ក្រសួងថាពិតជាមានករណីស្លាប់នៅមណ្ឌលព្រៃស្ពឺ ប៉ុន្តែបដិសេធការចោទដែលថាមណ្ឌលមិនយកចិត្តទុកដាក់

របាំងចម្រឹងដែកដាក់ការពារពីខាងក្រៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ។ (Ananth Baliga/ VOD)

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មិនអាចបញ្ជាក់ពីចំនួន​​​មនុស្ស​​ស្លាប់ជាក់លាក់​​​​​នៅមណ្ឌល​​​ព្រៃ​ស្ពឺ បន្ទាប់​ពីអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយបាន​ចោទ​ប្រកាន់​ថា មាន​ការ​ស្លាប់ និង​ការថែទាំមិនដិតដល់ ប៉ុន្តែអ្នកនាំពាក្យក្រសួងសង្គមកិច្ច បាន​បដិសេធចំពោះការថាមិន​​​យក​​​ចិត្ត​ទុក​ដាក់ ឬការចោទដែលថា​មាន​ការរំលោភបំពានណាមួយ។

អង្គការសិទ្ធិមនុស្សលីកាដូ បានចោទប្រកាន់កាលពីដើមខែធ្នូ ថាមនុស្សយ៉ាងតិច១០នាក់បានស្លាប់ក្នុងខែកក្កដា និងសីហា នៅមណ្ឌលព្រៃស្ពឺ ក្នុងសង្កាត់ចោមចៅទី២ រាជធានីភ្នំពេញ ដែលត្រូវ​បានគេអះអាងថាជាមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប៉ុន្តែត្រូវបានប្រើប្រាស់សម្រាប់ឃុំឃាំងជនអនាថា និងក្រុមមនុស្សផ្សេងទៀត។ អង្គការលីកាដូ បានចោទសួរជាពិសេសជុំវិញការស្លាប់មនុស្ស២នាក់កាលពីខែសីហា ដែលម្នាក់ជាបុរស និងម្នាក់ទៀតជាស្ត្រី ដែលខ្លួននិយាយថា មិនទទួលបានការថែទាំដិតដល់បន្ទាប់ពីធ្លាក់ខ្លួនឈឺ ហើយអង្គការនេះបានទាម​ទារ​ឱ្យបិទមណ្ឌល​នេះ។

អ្នកនាំពាក្យក្រសួងសង្គមកិច្ច លោក តូច ចាន់នី បានមានប្រសាសន៍ថា ក្រសួង​បាន​បញ្ជូនក្រុម​ការ​ងារ​ដើម្បី​ស៊ើប​អង្កេត​ការ​អះអាងនេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ក្នុងនោះរួមមាន អ្នកនាំពាក្យ​ក្រសួងសង្គមកិច្ចម្នាក់ អភិបាលរងរាជធានីភ្នំពេញ២នាក់ និងមន្ត្រីនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។

លោក ចាន់នី បាន​និយាយកាលពីសប្ដាហ៍មុនថា ចំណុចមួយចំនួ​ន​នៃការចោទប្រកាន់របស់អង្គការលីកាដូ​ គឺជាការពិត ពីព្រោះមានមនុស្សស្លាប់នៅមណ្ឌលនេះ ក្នុងខែកក្កដា និងសីហា។ ទោះយ៉ាងណា អ្នកនាំពាក្យ​រូប​នេះ​មិន​បញ្ជាក់​ថាមាន​អ្នក​ស្លាប់​ប៉ុន្មាន​នាក់​ ឬ​មូលហេតុដែល​នាំ​ឱ្យ​មាន​ការ​ស្លាប់​ទាំង​នោះឡើយ។

លោកមានប្រសាសន៍ថា៖ «អ្វី​ដែល​អង្គការ​លីកាដូបាន​លើក​ឡើង​ក្នុង​របាយការណ៍​របស់​ខ្លួន​ ដែល​ថាមាន​មនុស្ស​ស្លាប់​នៅ​ចន្លោះ​ខែ​កក្កដា ​ដល់​ខែ​សីហា​ គឺ​ជា​ការ​ពិត។ ប៉ុន្តែការដែលថាមណ្ឌល​ទុក​ឱ្យ​ពួកគេ [អ្នកស្លាប់] ​ឈឺ​ដោយ​មិន​មាន​ការ​ព្យាបាល មិនសមហេតុផលឡើយ​ ខណៈមាន​ក្រុម​គ្រូពេទ្យ​នៅ​ក្នុង​មណ្ឌល​នោះ»។

លោក ចាន់នី បាន​បន្ត​ថា អ្នក​ដែល​បាន​ស្លាប់​ គឺពួកគាត់មានជំងឺពីមុន​មកស្រាប់ ហើយ​​នៅពេល​​ដែល​​គាត់​​មក​​កាន់​​មណ្ឌល គាត់​​បាន​ទទួល​ការ​ព្យាបាល​។ លោកបានបដិសេធការចោទប្រកាន់​របស់អង្គការលីកាដូ ដែលថាមណ្ឌលមិនអើពើនឹងសុខភាព ឬមិនបានផ្តល់ការថែទាំគ្រប់គ្រាន់ដល់អ្នកទាំងនោះ រួមទាំងករណីនៃការស្លាប់របស់បុរសម្នាក់និងស្ត្រីម្នាក់ផងដែរ។

លោក​បន្ថែមថា៖ «​យើង​បាន​សួរ​នាយក និង​បុគ្គលិក​ដែល​ធ្វើ​ការ​នៅ​ទីនោះ [មណ្ឌលព្រៃស្ពឺ] ប៉ុន្តែ​ពួកគេ​បាន​និយាយ​ថា ​មិន​មាន​មនុស្ស​ស្លាប់​ [មនុស្សស្រីម្នាក់ និងប្រុសម្នាក់] ទេ ​កាលពី​ពេល​ថ្មីៗ​នេះ​។ យើង​បានសួរ​ពួកគេ​ម្តង​ហើយ​ម្តង​ទៀត ប៉ុន្តែ​ពួកគេ​នៅ​តែ​ឆ្លើយ​ថា​មិនមានអ្នកស្លាប់ទេ»។

អង្គការ​លីកាដូ ​បាន​និយាយ​ថា ការ​ចោទ​ប្រកាន់​របស់​ខ្លួន ​គឺ​ផ្អែក​លើសាក្សីដែលឃើញហេតុការណ៍ផ្ទាល់ភ្នែក។ នៅពេលដែលវីអូឌីបានចុះទៅដល់មណ្ឌលដោយផ្ទាល់កាលពីខែធ្នូ បុរស៣នាក់នៅក្នុងមណ្ឌលដែលសុំមិនបង្ហាញអត្តសញ្ញាណ បានបដិសេធចំពោះករណីស្លាប់ណាមួយនៅក្នុងខែកក្កដា និងសីហា ហើយបានបដិសេធអនុញ្ញាតឱ្យអ្នករាយការណ៍ព័ត៌មានចូលក្នុងបរិវេណនោះ។

លោក អំ សំអាត នាយកទទួលបន្ទុក​ចាត់ការ​ទូទៅ នៃអង្គការ​ការ​ពារ​សិទ្ធិមនុស្សលីកាដូ មាន​ប្រសាសន៍​ថា អង្គការមានភស្តុតាងគ្រប់គ្រាន់ ដើម្បីគាំទ្រការចោទប្រកាន់របស់ខ្លួន ហើយបាន​បញ្ជាក់ជាថ្មីនូវការទាមទាររបស់អង្គការនេះ ដែលទាមទារឱ្យបិទមណ្ឌលជាបន្ទាន់។

លោកថា៖ «ប្រសិនបើគ្មានការកែប្រែទេ ហើយ​ប្រសិន​បើ​វា [មណ្ឌល] នៅតែត្រូវបានប្រើប្រាស់ដើម្បីឃុំខ្លួន និងរំលោភ​បំពាន​រាង​កាយ​ដោយ​ខុស​ច្បាប់ នោះរ​ដ្ឋាភិបាល​ត្រូវ​តែ​បិទ​មណ្ឌល​នេះ»។

មណ្ឌល​ព្រៃស្ពឺ​ ត្រូវ​បាន​បិទ​នៅឆ្នាំ​​២០១២ បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ថាមាន​ករណី​រំលោភបំពាន​នៅ​ក្នុង​មណ្ឌល ហើយ​បាន​បើក​ឡើង​វិញ​មួយ​ឆ្នាំប​ន្ទាប់ ដែល​បាន​ប្តូរឈ្មោះទៅជា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈពោធិ៍សែនជ័យ។ មណ្ឌលនេះ ជារឿយៗ​ ត្រូវបាន​ប្រើប្រាស់​សម្រាប់ការ​ឃុំខ្លួ​ន​ក្រៅប្រព័ន្ធតុលាការ​ នៃក្រុមដែលងាយរងគ្រោះ ដូចជា អ្នក​ប្រើ​ប្រាស់គ្រឿង​ញៀន អ្នករកស៊ីផ្លូវភេទ និងជនអនាថា ជាដើម៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Ministry: Deaths at Prey Speu Center, but No Negligence

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ