តាមការស្រាវជ្រាវបឋម សមត្ថកិច្ចថាគ្រាប់បែកដែលប្រទះឃើញនៅមុខក្រុមហ៊ុនណាហ្គាមានជនបង្កជាជនជាតិចិន

អាជ្ញាធរខណ្ឌចំការមន មកពិនិត្យទីតាំងផ្ទុះគ្រាប់បែកដៃដែលត្រូវបានជនអនាមិកមកផ្លុងចោលនៅក្បែររដ្ឋសភាជាតិ និងក្រុមហ៊ុនណាហ្គាវើលដ៍២ ដោយហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឱ្យដឹងថា តាមការ​ស៊ើបសង្កេត​បឋម គ្រាប់បែកដៃដែល​ប្រទះឃើញនៅមុខ​ក្រុមហ៊ុនណាហ្គា​វើលដ៍២​នោះ​​ សមត្ថកិច្ចបាន​រកឃើញជន​បង្ក​ជាជន​​ជាតិ​ចិន ដោយ​គ្រាប់បែកដៃនោះត្រូវបាន​គេ​ដឹក​តាមរថយន្ត​ទំនើបមួយគ្រឿង ហើយជ្រុះនៅតាមដង​ផ្លូវ​នៃ​កន្លែង​កើតហេតុ។​

នៅព្រឹក​ថ្ងៃព្រហស្បតិ៍នេះ មាន​ការ​ភ្ញាក់ផ្អើលមួយ​ ក្រោយ​ស្ត្រីជាអ្នកបោសសម្អាតតាមដងផ្លូវ បាន​ប្រទះឃើញគ្រាប់បែកមួយគ្រាប់នៅមុខ​ក្រុមហ៊ុនណាហ្គា​វើលដ៍២ ​ក្បែររដ្ឋសភា ក្នុងខណ្ឌចំការ​មន រាជធានីភ្នំពេញ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា គ្រាប់បែកដៃដែល​ស្ត្រី​អ្នកបោស​សម្អាតផ្លូវនោះបានប្រទះឃើញ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ​រកឃើញជា​បឋម ថាមានជន​បង្កជាជនជាតិចិន។

លោករៀបរាប់ឱ្យដឹងថា៖ «មិនមែនជាគ្រាប់បែកបង្កៃទេ​ តាមការ​ស៊ើបអង្កេត និងសាក្សី យើងរកឃើញ​ថាមានឡានមួយបើកទៅ ពេលបើកទៅ ក៏វាជ្រុះពីឡាននោះ គ្រាប់បែកនោះជ្រុះមួយដុំ ជ្រុះរបស់មួយដុំពីឡាន។ ដល់ព្រលឹមឡើង អ្នកអនាម័យយើងនោះ គាត់ធ្វើការ​ព្រលឹមឡើង​  គាត់ឃើញ គាត់ក៏រើស​យកមកដាក់កន្លែងសួនច្បារហ្នឹង ហើយ​គាត់ក៏មានការ​សង្ស័យ គាត់រាយការណ៍ឱ្យ​អ្នកក្បែរហ្នឹង […] យើង​រកលេខឡានហ្នឹងឃើញហើយ ជាឡានទំនើបមួយ ហើយ​​យើងក៏ឆែកទៅក្រសួងគមនាគមន៍ ក៏ឃើញអត្តសញ្ញាណអ៊ីចឹងដែរ។ អ៊ីចឹង​​​យើងកំពុងតែតាមដានរកមើល​ជនល្មើសថា​តើវា​ទម្លាក់របស់ហ្នឹងយ៉ាងម៉េចសិន»។

តែយ៉ាងណា លោក ខៀវ សុភ័គ យល់ឃើញថា ករណីនេះមិនមែនជារឿង​ភេរវកម្ម ឬរឿង​នយោ​បាយ​នោះទេ អាចជារឿង​ដែលជនបង្កចាញ់ល្បែងច្រើនជាង។

លោក ខៀវ សុភ័គ ថ្លែង​ថា៖ «ដូច្នេះ​ ក្នុងជំហានដំបូងនេះ យើងរកឃើញ​ថា វាមិនមែនជារឿង​ភេរវកម្មអីទេ ហើយក៏មិនមែនជារឿង​នយោបាយ គំរាមកំហែងអី អត់មានទេ! គ្រាន់ថា ​ទីមួយ វាអាចជាជម្លោះឈ្លោះគ្នា ឬក៏ការ​គំរាម​គ្នា​ក្នុង​​​រឿង​ល្បែងស៊ីសងនេះ ដូចថាចាញ់ល្បែងគំរាមគ្នា អាចអ៊ីចឹងច្រើនជាង»។

អគ្គស្នងការ​រងនគរបាលជាតិ និងជាស្នងការ​នគរបាល​រាជធានីភ្នំពេញ លោក ស ថេត មាន​ប្រសាសន៍​ថា សមត្ថកិច្ចជំនាញបាននិងកំពុងសហការគ្នា​ស្វែងរកជនសង្ស័យ ដើម្បី​មាន​ចំណាត់ការ​ទៅតាមផ្លូវច្បាប់។

លោកថា៖ «រឿងហ្នឹង ពីណាទេ គេ​យកទៅប្លុង [ចោល] ហើយអ្នកអនាម័យ បោសសំរាម គេ​រកឃើញ! ដល់​អ៊ីចឹងទៅ ខាងស៊ីម៉ាក់ គេយកទៅបំផ្ទុះចោលទៅ គេ​កម្ទេច​ចោល។ គេកំពុងធ្វើ​[សមត្ថ​កិច្ចកំពុងស្រាវជ្រាវ] អត់មានអ្នកណាគេ​ដឹងភ្លាមទេ គេកំពុងរួមដៃគ្នាដើម្បី​ស្រាវជ្រាវ​ កំពុងតែកំណត់»។

ស្រ្តីជាអ្នកបោសសំរាមដែលបានប្រទះឃើញគ្រាប់បែកនោះ អ្នកស្រី ពៅ សាវី បាន​រៀប​រាប់ប្រាប់​អ្នកសារព័ត៌​មាន​​នៅ​កន្លែង​កើត​ហេតុ​នោះ​ថា នៅម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី១៥ ខែ​ធ្នូ ឆ្នាំ២០២២​នេះ អ្នកស្រី​បាន​ទៅ​​បោស​សំ​រាម​​ដូ​ច​សពដងនៅតាមដងវិថីរដ្ឋសភា ​ស្រាប់តែពេលនោះ អ្នកស្រីបានប្រទះឃើញវត្ថុម្យ៉ាងពណ៌ស និងមានសភាពស្អិត ហើយអ្នកស្រីក៏បានកាយមើល ស្រាប់​តែប្រ​ទះ​ឃើញ​គ្រាប់បែក​នោះតែម្តង ទើបអ្នកស្រីប្រញាប់រាយការណ៍ទៅសមត្ថកិច្ច​។

អ្នកស្រីថា៖ «ខ្ញុំកាយមើលសង្ស័យ សង្ស័យគ្រាប់ស្អីគេ ក៏កាយមើល​ ដល់កាយ​ចេញជារូបគ្រាប់ ខ្ញុំនៅ[មិនអស់ចិត្ត]នេះទៀត ស្មានតែដបទឹកអប់ ខ្ញុំកាយទៀត កាយទៅឃើញខ្សែភ្លើង។ វាអត់មាន​ថង់ទេ វានៅស្អិតៗដូចនំខេក ឬរបៀបថង់ប្លាស្ទិក»។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) លោក ហេង រតនា មានប្រសាសន៍ថា គ្រាប់​បែក​​​ដែលត្រូវ​បាន​ប្រទះឃើញ​នោះ ជាប្រភេទ​​គ្រាប់​​បែ​ក​​ដៃ ហើយ​​វា​បានផ្ទុះ ខណៈមន្ត្រីជំនាញ​កំពុងឆែកប្រព័ន្ធសុវត្ថិភាព។

លោកថា៖ «គ្រាប់បែកដៃ […]​ យើងចូលទៅធ្វើការទៅ ឆែកសុវត្ថិភាព គេ​ដាក់ខ្សែទាញមើល​អីទៅ វាក៏ផ្ទុះ»។

ទោះជាយ៉ាងណា​ បើតាម​សមត្ថកិច្ច​​ ហេតុការណ៍នេះ​ពុំបានបណ្តាលឱ្យ​នរណាម្នាក់រងរបួស​ ឬគ្រោះថ្នាក់ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ