ពលរដ្ឋ​អះអាង​ថា គម្រោង​បែងចែក​ដី​របស់​ធនាគារ​ពិភពលោក​បង្ក​ជា​បញ្ហា​ផ្សេងៗ​ដល់​តំបន់

ផ្ទះតម្រៀងជាជួរនៅអមសងខាងផ្លូវ ជាផ្នែកនៃគម្រោងបែងចែកដី Lased ជំហាន២ របស់ធនាគារពិភពលោក នៅឃុំដូង ខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ (Danielle Keeton-Olsen/VOD)

ស្ថិតនៅក្នុងតំបន់មួយនៃខេត្តកំពង់ធំ រដ្ឋាភិបាលបានបញ្ចប់កម្មវិធីព្រៃឈើសហគមន៍មួយ ខណៈដើមឈើដែលនៅសេសសល់ទាំងឡាយកំពុង​តែ​ត្រូវបានកាប់ចេញ ដើម្បី​​បង្កើតជាគម្រោងភូមិ​មួយរបស់ធនាគារពិភពលោក។ នៅក្នុងតំបន់មួយផ្សេងទៀត ដីស្រែចម្ការរបស់កសិករមួយចំនួនក៏ត្រូវ​បាន​ដកហូត​សម្រាប់​គម្រោង​ដូច​គ្នានេះផង​ដែរ។

គម្រោងទាំងពីរនេះ គឺជាផ្នែក​មួយ​នៃ​ចក្ខុវិស័យ​របស់​ធនាគារ​ពិភព​លោក​ ក្នុង​ការ​ផ្ដល់​ដី និង​ឱកាស​ដល់ពលរដ្ឋ​ក្រីក្រនៅ​ជន​បទ​របស់​ប្រទេស​កម្ពុជា។ ទោះ​ជាយ៉ាងណា ករណីនេះបានធ្វើឱ្យអ្នកស្រុកមានការ​ងឿងឆ្ងល់ថា ហេតុអ្វីបានជាពួកគេត្រូវបាត់បង់ដីស្រែចម្ការ ឬព្រៃសហគមន៍ សម្រាប់គម្រោងទាំងនេះ​ទៅវិញ?

អ្នកយកព័ត៌មានបានចុះទៅកាន់ទីតាំង​ចំនួន​ពីរ​ដែល​ត្រូវបានរៀបចំដើម្បីបែងចែកដី ក្រោមមូល​និធិរបស់​ធនាគារពិភពលោក​ក្នុងខេត្តកំពង់ធំ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​តំបន់​ផ្ទះដែលត្រូវបានផ្ដល់រួចរាល់ នៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក និង​ដីព្រៃដែលនឹង​ត្រូវ​កាត់​យក​ក្នុង​ឃុំ​ស្រើង ស្រុក​ប្រាសាទសំបូរ។

ទាក់ទិននឹងករណីនេះ ប្រជាសហគមន៍បានឱ្យដឹងថា ពួកគេ​បាន​បាត់​បង់​ដី និង​ព្រៃឈើ ​ក្នុង​ដំណើរ​ការនេះ ខណៈ​អ្នកដែល​ទទួល​បាន​ពីគម្រោង លើកឡើងថា វាមិនបានធ្វើឱ្យប្រាក់ចំណូលរបស់ពួកគេកើនឡើងនោះទេ។

ធនាគារពិភ​ពលោក​ បានបង្កើតគម្រោង​បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED)​ ក្នុងឆ្នាំ២០០៧។ គម្រោងនេះមានគោលបំណងជួយដល់ប្រជាជនក្រីក្រ ឬអ្នកដែលគ្មានដី ឱ្យ​ទទួលបាន​ដី ដើម្បី​ដោះស្រាយ​ជីវភាព និង​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​ភូមិឃុំរបស់ពួកគេ។

គម្រោង​នេះបាន​ដឹកនាំ​រដ្ឋាភិបាល​បង្កើត​ភូមិ​ថ្មី​ចំនួន​១៣ នៅទូទាំង​ប្រទេស ​រហូត​ដល់​ឆ្នាំ​២០១១ ដែលបន្ទាប់​មក ​ធនាគារ​ពិភព​លោក ក៏បាន​ផ្អាក​ការ​ផ្ដល់​កម្ចី​ថ្មី​ដល់​ប្រទេស​កម្ពុជា​រយៈ​ពេល ៥​ឆ្នាំ ដើម្បីឆ្លើយតប​ទៅនឹ​ង​ការ​បណ្ដេញ​ចេញ​ដោយ​ហិង្សា​របស់​អាជ្ញាធរនៅក្នុងតំបន់បឹងកក់ រាជធានីភ្នំពេញ។

បើទោះបីជាការបង្កក​ប្រាក់កម្ចីរបស់ធនាគារមានរយៈពេលរហូតដល់ឆ្នាំ​២០១៦ក៏ដោយ ឯក​សារគម្រោង​បង្ហាញ​ថា ធនាគារ​ពិភព​លោក​បាន​ចាប់​ផ្តើម​សាង​សង់​តំបន់​ថ្មីមួយ​នៅ​ឃុំ​ដូង ខេត្ត​កំព​ង់ធំ ក្នុងឆ្នាំ​២០១៤ សម្រាប់ដំណាក់កាលបន្ទាប់នៃគម្រោង LASED របស់ខ្លួន។

ទោះជាយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំ មុនពេលដែលគម្រោងនេះត្រូវបានបែងចែកនៅឆ្នាំ​២០១៩ ដីនេះត្រូវបានរកឃើញថាមានអ្នកកាន់កាប់រួចទៅហើយ។

ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោក ប្រចាំនៅកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម មិនបានឆ្លើយតបសំណួរតាមរយៈអ៊ីម៉ែល ថាតើលោកស្រីស្គាល់អតីតអ្នកកាន់កាប់ដីក្នុងឃុំដូងណាម្នាក់ដែលត្រូវបានបែងចែកនៅឆ្នាំ​២០១៩ ឬទេ។

ប៉ុន្តែលោកស្រីបញ្ជាក់ថា គម្រោង LASED ជំហាន២ បានបែងចែកផ្ទៃដីទំហំ ១៧ ០០០​ហិកតា ដល់ ៥ ០៩១​គ្រួសារ ដល់ចុងខែធ្នូ ឆ្នាំ​២០២២ ដែលក្នុងនោះមាន ៣ ៩៦០​គ្រួសារ ទទួល​បាន​បណ្ណ​កម្មសិទ្ធ​ិដីធ្លី។

លោកស្រីបន្ថែម​ថា ដំណើរការជ្រើសរើស គឺរួមមានទាំងការពិនិត្យមើលពីផលប៉ះពាល់បរិស្ថាន និងសង្គម ប្រកបដោយតម្លាភាព ការបង្ហាញជាសាធារណៈនៃបញ្ជីបេក្ខជន ការពិនិត្យមើលលើពាក្យស្នើសុំ និងការបង្ហាញជាសាធារណៈនៃបញ្ជីជ្រើសរើស។

លោក​ស្រី​​ថា៖ «ការ​ទទួល​បាន​ដី​ធ្លី និង​ការ​លើក​កម្ពស់​ផលិតភាព​កសិកម្ម​ គឺ​មាន​សារៈ​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា ជា​ពិសេស​ពលរដ្ឋ​ក្រីក្រ​នៅ​តាម​ជនបទ»។

ជម្លោះនៅក្នុងឃុំដូង

ក្នុងអំឡុងរយៈពេលប្រមាណជា​ ៤​ឆ្នាំ​ កន្លង​ទៅ លោក ធីវ អឿត បាន​លើកឡើង​ថា ខ្លួន​បាន​ឮ​អ្នក​ភូមិ​ដូង​​ផ្សេង​​ទៀត​លក់​ដី​ស្រែ​​ទៅ​ឱ្យ​ក្រុមហ៊ុន​មួយ ដែល​​គាត់​មិន​ចាំឈ្មោះក្រុមហ៊ុននោះឡើយ។

ទោះជាយ៉ាងណា លោកពុំ​បាន​ធ្វើតាមអ្នកភូមិទាំងនោះឡើយ ដោយ​​បាន​រក្សា​ទុកដី​ទំហំ៨ហិកតា​របស់​លោកដដែល។

លោក​ថា៖ «ដី​នោះ គឺខ្ញុំទទួល​បាន​មក​ពី​ឪពុករបស់​ខ្ញុំ។ នេះហើយជា​មូលហេតុ​ដែល​ខ្ញុំ​មិន​ព្រម​លក់​វា​ទៅ​ឱ្យ​ក្រុមហ៊ុន។ ខ្ញុំ​ចង់​ចែក​ដីនេះបន្តទៅឱ្យកូនរបស់​ខ្ញុំ»។

បន្ទាប់មក រដ្ឋាភិបាល​ក៏បាន​មក​យក​ដី​របស់គាត់ ហើយ​នៅពេលដែល​គាត់ និង​អ្នកស្រុក​ផ្សេងទៀត​តវ៉ាទាក់ទងនឹង​ការបាត់បង់​ដីស្រែ​របស់​ពួកគេ ខាងខេត្ត​បាន​បញ្ជូន​កងរាជអាវុធ​ហត្ថ​មកធ្វើអន្តរាគមន៍។

ទាក់ទិននឹងជម្លោះនេះ លោក ធីវ អឿត បន្ថែមថា៖ «​យើង​ឈប់​និយាយ​ពី​វាទៀតហើយ ​ព្រោះ​យើង​ខ្លាច​គេ​ចាប់​ខ្លួន​»។

ក្រោយមក រូបលោកនិងអ្នកភូមិផ្សេងទៀតក៏ត្រូវបានកោះហៅឱ្យដាក់ពាក្យស្នើសុំដីលំនៅឋាន និងដីស្រែចម្ការ នៅទីតាំងដដែលដែលគាត់ធ្លាប់កាន់កាប់។

លោក​ថា៖ «ប្រជាជន​ទាំង​នោះ​បាន​តវ៉ា ប៉ុន្តែចុងក្រោយ ​ពួកគេ​គ្មាន​ជម្រើសអ្វីនោះទេ ដូច្នេះហើយ អ្វីដែល​ពួកគេ​អាចធ្វើបាន គឺមាន​តែ​ដាក់​ពាក្យ​សុំ​ដី​របស់​ពួកគេ​មកវិញប៉ុណ្ណោះ។ ខ្ញុំ​ក៏បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​ដែរ ប៉ុន្តែ​វា​យឺត​ពេល​ហើយ [​ក្នុងការទទួល​បាន​ដី​មកវិញ​]»។

យោងតាមកាសែតភ្នំពេញប៉ុស្តិ៍ បានរាយការណ៍កាលពីខែមិថុនា ឆ្នាំ​២០១៩ ​ថា ប្រជាពលរដ្ឋនៅឃុំដូងបាន​បន្តការតវ៉ាអស់រយៈពេលជាង១ខែ ក្រោម​ការ​យាម​កាម​ដោយ​មន្ត្រី​​ប៉ូលិស​ និង​​កង​​រាជ​​អាវុធ​​ខេត្ត​កំពង់​​​ធំ​​ ជិត​១០០​​នាក់ បន្ទាប់ពីមានករណីពលរដ្ឋដែល​មាន​ចំនួន​៤៧០​​គ្រួសា​រ ត្រូវបាន​អាជ្ញា​ធរ​ខេត្ត​រារាំង​មិន​ឱ្យ​ចូល​ទៅ​កាន់​ដី​ស្រែរបស់ពួកគេ។​

ទីតាំងជម្លោះនេះ ដំបូងឡើយ ត្រូវបានហៅថា​ជា​ដី​សម្បទានសង្គមកិច្ច ដែលមិនមែនជាគម្រោង LASED នោះទេ។ ទោះជាយ៉ាងណា ក្នុង​រយៈ​ពេល​២ខែ​ក្រោយ​មក កាសែតមួយ​នេះក៏​បាន​រាយការណ៍​ថា រដ្ឋាភិបាល​បាន​ផ្ដល់​ពី​ដី​ស្រែចម្ការដល់​ប្រជាពលរដ្ឋ​ឃុំដូ​ង​ ក្នុង​មួយ​គ្រួសារ ទំហំ២​ហិកតា និង​ផ្ទះ​លំនៅឋាន​ក្រោម​គម្រោង LASED ជំហាន២ របស់ធនាគារពិភពលោក។

ទាក់ទិននឹងករណីនេះ អង្គការសិទ្ធិមនុស្សលីកាដូ ក៏បានឱ្យដឹងដែរថា ប្រជាពលរដ្ឋចំនួន ៥៨៦​គ្រួសារ បាន​ទាម​ទារ​ដី​នៅ​ក្នុង​ដី​សម្បទាន ហើយយ៉ាងហោចណាស់​មានអ្នកផ្ដួចផ្ដើមការតវ៉ាម្នាក់ត្រូវ​បាន​ចាប់ដាក់​ពន្ធនាគាររយៈពេល ៦ខែ។

គិតចាប់តាំង​ពី​បាត់​បង់​ដីធ្លី​មក លោក ធីវ អឿត ដែលមានវ័យ៦៥​ឆ្នាំ បានឱ្យដឹងថា រូបលោកពិតជាមានការលំបាកក្នុងការ​រក​ប្រាក់ ​​ដើម្បី​ចិញ្ចឹម​កូន​ចំនួន១២​នាក់ បើទោះ​បី​ជាខ្លួន​មាន​ដី​តូចមួយ​នៅ​កន្លែង​ផ្សេង​ទៀតក៏​ដោយ។

លោកថា​៖ «​ខ្ញុំ​រស់នៅដោយពឹង​ផ្អែក​លើ​ដី​ស្រែ​។ បច្ចុប្បន្ន​នេះ ​ខ្ញុំនៅសល់​ដី​តូចមួយប៉ុណ្ណោះសម្រាប់អាស្រ័យផល​»។

ការ​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍

ពលរដ្ឋរស់នៅជុំវិញភូមិថ្មី ឃុំស្រើង ក្នុងឆ្នាំនេះ បាន​ឮពីអាជ្ញាធរស្រុកថា ភូមិរបស់ពួកគេនឹងទទួលបានអ្នកចំណូលថ្មីបន្ថែមទៀត។ នេះបើតាមការលើកឡើងដោយអ្នកស្រី ឡៅ ធារី អាយុ៤០​ឆ្នាំ ដែលប្រកបរបរលក់ភេសជ្ជៈនៅខាងលិចភូមិ។

បើទោះបីជាភូមិរបស់ពួកគេមានទីតាំងជិតដីសម្បទានរបស់គម្រោង LASED ចំនួន២ នៅ​ក្នុង​ស្រុកប្រាសាទ​សំបូរ និង​ស្រុក​សណ្ដាន់ ដែលត្រូវបានផ្តល់កាលពីខែមករាក៏ដោយ អ្នក​ស្រីថា​ ខ្លួន​បាន​ឮ​រួចហើយ​ថា ពលរដ្ឋក្នុងភូមិថ្មីនឹងមិនទទួលបានអត្ថប្រយោជន៍អ្វីនោះទេ។

​មេ​ភូមិ​ថ្មី លោក ប៉ា សុខ ក៏​ហាក់​មិន​មាន​ការ​​រំភើប​ចិត្ត​ចំពោះ​ដំណឹងនៃការ​ទទួលបានអ្នកចំណូលថ្មីនេះផងដែរ។

លោកថា ភូមិ​ថ្មី និង​ភូមិ​​២​ផ្សេង​ទៀត នៅក្នុងឃុំស្រើង ​ធ្លាប់​ទទួល​ចំណូលពី​តំបន់​ព្រៃ​សហគមន៍​​ដែលបច្ចុប្បន្ន​ស្ថិត​នៅក្នុ​ង​គម្រោង ​LASED ចំនួន២ ទាំង​​ស្រុង។

ទាក់ទិននឹងករណីនេះ លោក ប៉ា សុខ បន្តថា អ្នកភូមិថ្មីនឹងខិតខំប្រឹងប្រែងដើម្បីការពារតំបន់ដែលបានកំណត់សម្រាប់ភូមិរបស់ពួកគេ។

លោក​ថា៖ «វាគឺ​ជា​ដី​រដ្ឋ ប៉ុន្តែ​យើង​ចង់​ការពារ​ព្រៃ​ឈើ ដូច្នេះ​ហើយយើង​បាន​ប្រមូល​សហគមន៍​ដើម្បី​ការពារ​ព្រៃឈើ»។

លោកបន្ថែមថា ព្រៃនេះធ្លាប់​មានជ្រូកព្រៃ ក្ដាន់ មាន់ព្រៃ និងអណ្ដើក ប៉ុន្តែគិតចាប់តាំងពីភូមិថ្មីត្រូវបានប្រកាសបង្កើត ក្នុងនោះ ដើមឈើប្រមាណជា ៥០% ជាពិសេសដើមឈើធំៗ និងមានតម្លៃ ត្រូវបានកាប់ចេញ។

លោក ប៉ា សុខ ថា៖ «​ចាប់​តាំង​ពីមានគម្រោង​ LASED នោះមក ​ពួកគេ​បាន​ចាប់​ផ្ដើម​កាប់​ឈើ​ ដែលពួកគេភាគច្រើនជា​អ្នក​មក​ពី​ស្រុក​ផ្សេង​»។

មេភូមិរូបនេះបន្ត​ថា លោក​ចង់​ស្នើឱ្យ​មន្ត្រី​ជួយ​អភិរក្ស​​ផ្ទៃដី​​ប្រមាណជា ១៥០​ហិកតា ដែល​​លោក​អះ​អាង​​​ថា​​ជាកន្លែងស័ក្តិសិទ្ធិរបស់​​ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកក៏បានសម្តែងការខកចិត្តផងដែរ ដែលភូមិរបស់គាត់មិនត្រូវបានដាក់បញ្ចូលក្នុងគម្រោង LASED។

លោកថា៖ «​យើង​អស់សង្ឃឹមជាខ្លាំង បន្ទាប់​ពី​ពួក​គេ​មកយក​ដី​។ ពលរដ្ឋ​មាន​អារម្មណ៍​ថា​បាត់​បង់​វា។ នៅ​ទី​បំផុត ផល​ប្រយោជន៍​បាន​ទៅ​ដល់​ឃុំ​ផ្សេង​ទៀត»។

សមាជិកល្បាតព្រៃមួយរូប អ្នកស្រី ហួង អូន បានលើកឡើងថា ព្រៃសហគមន៍ដំណាក់ត្រសែង បានទទួលថវិកាសម្រាប់សកម្មភាពល្បាត ចាប់ពីឆ្នាំ​២០១៦ ដល់ឆ្នាំ​២០១៨ ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ការ​ល្បាត​ដោយ​ស្ម័គ្រចិត្ត​នៅ​តែ​បន្ត​ធ្វើឡើង បើទោះបីជាមិនទទួលបានថវិកាជំនួយ​ក៏ដោយ។

យោង​​តាម​​ផែនទី​ព្រៃ​សហគមន៍​ ដែល​ចងក្រង​ដោយ​អង្គការ​បរិស្ថាន Recoftc ព្រៃ​សហគមន៍​នេះធ្លាប់​លាត​សន្ធឹង​​លើ​​ផ្ទៃដី​​ជិត៤ ០០០​ហិកតា

ទោះជាយ៉ាងណា អ្នកស្រី ហួង អូន បន្ថែម​ថា ព្រៃដែលនៅសេសសល់ គឺមានចំនួនពី ២០០ ទៅ ៣០០ហិកតា​ប៉ុណ្ណោះ ខណៈសមាជិកសហគមន៍ព្រៃឈើបច្ចុប្បន្ននេះ ក៏កំពុងតែព្យាយាមចុះបញ្ជីជាតំបន់ការ​ពារ​ម្តង​ទៀត​ផង​ដែរ ប៉ុន្តែការការពារតំបន់នោះ គឺជារឿងដែលពិបាកមួយ ដោយ​សារ​តែ​អ្នក​កាប់ឈើចុះមក​ក្រោម​គម្រោង LASED។

អ្នកស្រីថា៖ «យើងបានបញ្ឈប់សកម្មភាព[ល្បាត] នៅពេលដែលគម្រោង LASED ចូលមក។ ពួកគេបានយកព្រៃ។ យើង​គ្មាន​សង្ឃឹម​នឹង​ធ្វើ​ការបន្ត​ទៀត​ទេ។ យើងពិតជានឿយហត់ខ្លាំងណាស់»។

ជីវភាពរស់នៅក្នុងគម្រោង LASED

តាមរយៈការចុះទៅ​កាន់​ឃុំ​ដូង កាលពី​ចុង​ខែ​វិច្ឆិកា អ្នក​ដែលទទួលបាន​ដីពីគម្រោង LASED ​​បានថ្លែងប្រាប់អ្នក​យក​ព័ត៌មានថា ពួក​គេ​មិនសូវរស់​នៅ​លើ​ដី​ថ្មី​ [ដីដែលទទួលបានពីគម្រោង LASED] របស់​ខ្លួននោះទេ។

កសិករមួយចំនួនក៏បានឱ្យដឹងផងដែរថា ពួកគេក៏មានដីក្នុងកន្លែងផ្សេងទៀតក្នុងឃុំរួចដែរ មុនពេលដែល​គម្រោង​របស់​ធនាគារពិភពលោកចូលមក ហើយផ្តល់ដីដល់ពួកគេ។

លោក ទៀម ខាន់ អាយុ៤២ឆ្នាំ និងភរិយា អ្នកស្រី ឆុង ថុន អាយុ៤៦ឆ្នាំ ដែលប្រកបរបរចិញ្ចឹមចង្រិតសម្រាប់​លក់ បានលើកឡើងថា គម្រោង LASED បានអនុញ្ញាតឱ្យគ្រួសាររបស់ពួកគេមានលទ្ធភាពអាចរើចេញពីផ្ទះឪពុកម្តាយរបស់ពួកគេបាន។

ទោះជាយ៉ាងណា អ្នកស្រី ឆុង ថុន បានអះអាងថា សម្រាប់ទីតាំងថ្មីនេះ គឺអ្នកស្រីពុំអាចលក់បានក្នុងចំនួនច្រើន ដូចពេលដែលខ្លួនរស់នៅផ្ទះចាស់ជាមួយឪពុកម្ដាយនោះទេ។

ខណៈប្រឈមនឹង​បញ្ហាជាច្រើននៅក្នុងទីតាំងថ្មី អ្នកស្រីបន្ថែមថា ដំបូងឡើយ ដីមានលក្ខណៈ​ស្ងួត ​ដែលពិបាក​ទាញយក​ទឹកមកប្រើប្រាស់។ ប៉ុន្តែអ្នកស្រីថា នៅ​ដើម​ឆ្នាំ​នេះ ​ទឹកស្រាប់តែ​ឡើង​មកត្រឹម​ជង្គង់ ដែលតម្រូវឱ្យ​គ្រួសាររបស់អ្នកស្រីត្រូវមករស់នៅក្នុង​តង់​ នៅ​តាមដង​ផ្លូវ ដែលជាទីខ្ពស់។

អ្នក​ស្រី​បន្តថា៖ «​ស្រូវក៏នឹងមិនផ្ដល់ផល​ល្អ​ផងដែរ​នៅ​ឆ្នាំ​នេះ ​ដោយ​សារ​តែទឹក​ជំនន់​»។

ទាក់ទិននឹងករណីនេះ មេឃុំ​ដូង មកពី​គណបក្ស​ភ្លើង​ទៀន លោក ពឹង សុហន់ បានឱ្យដឹងថា ដីរបស់គម្រោង LASED គឺជាឱកាសថ្មីសម្រាប់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍអាជីវកម្មកសិកម្មរបស់ពួកគេ។

ពលរដ្ឋមួយរូបទៀត អ្នកស្រី ឌិត ម៉ុន បានលើកឡើងថា អ្នកស្រីនៅមិន​ទាន់​មាន​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លីដែលផ្ដល់ដោយគម្រោង LASED ​នៅ​ឡើយ​ទេ ខណៈអ្នកស្រីធ្លាប់បាន​ឮ​ថា ខ្លួន​ត្រូវ​កាន់​កាប់​ដី​នេះ​អស់​រយៈ​ពេល​៥​ឆ្នាំ ​ទើបអាចទទួល​បាន​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លីបាន។

កសិករ​​វ័យ៥៦​ឆ្នាំ​រូប​​នេះ​បាន​​លើ​ក​ឡើង​ថា ខ្លួន​សប្បាយ​ចិត្ត​ដែលទទួលបាន​ដី​ថ្មី​នេះ ប៉ុន្តែ​អ្នកស្រី​មិន​មាន​​ជំនឿចិត្តថាខ្លួន​​អាច​រក្សា​ដីនេះបាន​ជារៀងរហូតនោះទេ។

អ្នកស្រីថា៖ «វាជាក្ដី​បារម្ភមួយ​ ដោយសារតែយើងនៅមិនទាន់ទទួលបានបាន​បណ្ណ​កម្ម​សិទ្ធិ​ដីនោះទេ។ វាជាកន្លែងថ្មី ហើយខ្ញុំក៏មិនអាចប្រាកដថា ខ្ញុំនឹងអាចរស់នៅទីនេះជារៀងរហូតបានឬយ៉ាងណាផងដែរ»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ World Bank Land Giveaway Marred by Problems

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ