វិមានក្រឹមឡាំង៖ ដំណើរ​ទៅ​កាន់​អាមេរិក​របស់​លោក ហ្សេលេនស្គី នឹង​មិន​ផ្ដល់​ប្រយោជន៍​អ្វីឡើយ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ក្នុងអំឡុងពេលកិច្ចប្រជុំនៅក្នុងសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ (REUTERS/Jonathan Ernst)

វិមានក្រឹម​ឡាំង (Kremlin) បាន​ឱ្យ​ដឹង​ថា ដំណើរ​ចាក​ចេញ​ទៅ​ក្រៅប្រទេស​របស់​ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃពុធម្សិលមិញនេះ នឹង​មិន​ផ្ដល់​ជា​លទ្ធផល​ល្អ​អ្វី​ឡើយ ខណៈរុស្ស៊ីក៏មើលមិនឃើញពីឱកាស​នៃ​កិច្ចចរចាសន្តិភាពណាមួយជាមួយអ៊ុយក្រែនផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង ​លោក ​ឌីមីទ្រី ប៉េស្កូវ​ (Dmitry Peskov) បានអះ​អាង​ថា ការ​បន្ត​ផ្គត់​ផ្គង់​សព្វាវុធរបស់លោកខាងលិច​ដល់អ៊ុយក្រែន នឹង​មាន​តែ​ធ្វើ​ឱ្យ​សង្គ្រាម​កាន់​តែធ្ងន់​ធ្ងរ​បន្ថែម​ទៀត​ប៉ុណ្ណោះ ហើយជាអ្វីដែលនឹងផ្ដល់ផលអាក្រក់ដល់អ៊ុយ​ក្រែន។

លោកបន្តថា៖ «ការផ្គត់ផ្គង់អាវុធនៅតែបន្តធ្វើឡើង ហើយកញ្ចប់នៃអាវុធដែល​នឹង​ត្រូវផ្គត់ផ្គង់​ក៏​កំពុង​តែ​ពង្រីក​ផង​ដែរ។ ករណីទាំង​អស់​នេះនឹងធ្វើឱ្យសង្គ្រាមកាន់តែធ្លាក់ចូលទៅក្នុងសភាពធ្ងន់ធ្ងរបន្ថែមទៀត។ វាមិនមានផលល្អសម្រាប់អ៊ុយក្រែននោះទេ»។

គួរបញ្ជាក់ថា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបជាមួយលោកប្រធានាធិបតី ចូ បៃដិន និងសភាអាមេរិក កាលពីថ្ងៃពុធម្សិលមិញ ដែល​​ជាដំ​ណើរ​ចាក​ចេញ​ទៅក្រៅប្រទេស​ជាលើកដំបូងរបស់លោក ​គិត​ចាប់​តាំង​ពី​រុស្ស៊ីបើក​ការ​ឈ្លាន​ពានទៅលើអ៊ុយក្រែន​​​​កាល​ពី​ខែ​កុម្ភៈ។

ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែននេះ សហរដ្ឋអាមេរិកក៏គ្រោងនឹងអនុម័តក្នុងការ​បញ្ជូន​កាំជ្រួច Patriot ទៅកាន់រដ្ឋាភិបាលអ៊ុយក្រែន ដើម្បីការពារប្រទេសនេះពីការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លារបស់រុស្ស៊ីផងដែរ។

ទោះជាយ៉ាងណា ទាក់ទងនឹងសំណួរថាតើរុស្ស៊ីមានការរំពឹងទុកពីលទ្ធផលវិជ្ជមានដែល​អាច​កើតចេញ​ពី​ដំណើរ​របស់​លោក ហ្សេលេនស្គី ឬយ៉ាងណានោះ លោក​ ឌីមីទ្រី ប៉េស្កូវ បានឆ្លើយតបយ៉ាងខ្លីថា៖ «វាមិនផ្ដល់អ្វីនោះទេ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ