ប្រធាន​ក្រុមមេធាវីស្ម័គ្រចិត្ត​របស់​លោក ហ៊ុន សែន ថា​គ្រួសារ​ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​បាន​បដិសេធ​លើ​ការព្រមព្រៀង «សំណង ២៥០០ដុល្លារ ដើម្បីបញ្ចប់រឿង» វិញហើយ

រូបភាពករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដបុកម៉ូតូមួយគ្រឿងនៅលើស្ពានជ្រោយចង្វារបណ្ដាលឱ្យពលរដ្ឋ​ចំនួន៣នាក់រងរបួសធ្ងន់ កើតឡើងកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ រូបភាពនេះត្រូវបានបង្ហោះដោយស្នងការដ្ឋាននគរបាលជាតិ។

ប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា គ្រួសារជនរងគ្រោះពីករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៥ ខែធ្នូ បានបដិសេធលើការព្រមព្រៀងទទួលយក «សំណង ២ ៥០០ដុល្លារ ដើម្បីបញ្ចប់រឿង» នោះវិញហើយ ខណៈលោកចាត់ទុកថា ការព្រមព្រៀងទទួលយកសំណងដែលមានចរិតបង្ខិតបង្ខំ សម្លុត បំភ័យដល់ជនរងគ្រោះ ក្នុងស្ថានភាពកំពុងមានវិការ ពុំអាចចាត់ទុកជាការអនុវត្តត្រឹមត្រូវតាមច្បាប់ឡើយ។

ការអះអាងនេះធ្វើឡើងក្រោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែធ្នូ បានបង្ហោះដោយភ្ជាប់នូវកិច្ចព្រមព្រៀងទទួលយកសំណង ​និងលិខិតដកពាក្យបណ្ដឹងរបស់ម្ដាយជនរងគ្រោះ ដោយថា ភាគីពាក់ព័ន្ធបានឯកភាពគ្នាលើសំណងចំនួន​២ ៥០០ដុល្លារដើម្បីបញ្ចប់រឿង

​​កាលពីថ្ងៃទី៥ ខែធ្នូ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដបុកម៉ូតូមួយគ្រឿងនៅលើស្ពានជ្រោយចង្វារបណ្ដាលឱ្យពលរដ្ឋ​ចំនួន៣នាក់រងរបួសធ្ងន់ ក្នុងនោះក៏មានទារកអាយុ២ខែម្នាក់ផងដែរ។

ក្រោយមានហេតុការណ៍នេះ ក៏មានឯកសារចែកចាយលើបណ្តាញសង្គមបញ្ជាក់ថា ជនរងគ្រោះបានផ្តិតមេដៃទទួលយកសំណង ២ ៥០០ដុល្លារ និងដកពាក្យបណ្ដឹងដើម្បីបញ្ចប់រឿងនោះ។

យ៉ាងណា ស្ត្រីដែលអះអាងថាជាជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៥ ខែធ្នូ អ្នកស្រី មុច ស្រីល័ក្ខ ប្រាប់វីអូឌីនារសៀលថ្ងៃទី៧ ខែធ្នូ ដោយបញ្ជាក់ម្តងហើយម្តងទៀតថា គាត់ពិតជាមិនបានផ្តិតមេដៃទទួលយកសំណង២ ៥០០ដុល្លារដើម្បីបញ្ចប់រឿងដូចការផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី៦ ខែធ្នូ ឡើយ។ អ្នកស្រីថា មានគេកាន់ដៃគាត់ឱ្យផ្ដិតមេដៃលើលិខិតកិច្ចព្រមព្រៀងទាំងមិនដឹងខ្លួន។

ប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកមេធាវី គី តិច មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃទី៩ ខែធ្នូនេះថា ក្រុមមេធាវីលោកនាយករដ្ឋមន្ត្រី កំពុងការពារតាមផ្លូវច្បាប់ដល់គ្រួសារជនរងគ្រោះ និងកំពុងស្នើសុំឱ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្រាវជ្រាវ កំណត់បទល្មើស ចោទប្រកាន់ទៅតាមអំពើដែលជនបង្កបានប្រព្រឹត្ត។

លោកថា ក្រៅពីនោះ ក្រុមមេធាវីលោក ហ៊ុន ​សែន ក៏កំពុងស្នើឱ្យជនបង្កចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។

លោក គី តិច ថា៖ «ការព្រមព្រៀងទទួលយកសំណង ២ ៥០០ដុល្លារ ដែលមានចរិតបង្ខិតបង្ខំ សម្លុត បំភ័យដល់ជនរងគ្រោះ ក្នុងស្ថានភាពកំពុងមានវិការ ពុំអាចចាត់ទុកជាការអនុវត្តត្រឹមត្រូវតាមច្បាប់ឡើយ។ គ្រួសារជនរងគ្រោះបានបដិសេធលើការព្រមព្រៀងនោះវិញហើយ»។

ប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រូបនេះថា បើទោះបីសំណងរដ្ឋប្បវេណីបានបំពេញរួចហើយក៏ដោយ ក៏អំពើល្មើសព្រហ្មទណ្ឌពុំអាចគេចរួចផុតឬរំលត់បានឡើយ។ លោកថា ជនបង្កត្រូវតែទទួលរងនូវទណ្ឌកម្មផ្នែកព្រហ្មទណ្ឌ ដែលពុំអាចគេចវេះ ឬត្រូវបានលើកលែងឡើយ។

លោក គី តិច បន្តថា៖ «សមត្ថកិច្ចជំនាញ ស្ថាប័នពាក់ព័ន្ធ ត្រូវបំពេញតួនាទី ភារកិច្ច និងត្រូវធ្វើសេចក្តីរាយការណ៍ឱ្យបានច្បាស់លាស់ ស្របតាមច្បាប់ជាធរមាន ពិសេសគឺឥតលម្អៀង»។

បើទោះជាយ៉ាងនេះក្តី លោក គី តិច សុំមិនធ្វើអត្ថាធិប្បាយចំពោះការស្រាវជ្រាវលើកំហុសអ្នកពាក់ព័ន្ធភាពចម្រូងចម្រាសនៃលិខិតព្រមទទួលសំណងបញ្ចប់រឿង ២ ៥០០ដុល្លារ ឡើយ ដោយថា លោកសុំរក្សាសិទ្ធិ «រក្សាការសម្ងាត់»

លោកថា៖ «ចំពោះការស្រាវជ្រាវលើកំហុសអ្នកពាក់ព័ន្ធ សុំរក្សាសិទ្ធិ “រក្សាការសម្ងាត់”»។

ក្រៅពីនោះ ប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រូបនេះ អះអាងថា បច្ចុប្បន្ន ក្រុមការងារពាក់ព័ន្ធកំពុងសហការគ្នាអនុវត្តវិធានការច្បាប់ ដើម្បីឱ្យជនបង្កចូលខ្លួនមកទទួលខុសត្រូវ និងក្នុងគោលដៅស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។

ជុំវិញករណីនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បញ្ជាក់ប្រាប់វីអូឌីយ៉ាងខ្លី នៅថ្ងៃទី៩ ខែធ្នូនេះថា សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នេះបានបញ្ជូនមកដល់អយ្យការរួចហើយ។

លោកថា៖ «សំណុំរឿងបានបញ្ជូនមកដល់អយ្យការហើយ តំណាងអយ្យការបាននិងកំពុងស៊ើបអង្កេតលើករណីនេះរួចហើយ»។

តាម​មាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក ចែងថា ជនណាដែលបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាពត្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្ដាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ ពិន័យជាប្រាក់ពី៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១៥ ០០០ ០០០ (ដប់ប្រាំលាន) រៀល និងអាចត្រូវផ្តន្ទាទោស ដោយទោសបន្ថែមមួយឬច្រើន ដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងមាត្រា៨៥ដដែលក៏បានចែងថា អ្នកបើកបរដោយស្ថិតក្នុងស្ថានភាពស្រវឹង បណ្ដាលឱ្យមនុស្សស្លាប់ រត់គេចពីកន្លែងកើតហេតុជាដើម ដើម្បីគេចពីការទទួលខុសត្រូវជាដើម គឺត្រូវជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានទៅ ២៥លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ