អង់គ្លេស នៅពេលខាងមុខនេះ នឹងប្រកាសជាផ្លូវការដោយចាត់ទុកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដែលបានចាប់ខ្លួនមនុស្ស៧នាក់ ជុំវិញការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលកាលពីសប្ដាហ៍មុន ថាជាក្រុមភេរវករមួយ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Telegraph ដែលត្រូវបានយកមកចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
របាយការណ៍ដដែលបន្តថា វិធានការដែលនឹងត្រូវប្រកាសក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ក៏ទទួលបានការគាំទ្រពីរដ្ឋមន្ត្រីសន្តិសុខអង់គ្លេស លោក Tom Tugendhat និងរដ្ឋមន្ត្រីមហាផ្ទៃអង់គ្លេស លោកស្រី Suella Braverman ផងដែរ។
ការចាត់ទុកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ជាក្រុមភេរវករ គឺមានន័យថា រាល់ការជាប់ពាក់ព័ន្ធណាមួយ ការចូលរួមកិច្ចប្រជុំ ឬការប្រើប្រាស់និមិត្តសញ្ញារបស់ក្រុមមួយនេះជាសាធារណៈ នឹងក្លាយទៅជាបទល្មើសព្រហ្មទណ្ឌមួយ។
ទាក់ទិននឹងករណីនេះ ក្រសួងមហាផ្ទៃអង់គ្លេស មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើរបាយការណ៍របស់សារព័ត៌មាន Telegraph នេះនោះទេ។
គួរបញ្ជាក់ថា ក្រុមឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កាលពីសប្តាហ៍មុន បានចាប់ខ្លួនមនុស្ស ៧នាក់ ដែលត្រូវបានស្គាល់ថាមានទំនាក់ទំនងជាមួយចក្រភពអង់គ្លេស ជុំវិញការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលកើតឡើង បន្ទាប់ពីមានករណីស្លាប់ស្ត្រីអ៊ីរ៉ង់ម្នាក់ ឈ្មោះ Mahsa Amini អាយុ២២ឆ្នាំ កាលពីខែកញ្ញាកន្លងទៅ នៅក្នុងបទចោទប្រកាន់ «ស្លៀកពាក់មិនសមរម្យទៅតាមការចែងរបស់ច្បាប់សាសនាអ៊ីស្លាម»។
ប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលចុងក្រោយនេះ ត្រូវបានសង្កេតឃើញថាមានការកើតឡើងនូវការតវ៉ាជាបន្តបន្ទាប់ ពោលគឺចាប់តាំងពីមានករណីស្លាប់របស់ស្ត្រីខាងលើនេះ។
ជាមួយគ្នានេះ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ក៏ធ្លាប់បានលើកឡើងថា អាជ្ញាធរអ៊ីរ៉ង់ បានព្យាយាមកាត់ទោសប្រហារជីវិតលើមនុស្សយ៉ាងហោចណាស់ ២១នាក់ ក្នុងគោលបំណងដើម្បីបំភិតបំភ័យដល់អ្នកដែលចូលរួមក្នុងការបះបោរក្នុងប្រទេសផងដែរ៕