មេធាវី និងសង្គមស៊ីវិលនៅតែចាត់ទុកការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ជាកំហុសរបស់តុលាការ

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពី «បច្ចុប្បន្នភាពនៃដំណើរការចរចាដោះស្រាយវិវាទការងារ និងការបន្តធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់អំពើហិង្សាមកលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍» នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មេធាវីការពារក្ដីឱ្យ​មេដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍​ កញ្ញា ឈឹម ស៊ីថរ​ ថាកូនក្ដីរបស់ខ្លួនមិនបានទទួលដីកាដែលបញ្ជាក់ថា​មិនឱ្យចេញទៅក្រៅប្រទេសនោះទេ មុនពេលកញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនជាថ្មី​។

ការអះអាងរបស់មេធាវីការពារក្តីរបស់កញ្ញា ឈឹម ស៊ីថរ នេះ គឺជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះកាលពីថ្ងៃទី​២៩ ខែធ្នូ​ ឆ្នាំ​២០២២​ ប៉ុន្តែទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈ​នៅថ្ងៃនេះ។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លើកឡើងថា ​ការចាកចេញទៅក្រៅប្រទេសរបស់កញ្ញា ឈឹម ស៊ីថរ ដោយគ្មានការអនុញ្ញាតពីតុលាការ គឺជាការបំពានកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការរបស់មេសហជីពរូបនេះ។

សេចក្ដីថ្លែងការណ៍បញ្ជាក់ថា៖ «ជនត្រូវចោទ ឈ្មោះ ឈឹម ស៊ីថរ បានចាកចេញពីដែនដី នៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ដែលអំពើនេះគឺបានបំពានលើកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ។ យោងតាមមាត្រា២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ បានចែងថា ប្រសិនបើជនត្រូវចោទបានគេចវេះដោយចេតនាពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរអាចសម្រេចឱ្យឃុំខ្លួនជនត្រូវចោទបណ្ដោះអាសន្នបាន»។

សេចក្តីថ្លែងការណ៍បន្តថា ការដែលកញ្ញា ឈឹម ស៊ីថរ លើកឡើងថា មិនទទួលដំណឹងពីដីកាសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការនោះ កាន់តែបង្ហាញយ៉ាងច្បាស់ក្នុងចេតនាមិនទទួលខុសត្រូវចំពោះមុខច្បាប់។ សេចក្តីថ្លែងការណ៍បន្តថា ក្នុងករណីនេះ នៅពេលចៅក្រមស៊ើបសួរសម្រេចដោះលែងជនត្រូវចោទឱ្យនៅក្រៅឃុំនោះ ចៅក្រមស៊ើបសួរ ប្រើប្រាស់វិធានការជំនួសមកវិញនូវដីកាសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលដីកាសម្រេចនេះ ជនត្រូវចោទត្រូវតែគោរពតាម និងអនុវត្តឱ្យបានម៉ឺងម៉ាត់»។

ទោះ​ជាយ៉ាងណា​ មេធាវីការពារក្ដីឱ្យកញ្ញា ឈឹម ស៊ីថរ​  គឺលោក សំ ចំរើន​ បន្តលើកឡើងថា​កូនក្ដីរបស់ខ្លួនពិតជាមិនទទួលបានដីកាដែលបញ្ជាក់ថា​កញ្ញា ឈឹម ស៊ីថរ មិនអាចចាកចេញពីប្រទេសកម្ពុជាពិតមែន។

លោកថា៖​ «បើពិនិត្យក្នុងឯកសារក្នុងសំណុំរឿង​ អត់មានឯកសារណាបញ្ជាក់ថា​កូនក្ដីស្រីៗទាំងប៉ុន្មានហ្នឹងទទួលបានដីកាហ្នឹងទេ​ ការដែលមិនបានទទួលដីកា បើអត់បានទទួល ឱ្យគេគោរពម៉េច?​ យល់ដឹងពីខ្លឹមសារយ៉ាងម៉េច? អ្នកខ្លះទៀតបានទទួល​ក្នុងសំណុំរឿងដដែលហ្នឹង​ អ្នកខ្លះមានទទួល ដោយគេមានស្នាមមេដៃនៅលើហ្នឹងតែម្ដង​ តែស្រី និងស៊ីថរអត់បានទទួល»។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា បានលើកឡើងថា ​ទាំងមេធាវី និងកញ្ញា ឈឹម ស៊ីថរ មិនទទួលបានដីកាដែលបញ្ជាក់មិនឱ្យ​ប្រធានសហជីពរូបនេះចាកចេញទៅក្រៅប្រទេសនោះទេ​ ម្យ៉ាងទៀត​លោកចោទសួរថា អំឡុងពេល​ដែលកញ្ញាកំពុងរៀបចាកចេញពីប្រទេស ហេតុអ្វីសមត្ថកិច្ច​មិនចាប់​ខ្លួន​​?

លោកថា៖ ​«វាជារឿងមួយនៃកំហុសផ្លូវច្បាប់​របស់សមត្ថកិច្ច​​ ជាពិសេសតុលាការ និងសមត្ថកិច្ច​ បើយើងបានចេញដីកាហ្នឹងពិតប្រាកដមែន​ ហេតុអ្វីបានជាយើងមិនបានជូនដំណឹងហ្នឹងដល់មេធាវី​ ឬ​ជនជាប់ចោទផ្ទាល់ ​ដែលនេះជារឿងអនុវត្តមិនបាន​ត្រឹមត្រូវ​»។

មន្រ្តីសង្គមស៊ីវិលរូបនេះនៅ​តែចាត់ទុកករណីនេះថា ជាកំហុស​នីតិវិធីនៃស្ថាប័នតុលាការ និងនៅតែស្នើឱ្យតុលាការដោះលែង​កញ្ញា ឈឹម ស៊ីថរ​ មានសេរីភាពឡើងវិញ​។​​

ប្រធានសហជីព​ប្រចាំក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពេលកញ្ញាបានធ្វើដំណើរត្រលប់មកពីប្រជុំនៅ​ប្រទេសអូស្ត្រាលីវិញ។ កញ្ញាត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស នៅរសៀលថ្ងៃដដែលនោះ ​ដោយចោទថា កញ្ញាបានល្មើសបម្រាមរបស់តុលាការ ឬគេចវេះពីការត្រួតពិនិត្យរបស់តុលាការ។ ​

​នេះគឺជាលើកទី២ហើយដែលកញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួននៅក្នុងពន្ធនាគារ ខណៈសំណុំរឿងចោទប្រកាន់ទៅលើកញ្ញា និងសមាជិកសហជីពផ្សេងទៀត ត្រូវបានតុលាការអះអាងថាកំពុងបញ្ជូនទៅជំនុំជម្រះ។

ជុំវិញការចាប់ឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ ជាថ្មីនេះ មេធាវីការពារក្តីកញ្ញា ឈឹម ស៊ីថរ លោក សំ ចំរើន បានឱ្យដឹងថា លោកបានដាក់បណ្ដឹងសាទុក្ខទៅកាន់តុលាការកំពូលរួចហើយ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ​ដើម្បីទាមទារឱ្យតុលាការដោះលែងកញ្ញា ឈឹម ស៊ីថរ ឱ្យបាននៅក្រៅឃុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ