មេធាវីកញ្ញា សេង ធារី គ្រោងដាក់លិខិតស្នើផ្ទេរកូនក្ដីពីពន្ធនាគារខេត្តព្រះវិហារជាលើកទីពីរ

កញ្ញា សេង ធារី ឈរស្រែកនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី​ គឺលោក សំ ទិត្យសីហា ​គ្រោងដាក់ពាក្យ​ទៅក្រសួងមហាផ្ទៃជាថ្មី ដើម្បីសុំផ្ទេរកូនក្ដីរបស់ខ្លួនពីពន្ធនាគារខេត្តព្រះវិហារមកភ្នំពេញ​ ក្រោ​​យ​ពីលិខិតទីមួយផ្ញើទៅក្រសួងកាលពី​ចុងខែសីហាកន្លងទៅ មិនមានការឆ្លើយតប​​។

មេធាវីការពារក្ដីកញ្ញា សេង ធារី គឺ​លោក សំ ទិត្យសីហា និងអតីតមេធាវី​ លោក ជូង ជូងី ថា​ការដែលដាក់ពាក្យស្នើសុំនេះ ដោយសារតែការយកកូនក្ដីទៅឃុំនៅកន្លែង​ឆ្ងាយ គឺ​ជា​ការធ្វើទុក្ខ​បុកម្នេញផ្នែក​ផ្លូវចិត្តលើកូនក្ដីរបស់ខ្លួន ​ព្រោះ​ភាព​ឯកោ ខណៈអ្នកស្គាល់ និង​សាច់​ញាតិ ព្រម​ទាំង​មេធាវី​ ជាដើម​ ពិបាកក្នុងការធ្វើដំណើរទៅជួប ដោយ​សារមាន​ចម្ងាយ​​ឆ្ងាយ។

មេធាវីការពារក្ដីកញ្ញា សេង ធារី​ គឺលោក សំ ទិត្យសីហា​ បានប្រាប់វីអូឌីនៅថ្ងៃនេះថា​ លោកនៅតែបន្តទាមទារក្រសួងមហាផ្ទៃផ្ទេរកូនក្ដីមកកាន់ពន្ធនាគាររាជធានីភ្នំពេញ ដែលងាយស្រួល​ក្នុងការជួប​សាច់ញាតិ។ បន្ថែមពីនេះ​ លោក សំ ទិត្យសីហា ​បានបន្ថែមថា​​ក្នុងនាមលោកជាមេធាវី គ្រោងនឹងបន្តនីតិវិធីធ្វើយ៉ាងណាស្នើសុំឱ្យដោះលែងកញ្ញា សេង ធារី ផងដែរ។

លោកថា៖ «​តើគាត់ចង់ឱ្យមេធាវីជួយគាត់​ ឬអ្វីផ្សេងទៀតដែលគាត់ត្រូវការ​ទៅតាមផ្លូវច្បាប់ទៅជួយគាត់?​ ហើយអ្វីដែលសំខាន់នោះ ខ្ញុំ​បានពិនិត្យសំណុំរឿង​ ហើយខ្ញុំនឹងធ្វើពាក្យស្នើសុំ​មកឃុំខ្លួនគាត់នៅពន្ធនាគារព្រៃសវិញ»។

អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ​បានឆ្លើយតបទៅកាន់មេធាវីការពារក្ដីកញ្ញា សេង ធារី ឱ្យដាក់លិខិតម្ដងទៀតទៅកាន់ក្រសួងមហាផ្ទៃ ហើយលោកថា ការសម្រេចផ្ទេរ ឬយ៉ាងណា គឺអាស្រ័យលើក្រសួងសាម៉ី​។

លោកថា៖​ «អាហ្នឹងយកល្អធ្វើលិខិតមួយមកក្រសួងមក​! ត្រង់នេះ ខ្ញុំពិបាកឆ្លើយ​ ដាក់លិខិតមក ​ហើយក្រសួងនឹងឆ្លើយ​តបទៅវិញ​ជាលាយលក្ខណ៍អក្ស​រអ៊ីចឹងទៅ»។

ស្ថាបនិក​អង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ បានយល់ឃើញជុំវិញករណីកញ្ញា សេង ធារី ថា​ការដោះលែង ឬយ៉ាងណា គឺអាស្រ័យលើតុលាការ​រកឃើញភស្ដុតាងកម្រិតណា តែយ៉ាងណា ​ករណីនេះ លោកយល់ថា​ជារឿងនយោបាយច្រើនជាង​។

លោកបន្ថែមថា ​​មកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជា​មិនទាន់​ដោះលែង​អ្នកទោសនយោបាយ ក្នុងនោះរួមមាន​កញ្ញា សេង ធារី តាមការស្នើ​ពីប្រធានាធិបតីសហរដ្ឋអាមេរិកនៅឡើយទេ​ ដូច្នេះលោកយល់ថា​ ការមិនដោះលែងនេះនឹងអាចធ្វើឱ្យមានផលអវិជ្ជមានទៅលើ​រដ្ឋាភិបាល​កម្ពុជា និងពលរដ្ឋខ្មែរផងដែរ។

លោកថា៖ ​«បើមិនពិចារណានៅក្នុងផ្លូវមួយ​ដែល​ភាគីផ្សេងអាច​​ទទួលយកបាន ​ពិសេសសហរដ្ឋអាមេរិកហ្នឹង ​វាច្បាស់ជាមានទំនាក់ទំនង​អាក់អន់ចិត្តគ្នាហើយ​ជាពិសេសការពាក់ព័ន្ធនឹងការផ្ដល់នូវជំនួយ ឬក៏​ការលើកលែងនូវ​ GSP អ៊ីចឹងទៅ ឬការដាក់នូវទណ្ឌកម្ម»។​

​ក្នុងជំនួបទ្វេភាគីរវាងមេដឹកនាំសហរដ្ឋអាមេរិក លោក ចូ​ បៃដិន ជាមួយលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន អំឡុងកិច្ចប្រជុំអាស៊ានកន្លងទៅ​ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានជំរុញទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដោះលែងអ្នកជាប់ឃុំដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធរឿងនយោបាយ និងមេធាវីអន្តរជាតិដែលមានសញ្ជាតិអាមេរិកាំង កញ្ញា សេង ធារី ព្រមទាំងស្នើឱ្យបើកលំហសិទ្ធិពលរដ្ឋ សង្គមស៊ីវិល និងសិទ្ធិនយោបាយឡើងវិញ នៅមុនការបោះឆ្នោតឆ្នាំ២០២៣។

កញ្ញា សេង ធារី ជាពលរដ្ឋដើមកំណើតខ្មែរ ដែលមានសញ្ជាតិអាមេរិកាំង និងជាមេធាវីអន្តរជាតិមួយរូបផងនោះ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ ផ្ដន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ ពីបទ «ញុះញង់ និងរួមគំនិតក្បត់» កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

ក្រៅពីកញ្ញា សេង ធារី ចៅក្រមជំនុំជម្រះ ក៏បានផ្ដន្ទាទោសថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ ចំនួន៥០នាក់ផ្សេងទៀត ដាក់ពន្ធនាគារចន្លោះពី៥ទៅ៨ឆ្នាំ ក្រោមបទចោទ «ញុះញង់ និងរួមគំនិតក្បត់»  ជុំវិញការប្រកាសជំហរគាំទ្រការធ្វើមាតុភូមិនិវត្តន៍ថ្ងៃ «៩វិច្ឆិកា» របស់លោក សម រង្ស៊ី

ក្រោយការប្រកាសសាលក្រមមួយថ្ងៃ ពោលគឺនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចរាជធានីភ្នំពេញបានបញ្ជូនកញ្ញា សេង ធារី ចេញពីពន្ធនាគារព្រៃស រាជធានីភ្នំពេញ ទៅកាន់ពន្ធនាគារខេត្តព្រះវិហារ ក្រោមហេតុផលដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់។ ប៉ុន្តែលោក ជូង ជូងី ដែលជាអតីតមេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី  ចាត់ទុកការលើកឡើងនេះថាជាហេតុផលដែលមិនអាចទទួលយកបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ