រុស្ស៊ីថា​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​អាមេរិក នឹង​ក្លាយ​ជា​គោលដៅ​ស្របច្បាប់​សម្រាប់​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន

ប្រព័ន្ធការពារមីស៊ីល Patriot ត្រូវបានគេឃើញនៅអាកាសយានដ្ឋាន Sliac ក្នុងទីក្រុង Sliac ជិត Zvolen ប្រទេស Slovakia ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។ (REUTERS/Radovan Stoklasa)

វិមានក្រឹមឡាំង បានលើកឡើង​កាល​ពី​ថ្ងៃ​ពុធ​ថា ប្រព័ន្ធ​ការ​ពារ​មីស៊ីល Patriot របស់​អាមេរិក​ នឹង​​ក្លាយ​ជាគោ​ល​ដៅស្រប​ច្បាប់​សម្រាប់​ការ​វាយ​ប្រហារ​របស់​រុស្ស៊ីលើអ៊ុយក្រែន ប្រសិន​បើអាមេ​រិក​ហ៊ាន​បញ្ជូន​ប្រព័ន្ធ​ការ​ពារ​មីស៊ីលប្រភេទនេះទៅកាន់ទីក្រុងកៀវ (Kyiv)។

មន្ត្រីអាមេរិក​បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាល​ពីថ្ងៃអង្គារ និងត្រូវបានចុះផ្សាយនៅថ្ងៃនេះ​​ថា ទីក្រុង​​វ៉ាស៊ីនតោន កំពុង​​​ធ្វើ​សេចក្តីសម្រេចចុងក្រោយនៃផែនការ​បញ្ជូន​ប្រព័ន្ធការ​ពារ​មីស៊ីល Patriot ទៅកាន់ប្រទេសអ៊ុយក្រែន ដែលអាចនឹងប្រកាសជាផ្លូវការក្នុងអំឡុងសប្តាហ៍នេះ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ​ (Dmitry Peskov) បាននិយាយថា ប្រព័ន្ធការ​ពារ​មីស៊ីល Patriots របស់អាមេរិក ប្រាកដណាស់នឹងក្លាយជាគោលដៅវាយប្រហាររបស់រុស្ស៊ី។

ប្រព័ន្ធកា​រពារ​មីស៊ីល Patriot ត្រូវបានគេចាត់ទុកថា​ជាប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបំផុតរបស់​អាមេរិក។ វាមានសមត្ថភាពប្រឆាំងនឹងយន្តហោះ ស៊ីស៊ីលបណ្ដែត (cruise missiles) និងមីស៊ីលផ្លោង (ballistic missiles)

ស្ថានទូតរុស្ស៊ីប្រ​ចាំទីក្រុង​វ៉ាស៊ីន​តោន បាន​និយាយ​ថា ការបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot របស់អាមេរិក ទៅកាន់អ៊ុយក្រែន គឺជាការបង្កហេតុ ហើយអាចនាំឱ្យមានផលវិបាកដែលមិនអាច​ទាយ​ទុក​ជាមុន​បាន។

យោង​តាម​សារ​បង្ហោះនៅលើប្រព័ន្ធ​តេឡេក្រាម​របស់ស្ថានទូតរុស្ស៊ី បាន​ឱ្យដឹ​ង​ថា «បើទោះបីជាអាមេរិក​មិន​បាន​ផ្តល់​ប្រព័ន្ធកា​រពារ​មីស៊ីល Patriots ទៅ​ឱ្យអ៊ុយក្រែនក៏ដោយ ក៏អាមេរិកកំពុងផុងកាន់តែជ្រៅទៅក្នុងជម្លោះ​ជាមួយ​រុស្ស៊ី»។

សារនោះបន្តថា៖ «អាមេរិក ជាអ្នកទទួលខុសត្រូវចំពោះសង្គ្រាមដែលកំពុងអូសបន្លាយ និងកាន់តែមានភាពតាន​តឹង​ខ្លាំង​ឡើង»។

មន្ទីរបញ្ចកោណ និយាយថា ការ​វាយ​ប្រហារដោយមីស៊ីលកាន់តែច្រើនឡើងរបស់រុស្ស៊ីលើអ៊ុយក្រែន គឺដើម្បីកម្ទេចប្រព័ន្ធការពារដែនអាកាសដែលត្រូវ​បាន​ផ្គត់​ផ្គង់​ឱ្យ​ទីក្រុង​កៀវ (Kyiv)។ ហេតុ​នេះហើយ អាមេរិក និងសម្ពន្ធមិត្ត បាន​និង​កំពុង​ផ្តល់​ការ​ការ​ពារ​ដែន​អាកាសបន្ថែមទៀតសម្រាប់ទីក្រុងកៀវ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ទីក្រុងវ៉ាស៊ីនតោន បានផ្តល់ជំនួយយោធាចំនួន ១៩,៣ ពាន់លានដុល្លារដល់​អ៊ុយ​ក្រែន ចាប់តាំងពីជម្លោះចាប់ផ្តើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ