មន្ត្រីក្រសួង​គ្រោង​ចុះ​ស្រាវជ្រាវ​នៅ​មណ្ឌលព្រៃស្ពឺ ក្រោយ​សង្គមស៊ីវិល​រកឃើញ​អ្នកជាប់ឃុំ​ស្លាប់​ដោយ​ការឃុំខ្លួន​មិន​ត្រឹមត្រូវ

មណ្ឌលសង្គមកិច្ចព្រៃស្ពឺ។ (លីកាដូ)

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អះ​អាង​ថា មន្ត្រីជំនាញ​គ្រោង​​​​នឹង​ចុះទៅ​​ស្រាវជ្រាវ​​​នៅ​មណ្ឌល​ព្រៃ​ស្ពឺ នាសប្ដាហ៍​ក្រោយ​នេះ ក្រោយពី​​អង្គការសង្គមស៊ីវិលមួយ​​រកឃើញអ្នកជាប់ឃុំនៅក្នុងមណ្ឌលនេះបានស្លាប់ជាច្រើននាក់ ដោយសារការឃុំខ្លួនមិនត្រឹម​ត្រូវ និងភាពមិនប្រក្រតីមួយចំនួន។

ការអះអាងនេះធ្វើឡើងក្រោយពី​​អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) បានចេញ​សេចក្ដីថ្លែង​ការណ៍មួយ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ដោយ​​ទាមទារឱ្យបិទមណ្ឌលព្រៃស្ពឺ ស្ថិតនៅសង្កាត់ចោម​ចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ក្រោយរកឃើញអ្នកជាប់ឃុំនៅក្នុងមណ្ឌលនេះ​ជាង​ ​១​០​នាក់បានស្លាប់​​ ​នៅចន្លោះ​ខែ​កក្កដា​ ​និង​ខែ​សីហា​ ​ឆ្នាំ​២​០​២​២ ក្នុងនោះអ្នកជាប់ឃុំខ្លះត្រូវបានរកឃើញថាស្លាប់ដោយសារជំងឺ ហើយមិនទទួល​​បានការផ្តល់សេវាព្យាបាលឱ្យបានគ្រប់គ្រាន់។​

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃទី​២១ ខែ​ធ្នូ ថា ករណីនៅមណ្ឌលព្រៃស្ពឺជារឿងមួយដែលក្រសួងត្រូវ​តែដោះ​ស្រាយ កែ​សម្រួល និង​កែលម្អ បើសិនមានករណីមិនប្រក្រតីដូចការលើកឡើង​​របស់​​សង្គមស៊ីវិល​មែននោះ។ លោកបន្តថា រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានអនុញ្ញាតឱ្យបង្កើតក្រុមការងារចុះសិក្សាលើ​រឿងនេះ ដោយមានការ​ចូលរួមពី​មន្ត្រីរាជធានីភ្នំពេញ មន្ទីរសុខាភិបាល និងមន្ទីរពាក់ព័ន្ធផ្សេងទៀត។

លោកថា៖ «ក្រសួងនឹងរៀបចំក្រុមការងារមួយ នឹងចុះទៅសិក្សាស្រាវជ្រាវមើលថាតើកន្លែងហ្នឹងវាមានបញ្ហាចឹងមែនឬអត់? ហើយបើមែនហើយតើយើងត្រូវកែលម្អយ៉ាងម៉េច? ធ្វើយ៉ាងម៉េចឱ្យវាល្អជាងនេះ? កុំឱ្យមានការស្តីបន្ទោសពីសង្គមស៊ីវិល​អី​ជាដើម។ ហ្នឹងហើយ ខ្ញុំគ្រាន់តែនិយាយព្រាងសិន តែឥលូវយើងមិនទាន់បានទៅទេ យើងរង់ចាំពេលវេលា យើងចាំបានព័ត៌មានពីក្រុងមក។ យើងមិនទុកបណ្តែតបណ្តោយឱ្យយូរទេ អាចថាក្នុងសប្តាហ៍ហ្នឹង ឬចុងសប្តាហ៍ហ្នឹង ឬយ៉ាងយូរដើមសប្តាហ៍ក្រោយ»។

លោក តូច ចាន់នី ​​សុំមិនអត្ថាធិប្បាយពីបញ្ហាប្រឈមកន្លងមកនៅក្នុងមណ្ឌលព្រៃស្ពឺ បើទោះរងការរិះគន់ពីសំណាក់អង្គការសង្គមស៊ីវិល​ក៏ដោយ។ លោកថា ទាំងមនុស្សចាស់ និងកូនក្មេងដែលរស់នៅមណ្ឌលនោះ ម្នាក់ៗទទួលបានរបបអាហារពីរដ្ឋចំនួន​ ៥ ០០០រៀលក្នុងមួយថ្ងៃ។

លោក​​បន្ថែមថា៖ «ប៉ុន្តែខ្ញុំគិតថា បើសិនរកឃើញថារបបនេះពិតជាខ្វះខាត ពិតជានៅមិនទាន់គ្រប់គ្រាន់ទេ យើងនឹងសុំគោលការណ៍ពីរាជរដ្ឋាភិបាល អាចនឹងសុំដំឡើងលើសពី៥ ០០០រៀល ថាតើរដ្ឋាភិបាលអាចមានលទ្ធភាពដោះស្រាយបាន ឬអត់អ៊ីចឹង»។

ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ និង​ជាអ្នកគ្រប់គ្រង​​នៅ​មណ្ឌលព្រៃស្ពឺ អ្នកស្រី មុំ ចាន់ដានី បានលើកឡើងយ៉ាងខ្លី​ថា មន្ត្រីនៅក្នុងមណ្ឌលព្រៃស្ពឺ បានមើលថែទាំងជនអនាថា​យ៉ាងយកចិត្តទុកដាក់ ដើម្បីឱ្យពួកគេអាចរស់នៅបានប្រសើរ។

អ្នកស្រីថា៖ «បុគ្គលិកមន្ត្រីគ្នាខំធ្វើការ ជួយបងប្អូនជនងាយរងគ្រោះយើង បញ្ចៀសគាត់ពីហានិភ័យផ្សេងៗនៅតាមដងផ្លូវ ផ្តល់ការថែទាំងមួយគំនរ។ សំខាន់ការពិតយើងធ្វើការងារ មិនមែនតាមថា យើងធ្វើតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលយើង ជាពិសេសការចង្អុលបង្ហាញជាប់ជាប្រចាំរបស់ថ្នាក់ដឹកនាំ ឱ្យមើលថែបងប្អូនយើងគ្រប់ជាន់ថ្នាក់»។

​នាយកទទួលបន្ទុកកិច្ចការទូទៅ ​នៃអង្គការការពារសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត សាទរ​ចំពោះការស្រាវ​ជ្រាវ​នេះ ខណៈសង្គមស៊ីវិលមិនចង់ឃើញមានការ​រំលោភសិទ្ធិមនុស្ស​នៅក្នុងមណ្ឌល​នេះបន្ត​ទៀត​​​នោះ​ទេ។

លោកថា៖ «យើងជាអង្គការសង្គមស៊ីវិល យើងស្វាគមន៍ហើយចំពោះការស្រាវជ្រាវ ការស៊ើបអង្កេត ពីព្រោះយើងក៏មិនចង់ឃើញនូវទិដ្ឋភាពនៃការរំលោភសិទ្ធិមនុស្សនៅមណ្ឌលនេះតទៅទៀតដែរ។ ការរំលោភសិទ្ធមនុស្សនៅក្នុងរូបភាពនេះ ទី១ គឺការឃុំខ្លួនដោយមិនត្រឹមត្រូវតាមច្បាប់ ពីព្រោះកន្លែងឃុំខ្លួនមានតែពន្ធនាគារទេដែលមានដីកាឃុំខ្លួនពីតុលាការ អាហ្នឹងបានស្របច្បាប់។ តែមណ្ឌលសុំចត មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ មិនមែនជាកន្លែងឃុំខ្លួនទេ ជាកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយជាកន្លែងសុំចតរបស់អ្នកដែលគ្មានទីជម្រេកអី ដើម្បីស្វែងរកការរៀននូវវិជ្ជាជីវៈ»។ 

ក្រៅពីនេះ លោកថា នៅមណ្ឌលព្រៃស្ពឺ ក៏មានបញ្ហាប្រឈមរឿងរបបអាហារហូបចុក ការស្នាក់នៅមានរងនូវអំពើហិង្សា មានមនុស្សស្លាប់ដោយជំងឺ ខណៈមនុស្សឈឺមិនទទួលបានសេវាព្យាបាលត្រឹមត្រូវ។

បើតាមសេចក្តីថ្លែងការណ៍របស់អង្គការលីកា​ដូ​​​ មនុស្ស​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មណ្ឌល​ព្រៃ​ស្ពឺ​ ​ភាគ​ច្រើន​គឺ​ជា​​ក្រុម​​មនុស្ស​ដែល​មិន​ត្រូវ​បាន​គេ​អើពើ ​ដូចជា​ ​ជនអនាថា​ ​អ្នកសុំទាន​ ​អ្នកប្រើប្រាស់​គ្រឿងញៀន​ ​និង​អ្នក​ប្រកបរបរ​ផ្លូវ​ភេទ​ ជាដើម​ ​ហើយពួកគេ​មិន​ត្រូវ​បាន​ចោទប្រកាន់​ពី​បទល្មើស​ណាមួយ​ទេ​ ​ប៉ុន្តែ​ត្រូវ​បាន​​ឃុំ​ខ្លួន​ដោយ​មិន​ច្បាស់​​លាស់​ ​និង​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចាកចេញ​។​

អង្គការនេះ​បានលើកឡើង​ថា មណ្ឌល​ព្រៃស្ពឺ បាន​ដំណើរការ​ជា​​មណ្ឌល​ឃុំ​ខ្លួន​ដោយ​មិន​ត្រឹម​ត្រូវ​ ​ដើម្បី​លាក់បាំង​រូបភាព​ពី​ប្រជាពលរដ្ឋ​ដែល​មិន​ត្រូវ​បាន​គេ​អើពើ​ ​និង​អ្នក​ដែល​ប្រឈម​នឹង​ហា​និ​ភ័យ​ ​នៅ​រាជធានី​​ភ្នំពេញ​ ​ខណៈ​ដែល​ពួកគេ​ត្រូវ​បាន​បដិសេធ​សិទ្ធិ​ទទួល​បានការ​ការពារ​ផ្លូវច្បាប់​ ​និង​តម្រូវ​ការចាំបាច់​ ​ដូចជា​ ​អាហារ​បរិភោគ​ ​និង​ការថែទាំ​ឬ​ព្យាបាល​ជំងឺ​ឱ្យ​បាន​គ្រប់គ្រាន់​។

បើតាមអង្គការលីកាដូ គិតត្រឹមខែសីហា ឆ្នាំ២០២២ មានមនុស្សប្រមាណ៤០០នាក់ ត្រូវ​បាន​ឃុំ​ខ្លួន​នៅមណ្ឌល​ព្រៃស្ពឺ ដែលមាន​ស្ថានភាព​ដូច​នរក រួ​ម​មាន ​បន្ទប់​ឃុំឃាំង​​ចង្អៀត​ណែន​ខ្លាំង​ ​កង្វះ​ចំណីអាហារ​ ​ការ​វាយដំ​ដោយសារ​មិន​ស្ដាប់​តាម​ការណែនាំ​ ​ខណៈ​ដែល​ការថែទាំ​សុខភាព ​គឺ​ទទួល​បានតែ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ ​តែប៉ុណ្ណោះ​ ​ទោះបីជា​មាន​ជំងឺ​ធ្ងន់ធ្ងរ​ក៏ដោយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ