អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ប្រកាស​ស្វែង​រក​ជន​សង្ស័យ​ជា​ជន​ជាតិ​ចិន​មួយ​រូប​ពាក់ព័ន្ធ​ករណី​បង្ក​អសន្តិសុខ​

រថយន្តសមត្ថកិច្ចតម្រៀបគ្នានៅក្បែរអគារមួយកន្លែងក្នុងក្រុងព្រះសីហនុ ខែកញ្ញា ឆ្នាំ២០២២។ (ម៉ិច ដារ៉ា/ VOD)

អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសស្វែងរកជនជាតិចិនជាស្ត្រីមួយរូប ដែលអះអាងថា ជនសង្ស័យរូបនោះជាប់ពាក់ព័ន្ធនឹងករណីបង្កអសន្តិសុខក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១១ ខែធ្នូ ថា ជនសង្ស័យរូបនោះឈ្មោះ DU LEI ភេទស្រី ជនជាតិចិន កើតថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៩៦ កាន់លិខិតឆ្លងដែនលេខ EJ2423571 ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាប់ពាក់ព័ន្ធនឹងករណីបង្កអសន្តិសុខនៅខេត្តព្រះសីហនុ។

ករណីនេះ លោកអំពាវនាវដល់សាធារណជនទាំងអស់ ក្នុងករណីប្រទះឃើញស្ត្រីជនជាតិចិនរូបនេះ សូមចូលរួមសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឬសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

លោក ឃាង ភារម្យ សរសេរថា៖ «សូមជម្រាបជូនថា សមត្ថកិច្ចនឹងរក្សាការសម្ងាត់ជូនបងប្អូន និងសូមអរគុណទុកជាមុន សម្រាប់ការចូលរួមសហការ ថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តព្រះសីហនុរបស់យើង សូមអរគុណ»។

យ៉ាងនេះក្តី លោក ភារម្យ មិនបានបញ្ជាក់លម្អិតថា តើស្ត្រីជនជាតិចិនរូបនោះ ពាក់ព័ន្ធក្នុងសំណុំរឿងបង្កអសន្តិសុខអ្វីឱ្យប្រាកដនោះទេ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ចេញផ្សាយកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងរយៈពេល ៥១​ថ្ងៃដោយគិតចាប់ពីថ្ងៃ១៨ ខែសីហាដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នៃយុទ្ធនាការចុះធ្វើអធិការកិច្ចហត្ថពលកម្មជនរទេស សមត្ថកិច្ចទទួលបានបណ្ដឹងពីជនរងគ្រោះភាគច្រើនកើតឡើងនៅខេត្តព្រះសីហនុ ដែលត្រូវជួញដូរចំនួន ៤២០ករណី។

ក្នុងបណ្តឹងទាំងនោះ សមត្ថកិច្ចបានចុះ​ស្រាវជ្រាវ និងស៊ើបអង្កេតរកឃើញ ២២៩ករណី ដោយមានអ្នកពាក់ព័ន្ធបទល្មើស​ចំនួន ១១៨នាក់ ដូចជាបទល្មើសបង្ខំជំរិតទារប្រាក់ ការធ្វើទារុណកម្ម អំពើជួញដូរមនុស្ស សញ្ចារកម្មល្បែងអនឡាញខុសច្បាប់។

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បញ្ជាក់ថា ក្នុងចំណោមមនុស្សចំនួន ១១៨ នាក់  សមត្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិខ្មែរ និងបរទេសចំនួន ៦៧នាក់និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ជាមួយគ្នានេះ ក្នុងយុទ្ធនាការអធិការកិច្ចហត្ថពលកម្មសមត្ថកិច្ចបានរកឃើញក្រុមហ៊ុនចំនួន ៩ កន្លែង ស្ថិតនៅខេត្តព្រះសីហនុ ត្រូវបាន​សង្ស័យថា ពាក់ព័ន្ធនឹងបទល្មើស និងបានសម្រេចបិទទាំងស្រុងចំនួន ៥ក្រុមហ៊ុន និងផ្អាកធ្វើអាជីកម្មបណ្ដោះអាសន្នចំនួន ៤ក្រុមហ៊ុន ដើម្បី​​ស្រាវជ្រាវ និងស៊ើបអង្កេតបន្ថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ