ស្ត្រីថ្ងៃសុក្រ​ស្នើ​អាមេរិក​ជួយ​ជំរុញ​រដ្ឋាភិបាល​ដោះលែង​អ្នកទោស​នយោបាយ ខណៈ​ប្រធានាធិបតី​អាមេរិក​នឹង​មក​កម្ពុជា​នៅ​សប្ដាហ៍​ក្រោយ

ក្រុម​ស្ត្រីថ្ងៃសុក្រ បាន​​​ប្រមូល​ផ្ដុំគ្នា​នៅ​មុខ​​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំនៅកម្ពុជា ដើម្បី​​ស្នើ​ឱ្យជួយ​​​ជំរុញ​​​​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដោះលែ​ង​ស្វាមីនិង​សាច់ញាតិ​របស់​​ពួ​ក​គេ ​ព្រមទាំងអ្នកទោស​នយោបាយ​ដែល​​កំពុង​ជាប់​ពន្ធនាគារឱ្យមានសេរីភាពវិញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។ (ត្រាន់ តិចសេង)

ក្រុម​ស្ត្រីថ្ងៃសុក្រ បាន​​​ប្រមូល​ផ្ដុំគ្នា​នៅ​មុខ​​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំនៅកម្ពុជា នៅថ្ងៃសុក្រនេះ ដើម្បី​​ស្នើ​ប្រទេស​ប្រកាន់​​លទ្ធិ​ប្រជាធិបតេយ្យ​​​មួយ​នេះ​ ជួយ​​​ជំរុញ​​​​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះលែ​ង​ស្វាមី និង​សាច់ញាតិ​របស់​​ពួ​ក​គេ ​ព្រមទាំងអ្នកទោស​នយោបាយ​ ដែល​​កំពុង​ជាប់​ពន្ធនាគារឱ្យមានសេរីភាពវិញ។

ការស្នើរបស់ក្រុមស្ត្រីថ្ងៃសុក្រ បាន​ធ្វើ​ឡើង​​​ស្រប​ពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន នឹងមកកម្ពុជា នៅថ្ងៃទី១២ និងទី១៣ ខែវិច្ឆិកា សប្តាហ៍ក្រោយនេះ ដើម្បី​ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។

អ្នកស្រី ព្រំ ចាន់ថា ភរិយា​របស់​​លោក កាក់ កុម្ភារ ដែល​ជា​សកម្មជនបក្សសង្គ្រោះជាតិ​ដែលត្រូវតុលាការរំលាយ ប្រាប់វីអូឌីថា ពួកគាត់ទៅប្រមូលផ្តុំនៅមុខស្ថានទូតសហរដ្ឋអាមេរិក​នេះ ក្នុងគោលបំណងសុំ​ឱ្យ​​មន្ត្រីទូតជួយសម្របសម្រួល​ឱ្យ​ពួកគាត់បានជួបជាមួយ​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន ដោយផ្ទាល់ ដើម្បីលើកឡើងពីទុក្ខកង្វល់ និងស្នើឱ្យ​អាមេរិក​ជួយជំរុញទៅរដ្ឋាភិបាល​កម្ពុជាឱ្យដោះលែងសាច់ញាតិពួកគេ​ និងអ្នកទោសនយោបាយ​នៅកម្ពុជា ដែលកំពុងជាប់​ឃុំ​។

អ្នកស្រីថា៖ «ប៉ុន្មានថ្ងៃទៀត គឺមាន​ជំនួប​ប្រជុំអាស៊ានធំនៅប្រទេសកម្ពុជា ហើយ​តំណាង​ប្រទេស ជាពិសេស​សហរដ្ឋអាមេរិក លោក ចូ បៃឌិន គាត់អញ្ជើញ​មក។ អ៊ីចឹង​​ខ្ញុំសុំជួបគាត់ផ្ទាល់​ ដើម្បី​និយាយរឿងក្រុម​គ្រួសារ​ពួកខ្ញុំដែល​កំពុងជាប់ឃុំនៅពន្ធនា​គារ​​ព្រៃស ក៏ដូចជា[ពន្ធនាគារ​]ត្រពាំងផ្លុងផងដែរ​ ជាពិសេស​គឺចង់ឱ្យ​គាត់ជំរុញឱ្យ​រដ្ឋាភិបាល​ ដើម្បីធ្វើយ៉ាងណា​ក៏ដោយ ឱ្យ​​ដោះ​លែង​​គ្រួសារ​​របស់​​​ពួក​ខ្ញុំ ក៏​ដូចជាឱ្យ​​ប្រទេស​កម្ពុជាមាន​គោរពសិទ្ធិមនុស្ស ហើយ​នឹង​ជាពិសេស​ក្នុង​ពេលខាងមុខនេះ​ គឺ​​មាន​ការ​បោះឆ្នោតឱ្យ​មាន​តម្លាភាពត្រឹមត្រូវ ក៏ដូចជា គ.ជ.ប ឱ្យមាន​តម្លាភាពត្រឹម​ត្រូវ​ទាំងអស់»។​

អ្នកស្រីបន្ថែមថា៖ «ប្រទេស​កម្ពុជា ធម្មតា​អត់​គោរពសិទ្ធិមនុស្ស​ទេ អ៊ីចឹង​ចាប់ចងតាមតែ​អំពើចិត្ត​​ ជាពិសេសគឺមន្ត្រីបក្សប្រឆាំង​តែម្តង ជាពិសេស​ក្រុម​គ្រួសារ​ពួកខ្ញុំតែម្តង ហើយក៏ដូចជាសកម្មជនដទៃទៀត និយាយទៅរងសម្ពាធសព្វ​​បែបយ៉ាងទាំងអស់ […] អ៊ីចឹង​ខ្ញុំចង់​គាត់ [លោក ចូ បៃឌិន] ហ្នឹង​ ធ្វើម៉េចក៏ដោយ​​​ជំរុញរដ្ឋាភិបាលឱ្យ​​គោរពសិទ្ធិមនុស្ស»។​

អ្នកស្រី កុល សាត ភរិយាលោក គង់ ម៉ាស់ សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការ​រំលាយ មានប្រសាសន៍ថា ស្វាមីរបស់គាត់​ ក៏ដូចជា​​សាច់ញាតិរបស់ក្រុមស្ត្រីថ្ងៃសុក្រផ្សេងទៀត​ ជាអ្ន​ក​នយោបាយ ពុំមាន​កំហុស​អ្វី​នោះទេ​ ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ចរបស់​​រដ្ឋាភិបាល​កម្ពុជា​​ចោទ​​ប្រកាន់ និងឃុំខ្លួនយ៉ាងអយុត្តិធម៌អស់រយៈពេលជាង២០ខែមកហើយ​។

អ្នកស្រីបន្តថា៖ «អ៊ីចឹង​ខ្ញុំមកថ្ងៃនេះ គឺ​មកធ្វើការ​តវ៉ា ក៏ដូចជាសំណូមពរទៅដល់ខាង​ស្ថាន​ទូត ក៏ដូចជា​​​ប្រទេសលោកសេរី​ សូម[ជួយជំរុញ​រដ្ឋាភិបាល​កម្ពុជា​​]​ឱ្យ​​ដោះលែងអ្នកទោស​នយោបាយទៅ ព្រោះ​ប្តីរបស់​ពួកខ្ញុំ​អត់​មានកំហុស​ទេ! ហើយសម្រាប់​ជា​​ក្រុម​គ្រួសារ គឺទឹកភ្នែករាល់ពេលវេលា! អ៊ីចឹង​ខ្ញុំអត់មានអីទេ បើសិនជាដោះលែងប្តីពួកខ្ញុំ ពួកខ្ញុំមិន​មកចំណាយ​ពេល​វេលា​​អត់ប្រយោជន៍ទេ​ ខាតបង់ទាំងថវិកា ខាតបង់ទាំងពេលកូន​រៀន​ ខាតទាំងពេលរកស៊ី អ៊ីចឹងពួកខ្ញុំជួបការលំបាកខ្លាំងណាស់»។

ការប្រមូលផ្តុំរបស់ក្រុមស្ត្រីថ្ងៃសុក្រ នៅព្រឹកមិញនេះដែរ ក៏មានការ​រុញច្រានគ្នា និងការដណ្តើមយកបដា​ផងដែរ ពីសំណាក់ក្រុមប្រជាការពារ​ខណ្ឌ ខណៈក្រុមស្ត្រីថ្ងៃសុក្រព្យាយាមលើកបដា និងព្យាយាមដើរជុំវិញស្ថានទូត​អាមេរិក​ប្រចាំនៅកម្ពុជា ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វីអូឌី នៅពុំទាន់អាចសុំការបញ្ជាក់ជុំវិញករណីនេះពីតំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និង​​ប្រធាន​អង្គ​ភាព​​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​សុក្រនេះ​។

តែយ៉ាងណា លោក ផៃ ស៊ីផាន ធ្លាប់​​មានប្រសាសន៍ថា ​ការ​ស្វែង​រក​កិច្ចអន្តរា​គមន៍​របស់​ក្រុមស្ត្រីថ្ងៃសុក្រ​ មិន​​អាច​​ជួយ​​​ដល់​ស្វាមី​រ​បស់ពួកគេបានឡើយ។ លោក​បន្ត​ថា ភរិយា​សកម្មជនបក្សប្រឆាំងទាំងនោះគួរតែស្វែងរកមេធាវីល្អៗ ដើម្បី​​មក​តតាំង​​នៅ​តុ​លាការជាជាង​ធ្វើការ​តស៊ូ​មតិ​បែប​នេះ។

លោកថា៖ «អ្វីដែលគាត់​តតាំង សរ​សេរ​ញត្តិ​ដាក់​ទៅ​តាម​ស្ថាន​ទូត បើយើងនិយាយទៅ ស្ថានទូតដែល​មាន​កាតព្វកិច្ច គេធ្វើ​កិច្ចការសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលតាមផ្លូវការងារទូត គឺ​​មិន​មាន​អ្វី​ដែល​មក​លូក​លាន់​នៅក្នុងសាច់រឿងផ្ទៃ​ក្នុង​របស់​​យើង​​ទេ។ ចំណែកអ្វីដែលសកម្មជនទាំងអស់នោះយល់ថាជា​ការរំលោភដល់សិទ្ធិសេរីភាពរបស់ប្ដី​ ​គឺគួរ​តែដោះស្រាយ​​តាមអ្វីដែលជាយន្តការយើង​​មាន​ចែងក្នុងរដ្ឋធម្មនុញ្ញ គឺតុលាការ»។

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព យល់ឃើញថា ​​​ការជួប​ជុំ​របស់​​សកម្មជន​ដីធ្លី បរិស្ថាន​ និង​​នយោបាយ ​នាពេលកន្លងមក ​ជាពិសេស​​ការតវ៉ា​របស់​​ស្រ្តីថ្ងៃសុក្រនេះ ជាកា​រអនុវត្ត​សិទ្ធិ​សេរីភាព​​ដោយសន្តិ​វិធី ដែលមាន​ចែង​ក្នុង​ច្បាប់​ជាតិ​​ ហេតុដូច្នេះ​​ អាជ្ញាធ​រ​គួរតែបង្កភាព​ងាយស្រួល​ដល់ពួកគេ ដោយ​មិនត្រូវ​ប្រើអំពើហិង្សា​ និង​គំរាម​កំហែង​នោះ​ទេ​។

លោកស្រីថា៖ «​ជាពិសេស​ដូច​ស្រ្តីថ្ងៃសុក្រហ្នឹង ​ក្រុមគ្រួសាររបស់គាត់ហ្នឹង​ត្រូវ​បាន​ប្រឈម​ ហើយដែល​អ្នកខ្លះគឺស្ថិតនៅ​ក្នុងការឃុំឃាំងហ្នឹង​ ​អ៊ីចឹងទៅធ្វើឱ្យពួកគាត់ត្រូវ​អនុវត្តនូវសិទ្ធិសេរីភាពរបស់គាត់ក្នុងការជួបជុំ​ដោយសន្តិវិធី និងបញ្ចេញមតិ។ អ៊ីចឹង​អាជ្ញាធរ តាមនីតិវិធីច្បាប់​ យើងគួរតែបង្កភាពអំណោយផលសម្រាប់ពួកគាត់នៅក្នុងការ​អនុវត្តនូវសិទ្ធិសេរីភាព​របស់ពួក​គាត់​ទាំង​អស់​ហ្នឹង​»។

ការរកកិច្ចអន្តរាគមន៍នៅស្ថានទូតនានា​​​របស់ភរិយាសកម្មជនគណបក្សសង្គ្រោះជាតិ​​ដែល​តុលាការ​​រំលាយ ធ្វើ​ឡើង​​បន្ទាប់​​​ពី​​តុលាការ​កម្ពុជា​​បាន​​​កា​ត់​​ទោស និង​​ឃុំខ្លួនស្វាមីរបស់ពួកគេឱ្យជាប់ពន្ធនាគារចន្លោះ​ពី ៣ទៅ៧​ឆ្នាំ ក្រោម​បទ​ចោទ​ប្រកាន់ «ញុះញង់ និងរួមគំនិត​ក្បត់» ពាក់​ព័ន្ធ​នឹងព្រឹត្តិ​ការណ៍​វិល​ចូល​ប្រទេស​កម្ពុជា​របស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ