សង្គមស៊ីវិលថាការបង្កើតយន្តការ «ការពារអ្នករាយការណ៍ពីអំពើពុករលួយ» ជាកត្តាចម្បងជួយកាត់បន្ថយបញ្ហានេះ

អ្នកសម្របសម្រួលមជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់ នៃអង្គការតម្លាភាព កញ្ញា លី ស្រីស្រស់ ថ្លែងក្នុងទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ក្រោមមូលបទ «រួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ» ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។ (ហ៊ី ឆាយ)

អង្គការសង្គមស៊ីវិលដែលសកម្មក្នុងការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ លើកឡើងថា ការបង្កើតយន្តការ «ការពារអ្នករាយការណ៍ពីអំពើពុករលួយ» និងសេរីភាពពេញលេញនៃការរាយការណ៍ពីបញ្ហានេះ ជាកត្តាចម្បងក្នុងការកាត់បន្ថយអំពើពុករលួយ ខណៈរបាយការណ៍រកឃើញថា ស្ថានភាពអំពើពុករលួយនៅកម្ពុជារយៈពេល ៥ឆ្នាំ ចុងក្រោយនេះ កាន់តែអាក្រក់ទៅៗ។

ការលើកឡើងនេះត្រូវបានបញ្ជាក់ក្នុង «ទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ» ដែលរៀបចំដោយអង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ នារាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែធ្នូនេះ។

តំណាងក្រុមការងារប្រឆាំងអំពើពុករលួយ នៃអង្គការតម្លាភាពកម្ពុជា បណ្ឌិត រ៉ូ វណ្ណៈ លើកឡើងថា អំពើពុករលួយបំផ្លាញការជឿទុកចិត្ត ធ្វើឱ្យលទ្ធិប្រជាធិបតេយ្យចុះទន់ខ្សោយ រារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច ធ្វើឱ្យមានវិសមភាពសង្គម ភាពក្រីក្រ ការបែងចែកឋានៈសង្គម និងវិបត្តិបរិស្ថានកាន់តែធ្ងន់ធ្ងរ។

បើតាមលោក វណ្ណៈ អង្គការតម្លាភាពបានឱ្យនិយមន័យអំពើពុករលួយថា«ជាការរំលោភអំណាចដែលប្រគល់ឱ្យ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន»

ក្នុងនោះ លោក រ៉ូ វណ្ណៈ លើកឡើងនូវចំណុច២ ដែលអំពើពុករលួយរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច ដូចជា អំពើពុករលួយបានធ្វើឱ្យខាតបង់ផ្នែកសេដ្ឋកិច្ច ខណៈមូលធនត្រូវបានបង្ហូរ ឬបញ្ជូនទៅក្នុងហោប៉ៅរបស់មន្ត្រីដែលមានអំណាចនយោបាយ ដើម្បីកេងប្រវ័ញ្ច ទាក់ទាញយកសំណូក។

មួយទៀត អំពើពុករលួយបង្កើតឱ្យមានការបង្កើនការបង់ពន្ធខ្ពស់ ពោលការបង្កើនពន្ធប្រភេទនេះនឹងប៉ះពាល់ដល់ចំណូលរបស់ពលរដ្ឋ ជាពិសេសពលរដ្ឋដែលមានប្រាក់ចំណូលទាប។

លោកបន្តថា ប្រយោជន៍គឺបានទៅដល់ឥស្សរជនដែលប្រើតួនាទីដើម្បីទាញយក ឬកេងប្រវ័ញ្ចទ្រព្យសម្បត្តិពីពលរដ្ឋ។ ក្រៅពីនោះ អំពើពុករលួយក៏អាចបំផ្លាញសណ្ដាប់ធ្នាប់នយោបាយ។ ក្នុងនោះ នៅពេលមន្ត្រីប្រព្រឹត្តអំពើពុករលួយ វាបានកាត់បន្ថយភាពស្របច្បាប់របស់រដ្ឋាភិបាលក្នុងភ្នែកមហាជន,អន្តរាយដល់អារម្មណ៍ និងភាពជឿទុកចិត្តដែលមានលើរដ្ឋាភិបាលផងដែរ។

លោកថា អំពើពុករលួយផ្នែកនយោបាយមានភាពជិតស្និទ្ធទៅនឹងការលាងលុយកខ្វក់ និងជាប់ពាក់ព័ន្ធទៅនឹងការប្រើអំណាចតុលាការជាឧបករណ៍សម្រាប់ពង្រឹងអំណាចរបស់ឥស្សរជនផងដែរ។

លោកថា៖ «អំពើពុករលួយផ្នែកនយោបាយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការលាងលុយកខ្វក់ដោយសារឥស្សរជនដែលកំពុងកាន់អំណាច និងសហការីដែលធ្វើជំនួញរបស់ពួកគេ ទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីសកម្មភាពខុសច្បាប់បែបនេះ ហើយអំពើពុករលួយផ្នែកនយោបាយក៏ជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយនៃប្រព័ន្ធតុលាការ និងការប្រើប្រាស់អំណាចតុលាការជាឧបករណ៍ដើម្បីពង្រឹងអំណាចរបស់ឥស្សរជនកាន់អំណាចផងដែរ»

លោកបន្ថែមថា នៅកម្ពុជា ការស្ទង់មតិដែលធ្វើឡើងជាបន្តបន្ទាប់ដោយអង្គការតម្លាភាពអន្តរជាតិ រកឃើញថា អំពើពុករលួយតូចតាចបានធ្លាក់ចុះនា១០ឆ្នាំចុងក្រោយ។

យ៉ាងណា អង្គការនេះក៏រកឃើញដែរថា អំពើពុករលួយនៅតែជាបញ្ហាចម្បង ដែលជះឥទ្ធិពលដល់កម្ពុជា ជាក់ស្តែងដូចជានៅក្នុងសន្ទស្សន៍ការយល់ឃើញអំពីអំពើពុករលួយ CPI ឆ្នាំ២០២១ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៥៧ ក្នុងចំណោមប្រទេសចំនួន១៨០ ដែលបានវាយតម្លៃ។ ចំណែកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នាឆ្នាំដដែល កម្ពុជាស្ថិតនៅបាតតារាង ដែលមានន័យថាមានអំពើពុករលួយខ្លាំងជាងគេ។

ក្រៅពីនោះ លោកថា សូចនាករអភិបាលកិច្ចពិភពលោក ឆ្នាំ២០២០ របស់ធនាគារពិភពលោក ដែលបានវាស់វែងលើវិមាត្រសំខាន់ៗចំនួន៦នៃអភិបាលកិច្ច រកឃើញថា កម្ពុជានៅតែស្ថិតក្នុងស្ថានភាពមិនល្អលើគ្រប់វិមាត្រ ដែលភាគច្រើនកាន់តែអាក្រក់ទៅៗក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ជាពិសេសការគ្រប់គ្រងលើអំពើពុករលួយ។

លោកថា«សិទ្ធិទទួលព័ត៌មាន សេរីភាពនៃប្រព័ន្ធផ្សព្វផ្សាយ សេរីភាពនៃការរាយការណ៍ពីអំពើពុករលួយ ជាកត្តាចម្បងក្នុងការកាត់បន្ថយអំពើពុករលួយ។ [] ហើយក្នុងនោះ តម្លាភាព គណនេយ្យភាព អភិបាលកិច្ចល្អ នីតិរដ្ឋ នៅតែជាកត្តាសំខាន់ក្នុងការកាត់បន្ថយអំពើពុករលួយ»

អ្នកសម្របសម្រួលមជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់ នៃអង្គការតម្លាភាព ដែលចូលរួមជាវាគ្មិនក្នុងកម្មវិធីនោះ កញ្ញា លី ស្រីស្រស់ យល់ថា ឧបសគ្គនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា គឺដោយសារកម្ពុជាមានតែអង្គភាពប្រឆាំងអំពើពុករលួយ តែនៅខ្វះយន្តការនៃការការពារនិងគាំទ្រអ្នកហ៊ានរាយការណ៍ពីអំពើពុករលួយ ខណៈពលរដ្ឋមានការភ័យខ្លាចក្នុងការរាយការណ៍។

កញ្ញា លី ស្រីស្រស់ ថា៖ «យើងមានតែអង្គភាពប្រឆាំងអំពើពុករលួយ អ៊ីចឹងកន្លែងហ្នឹង ពេលដែលយើងខ្វះយន្តការ មានន័យថា [ពលរដ្ឋ]គាត់អត់បានចូលរួមទេ។ ហើយនៅក្នុងចំណុចទី២ គឺការការពារ ។ អ៊ីចឹងនៅក្នុងច្បាប់ស្តីពីអំពើពុករលួយហ្នឹង យើងមានការចែងអំពីការធានារក្សាការសម្ងាត់ទៅលើអ្នកដែលដាក់ពាក្យ ប៉ុន្តែយើងអត់មានច្បាប់នៅក្នុងការការពារបុគ្គលរាយការណ៍ទេ។ ឥលូវហ្នឹង យើងកំពុងតែមាន Draft Law គឺសេចក្តីព្រាងអំពីការការពារបុគ្គលរាយការណ៍ ស្របពេលដែលបណ្តាប្រទេសផ្សេងទៀតគឺគេមាន។ ដូចខ្ញុំដឹង នៅឥណ្ឌូនេស៊ី គឺគេមានការលើកទឹកចិត្តទៀត បើប្អូនទៅរាយការណ៍អំពើពុករលួយទៅកាន់ស្ថាប័នរដ្ឋ គេមានអំណោយឱ្យប្អូនទៀត។ អ៊ីចឹងអាហ្នឹង គឺអ៊ីចឹង! ហើយគេមានច្បាប់ស្តីពីការការពារបុគ្គលរាយការណ៍។ ដោយឡែក កម្ពុជា គឺកំពុងតែនៅ Draft Law ទេ»

កញ្ញា លី ស្រីស្រស់ ថាអំពើពុករលួយមិនមែនត្រឹមតែការប្រើសេវាសាធារណៈដោយការប្រើលុយកាក់ប៉ុណ្ណោះទេ តែការរំលោភអំណាចតាមសែស្រឡាយបក្ខពួកជាថ្នូរក៏ជាអំពើពុករលួយដែរ។

កញ្ញាថា ក្រៅពីនោះ តាមរយៈការស្ទង់មតិរបស់អង្គការតម្លាភាព បង្ហាញថា ពលរដ្ឋជាច្រើនថែមទាំងមិនបានដឹងផងថា ពួកគេមានសិទ្ធិតាមដានការរៀបចំថវិកា និងការអនុវត្តនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពោលគឺពួកគេគិតថា តួនាទីនោះគឺមានថ្នាក់ដឹកនាំជាអ្នកប្រតិបត្តិការហើយ ដែលរឿងនេះទាមទារឱ្យមានការលើកកម្ពស់នូវការផ្តល់ព័ត៌មាន តាមរយៈជំរុញឱ្យអនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានឱ្យបានឆាប់។

អនុប្រធានផ្នែកនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍន៍យុវជន នៃក្រសួងអប់រំ យុវជន និងកីឡា លោក ហួ តុលា ដែលចូលរួមជាវាគ្មិនមួយរូបក្នុងកម្មវិធីនេះដែរនោះ លើកឡើងថា នៅក្នុងក្របខណ្ឌក្រសួង-ស្ថាប័ន សុទ្ធតែមានក្របខណ្ឌផែនការនៃការប្រើកញ្ចប់ថវិកាជាតិ និងសកម្មភាព ដោយមានការពិនិត្យយ៉ាងលម្អិតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបញ្ចៀសនូវភាពមិនប្រក្រតី។

លោកថា ជាក់ស្តែង នៅក្នុងក្រសួងអប់រំជាដើម ក៏ត្រូវបានអនុវត្តបែបនេះ។

យ៉ាងណា លោកថា ពាក់ព័ន្ធបញ្ហាអំពើពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើការទៅតាមវិស័យរបស់ខ្លួន។ ជាក់ស្តែង សូម្បីក្នុងក្របខណ្ឌក្រសួងអប់រំ ក៏អង្គភាពនេះបានសហការមិនឱ្យមានអំពើពុករលួយនៅក្នុងការប្រឡងបាក់ឌុប ជាដើម។

បើទោះជាយ៉ាងនេះក្តី លោកមើលឃើញថា ក្របខណ្ឌនៃការចូលរួមរាយការណ៍របស់ពលរដ្ឋ យុវជន ពាក់ព័ន្ធបញ្ហាអំពើពុករលួយ ជាដើម គឺមានភាពទូលំទូលាយ គ្មានរនាំងទេ ខណៈបច្ចុប្បន្នសាធារណជនអាចបង្ហាញកង្វល់តាមរយៈបណ្តាញសង្គមបាន។

លោក ហួ តុលា ថា«អ៊ីចឹងសួរថាយន្តការនៃការរាយការណ៍ វាដូចជាទូលំទូលាយណាស់! ប៉ុន្តែសួរថាខ្លាចហ្នឹង ខ្លាចរឿងអី? ខ្ញុំគិតថា ទី១ ប្រហែលជាមកពីយើងខ្លួនឯងទេ ដែលអត់យល់ពីរឿងហ្នឹងដែរ។ ទី២ ចេះឃើញរឿងអាក្រក់ អ៊ីចឹងគិតថារាយការណ៍ទៅ តិចគេចាប់ដាក់គុកទៅ! ភាពភ័យខ្លាច ត្រូវឱ្យនិយមន័យឱ្យច្បាស់ថាយើងខ្លាចអី? បើសម្រាប់ខ្ញុំ អ្វីដែលយើងកុំខ្លាច គឺថាឱ្យតែរឿងហ្នឹងជាការពិត។ ខ្ញុំគិតថា គ្រាន់តែយន្តការបង្ហោះនៅលើបណ្តាញសង្គមមួយនេះ គឺយន្តការល្អមែនទែនហើយបច្ចុប្បន្ន ព្រោះគ្រាន់តែផុសហើយសរសេរ ខ្ញុំជឿថាអ្នកដែលអាន គាត់ប្រាកដជា Share [ចែកចាយបន្ត] ហើយ គាត់បានចូលរួមហើយ។ ហើយមិនមែនតែត្រឹមយន្តការប្រយុទ្ធប្រឆាំងអំពើពុករលួយទេ ខ្ញុំនិយាយឱ្យត្រង់ សូម្បីតែយន្តការរៃអង្គាសជួយអ្នកក្រីក្រ ជួយជនពិការ []»

បើតាមអង្គការតម្លាភាព មហាសន្និបាតនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០៣ បានអនុម័តអនុសញ្ញាប្រឆាំងនឹងអំពើពុករលួយ ហើយបានស្នើសុំឱ្យអគ្គលេខាធិការនៃអង្គការកំពូលមួយនេះ រៀបចំការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ទៅជាលេខាធិការដ្ឋាន សម្រាប់សន្និសីទរដ្ឋភាគីនៃអនុសញ្ញា។ មហាសន្និបាតក៏បានកំណត់យកថ្ងៃទី៩ ខែធ្នូ ជាទិវាប្រឆាំងអំពើពុករលួយអន្តរជាតិ ដើម្បីលើកកម្ពស់ការយល់ដឹង និងតួនាទីនៃអនុសញ្ញាក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់អំពើពុករលួយ ខណៈអនុសញ្ញានេះចូលជាធរមាននៅខែធ្នូ ឆ្នាំ២០០៥។

ដើម្បីប្រារព្ធខួបនៃទិវាប្រឆាំងអំពើពុករលួយអន្តរជាតិ នៅឆ្នាំ២០២២ អង្គការតម្លាភាពកម្ពុជា និងដៃគូ បានប្រារព្ធទិវានេះនៅថ្ងៃទី៨ ខែធ្នូ​ ក្រោមមូលបទ «រួមគ្នាប្រឆាំងអំពើពុករលួយ» ក្នុងគោលបំណងកៀរគរភាគីពាក់ព័ន្ធ និងសង្គមស៊ីវិល ដើម្បីពិភាក្សាស៊ីជម្រៅអំពីអំពើពុករលួយ ផលប៉ះពាល់ និងដំណោះស្រាយ ដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាលជាតិ-អន្តរជាតិ សហជីព អ្នកសារព័ត៌មាន យុវជន និងក្រុមងាយរងគ្រោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ