លោក ចូ បៃដិន ថាអាមេរិកមិនបានពិភាក្សាអំពីសមយុទ្ធនុយក្លេអ៊ែរជាមួយកូរ៉េខាងត្បូងឡើយ

ប្រធានាធិបតី​អាមេរិក លោក Joe Biden ធ្វើ​កាយវិការ​ក្បែរ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Yoon Suk-yeol បន្ទាប់​ពី​បាន​ថ្លែង​សុន្ទរកថា​អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក​នៅ Samsung Electronics Pyeongtaek Campus ក្នុង​ទីក្រុង Pyeongtaek ប្រទេស​កូរ៉េ​ខាង​ត្បូង ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ ២០២២។ (REUTERS/Jonathan Ernst)

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញថា អាមេរិក​មិនបានពិភាក្សាអំពីសមយុទ្ធនុយក្លេអ៊ែររួមគ្នា​ជាមួយកូរ៉េខាងត្បូងនោះទេ ខណៈករណីនេះហាក់ផ្ទុយ​ពីការលើកឡើងដោយសមភាគីកូរ៉េខាងត្បូង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ការថ្លែងបញ្ជាក់ដោយប្រធានាធិបតីអាមេរិក បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីកូរ៉េ​ខាង​ត្បូង លោក Yoon Suk-yeol បានលើកឡើងថា ប្រទេសរបស់ខ្លួន និងអាមេរិក បច្ចុប្បន្ន​កំពុងតែ​ពិភាក្សា​គ្នា​អំពី​ការធ្វើ​សម​យុទ្ធ​រួមគ្នាដែ​លអា​ច​ធ្វើទៅបាន​ដោយ​ប្រើប្រាស់​នុយ​ក្លេអ៊ែររបស់​សហរដ្ឋអាមេរិក។

ទោះជាយ៉ាងណា ទាក់ទិននឹងសំណួររបស់​អ្នក​យក​ព័ត៌មាន​នៅ​ឯសេតវិមាន​ ថា​តើ​លោក​កំពុងតែ​ពិភាក្សា​​អំ​ពី​​សមយុទ្ធ​នុយក្លេអ៊ែរ​រួម​ជាមួយ​កូរ៉េ​ខាង​ត្បូង​ឬ​យ៉ាងណានោះ លោកប្រធានាធិបតី ចូ បៃដិន បានឆ្លើយយ៉ាងខ្លីថា៖ «គ្មាននោះទេ»

ថ្លែងក្នុងបទសម្ភាសកាសែតក្នុងស្រុកមួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ លោក Yoon Suk-yeol បានលើកឡើងថា៖ «អាវុធនុយក្លេអ៊ែរជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ប៉ុន្តែការរៀបចំផែនការ ការចែករំលែកព័ត៌មាន សមយុទ្ធ និងការហ្វឹកហាត់ គួរតែធ្វើឡើងរួមគ្នាដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក»។

កាសែតដដែលបានបន្តដកស្រង់សម្តីប្រធានាធិបតីកូរ៉េខាងត្បូង​ថា ការរៀបចំផែនការ និងសមយុទ្ធរួមគ្នានេះ នឹងមានគោលបំណងក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនៃសមត្ថភាពរបស់យោធាអាមេរិក ជាពិសេសកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ក្នុងការទប់ស្កាត់ការវាយប្រហារលើសម្ពន្ធមិត្តអាមេរិក​ទាំង​ឡាយ ដោយ​លោកថា អាមេរិកក៏បានបង្ហាញភាពវិជ្ជមានអំពីគំនិតនេះផងដែរ។

ការលើកឡើងដោយលោក Yoon Suk-yeol នេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍ថា មេដឹកនាំរបស់ខ្លួន លោក គីម ជុងអ៊ុន បានដាក់បទបញ្ជាឱ្យមានការអភិ​វឌ្ឍ​មីស៊ីល​បាលិស្ទីកអន្តរទ្វីប (ICBM) ថ្មីៗបន្ថែមទៀត ព្រមទាំងបង្កើនចំនួនអាវុធនុយក្លេអ៊ែរឱ្យកាន់តែច្រើនជាងមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ