សហព័ន្ធសហជីពអឺរ៉ុបផ្នែកចំណីអាហារ កសិកម្ម និងទេសចរណ៍ ទាមទាររដ្ឋាភិបាលដោះលែងកញ្ញា ឈឹម ស៊ីថរ

កញ្ញា ឈឹម ស៊ីថរ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងពេលក្រុមសហជីព តំណាងកូដករ និងកូដករ យកញត្តិទៅដាក់នៅក្រសួងការងារ ដើម្បីសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ជាមួយនឹងក្រុមកូដករ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សហព័ន្ធសហជីពអឺរ៉ុបផ្នែកចំណីអាហារ កសិកម្ម និងទេសចរណ៍ (EFFAT) ទាមទាររដ្ឋាភិបាលដោះលែងកញ្ញា ឈឹម ស៊ីថរ និងថាការចាប់​ខ្លួនកញ្ញា ឈឹម ស៊ីថរ ដែលជាមេដឹកនាំសហជីពបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍នេះ​​ បំពានលើក្រមនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា​។

បើតាម​លិខិត​របស់សហព័ន្ធសហជីពអឺរ៉ុបផ្នែកចំណីអាហារ កសិកម្ម និងទេសចរណ៍ (EFFAT) ដែលផ្ញើទៅកាន់​ឯកអគ្គរាជទូតខ្មែរប្រចាំ​ប្រទេសបែលហ្សិក លោក នង សាកល កាលពីថ្ងៃទី​៧ ខែធ្នូ កន្លងទៅនេះ ថាការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ គឺបំពានទាំងច្បាប់របស់ប្រទេសកម្ពុជា និងកាតព្វកិច្ចការងារនិងសិទ្ធិមនុស្សជាអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និង ទាមទារ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។

​​លិខិតដដែលបន្តថា​ ការ​​ចាប់​ខ្លួននិង​ឃុំ​ខ្លួន​ជា​​ការ​បំពាន​លក្ខខណ្ឌ​នៅ​ក្រៅ​ឃុំ​របស់​កញ្ញា ឈឹម ស៊ីថរ ដោយសារតែ​ទាំង​ កញ្ញា ឈឹម ស៊ីថរ និងមេធាវីរបស់កញ្ញា មិនបានទទួលដំណឹងអំពីលក្ខខណ្ឌនៅក្រៅឃុំ ដូចដែលដីកាបង្គាប់ឱ្យដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងមិនមានស្នាមមេដៃរបស់កញ្ញាជាភស្តុតាង ដែលបង្ហាញពីលក្ខខណ្ឌនៃការនៅក្រៅឃុំរបស់កញ្ញា ខណៈដែល​ដីកាបង្គាប់នេះចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ មិនត្រូវបានប្រគល់ឱ្យកញ្ញា ឈឹម ស៊ីថរ ឬមេធាវីរបស់កញ្ញាទេ រហូតដល់បន្ទាប់ពីការឃុំខ្លួនកញ្ញានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

លិខិតរបស់ ​EFFAT ថា៖ «ការចាប់ខ្លួននិងឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ គឺបំពានលើក្រមនីតិវិធីព្រហ្មទណ្ឌរបស់កម្ពុជា ដែលចែងយ៉ាងច្បាស់ថា ជនត្រូវចោទត្រូវទទួលដំណឹងអំពីលក្ខខណ្ឌនៃការនៅក្រៅឃុំរបស់ខ្លួន»។

បន្ថែមពីនេះ សហព័ន្ធសហជីពអឺរ៉ុបផ្នែកចំណីអាហារ កសិកម្ម និងទេសចរណ៍ ថា​ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ បានរំលោភលើកាតព្វកិច្ចរបស់រដ្ឋាភិបាលក្នុងការការពារ និងគោរពសិទ្ធិសេរីភាពក្នុងការបង្កើតសហជីព និងកាតព្វកិច្ចរបស់កម្ពុជាក្រោមអនុសញ្ញា ៨៧ របស់អង្គការ ILO ដែលរដ្ឋាភិបាលបានផ្តល់សច្ចាប័នក្នុងខែសីហា ឆ្នាំ១៩៩៩។

បន្ថែមពីនេះ ​សហព័ន្ធសហជីពអឺរ៉ុបផ្នែកចំណីអាហារ កសិកម្ម និងទេសចរណ៍ (EFFAT) ថាការធ្វើកូដកម្មរបស់កូដករ គឺជាការអនុវត្តសិទ្ធិជាមូលដ្ឋាន​ក្នុងការទាមទារដំណោះស្រាយរបស់ពួកគេ​ តែបែរជាត្រូវបានអាជ្ញាធរ​កម្ពុជា​ធ្វើទុក្ខបុកម្នេញទៅវិញ។​

លិខិតរបស់​ EFFAT បន្ត​ថា៖ «បន្ទាប់ពីការព្យាយាមជាច្រើនដងដើម្បីចរចាជាមួយក្រុមហ៊ុនដោយសុទ្ធចិត្ត និងស្វែងរកដំណោះស្រាយចំពោះវិវាទនោះ LRSU បានចាប់ផ្តើមធ្វើកូដកម្ម ដោយគោរពតាមនីតិវិធីច្បាប់។ ក្នុងអំឡុងពេលដែលយើងសរសេរលិខិតនេះ កូដកម្ម​នៅ​តែ​បន្ត បើ​ទោះ​ជា​កម្មករ​ប្រឈមនឹងអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញដែលនៅតែបន្តពីសមត្ថកិច្ចនិងក្រុមហ៊ុនក៏ដោយ»។

ប្រភពបន្ថែមថា ​ការ​អះអាង​របស់​ក្រុមហ៊ុនណាហ្គាវើលដ៍ ​ដែល​ថា​ការ​បញ្ឈប់​បុគ្គលិក ​គឺ​ជា​ការ​ចាំបាច់​ដោយសារ​​អាជីវកម្មរបស់ក្រុមហ៊ុនប៉ះពាល់ដោយ​ជំងឺ​កូវីដ-១៩ តែឥលូវនេះ​បង្ហាញថា ក្រុមហ៊ុនកុហក ក្រុមហ៊ុនកំពុងទទួលបានប្រាក់ចំណេញច្រើន ហើយបានចាប់ផ្តើមជួលកម្មករថ្មី។

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងពេលកញ្ញាត្រលប់មកពីប្រទេសអូស្ត្រាលីវិញ ដែលកញ្ញាបានទៅចូលរួមមហាសន្និបាតពិភពលោក លើកទី៥ នៃសហ​ព័ន្ធ​សហ​ជីព​អន្តរ​​​ជាតិ (ITUC)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ