លោក​ ហ៊ុន សែន​ ដក​តំណែង​អភិបាលរងខេត្តកែប​ បន្ទាប់​ពី​ផ្ទុះ​ព័ត៌មាន​ប្រើ​អំពើ​ហិង្សា​និង​បៀត​បៀន​លើ​ស្រ្តី២​រូប​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្តីការក្រសួងរៀបចំដែនដី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក ហ៊ុន សែន បានដកតំណែងអភិបាលរងខេត្តកែប លោក ភូ លិ ក្រោយមានការផ្សព្វផ្សាយពីការប្រើអំពើហិង្សាលើស្រ្តីជាមន្ត្រីសាខាពន្ធដារនិងបៀតបៀនលើស្រ្តី​ម្នាក់ទៀតកាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

ក្នុងអនុក្រឹត្យចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដកតំណែងអភិបាលរងខេត្តកែប លោក ភូ លិ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ការដកលោក ភូ លិ  ចេញពីតំណែង បន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្តាញសង្គមថា​អភិបាលរងខេត្តកែបរូបនេះ បានប្រើប្រាស់អំពើហិង្សាលើមន្ត្រីសាខាពន្ធដារអ្នកស្រី ខូវ ហ៊ុយឡាំង បណ្ដាលឱ្យបែកក្បាលកាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ និងបានបៀតបៀនលើស្រ្តីម្នាក់ទៀតក្នុងពិធីជប់លៀងមួយនៃការឡើងកាន់តំណែងរបស់ប្រធានមន្ទីរបរិស្ថានខេត្តនេះ។  

សារព័ត៌មានស្និទ្ធរដ្ឋាភិបាល Fresh News បានចុះផ្សាយនៅថ្ងៃទី៣១ ធ្នូនេះថា កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លោក ភូ លិ និងស្រ្តីរងអំពើហិង្សាឈ្មោះ ខូវ ហ៊ុយឡាំង បានទៅចូលរួមកម្មវិធីពិសារអាហារសាមគ្គីអបអរសាទរការចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្ត។

ក្រោយមក លោក ភូ លិ បានថើបក្បាលនារីម្នាក់ ជាសាច់ញាតិរបស់​អ្នកស្រី ខូវ ហ៊ុយឡាំង និងបានយកកែវគប់ទៅលើអ្នកស្រី ហ៊ុយឡាំង ថែមទៀតផង។

ប្រភពបន្តថា ក្រោយពេលកើតហេតុហិង្សា និងការបៀតបៀននេះ លោក ភូ លិ មិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះឡើយ។

វីអូឌីមិនអាចសុំការឆ្លើយបំភ្លឺពីអភិបាលរងខេត្តកែប លោក ភូ លិ បានទេ ខណៈអ្នកនាំពាក្យសាលាខេត្តកែបលោកស្រី អ៊ុល ភីរុណ និងលោក ឈុន ច័ន្ទវ៉ាន់ថុល មិនឆ្លើយតបឡើយដោយថា ជាប់រវល់។

វីអូឌីក៏មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ជុំវិញវិធានការច្បាប់លើអភិបាលរងខេត្តកែប លោក ភូ លិ ករណីប្រើប្រាស់អំពើហិង្សានេះ បាននៅឡើយទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។

នាយកទទួលបន្ទុកចាត់ការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ចាត់ទុកការប្រើប្រាស់អំពើហិង្សា និងការបៀតបៀនលើស្ត្រីនេះថាជាគំរូអាក្រក់ សម្រាប់ប្រជាពលរដ្ឋ និងសង្គម ​ដោយសារ  អភិបាលរងខេត្តរូបនេះ ជាអ្នកអនុវត្តច្បាប់ ប៉ុន្តែបែរជាបំពានច្បាប់ទៅវិញ។

លោកសាទរចំពោះការដកតំណែងអភិបាលរងខេត្តកែប ក៏ប៉ុន្តែលោកជំរុញឱ្យចាត់វិធានការច្បាប់ទៅលើមន្ត្រីរូបនេះដែរ  ដោយថា ការប្រើប្រាស់អំពើហិង្សាលើស្ត្រីជាការប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមផងដែរ។

លោកថា៖«ហើយនេះជាគំរូល្អសម្រាប់អ្នកដឹកនាំផ្សេងទៀត  ឬមន្ត្រីរាជការផ្សេងទៀត ត្រូវតែប្រកាន់នូវឥរិយាបថជាអ្នកដឹកនាំ ជាអ្នកបម្រើពលរដ្ឋ មិនអាចបំពារបំពានឬរំលោភបំពានប្រជា​ពលរដ្ឋជាពិសេសគឺការបំពានទៅលើស្ត្រីភេទ ឬក៏ប្រើប្រាស់អំពើហិង្សា ដែលកម្ពុជាយើងបានផ្ដល់សច្ចាប័នទៅលើអនុសញ្ញាប្រឆាំងការរើសអើងទៅលើស្ត្រីភេទ ឬយេន័ឌហ្នឹង។ នេះ គ្រាន់តែជារឿងអនុវត្តតាមវិធានការរដ្ឋបាល ប៉ុន្តែនៅមួយទៀតគឺការប្រើប្រាស់អំពើហិង្សា​ អាហ្នឹង សូមឱ្យតុលាការចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីស៊ើបអង្កេត និងអនុវត្តទៅតាមផ្លូវច្បាប់»។

បើតាមអង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានលើកឡើងថា អំពើហិង្សាលើស្ត្រីបានបង្កប៉ះពាល់ដល់គ្រប់ផ្នែកនៃជីវិតរបស់មនុស្ស ហើយជះឥទ្ធិពលអវិជ្ជមានដល់ស្ត្រី និង​ក្មេងស្រី ព្រមទាំងប៉ះពាល់អាក្រក់ទៅលើសុខភាពសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមផងដែរ។

យោងតាមការសិក្សា​របស់​អង្គការ ActionAid ទៅលើស្ត្រីកម្ពុជា ចំនួន៣៨០នាក់ បានរកឃើញថា ស្ត្រី​ម្នាក់​ ក្នុងចំណោម ៥នាក់ (ឬ ២២ ភាគរយ) ត្រូវបានបៀតបៀនផ្លូវភេទ ឬបៀតបៀន​រាងកាយនៅកន្លែងសាធារណៈ ជាមធ្យម៥ដង នៅក្នុងឆ្នាំ២០១៤។ ក្នុងនោះ បុរសប្តូរ​ភេទទៅជាស្រី្ត ​បាន​រងគ្រោះ​ច្រើន​ជាង​គេ។ ជាង៩០ភាគរយនៃពួកគេបាន​ជួប​ប្រទះការយាយីនៅកន្លែងសាធារណៈជាច្រើនដង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ