាសនា និងនយោបាយ។

លោកថា​៖​ «​លើគ្រប់វិស័យ​ ទាំងវិស័យសេដ្ឋកិច្ច សាសនា​ នយោបាយហ្នឹង ​គឺជាវិ​ស័យដែលចម្បងជាងគេ​ ដែលទាមទារឱ្យពលរដ្ឋសកម្ម​ សកម្មក្នុងន័យ​យល់ដឹងផង​ សកម្មក្នុ​ងន័យចូលរួមផង​។ រាល់កិច្ចការនយោបាយ និងកិច្ចការសង្គម​​ ជាពិសេស​ក្នុងន័យអយុត្តិធម៌សង្គម​ រឿងដែលជាការព្រួយបារម្ភរបស់ជាតិ​»។

លោកបន្តថា​៖ «ពលរដ្ឋកម្ពុជា​​យើង ​​មានយុវជន​ចំនួន​១ភាគ៣នៃប្រជាជនសរុប​ បើពលរដ្ឋ​​១ភាគ៣​អត់​ចូល​រួម ប្រទេស​ហ្នឹង​មាន​ការអភិវឌ្ឍយឺតយ៉ាវ​»។

មន្ត្រី​សង្គមស៊ីវិលរូបនេះបន្ថែមថា ​មាន​តែ​រដ្ឋាភិ​បាល និង​អ្នក​​នយោបាយ​ទេ ដែល​​អាច​ជួយ​ជំរុញ​​​ឱ្យ​​យុវជន​​ដែលជាកម្លាំងស្នូល​ ចូល​រួម​​សកម្មភាព​​​នយោបាយនិងសង្គម​ ហើយ​ពួកគេ​ត្រូវធានាពីសុវត្ថិភាព និងបើកទូលាយដល់យុវជនក្នុងការ​ចូលរួម នោះទើបអាចជួយ​ឱ្យ​ប្រទេស​ជាតិ​មានការអភិវឌ្ឍ និងរីកចម្រើន​​បាន​ឆាប់រហ័ស។ ក្រៅពីនោះ លោក​ក៏បាន​ជំរុញ​ដល់​យុវជនចូល​រួម​​ឱ្យ​បាន​សកម្មផងដែរក្នុងកិច្ចការនយោបាយ​និងសង្គម​ បើទោះជាករណី​ខ្លះ​មានលក្ខខណ្ឌរឹតត្បិត​សិទ្ធិសេរីភាពពលរដ្ឋ​ក៏ដោយ។​

​​ស្ថាបនិក​​អង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មានប្រសាសន៍ថា ​ការ​ចូល​រួមតិច​តួច​របស់​យុវជន​ក្នុង​រឿង​នយោបាយ គឺជាហានិភ័យ​ក្នុងភាពជាអ្នកដឹកនាំ​របស់​សង្គមកម្ពុជា​បច្ចុប្បន្ន និងអនាគត​ ហើយកម្ពុជានឹងខ្វះ​នូវការប្រកួតប្រជែងផ្នត់គំនិត​ និងគំនិតក្នុងការដោះ​ស្រាយបញ្ហាសង្គម។

លោកថា​៖ «យុវជន! បើកាលណាគាត់បោះបង់​ការចូលរួម​ក្នុងសកម្មភាពសង្គម​ ឬកិច្ចការនយោបាយនៅក្នុងប្រទេស​ ទោះ​បីជាលក្ខណៈដោយផ្ទាល់ឬដោយប្រយោលក្ដី​ វាសុទ្ធតែហានិភ័យ​​ ហើយវានឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេស​ជាតិ​របស់​យើង​ក្នុងថ្ងៃអនាគត​»។​

លោកបន្ថែមថា​ ដើម្បីឱ្យយុវជនចូលរួមសកម្មក្នុងកិច្ចការ​នយោបាយ​ឡើង​វិញ​ គណបក្ស​កាន់អំណាច​ និងគណបក្សដទៃទៀត ត្រូវតែលើកទឹកចិត្តដល់​យុវជនឱ្យ​ចូលរួម ប៉ុន្តែ​មិនត្រូវយកយុវជនធ្វើជាឈ្នាន់ដើម្បីកេងចំណេញនយោបាយរបស់​ពួកគេ​​នោះទេ​។

ប្រធានអង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ​បច្ចុប្បន្ន លោក​សង្កេត​ឃើញយុវជនភាគច្រើន​ចាប់អារម្មណ៍ខ្លាំងទៅលើបរិបទឌីជីថល និងឧស្សាហ​កម្ម និងខ្វល់រឿង​អនាគតរបស់ពួកគេ ជាជាង​រឿង​នយោបាយ​ផ្សេងទៀត។ តែយ៉ាងណា លោកថា យុវជន​ទាំងអស់​ សុទ្ធតែមា​ន​​លទ្ធភាព​​ចូល​រួម​សកម្មភាពនយោបាយ ហើយ​កន្លងមក ​ក្រសួង​ស្ថាប័ន​​រដ្ឋតែង​តែ​​ផ្ដល់​ឱកាស​​ដល់យុវជនចូលរួម​ផងដែរ។

លោកថ្លែងថា៖ «យុវជនហ្នឹង ​គាត់យកចិត្តទុកដាក់ឆ្លើយតបនៅក្នុងការរស់នៅនៃបរិបទ ៤.០ បរិបទ​ឧស្សាហ​​កម្ម [ឌីជីថល] គាត់ត្រូវការ​រៀនឌីជីថល គាត់ត្រូវការ​រៀននេះ គាត់ត្រូវការ​រៀននោះ គឺគាត់ខ្វល់អំពី​រឿងអនាគតរបស់គាត់ ជាជាង​រឿង​នយោបាយដទៃទៀត […] ហើយនិន្នាការ​នៃការ​ចូលរួម ខ្ញុំមើលឃើញថា ស្រុកខ្មែរច្រើន មាន​មធ្យោបាយ​ច្រើន មាន​យន្តការ​ច្រើន​ ដែលសម្របសម្រួល​ឱ្យយុវជនអាច​ចូលរួមបាន»។

បើតាមលទ្ធផលរបាយការណ៍ស្ទង់មតិរបស់អង្គការតម្លាភាពកម្ពុជា អ្នកជំនាញ​ផ្នែកការ​ចូលរួម​នយោបាយ​របស់ពលរដ្ឋ ក៏បាន​បង្ហាញមូលហេតុចម្បងចំនួន​៣ ដែល​រារាំង​ប្រជាពលរដ្ឋ​មិន​ឱ្យ​​​មាន​​ភាព​សកម្មផ្នែកនយោបាយ​ផងដែរ ក្នុងនោះ ព្រោះតែពួកគេមិន​អាច ព្រោះពួកគេ​​មិន​ចង់​ និងព្រោះកង្វះអ្នកជួយជំរុញ។

ករណីនេះ របាយការណ៍ស្ទង់មតិ បាន​ផ្តល់​ជា​អនុសាសន៍ដល់រដ្ឋាភិបាលគួរតែ​កែលម្អ​ក្រប​ខណ្ឌ​​ច្បាប់ គោលនយោបាយ និងបរិយាកាសនយោបាយ​សម្រាប់យុវជន ដើម្បីឱ្យពួកគេ​បាន​ចូល​​រួម​​ក្នុង​ជីវិត​​សង្គម និង​ជីវិត​នយោបាយ​របស់​ប្រទេស​ជាតិ។ ក្រៅពីនោះ ប្រភព​ដដែលបាន​ជំរុញឱ្យ​រដ្ឋាភិបាល ប្រកាន់ខ្ជាប់​នូវសិទ្ធិពលរដ្ឋ និង​សេរីភាពរបស់​យុវជន ជាពិសេស​​សេរីភាព​ក្នុងការ​បញ្ចេញមតិ ​ការ​​បង្កើត​​សមាគម​​និង​ការ​ជួបជុំ ​ព្រម​ទាំង​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​​ផង​​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ