វិមានក្រឹមឡាំង៖ អ៊ុយក្រែន​អាច​បញ្ចប់​ទុក្ខវេទនា​របស់​ខ្លួន​បាន​ដោយ​បំពេញ​តាម​ការ​ទាមទារ​របស់​រុស្ស៊ី

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ចូលរួមសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណេតនៅទីក្រុងមូស្គូ ប្រទេសរុស្សី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២០។ (REUTERS/Maxim Shemetov)

វិមានក្រឹមឡាំង (Kremlin) នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បាន​លើក​ឡើង​ឱ្យ​ដឹង​ថា ការ​វាយ​ប្រហារ​តាមដែនអាកាសរបស់​ខ្លួនលើហេដ្ឋារចនាសម្ពន្ធរបស់អ៊ុយក្រែន គឺមិនមែនសំដៅទៅលើជនស៊ីវិលនោះទេ ដោយបន្ថែម​ថា អ៊ុយក្រែនអាចបញ្ចប់ទុក្ខវេទនារបស់ប្រជាជនខ្លួន​បាន តាមរយៈការបំពេញតាមការទាម​ទារ​របស់​រុស្ស៊ីក្នុ​ង​ការ​ដោះស្រាយ​ជម្លោះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ការលើកឡើង​នេះត្រូវ​បាន​ធ្វើឡើ​ង​បន្ទាប់ពីរុស្ស៊ីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បាន​វាយប្រហារ​ជា​បន្តបន្ទាប់​លើហេដ្ឋារចនាសម្ពន្ធថាមពលនៅ​ទូទាំងប្រទេស​អ៊ុយ​ក្រែន​ ដែលក្នុងនោះក៏បានបណ្ដាលឱ្យមនុស្សរាប់លាននាក់រស់នៅដោយ​​គ្មា​នអ​គ្គិសនី និងទឹកសម្រាប់ប្រើប្រាស់ ស្របពេលដែល​សីតុណ្ហភាពចាប់ផ្ដើមចុះត្រជាក់កាន់តែខ្លាំងផងដែរ។

ទោះជាយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង ​លោក​ ឌីមីទ្រី ប៉េស្កូវ​ (Dmitry Peskov) បានថ្លែងប្រាប់អ្នកយកព័ត៌មានថា៖ «ការវាយប្រហារ [របស់រុស្ស៊ី] គឺមិនមានការកំណត់គោលដៅលើពលរដ្ឋនោះទេ។ វាគ្មានករណីនេះកើតឡើង​ឡើយ ខណៈពួកគេពិតជាមានការយកចិត្តទុកដាក់ចំពោះរឿងនេះខ្លាំងណាស់»។

អ្នកនាំពាក្យរូបនេះ​បន្ត​ថា​៖ «​ចំពោះ​គោលដៅ [វាយប្រហារ] ​​គឺផ្ដោតសំខាន់តែលើទីតាំងទាំងឡាយណាដែលមាន​សក្ដានុពល​យោធាប៉ុណ្ណោះ​ ដែលត្រូវ​ទទួលរង​ការវាយប្រហារ​»។

ស្របពេលដែលលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន ធ្លាប់បានលើកឡើងថា រុស្ស៊ីមិនមានបំណងចង់បំផ្លាញអ៊ុយក្រែន ឬប្រជាជនរបស់ខ្លួន លោក​ ឌីមីទ្រី ប៉េស្កូវ បានបន្ថែមថា៖ «​ថ្នាក់ដឹកនាំរបស់អ៊ុយក្រែនមានឱកាសគ្រប់បែបយ៉ាងក្នុងការធ្វើឱ្យស្ថានការណ៍វិលមករកភាពប្រក្រតីឡើងវិញ និងដោះស្រាយស្ថានការណ៍តាមរយៈការបំពេញតាមតម្រូវការរបស់ភាគីរុស្ស៊ី ដែលពួកគេអាចនឹងបញ្ចប់ការឈឺចាប់ដែលអាចកើតមានក្នុងចំណោមប្រជាជនទាំងអស់របស់ពួកគេបាន»។

រុស្ស៊ី​បាន​​បើក​​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនមកលើអ៊ុយក្រែន​ តាម​ផ្លូវ​គោក ផ្លូវ​​អាកាស និង​​សមុទ្រ​ កាល​ពី​ខែ​កុម្ភៈ ដែល​បាន​បង្ក​ឱ្យ​ជន​ស៊ីវិលរាប់​ពាន់​នាក់បានស្លាប់បាត់បង់ជីវិត តំបន់ទីក្រុងជាច្រើន​ប្រែក្លាយទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង ខណៈមនុស្សរាប់​លាន​នាក់​ក៏បានភៀសខ្លួនចេញពីប្រទេសផងដែរ។

ទោះជាយ៉ាងណា បណ្ដាប្រទេសមួយចំនួនធ្លាប់បានអះអាងកាលពីពេលកន្លងទៅថា រុស្ស៊ីនឹងមិនឈ្នះសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែនឡើយ ហើយលោកប្រធានាធិបតី ​វ្លាឌីមៀរ ពូទីន ក៏មិនអាចកំណត់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពណាមួយសម្រាប់អ៊ុយក្រែនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ