យុវជន​បរិស្ថាន​ផ្សព្វផ្សាយ​ពី​សក្ដានុពល​តំបន់ «កោះកុងក្រៅ» ដើម្បី​ពញ្ញាក់​ស្មារតី​មហាជន​ឱ្យ​ចូលរួម​ការពារ

បដាដែលសរសេរថា «សូមក្រសួងបរិស្ថានដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ» ត្រូវបានធ្វើឡើងដោយសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ ព្រមទាំងយុវជនស្រឡាញ់បរិស្ថាន ក្នុងយុទ្ធនាការមួយឈ្មោះថា «ការពារកោះកុងក្រៅ» នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ Mother Nature Cambodia)

យុវជនមួយក្រុមដែលអះអាងថាជាអ្នកស្រឡាញ់ធនធានធម្មជាតិ បាននាំគ្នាផ្សព្វផ្សាយពីសក្តានុពលតំបន់កោះកុងក្រៅ ក្រោមប្រធានបទ «ការពារកោះកុងក្រៅ» ដោយថា ដើម្បីជំរុញឱ្យពលរដ្ឋចូលរួមថែរក្សាកោះដ៏ធំជាងគេនៅកម្ពុជានេះ ខណៈបារម្ភពីហានិភ័យក្រោយ​​​​រដ្ឋាភិបាលផ្ដល់​សិទ្ធិ​អភិវឌ្ឍន៍​​​​ទៅ​ឱ្យក្រុមហ៊ុន​ឧកញ៉ា លី យ៉ុងផាត់

ការផ្សព្វផ្សាយនេះធ្វើឡើងតាមរយៈការចែកខិត្តបណ្ណព័ត៌មាន ឬ Post Card ទេសចរណ៍ និងចងជាបដាបង្ហាញនៅទីសាធារណៈ នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ។ ក្នុងនោះ ពួកគេបានតុបតែងខ្លួនប្លែក ដូចជា មានពាក់អាវពោង កង់ឡានហែលទឹក ភា្ជប់សារទាមទារឱ្យក្រសួងបរិស្ថានដាក់កោះកុងក្រៅជា «ឧទ្យានជាតិសមុទ្រ» សម្រាប់ជាប្រយោជន៍សាធារណៈ ជាជាងប្រគល់សិទ្ធិអភិវឌ្ឍន៍ផ្ដាច់មុខទៅឱ្យក្រុមហ៊ុនឯកជន។

សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ ​ កញ្ញា ភួន កែវរស្មី ប្រាប់វីអូឌីនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ថាការចែកខិត្តបណ្ណ និងផ្សព្វផ្សាយពីសក្តានុពល«តំបន់កោះកុងក្រៅ»ដល់ពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវដូច្នេះ គឺមានចេតនាជំរុញឱ្យពលរដ្ឋឈ្វេងយល់ពីកោះដ៏ធំមួយនេះ។

កញ្ញាចង់ឃើញពលរដ្ឋ-យុវជនទៅ​កម្សាន្តនៅទីនោះតាមលទ្ធភាព ផ្តល់ក្តីស្រឡាញ់ដល់កោះនេះ ដូចអ្វីដែលពលរដ្ឋខ្វាយខ្វល់ពីតំបន់ភ្នំតាម៉ៅ ខណៈរដ្ឋាភិបាលបានផ្ដល់​សិទ្ធិ​អភិវឌ្ឍន៍​​​កោះ​កុង​​ក្រៅ​​ទាំងមូលទៅ​ឱ្យក្រុមហ៊ុន​របស់លោកឧកញ៉ា លី យ៉ុងផាត់ កាលពីឆ្នាំ២០១៩។ ​

កញ្ញាបន្តថា ប្រសិនបើថ្ងៃក្រោយទៅ «កោះកុងក្រៅ»រងនូវការបំផ្លិចបំផ្លាញធនធានធម្មជាតិ​ ហើយប្រែក្លាយជាកម្មសិទ្ធិឯកជនផ្តាច់មុខ នោះពលរដ្ឋអាចយ៉ាងហោចណាស់បានដឹងថា កោះនេះជាកម្មសិទ្ធិរបស់ពលរដ្ឋ ដែលជាតំបន់មានសក្តានុពល ជាកោះដ៏ស្រស់ស្អាត​ និងធំជាងគេនៅកម្ពុជា​។

កញ្ញា ភួន កែវរស្មី ថា៖ «បើសិនជាពួកយើងអត់ទៅលេង អត់សូវស្គាល់ គេបំផ្លិចបំផ្លាញយ៉ាងម៉េចក៏បានដែរ។ អត់មានអ្នកឈឺក្បាល ឈឺឆ្អាល អត់មានអ្នកតស៊ូមតិដើម្បីការពារកន្លែងហ្នឹង ហាក់បីដូចជាវាមិនមែនជារបស់ពលរដ្ឋខ្មែរទៀត ខណៈដែលពលរដ្ឋខ្មែរអត់ដឹងថាមានធនធាននេះ នោះគេអាចបំផ្លាញតាមចិត្ត ប្រៀបដូចជាកម្មសិទ្ធិរបស់គេ ទាំងដែលជាក់ស្តែងវាជាកម្មសិទ្ធិរបស់ពលរដ្ឋយើងទាំងអស់គ្នា។ យើងមើលភ្នំតាម៉ៅ ដោយសារតែពលរដ្ឋបានចូលរួមមតិការពារ ទើបមានការបញ្ឈប់ការឈូសឆាយ។ ដូច្នេះយើងមើលឃើញហានិភ័យនៃកោះកុងក្រៅនាពេលខាងមុខ វាមានវាសនាមិនខុសពីភ្នំតាម៉ៅទេ បើនៅលើដៃឧកញ៉ា លី យ៉ុងផាត់។ អ៊ីចឹងសកម្មភាពផ្សព្វផ្សាយរបស់ពលរដ្ឋ គឺសំខាន់ណាស់»។

កោះកុង​ក្រៅ ត្រូវ​បានរដ្ឋាភិបាល​​ប្រគល់ឱ្យ​ក្រុមហ៊ុន កោះកុង អេស អ៊ី ហ្សិត ខូអិលធីឌី (KOH KONG SEZ CO., LTD.)​ ​ របស់​​លោក​​ លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា សម្រាប់​អភិវឌ្ឍ​​ កាលពី​ខែ​មិថុនា ឆ្នាំ​​២០១៩។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២០ រាជរដ្ឋាភិបាល​​បាន​​បង្កើត​គណៈ​កម្មការ​ត្រួត​ពិនិត្យ​ការ​អភិវឌ្ឍ​នៅ​កោះ​កុង​ក្រៅ ខេត្ត​កោះ​កុង ដែល​ដឹក​នាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ លោក សាយ សំអាល់ ក្នុង​ការ​ត្រួត​ពិនិត្យ​លើ​គម្រោង​អភិវឌ្ឍ​ន៍កោះ​កុង​ក្រៅ​ទាំង​មូល​របស់​ក្រុម​ហ៊ុនកោះ​កុង អេស អ៊ី ហ្សិត ខូអិល​ធីឌី។

សកម្មជនចលនាមាតាធម្មជាតិ លោក ធី ថន និយាយថា លោកតាំងចិត្តចូលរួមផ្សព្វផ្សាយពីកោះកុងក្រៅ ឱ្យពលរដ្ឋបានស្គាល់និងដឹងថា កម្ពុជាមានកោះដែលស្អាតជាងគេ រួមមានទឹកសមុទ្រស្អាត ឆ្នេរខ្សាច់សម៉ដ្ឋ ទឹកជ្រោះ ហើយមានកន្លែងដើរព្រៃ ឡើងភ្នំ និងបោះតង់ ជាដើម។ លោកបន្ថែមថា ការដែលពលរដ្ឋទៅទស្សនាផុសផុល ស្គាល់ច្រើន ​ជាចំណែកជួយឱ្យកោះកុងក្រៅរស់រាននិងគង់វង្សដែរ។ ​

លោក ធី ថន ថា«ជាទូទៅ តែក្រុមហ៊ុនឯកជន គេអភិវឌ្ឍ ទីនោះគឺមានតម្លៃថ្លៃ។ ហើយណាមួយទៀត បើកោះហ្នឹងបានទៅដៃក្រុមហ៊ុនឯកជន មិនដឹកគេយកទៅអភិវឌ្ឍរបៀបម៉េចខ្លះ? ទី១ គេអាចបំផ្លិចបំផ្លាញព្រៃឈើយើង ដូចយើងដឹងស្រាប់ហើយថា ក្រេឌីត លី យ៉ុងផាត់ ទៅដល់ណា គឺខ្ទេចត្រង់ហ្នឹង។ អ៊ីចឹងយើងព្រួយបារម្ភខ្លាំង ខ្លាចកោះកុងក្រៅយើងហ្នឹងបាត់បង់ជីវចម្រុះ ទៅរបៀបផ្សេង ពីទេសភាពស្អាតទៅមិនស្អាតវិញ។ យើងសំណូមពរឱ្យបងប្អូនទៅទស្សនាកម្សាន្ត ជាផ្នែកមួយជួយកោះកុងក្រៅឱ្យរួចពីដៃឯកជនផងដែរ»។

យ៉ាងណា យុវជនរូបនេះបង្ហាញការសោកស្តាយ បើសិនជាកោះកុងក្រៅធ្លាក់ក្នុងដៃរបស់ក្រុមហ៊ុនឯកជន លី យ៉ុងផាត់ ហើយរងការកែប្រែតាមអំពើចិត្តក្រោម​រូបភាពអភិវឌ្ឍន៍នោះ។ លោកថា បើទោះក្រុមហ៊ុនកែច្នៃក្លាយជារបស់ឯកជន ហើយពលរដ្ឋអាចទៅទស្សនាបានក្តី ក៏ពួកគាត់ត្រូវចំណាយថវិកាច្រើនលើសលុប បើធៀបនឹងការគ្រប់គ្រងដោយរដ្ឋ។

វីអូឌី បានទាក់ទងលេខទូរសព្ទដែលមាននៅលើអាសយដ្ឋានក្រុមហ៊ុន «កោះកុង អេស អ៊ី ហ្ស៊ិត ខូអិល ធីឌី (KOH KONG SEZ CO., LTD.) » របស់លោកឧកញ៉ា លី យ៉ុងផាត់។ យ៉ាងណា បុរសម្នាក់ដែលទទួលទូរសព្ទដែលបដិសេធប្រាប់ឈ្មោះនិងតួនាទីនោះ ឆ្លើយថា លោកគ្រាន់ជាបុគ្គលិកចាស់ដែលបានឈប់ពីការងារយូរមកហើយ។

វីអូឌី មិនអាចទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បានទេនៅថ្ងៃទី២៨ ខែវិច្ឆិកា​។

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិរបស់សមាគមបណ្ដាញយុវជនកម្ពុជា ដែលហៅកាត់ថា CYN លោក ហេង គឹមហុង ចាត់ទុកការចូលរួមផ្សព្វផ្សាយជាសាធារណៈរបស់យុវជនថាជារឿងល្អ ដោយថា ពួកគេក៏ជាម្ចាស់សម្បត្តិជាតិទាំងនោះស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។

លោកចង់ឃើញពលរដ្ឋចូលរួមស្វែងយល់ឱ្យបានច្រើន ទស្សនាដោយផ្ទាល់តាមលទ្ធភាពដើម្បីជាការគាំទ្រធនធានធម្មជាតិរបស់ខ្មែរ។

បើទោះជាយ៉ាងនេះក្តី លោកទាមទារឱ្យរដ្ឋាភិបាលចេញមុខឆ្លើយតបនឹងការសន្យារបស់ខ្លួន ដែលថានឹងដាក់កោះកុងក្រៅជា «ឧទ្យានជាតិសមុទ្រ»

ក្រៅពីនោះ លោក ហេង គឹមហុង ស្នើរដ្ឋាភិបាលបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយស្តាប់នូវកង្វល់របស់យុវជន ពលរដ្ឋ ធានារក្សាធនធានធម្មជាតិ ជំរុញទេសចរណ៍ដែលមានស្រាប់នៅកោះកុងក្រៅ និងជួយសហគមន៍នៅទីនោះឱ្យមានចំណូល ដើម្បីប្រយោជន៍រួម ជាជាងគិតតែប្រយោជន៍បុគ្គលមានលុយមានអំណាចមួយក្រុមតូច។

លោក ហេង គឹមហុង ថា៖ «ធម្មតា សម្បត្តិសាធារណៈរបស់រដ្ឋ មិនមែនជាសម្បត្តិរបស់រដ្ឋទេ គឺជាសម្បតិ្តរបស់ប្រជាពលរដ្ឋកម្ពុជា ព្រោះក្នុងរដ្ឋ គឺមានពលរដ្ឋនៅក្នុងហ្នឹង។ អ៊ីចឹងក្នុងនាមយើងជាប្រជាជនកម្ពុជា ជាម្ចាស់ប្រទេសហ្នឹង ត្រូវតែឈ្វេងយល់ធនធានរបស់ខ្លួន ជាពិសេសធនធានដែលមានសក្តានុពល មិនអាចបណ្តែតបណ្តោយឱ្យបាត់បង់ ឬមិនអាចបណ្តែតបណ្តោយឱ្យក្រុមបុគ្គលណាម្នាក់ជាអ្នកកាន់កាប់បានទេ។ កោះកុងក្រៅនេះជាតំបន់មានសក្តានុពល បម្រើទៅដល់ប្រយោជន៍ប្រជាពលរដ្ឋកម្ពុជាទាំងមូល។ ដូច្នេះដើម្បីធានាបាននូវនិរន្តរភាពកោះកុងក្រៅ ដើម្បីធានាបាននូវនិរន្តរភាពធនធានសមុទ្រ និងធនធានធម្មជាតិនៅលើកោះនេះ គឺត្រូវតែមានការសហការគ្នាយ៉ាងមុតមាំ ដើម្បីធានាថានឹងមិនមានការកេងប្រវ័ញ្ច ឬក៏មិនមានការប្រគល់សិទ្ធិកាន់កាប់ទៅឱ្យក្រុមណាមួយដើម្បីបំផ្លិចបំផ្លាញកោះនេះទេ»។

បើតាម​ខិត្តបណ្ណរបស់ក្រុមយុវជន ឱ្យដឹងថា កោះកុងក្រៅ គឺ​ជាកោះធំជាងគេនៅកម្ពុជា ដែល​មាន​ទំហំ​សរុប១០៣​គីឡូម៉ែត្រ​ការ៉េ។

​កោះកុងក្រៅ  ​​ស្ថិត​ក្នុងភូមិអាវឡាតាន់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រមាណ៣០គីឡូ​ម៉ែត្រ​ពីក្រុងខេម​រភូមិន្ទ៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ