ស្ត្រីថ្ងៃសុក្រ​​ ស្នើ​ស្ថាន​ទូត​២​ជំរុញ​​រដ្ឋាភិបាល​​កម្ពុជា ​​ដោះ​លែង​​គ្រួសារ​របស់​ពួក​គេ ខណៈការប្រជុំអាស៊ាន​នៅ​សប្តាហ៍​ក្រោយ

ក្រុមស្ត្រីថ្ងៃសុក្រ ប្រមូលផ្ដុំជាថ្មីទៀតមកតាមដានញត្តិនៅស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដើម្បីស្វែងរកអន្តរាគមន៍ពីប្រទេសមួយនេះ ជួយដោះស្រាយករណីស្វាមីនិងសាច់ញាតិរបស់ពួកគេ (សកម្មជនបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ) នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ក្រុមស្ត្រីថ្ងៃសុក្រ បាននាំគ្នាយកញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូតម៉ាឡេស៊ី និងស្ថានទូត​​ឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍​នេះ ដើម្បី​ស្នើ​សុំ​ស្ថាន​ទូត​ទាំង២​នោះ​ ជួយ​​ជំរុញ​​ទៅ​រដ្ឋាភិបាល​កម្ពុជា​ ឱ្យ​ដោះលែ​ង​ស្វាមី និង​សាច់ញាតិ​របស់​​ពួ​ក​គេ ​ដែល​​កំពុង​ជាប់​ពន្ធនាគារឱ្យមានសេរីភាពវិញ ស្រប​ពេល​កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ច​ប្រជុំកំពូល​​អាស៊ាន នៅសប្តាហ៍ក្រោយ។

អ្នកស្រី ព្រំ ចាន់ថា ភរិយា​របស់​​លោក កាក់ កុម្ភារ ដែល​ជា​សកម្មជនបក្សសង្គ្រោះជាតិ​ ដែលត្រូវតុលាការរំលាយ ប្រាប់វីអូឌីថា ការដែល​ពួក​គាត់ដាក់ញត្តិ​ស្នើឱ្យ​ស្ថាន​ទូត​ម៉ាឡេស៊ី និងស្ថានទូតឥណ្ឌូនេស៊ី ជួយអន្តរាគមន៍នេះ ដោយ​សារ​តែ​ប្រទេសទាំង​២​នេះ ជា​ប្រទេស​សមាជិក​អាស៊ាន ហើយ​ការប្រជុំអាស៊ាននឹងធ្វើឡើងនៅកម្ពុជានៅសប្តាហ៍ក្រោយនេះ។

អ្នកស្រី ព្រំ ចាន់ថា បន្តថា ស្វាមី និងសាច់ញាតិរបស់ក្រុមស្ត្រីថ្ងៃសុក្រ ជាអ្នកនយោបាយ ពុំមានកំហុសអ្វីនោះទេ ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ចរបស់រដ្ឋាភិបាលកម្ពុជា​ចោទ​ប្រកាន់ និងឃុំខ្លួនយ៉ាងអយុត្តិធម៌។

ស្ត្រីថ្ងៃសុក្ររូបនេះ​ បន្តទៀត​​ថា រូប​អ្នក​ស្រី និងសាច់ញាតិរបស់អ្នកជាប់ឃុំទាំងអស់ ចង់ឱ្យប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេស​ដែល​ជាសមាជិក​អាស៊ាន​ផ្សេង​ទៀត លើក​យក​ករណី​របស់​ពួក​គាត់​​ទៅជជែកក្នុងពេលប្រជុំអាស៊ាន និង​ជំរុញ​​​ទៅ​រដ្ឋាភិបាលកម្ពុជា ឱ្យ​ដោះលែងស្វាមី និងសាច់ញាតិរបស់ពួកគាត់ឱ្យមានសេរីភាពវិញ។

អ្នកស្រីបន្ថែមថា៖ «ក្រុមគ្រួសាររបស់ពួកខ្ញុំ មិនដែលកាត់ដីឱ្យអ្នកណាមួយដុំផង មិនលក់​ព្រៃ លក់​ភ្នំ​អី​ផង មក​ចោទ​ក្រុមគ្រួសារ​របស់​ពួក​ខ្ញុំ​ថា ក្បត់ជាតិអីចឹងមិនត្រូវទេ។ គ្រួសាររបស់ពួកខ្ញុំជាអ្នកនយោបាយ អ្នកស្នេហាជាតិ ស្មោះត្រង់ អ្នកស្រឡាញ់​ប្រជា​ធិប​តេយ្យ អីចឹងគ្រួសាររបស់ពួកខ្ញុំគ្មានកំហុសទេ»

យ៉ាងណា មន្ត្រីស្ថានទូតប្រទេសទាំង២នោះ មិនទទួលញត្តិរបស់ក្រុមស្ត្រីថ្ងៃសុក្រនេះទេ ហើយក៏មិនបានបញ្ជាក់ពីមូលហេតុដែរ។ នេះបើតាមការ​អះអាងរបស់ក្រុមស្ត្រីថ្ងៃសុក្រ ដែលបានទៅដាក់ញត្តិ។

អ្នក​ស្រី ព្រំ ចាន់ថា បានបង្ហាញការខកចិត្តចំពោះមន្ត្រីស្ថានទូតទាំង២​នេះ ដែល​មិន​ព្រម​ទទួល​ញត្តិរបស់​ពួក​គាត់។ អ្នកស្រីថា ក្រុមស្ត្រីថ្ងៃសុក្រនឹងធ្វើយុទ្ធនាការដាក់ញត្តិតាមស្ថានទូតប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីជួយដល់ស្វាមី និងសាច់ញាតិរបស់ពួកគាត់។

ការរកកិច្ចអន្តរាគមន៍​របស់ភរិយាសកម្មជនគណបក្សសង្គ្រោះជាតិ ​​ដែល​តុលាការ​​រំលាយ ធ្វើ​ឡើង​​បន្ទាប់​​​ពី​​តុលាការ​កម្ពុជា​​បាន​​កា​ត់​​ទោស និង​​ឃុំខ្លួនស្វាមីរបស់ពួកគេឱ្យជាប់ពន្ធនាគារចន្លោះ​ពី ​៣ទៅ៧​ឆ្នាំ ក្រោម​បទ​ចោទ​ប្រកាន់ «ញុះញង់ និងរួមគំនិត​ក្បត់» ពាក់​ព័ន្ធ​នឹងព្រឹត្តិ​ការណ៍​វិល​ចូល​ប្រទេស​កម្ពុជា​របស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ