កូ​ដករ​​ណាហ្គាវើលដ៍​ប្រមាណ​​១០០​នាក់បង្ហាញ​សារ​នៅ​មុខ​​ពន្ធនាគារ​ព្រៃ​ស​ស្នើ​ឱ្យ​ដោះ​លែង​កញ្ញា​ ​ឈឹម​ ​ស៊ីថរ​​

ក្រុមកូដករណាហ្គាវើលដ៍ជាច្រើននាក់ នាំគ្នាទៅបង្ហោះប៉ោងៗ កាន់រូបថត និងលើកបដាមួយចំនួននៅរសៀលថ្ងៃទិវាសិទ្ធិមនុស្ស១០ធ្នូ ឆ្នាំ២០២២ នៅខាងមុខពន្ធនាគារព្រៃស រាជធានីភ្នំពេញ ក្នុងគោលបំណងទាមទារឱ្យដោះលែងប្រធានសហជីពរបស់ពួកគេ គឺកញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពវិញ។ (ហ្វេសប៊ុក លោក ឃុន ថារ៉ូ)

បន្ទាប់ពីចូលរួមប្រារព្ធខួបលើកទី​៧៤ នៃទិវា​សិទ្ធិមនុស្សអន្តរជាតិ​ ១០ធ្នូ រួចមក​ ក្រុម​​កូដករ​ណាហ្គាវើលដ៍ប្រមាណ​ ១០០នាក់​បាននាំគ្នាទៅបង្ហោះ​ប៉ោង​ៗ និងលើកបដា​មួយចំនួននៅរសៀលថ្ងៃសិទ្ធិមនុស្សដដែលនេះ ក្នុងគោលបំណងទាមទារឱ្យដោះលែងប្រធានសហជីពរបស់ពួកគេ គឺកញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពវិញ។

​កូដករណាហ្គាវើលដ៏មួយរូបដែលចូលរួមសកម្មភាពនោះ អ្នកនាង សុខ ថាវុធ​ប្រាប់វីអូឌីនៅថ្ងៃទី១០ធ្នូនេះ​ថា ​ការដែលពួកគេមកបង្ហោះ​ប៉ោង​ៗ កាន់រូបថត និងលើកបដានៅមុខពន្ធនាគាព្រៃសឬម២ ក្នុងគោលបំណងបង្ហាញ​ថា ពួកគេនៅ​ទាមទារសិទ្ធិសេរីភាព​សហជីព ទោះបីជាវិវាទការងារនេះបានអូសបន្លាយអស់រយៈពេល១ឆ្នាំក្ដី។

បន្ថែមពីនេះ ពួកគាត់​ទាមទារឱ្យទម្លាក់រាល់ការចោទប្រកាន់ទៅលើថ្នាក់ដឹកនាំ និង​សមាជិកសហជីព​ក្រុមហ៊ុនណាហ្គាវើលដ៍ទាំងអស់  ជាពិសេសដោះលែង​ប្រធានសហជីពប្រចាំក្រុមហ៊ុននេះ​ កញ្ញា ឈឹម ស៊ីថរ ដោយថាការឃុំខ្លួនកញ្ញាជារឿងអយុត្តិធម៌​។

អ្នកនាងលើកឡើងថា៖«​យើងបង្ហោះជាសារ ជារូបភាព​ បង ឈឹម ស៊ីថរ ហ្នឹង​ យើងចង់បញ្ជាក់ប្រាប់ថា​គាត់មិនឯកការទេ​ ហើយ​អ្វីដែលពួកយើងចង់បាន​សិទ្ធិសេរីភាព​ជាមនុស្ស​ ហើយ​ក៏ដូចជាសិទ្ធិសេរីភាពការងារ​ដែលពួកយើងកំពុងទាមទារអ៊ីចឹងដែរ​»។

អ្នកនាងបន្ថែមថា​៖​«ហើយសារដែលយើងបង្ហោះហ្នឹងចង់បញ្ជាក់ថា ​ក្រុមកូដករថ្ងៃហ្នឹង​គឺពួកយើងស្លៀកបំពាក់ពណ៌ស្លាទុំ​ប្រៀបបីដូចជាអ្នកទោស​ មានន័យថាកូដករគឺអត់ខ្លាច​ជាប់គុកទេ​។ អ៊ីចឹង គឺយើងមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។​ អ៊ីចឹងបើការបញ្ចេញមតិត្រូវបានជាប់ពន្ធនាគាដែរ អ៊ីចឹង​ពួកយើងអត់ខ្លាចទេ»។

​ខ្លឹមសារលើបដា ដែលលើកឡើងក្នុងពេលប្រមូលផ្តុំ និងបង្ហោះប៉ោងៗនៅខាងមុខពន្ធនាគារព្រៃសនោះ មានអត្ថន័យថា​ «ការចាប់ដាក់គុកមិនមែនជាដំណោះស្រាយទេ,​  គ្មានអ្នកណាចង់ជាប់គុកនោះទេ​តែដើម្បីសិទ្ធិសេរីភាព​យើងហ៊ានត្រូវប្ដូ​រ, យុត្តិធម៌ត្រូវតែឈ្នះអំពើអយុត្តិធម៌ ហើយយកឈ្នះភាពភ័យខ្លាចដើម្បីយុត្តិធម៌, បញ្ឈប់ការចាប់​អ្នកទាមទារសិទ្ធិការងារដាក់គុក» ព្រមទាំងខ្លឹមសារមួយចំនួនទៀត​។

តាមរយៈវីដេអូដែលផ្សាយលើបណ្តាញសង្កមហ្វេសប៊ុកនៅថ្ងៃសៅរ៍នេះបង្ហាញថា ក្នុងពេលប្រមូលផ្តុំនៅខាងមុខពន្ធនាគារនោះ មន្ត្រីពន្ធនាគារបានចេញមកប្រាប់កូដករ និងសហជីពដែលមានវត្តមាននៅទីនោះ ឱ្យដកថយចេញពីខាងមុខពន្ធនាគារ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងបង្កភាពងាយស្រួលដល់ក្រុមគ្រួសារអ្នកជាប់ឃុំផ្សេងទៀត ក្នុងការចូលទៅជួបសាច់ញាតិរបស់ពួកគេក្នុងពន្ធនាគារ។

ក្រុមកូដករ និងសហជីព បានបញ្ជាក់ប្រាប់ទៅមន្ត្រីពន្ធនាគារវិញថា ពួកគេសុខចិត្តនៅមួយចំហៀងផ្លូវ និងមិនបង្កការរំខានណាមួយដល់ពលរដ្ឋក្នុងការធ្វើដំណើរ ពិសេសពលរដ្ឋដែលចង់ចូលទៅសួរសុខទុក្ខសាច់ញាតិរបស់ពួកគេក្នុងពន្ធនាគារនោះឡើយ។

ថ្លែងនៅមុខពន្ធនាគារព្រៃសនៅថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២២ ​ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន លើកឡើងថា ការជួបជុំគ្នានៅមុខពន្ធនាគារព្រៃសនោះ មិនមានបំណងដើម្បីមកបើកទ្វារ ឬរំដោះ កញ្ញា ស៊ីថរ នោះឡើយ ប៉ុន្តែការជួបជុំគ្នានោះ គឺធ្វើឡើងក្នុងថ្ងៃសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ដើម្បីបង្ហាញការនឹករលឹក ព្រោះ​អ្នកធ្វើការងារការពារសិទ្ធិកម្មករត្រូវបានជាប់ពន្ធនាគារដោយអយុត្តិធម៌។

អ្នកស្រីក៏បានលើកឡើងថា អ្នកការពារសិទ្ធិមនុស្ស អ្នកការពារសិទ្ធិកម្មករក្នុងវិស័យការងារមិនមែនជាឧក្រិដ្ឋជនឡើយ ប៉ុន្តែពួកគេនៅតែរងភាពអយុត្តិធម៌តាមរយៈប្រព័ន្ធតុលាការ។

អ្នកស្រីបន្តថា៖ «នៅពេលយើងធ្វើការងារសកម្មជនសិទ្ធិមនុស្ស យើងតែងតែរងនូវភាពអយុត្តិធម៌តាមរយៈការយក​តុលាការជាឧបករណ៍ក្នុងការចាប់ថ្នាក់ដឹកនាំសហជីព ចាប់សកម្មជនសិទ្ធិមនុស្សតាមតែអំពើចិត្ត ឃុំខ្លនតាមតែអំពើចិត្ត។ រឿងករណីណាហ្គា បើយើងតាមមើលមែនទែនទៅ សូម្បីតែព្រះរាជអាជ្ញាក៏ចេញមកជួយចោទជំនួសក្រុមហ៊ុនដែរ»។

ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ​កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងបញ្ជូនទៅឃុំនៅពន្ធនាគារព្រៃស​ ជាលើកទី២ ក្រោយពេលកញ្ញាបានធ្វើដំណើរត្រលប់មកពីប្រជុំនៅ​ប្រទេសអូស្ត្រាលីវិញ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា​។

ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា​ បានអះអាងថា ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ជាថ្មីទៀតនេះ ដោយសារកញ្ញាបានចាកចេញពីកម្ពុជាដោយគ្មានការអនុញ្ញាតពីចៅក្រោមស៊ើបសួរ ដែលអំពើនេះជាការបំពានលើកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ។

សេចក្តីថ្លែងការណ៍​បន្តថា ចំពោះការលើកឡើងថា ជនត្រូវចោទមិនទទួលបានដំណឹងពីដីកាសម្រេចក្នុងការដាក់ឱ្យជនត្រូវ​ចោទ កញ្ញា ឈឹម ស៊ីថរ ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនោះ គឺបង្ហាញយ៉ាងច្បាស់ពីចេតនាមិនទទួលខុសត្រូវចំពោះមុខច្បាប់។

ប្រភពដដែលបន្តថា ក្នុងករណីនេះ នៅពេលចៅក្រមស៊ើបសួរសម្រេចដោះលែងជនត្រូវចោទឱ្យនៅក្រៅឃុំបណ្ដោះអាសន្ននោះ ចៅក្រមស៊ើបសួរប្រើប្រាស់វិធានការជំនួសមកវិញនូវដីកាសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលដីកាសម្រេចនេះ ជនត្រូវចោទត្រូវតែគោរពតាម និងអនុវត្តឱ្យបានម៉ឺងម៉ាត់។

តែយ៉ាងនេះក្តី សហមេធាវីការពារក្តីកញ្ញា ស៊ីថរ ធ្លាប់អះអាងប្រាប់វីអូឌីថា ពួកគេមិនទទួលបានសេចក្តីជូនដំណឹងណាមួយ​ពាក់ព័ន្ធដីកាត្រួតពិនិត្យតាមផ្លូវតុលាការឡើយ។

ក្រោយការចាប់ឃុំខ្លួន កញ្ញា ស៊ីថរ ជាលើកទី២ មិនបានប៉ុន្មានម៉ោងផង ប្រតិកម្មពីសំណាក់សហគមន៍ជាតិ និងអន្តរជាតិក៏ចាប់ផ្តើមធ្លាក់មកជាបន្តបន្ទាប់។

សហរដ្ឋអាមេរិក និងអូស្ត្រាលី ជាប្រទេសនាំមុខគេក្នុងការទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីពផ្សេងទៀតដែលកំពុងជាប់ឃុំ ព្រមទាំងស្នើឱ្យដោះស្រាយបញ្ចប់វិវាទការងារនេះឱ្យបានត្រឹមត្រូវ។

​​ដោយឡែក កាលពីថ្ងៃទី​៧ ខែធ្នូ លិខិត​របស់សហព័ន្ធសហជីពអឺរ៉ុបផ្នែកចំណីអាហារ កសិកម្ម និងទេសចរណ៍(EFFAT) ​បានផ្ញើទៅកាន់​ឯកអគ្គរាជទូតខ្មែរប្រចាំ​ប្រទេសបែលហ្សិក លោក នង សាកល  បញ្ជាក់ថា ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ គឺបំពាន​ច្បាប់របស់​កម្ពុជា ។ បន្ថែមពីនេះ គឺបំពានលើកាតព្វកិច្ចការងារ និងសិទ្ធិមនុស្សជាអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ ករណីនេះ EFFAT ​ទាមទារ​ឱ្យ​រដ្ឋាភិបាលដោះលែង​កញ្ញា ឈឹម ស៊ីថរ ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ៕

​​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ