សមត្ថកិច្ច​ថា​មិនទាន់​រកឃើញ​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​ទារិកា​ម្នាក់​ស្លាប់ ទោះ​តុលាការ​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន

ភាគីបង្កគ្រោះថ្នាក់នេះ​ឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដបុកម៉ូតូមួយគ្រឿងនៅលើស្ពានជ្រោយចង្វារ បណ្ដាលឱ្យពលរដ្ឋ​ចំនួន៣នាក់រងរបួសធ្ងន់ ក្នុងនោះក៏មានទារិកាអាយុ២ខែម្នាក់ផងដែរ។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

ចាប់តាំងពីដើមខែធ្នូ ឆ្នាំ២០២២ រហូតដល់ពេលនេះ សមត្ថកិច្ចថានៅមិនទាន់រកឃើញជនបង្កគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឱ្យទារិកាអាយុ២ខែម្នាក់ស្លាប់​ ទោះបីជាតុលាការបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនក្ដី។

កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដបុកម៉ូតូមួយគ្រឿងនៅលើស្ពានជ្រោយចង្វារ បណ្ដាលឱ្យពលរដ្ឋ​ចំនួន៣នាក់រងរបួសធ្ងន់ ក្នុងនោះក៏មានទារិកាអាយុ២ខែម្នាក់ផងដែរ។

ក្រោយមានហេតុការណ៍នេះ ក៏មានឯកសារចែកចាយលើបណ្តាញសង្គមបញ្ជាក់ថា ជនរងគ្រោះបានផ្តិតមេដៃទទួលយកសំណង ២ ៥០០ដុល្លារ និងដកពាក្យបណ្ដឹងដើម្បីបញ្ចប់រឿងនោះ ខណៈអ្នកប្រើប្រាស់បណ្ដាញសង្គមបានទាមទារឱ្យចាត់វិធានការច្បាប់លើជនបង្កគ្រោះថ្នាក់ចរាចរណ៍។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់វីអូឌីនៅថ្ងៃពុធនេះថា សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍កាលពីដើមខែធ្នូ ឆ្នាំ២០២២ កន្លងទៅ សមត្ថកិច្ចបានបញ្ជូនទៅដល់ដៃតុលាការអស់ហើយ។ លោកបញ្ជាក់ថា តុលាការក៏បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនបង្កទៅបន្ត​នីតិវិធី​តាមផ្លូវច្បាប់ ប៉ុន្តែជនបង្កបានរត់គេចខ្លួន ហើយបច្ចុប្បន្នលោកថាសមត្ថកិច្ចកំពុងស្វែងរក។

លោកថា៖ «ករណីហ្នឹង ​ធម្មតាមានដីកា យើងអនុវត្តតាមហ្នឹង។ យើងបានឃើញ[ទទួល] ហើយកំពុងស្រាវជ្រាវ ប៉ុន្តែមិនទាន់ឃើញបុគ្គលហ្នឹង»។ 

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យដឹងថា ភាគីបង្កគ្រោះថ្នាក់នេះ​ឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ៥៣ ផ្លូវកែវចិន្ដា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។​  

បន្ទាប់ពីកើតហេតុភ្លាមៗនោះ មន្ត្រីនគរបាលនៃក្រសួងមហាផ្ទៃម្នាក់ឈ្មោះ ធូ វីរៈ បានធ្វើលិខិតធានាឈ្មោះ សោម ណូរីទីឃា ដែលជាជនបង្កគ្រោះថ្នាក់ចរាចរណ៍ ក្រោយពីឃាត់ខ្លួន។ នេះបើយោងតាមលិខិតធានាចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយពីមន្ត្រីនគរបាលនៃក្រសួងមហាផ្ទៃម្នាក់ឈ្មោះ ធូ វីរៈ បានទេ នៅថ្ងៃនេះ។

យ៉ាងណា ការបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សស្លាប់ ហើយជនបង្កមិនត្រូវបានចាប់ខ្លួន ឬរួចផុតពីសំណាញ់ច្បាប់ មិនមែនកើតឡើងមួយករណីនេះទេ។ ជាក់ស្ដែង កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ​រថយន្ត​ទំនើប​ឡិចស៊ីស​សេរី ៥៧០ របស់អភិបាលខេត្ត​មណ្ឌលគិរី លោក ថង សាវុន ក៏បាន​បង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យពលរដ្ឋ ២​នាក់​ស្លាប់​ភ្លាមៗ ខណៈ​រ៉ឺម៉ក​ម៉ូតូ​របស់ជនរងគ្រោះត្រូវរថយន្តអភិបាលខេត្តរូបនេះបុកខូច​ខ្ទេចខ្ទី។ 

ប៉ុន្តែចាប់ពីថ្ងៃកើតហេតុ មកដល់ពេលបច្ចុប្បន្ន អភិបាលខេត្ត​មណ្ឌលគិរី លោក ថង សាវុន មិនត្រូវបានសមត្ថកិច្ចចាត់វិធានការច្បាប់ឡើយ។

ងាកមកនិយាយពីករណីគ្រោះថ្នាក់ចរាចរណ៍នៅស្ពានជ្រោយចង្វារវិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ប្រកាសមិនគាំទ្រចំពោះអ្នកបើកបរដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ​ ហើយបែរជាប្រើលុយដោះស្រាយបញ្ចប់រឿងដើម្បីរួចខ្លួន។ លោក​អះអាងថា ​កំពុងតាមដានព័ត៌មានជាក់លាក់នៃគ្រោះថ្នាក់ចរាចរណ៍នេះ​​ ដើម្បីចាត់វិធានការឱ្យបានសមស្របផងដែរ។ លោក ស ខេង ក៏បានបង្ហាញការសោកស្តាយចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ។ 

នាយកទទួលបន្ទុក​ចាត់ការ​ទូទៅ នៃអង្គការ​ការ​ពារ​សិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការរកមិនឃើញជនបង្កគ្រោះថ្នាក់នេះបានធ្វើឱ្យប្រជាពលរដ្ឋរិះគន់ទៅលើចំណាត់ការអនុវត្តច្បាប់របស់សមត្ថកិច្ច។ លោកយល់ថា ការរកឃើញ ឬមិនឃើញ អាស្រ័យទៅលើឆន្ទៈរបស់សមត្ថកិច្ច ដោយថា​ បទល្មើសខ្លះ ទោះបីជាឆ្លងដែនទៅដល់ក្រៅប្រទេស ក៏សមត្ថកិច្ចនៅចាប់ខ្លួនបាន។ 

លោក អំ សំអាត បន្តថា ប្រសិនសមត្ថកិច្ចចាប់ខ្លួនជនបង្កមិនបានទេ ប្រជាពលរដ្ឋនឹងបាត់បង់ជំនឿទៅលើសមត្ថកិច្ច។

លោកថា៖ «បើសិនជាគ្រោះថ្នាក់ចរាចរណ៍ ហើយមានខ្នងបង្អែក អាហ្នឹងត្រូវចាត់ការមុនគេ រឿងបទល្មើស! រឿងគ្រោះថ្នាក់ចរាចរណ៍ ជារឿងមួយដាច់ដោយឡែក។ បើរឿងគ្រោះថ្នាក់ចរាចរណ៍ រឿងរ៉ាវកើតឡើងហើយ យកខ្នងមកអារកាត់ អាហ្នឹង វាមិនអាចទៅរួចទេ។ ប្រទេសដែលប្រកាន់ខ្ជាប់ដោយការអនុវត្តច្បាប់​ ឬនីតិរដ្ឋ ដែលប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ គេមិនអាចធ្វើអ៊ីចឹងទេ។ អ៊ីចឹងទោះយ៉ាងណាក៏ដោយ បុគ្គលណាក៏ដោយ ប្រព្រឹត្តហើយមានការសង្ស័យខុសនឹងច្បាប់ គឺត្រូវអនុវត្តតាមច្បាប់ហើយ។ បើមិនអ៊ីចឹង ការអនុវត្តច្បាប់ វាមិនសូវមានប្រសិទ្ធភាពទេ»។

មាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក ចែងថា ជនណាដែលបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្ដាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ ឆ្នាំ ពិន័យជាប្រាក់ពី៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១៥ ០០០ ០០០ (ដប់ប្រាំលាន) រៀល និងអាចត្រូវផ្តន្ទាទោស ដោយទោសបន្ថែមមួយឬច្រើន ដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងមាត្រា៨៥ ដដែល ក៏បានចែងថា អ្នកបើកបរដោយស្ថិតក្នុងស្ថានភាពស្រវឹង បណ្ដាលឱ្យមនុស្សស្លាប់ រត់គេចពីកន្លែងកើតហេតុ ដើម្បីគេចពីការទទួលខុសត្រូវ ជាដើម គឺត្រូវជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានទៅ ២៥លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ