លោក ហ៊ុន សែន អំពាវពាវ​ឱ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ខណៈ​ពលរដ្ឋ​ប្រមាណ​៤លាននាក់​នៅ​មិនទាន់​ចាក់​ដូសទី៣

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែអក្នុងពិធីបើកការដ្ឋានសាងសង់ លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥គីឡូម៉ែត្រ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ប្រមុខរដ្ឋាភិបាល​អំពាវនាវជាថ្មីទៀត​​​ដល់ប្រជាពលរដ្ឋ​ដែលមិនទាន់ចាក់​វ៉ាក់សាំងដូសទី៣ ឱ្យ​​ទៅ​ទទួល​យក​វ៉ាក់​សាំង ដើម្បីការ​ពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ និង​បង្កើន​​​ភាព​ស៊ាំក្នុ​ង​សហគមន៍ ខណៈ​ពលរដ្ឋ​​ប្រមាណ ៤លាន​នាក់​ នៅ​​មិន​​ទាន់​ទៅចាក់​វ៉ាក់សាំងដូសទី៣នៅឡើយ។

ក្នុងពិធីបើកការដ្ឋានកែលម្អផ្លូវជាតិលេខ​៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅខេត្តកំពត នាព្រឹកថ្ងៃចន្ទនេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា បច្ចុប្បន្ន នៅសល់​ពលរដ្ឋប្រមាណ៤លាន​នាក់​ទៀតដែល​នៅ​មិនទាន់ទៅ​ទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដូសទី៣នៅឡើយ ខណៈវ៉ាក់សាំង​នៅ​សល់ក្នុងស្តុកមាន​​ប្រមាណ ៧លាន ៥សែនដូស

ករណីនេះ លោកបានអំពាវនាវ​ដល់ប្រជាពលរដ្ឋដែលនៅសល់ប្រមាណ៤លាននាក់នោះ​ ​​ទៅទ​ទួល​​យក​វ៉ាក់​សាំង​ដូសទី៣ ខណៈអាកាស​ធាតុ​ចុះត្រជាក់ ហើយ​វីរុស​កូវីដ-១៩ បានបំប្លែងខ្លួនថ្មីជាបន្តបន្ទាប់។

លោកថា៖ «ខ្លះចាក់ដល់ដូសទី៥ ប៉ុន្តែដូសទី៣នេះ​ នៅសល់​មនុស្សប្រមាណ​ ៤លាន​នាក់​ អត់ទាន់ទៅយកៗ ប្រហែលជា​គាត់គិតថា ទី១​ ពីរ​ដូស​គ្រប់​គ្រាន់ ទី២ គាត់អត់ឃើញ​មនុស្ស​ឆ្លង និងមនុស្ស​ស្លាប់តទៅទៀត អ៊ីចឹង​បានបញ្ហានេះ​ បានក្លាយទៅជាចំណោទមួយ ដែលខ្ញុំសូមអំពាវនាវ​ចំពោះប្រជា​ពលរដ្ឋប្រុងប្រយ័ត្ន មិនដឹងថាជំងឺអីវាកើតឡើងបន្តទៀត។ បើយើងមានភាពស៊ាំសហគមន៍កើតឡើង គឺ​បើ​មានជំងឺឆ្លងចូល ដូចខ្ញុំកើត [ឆ្លងជំងឺកូវីដ-១៩] អត់មានអាការអីទាំងអស់ អាហ្នឹង​មក​ពី​អី? មកពីវ៉ាក់សាំងដែលយើងបានទទួល»។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បច្ចុប្បន្ន កម្ពុជាក៏បាន​ស្នើដល់សហរដ្ឋអាមេរិក និងចិន ផ្អាក​ការដឹកជញ្ជូនជំនួយ​វ៉ាក់សាំងមួយចំនួន​មក​កម្ពុជាមួយ​រយៈ​​សិន ក្រោយ​ប្រទេស​ទាំងនោះប្រកាស​ផ្តល់ជំនួយ​វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដល់​កម្ពុជា ដោយ​សារកម្ពុជានៅមានវ៉ាក់សាំង​ចំនួនច្រើននៅក្នុងស្តុកនៅឡើយ។

លោកថា៖ «ប្រធានាធិបតីចិន ស៊ី ជីនពីង គាត់ប្រកាសឱ្យ​វ៉ាក់សាំងយើងចំនួន​២០លានដូស​ ដឹកមក៥លាន​​ហើយ ឥឡូវ១៥លានទៀតកុំអាលដឹកមកអី ព្រោះយើងប្រើអត់ទាន់អស់។ សហរដ្ឋអាមេរិកប្រកាសឱ្យវ៉ាក់សាំងចំនួន៧លាន៥សែនដូស ដឹកមក២លានហើយ នៅសល់៥លាន៥សែន​ដូស​ទៀត គឺ​ផ្អាកសិន! កុំអាលដឹកមក ព្រោះវ៉ាក់សាំងនៅក្នុងឃ្លាំង៧លាន​ដូស​ទៀត អត់ទាន់មានអ្នកទៅទទួល»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងដែរថា បច្ចុប្បន្ន រដ្ឋាភិបាលបាន​និងកំពុងរៀបចំ​មន្ទីរ​ពេទ្យ​ថ្មីមួយដែលមានសមត្ថភាពដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដល់ទៅ១ម៉ឺនគ្រែ​ ហើយ​រូបលោក និងមន្ត្រីពាក់ព័ន្ធ គ្រោង​នឹងទៅពិនិត្យមន្ទីរពេទ្យ​ថ្មីនោះ​នៅថ្ងៃពុធ​​​​សប្តាហ៍​​នេះ។

លោកថា៖ «កូវីដ​! វាអត់ទាន់ទៅណា​ឆ្ងាយទេ វានៅ […] អ៊ីចឹងបានត្រូវធ្វើអានោះ [មន្ទីរពេទ្យ​ថ្មី​​]​ ត្រៀម​ទុក។ ឥឡូវវាអត់មានអ្នកជំងឺកូវីដ យើងត្រូវ​ដាក់ការ​ព្យាបាលទូទៅ​មួយ ដែល​មាន​សមត្ថភាព​ទទួល​ទៅដល់​​១ម៉ឺនគ្រែឯណោះ​ នេះ​ជា​រឿង​ដែល​យើង​ត្រូវ​ប្រឹង»។

ក្រៅពីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវ​ដល់ប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន និងបន្តការ​ការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយ​​អនុវត្តនូវវិធានការ​​ «៣កុំ ៣ការពារ» ឱ្យ​បានខ្ជាប់ខ្ជួន​។​

របាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល ឱ្យ​ដឹងថា គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៨ ៥២៥នាក់ ក្នុងនោះជាសះស្បើយ​ចំនួន១៣៥ ៣៦៤នាក់ និងស្លាប់ចំនួន៣ ០៥៦នាក់។

បើតាម​ប្រភពដដែល កាលពីថ្ងៃម្សិលមិញ ក្រសួង​បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១៥នាក់ និងមានអ្នកជាសះស្បើយ១០នាក់ ខណៈមិនមានករណីស្លាប់ថ្មីដោយសារជំងឺនេះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ