រដ្ឋបាលអាហ្វហ្កានីស្ថានដឹកនាំដោយពួកតាលីបង់ ហាមស្ត្រីមិនឱ្យចូលសាកលវិទ្យាល័យ

អ្នកការពារសិទ្ធិស្ត្រីអាហ្វហ្គានីស្ថាននិងសកម្មជនស៊ីវិលតវ៉ាប្រឆាំងនឹងក្រុមតាលីបង់ ដើម្បីការពារសមិទ្ធផលនិងការអប់រំរបស់ពួកគេនៅមុខវិមានប្រធានាធិបតី ក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។ (REUTERS/Stringer/File Photo)

ក្រសួងផ្នែក​ឧត្ដម​សិក្សា​របស់​ប្រទេស​អាហ្វហ្កានីស្ថាន ដែល​គ្រប់​គ្រង​ដោយ​ពួក​តាលីបង់​ នៅ​ថ្ងៃ​អង្គារម្សិល​មិញ បាន​ហាម​ស្រ្តី​មិន​ឱ្យ​ចូល​សិក្សានៅសាកលវិទ្យាល័យទាំងឡាយ រហូតដល់មានការជូនដំណឹង​បន្ថែម ខណៈ​សកម្មភាពនេះទទួលបានការថ្កោលទោសយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក ចក្រ​ភពអង់គ្លេស និងអង្គការសហប្រជាជាតិ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

យោងតាមលិខិតមួយដែលត្រូវបាន​បញ្ជាក់​ដោយ​អ្នកនាំពាក្យរបស់ក្រសួងនេះ បាន​​​ណែនាំ​ដល់សាកល​វិទ្យាល័យ​សាធារណៈ និងឯកជនទាំងឡាយ នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ឱ្យផ្អាកទទួលការចូលសិក្សារបស់និស្សិតស្ត្រីជាបន្ទាន់ ស្របតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី។

ការប្រកាស​របស់​រដ្ឋបាលដែលមិនត្រូវបាន​ទទួលស្គាល់ជាអន្តរជាតិ​នេះ ក៏បានកើតឡើងស្របពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) បានជួបប្រជុំគ្នានៅទីក្នុងក្រុងញូវយ៉ក ស្តីពីប្រទេស​អាហ្វហ្កានីស្ថានផងដែរ។

គួរបញ្ជាក់ថា រដ្ឋាភិបាលបរទេស រួមទាំងសហរដ្ឋអាមេរិក បានលើក​ឡើង​ថា កា​រផ្លាស់​ប្តូរ​គោលនយោ​បាយ​ស្តី​ពី​ការ​អប់រំ​របស់​ស្ត្រី គឺជារឿងដែលចាំបាច់បំផុត មុនពេលដែលខ្លួនអាចពិចារណាទទួល​ស្គាល់ជាផ្លូវការ​នូវ​រដ្ឋបាល​ដែល​គ្រប់​គ្រង​ដោយ​ពួកតាលី​បង់។

ថ្លែងទៅកាន់​ក្រុម​ប្រឹក្សា ឯកអគ្គរដ្ឋទូតរងរបស់អាមេរិកប្រចាំអង្គការ​សហប្រជាជាតិ លោក Robert Wood បានឱ្យដឹងថា៖ «ពួកតាលីបង់មិនអាចរំពឹងថានឹងក្លាយជាសមាជិកស្របច្បាប់នៃសហគមន៍អន្តរ​ជាតិ​នោះ​ទេ រហូតដល់ពួកគេមានការគោរពសិទ្ធិដល់ជនជាតិអាហ្វហ្កានីស្ថាន​ទាំង​អស់ ជាពិសេស​សិទ្ធិ​មនុស្ស និង​សេរីភាពជាមូលដ្ឋានរបស់ស្ត្រី និងកុមារី»។

ជាមួយគ្នានេះ ​ឯក​អគ្គរដ្ឋទូត​ចក្រភព​អង់គ្លេសប្រចាំ​អង្គការ​សហប្រជាជាតិ​ លោកស្រី Barbara Woodward ក៏បានលើកឡើងដែរ​ថា ការហាមនេះ គឺ​ជា​ការ​បិទ​សិទ្ធិ​ស្ត្រីដ៏ធ្ងន់ធ្ងរមួយផ្សេងទៀត និងជាការខកចិត្តមួយដ៏ធំសម្រាប់និស្សិតស្រីគ្រប់រូប។

លោកស្រីបន្តប្រាប់ក្រុមប្រឹក្សាថា៖ «វាក៏ជាជំហានមួយទៀតរបស់ពួកតាលីបង់ ដែលព្យាយាមដាក់ប្រទេសអាហ្វហ្កានីស្ថានឱ្យនៅឆ្ងាយពីការរីកចម្រើន»។

ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​ លោក Stephane Dujarric ក៏បានចាត់ទុកការសម្រេច [ហាមស្រ្តីមិនឱ្យចូលសាកលវិទ្យាល័យ] នេះ ថា​ជាកា​រ​មិន​ធ្វើតាម​សន្យា​មួយ​ផ្សេង​ទៀតដោយ​ពួក​តាលីបង់ផងដែរ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន​នៅទីក្រុងញូវយ៉ក លោកថា៖ «វាជាសកម្មភាពដ៏លំបាកមួយផ្សេងទៀត ខណៈវាពិតជាលំបាកណាស់ក្នុងការស្រមៃពីរបៀបដែលប្រទេសនេះអាចអភិវឌ្ឍទៅមុខ និងដោះស្រាយរាល់បញ្ហាប្រឈមដែលខ្លួនមាន ដោយគ្មានការចូលរួមយ៉ាងសកម្មពីស្ត្រី និងការអប់រំរបស់ស្ត្រី»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ