កូដករណាហ្គា ទទូចរដ្ឋាភិបាលដោះស្រាយបញ្ចប់វិវាទការងារដល់ពួកគេមុនការបោះឆ្នោត

ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ កូដករ​ណាហ្គាវើល​ដ៍​ប្រមាណ១០០នា​ក់បាន​បន្តប្រមូលផ្ដុំគ្នា​តវ៉ា​នៅមុខក្រុមហ៊ុន ទាមទារឱ្យ​​មាន​​ដំណោះស្រាយវិវាទ​​ការងារដែលអូសបន្លាយជាង១​ឆ្នាំ ខណៈ​​ការ​​​ចរចាជាមួយ​​​តំណាង​​​ក្រុម​​ហ៊ុន​ ​ក្រោម​ការ​សម្រប​សម្រួល​របស់​ក្រសួង​ការងារ មិនទទួលបានលទ្ធផល​។ (ហ៊ាន រង្សី)

បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍​ដែលកំពុងធ្វើកូដកម្ម ទទូច​រដ្ឋាភិបាល​បំពេញតួនាទីរបស់ខ្លួនជាអ្នកបម្រើរាស្ត្រ ដោះស្រាយបញ្ចប់វិវាទការងាររវាងកម្មករនិងថៅកែ មុនការបោះឆ្នោតមកដល់ ដើម្បីបញ្ចៀស​ផល​ប៉ះពាល់ជីវភាពកម្មករ ព្រមទាំងមុខមាត់រដ្ឋាភិបាល ដោយថា បើពួកគាត់​បាន​ដំណោះស្រាយ នោះពួកគេនឹងសម្រេចចិត្តលើសន្លឹកឆ្នោតទៅតាមនោះដែរ។

ការទទូចនេះធ្វើឡើង ខណៈ​កូដករ​ណាហ្គាវើល​ដ៍​ប្រមាណ១០០នា​ក់បាន​បន្តប្រមូលផ្ដុំគ្នា​តវ៉ា​នៅមុខក្រុមហ៊ុនជាថ្មីទៀត នៅថ្ងៃសុក្រ​នេះ ទាមទារឱ្យ​​មាន​​ដំណោះស្រាយវិវាទ​​ការងារដែលអូសបន្លាយជាង១​ឆ្នាំ ខណៈ​​ការ​​​ចរចាជាមួយ​​​តំណាង​​​ក្រុម​​ហ៊ុន​ ​ក្រោម​ការ​សម្រប​សម្រួល​របស់​ក្រសួង​ការងារ មិនទទួលបានលទ្ធផល​។

ជា​ការ​​កត់​សម្គាល់ ក្នុងការប្រមូលផ្តុំតវ៉ានៅថ្ងៃ​នេះ ក្រុម​​កូដករ​បាន​ផ្លុំ​ប៉ី វាយ​​ស្គរ កាន់បដា ដោយមានខ្លឹមសារទាមទារដំណោះស្រាយការងារ និងសេរីភាពសហជីព។

កូដករ និងជា​សមាជិក​​សហជីព​បុគ្គលិក​កម្មករ​ខ្មែរ​​​នៃក្រុមហ៊ុន​ណាហ្គាវើលដ៍ អ្នកស្រី ប៊ន ស៊ីណា លើកឡើងនៅកន្លែងកូដកម្មនោះ​​ថា ការដែលគាត់បន្តចេញតវ៉ានេះ គឺក្រោមហេតុផលទាមទារការគោរពសិទ្ធិសហជីពនៅកន្លែងការងារ និងជំរុញឱ្យមាន​ដំណោះស្រាយ​បញ្ចប់​វិវាទឱ្យបានឆាប់ ព្រមទាំងដោះលែងប្រធានសហជីពរបស់ពួកគេ គឺកញ្ញា ឈឹម ស៊ីថរ

អ្នកស្រីមើលឃើញថា កត្តាដែលធ្វើឱ្យវិវាទនេះអូសបន្លាយ និងមិនអាចរកច្រកចេញបាន គឺបណ្តាលមកពីក្រុមហ៊ុនមានចេតនាចង់បំបិទសហជីពឯករាជ្យ ដែលតែងការពារសិទ្ធិកម្មករពីក្នុងក្រុមហ៊ុនតែម្តង ខណៈក្រសួងការងារពុំបានបំពេញតួនាទីរបស់ខ្លួនបានត្រឹមត្រូវ ក្នុងការដាក់សម្ពាធឱ្យថៅកែគោរពច្បាប់ការងារ និងច្បាប់សហជីពនៅកម្ពុជា។

អ្នកស្រីទទូចរដ្ឋាភិបាលបំពេញតួនាទីរបស់ខ្លួនជាអ្នកបម្រើរាស្ត្រ ដោះស្រាយបញ្ចប់វិវាទការងារនេះ និងជំរុញថៅកែគោរពច្បាប់នៅកម្ពុជា មុនការបោះឆ្នោតជាតិមកដល់។

អ្នកស្រី ប៊ន ស៊ីណា និយាយ​ថា៖ «ជិតបោះឆ្នោតដែរហើយ ខ្ញុំសុំរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ ក្រសួងពាក់ព័ន្ធទាំងអស់ ជួយជំរុញឱ្យថៅកែណាហ្គាវើលដ៍គោរពច្បាប់ និងដោះស្រាយវិវាទការងារនេះទៅ ព្រោះថា វាគ្រាន់តែវិវាទតូចមួយ អូសបន្លាយរយៈពេលមួយឆ្នាំជាងហើយ។ ស្រុកខ្មែរយើងមិនដែលមានទេ កូដកម្មរយៈពេលមួយឆ្នាំជាងនេះ តែឥលូវមានហើយ។ អ៊ីចឹងសុំឱ្យរដ្ឋាភិបាល គាត់មានតួនាទីការពារប្រជាជន ក៏ដូចជាកម្មករ អ៊ីចឹងសូមឱ្យគាត់ជួយដោះស្រាយផង ដើម្បីកម្មករមានប្រាក់ខែសម្រាប់ចិញ្ចឹមគ្រួសារ មានប្រាក់ខែសមរម្យ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើងនៅក្នុងប្រទេសនេះ»

កូដករមួយរូបទៀត លោក បៀន រុណដាវិដ អះអាងថា ការដែលកូដករនៅ​បន្ត​ការតវ៉ានេះ ដោយសារតែការចរចារវាងថៅកែ ក្រសួងការងារ និងតំណាងកូដករ មិនទាន់​ទទួល​បានលទ្ធផលដោយយុត្តិធម៌នៅឡើយ​​។ កូដកររូបនេះបន្តថា ការអូសបន្លាយវិវាទនេះ គឺមានតែធ្វើឱ្យកម្មករមានជីវភាពយ៉ាប់យ៉ឺនទៅ រីឯរដ្ឋាភិបាលនឹង​កាន់តែរងការរិះគន់ពីសំណាក់មតិជាតិនិងអន្តរជាតិ។

លោក បៀន រុណដាវិដ បន្តថា៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ ជាកម្មករផង ខ្ញុំចង់ឱ្យរាជរដ្ឋាភិបាលដោះស្រាយគ្រប់បញ្ហាទាំងអស់ ទាំងរឿងដីធ្លី ទាំងរឿងពួកខ្ញុំ រឿងកម្មករ រឿងសហជីពអីហ្នឹង គឺចង់ឱ្យរដ្ឋាភិបាលមានការដោះស្រាយឱ្យបានល្អ ឱ្យបានសមរម្យ ដូចថាជួយឱ្យប្រជាពលរដ្ឋហ្នឹងសប្បាយចិត្តតិចទៅប្រជាពលរដ្ឋអាចនឹងបោះឆ្នោតឱ្យអ៊ីចឹងទៅណា អ៊ីចឹងខ្ញុំចង់ឃើញអ្វីៗល្អមុនបោះឆ្នោតហ្នឹង»

លោកបញ្ជាក់​ថា ពួកគាត់នឹងមិន​ឈប់ធ្វើកូដកម្មទេ បើគ្មានដំណោះស្រាយតាមច្បាប់ការងារនោះ បើទោះលោក​អះអាងថាការ​ធ្វើកូដកម្ម​អហិង្សា​អស់រយៈពេលជាង​១ឆ្នាំមក​នេះ បាន​​រងនូវការគំរាមកំហែងបំភិតបំភ័យពីសំណាក់​ក្រុមហ៊ុន និង​អាជ្ញាធរ​​ក៏ដោយ។

បើតាមក្រុមកូដករ បច្ចុប្បន្ន​ នៅសល់​បុគ្គលិក​ជាង១០០​នាក់​​ប៉ុណ្ណោះដែល​​​ទាមទារ​ចូលធ្វើការវិញតាមច្បាប់ និងកិច្ចសន្យាការងារ ខណៈបុគ្គលិក​ដែលគ្មាន​ឈ្មោះកាត់​ចំនួនជាង៣០០នាក់ទៀត នៅ​បន្ត​​​ស្ម័គ្រ​ចិត្ត​ដោះ​ដូ​រ​ឈ្មោះឱ្យពួកគេដដែល។

វីអូឌី មិនទាន់អាច​សុំការ​បញ្ជាក់ពី​តំណាងក្រុមហ៊ុនណាហ្គាវើលដ៍ និងអ្នកនាំពាក្យ​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ លោក ហេង សួរ ជុំវិញការតវ៉ារបស់កូដករនេះបានទេ​ នៅថ្ងៃសុក្រនេះ។

តែយ៉ាងណា​ លោក ហេង សួរ បាន​ប្រាប់​​វីអូឌីតាមសារតេឡេក្រាមកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ យ៉ាងខ្លីថា ក្រសួងការងារ បន្តអនុវត្តច្បាប់ និងសុំឱ្យគ្រប់ភាគីគោរពច្បាប់និងយន្តការនានាដែលនៅជាធរមាននៅកម្ពុជា ជាជាងបកស្រាយខ្លឹមសារផ្ទុយពីស្ថាប័នសមត្ថកិច្ច។

ប្រធាន​​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នក​ស្រី យ៉ាង សុភ័ណ្ឌ ធ្លាប់លើកឡើងថា វិវាទការ​ងារនៅក្រុមហ៊ុនណាហ្គា​វើលដ៍នេះ នៅ​មាន​​ផ្លូវ និងយន្តការដោះស្រាយបញ្ចប់ដោយយុត្តិធម៌។ អ្នកស្រីថា ទាំងកម្មករ និងក្រុមហ៊ុន សុទ្ធ​តែមានជម្រើស ជាក់ស្តែងកម្មករដែលគ្មានឈ្មោះកាត់ជាច្រើននាក់​ សុខចិត្ត​ដោះដូរជាមួយ​កម្មករ​ដែលត្រូវក្រុមហ៊ុនបញ្ឈប់ត្រឹមចំនួនតិចជាង ខណៈ​ក្រុម​ហ៊ុនទាម​ទារបញ្ឈប់បុគ្គលិកនូវចំនួនកំណត់មួយ។

វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍បានកើតឡើង​ជាង១ឆ្នាំមកហើយ ក្រោយពេល​ក្រុមហ៊ុននេះ​បានបញ្ឈប់​​បុគ្គលិកចំនួន១ ៣២៩នាក់ ក្នុងចំណោម​បុគ្គលិកសរុបជាង៨ ០០០នាក់ ពីការងារ ក្រោមហេតុផល​ថា ជួបវិបត្តិ​ហិរញ្ញវត្ថុដោយសារ​តែបញ្ហាជំងឺកូវីដ-១៩។ យ៉ាង​ណា បុគ្គលិក​​ដែល​ចេញ​ធ្វើកូដកម្ម​ជាង១២ខែ​មក​នេះ អះអាងថា ការបញ្ឈប់នោះ ​ដោយសារថៅកែ​មានចេតនារំលាយ​សហជីពការពារសិទ្ធិកម្មករ​​ឱ្យអស់ពីក្រុមហ៊ុនមួយនេះ។

​ក្រៅពីនោះ ​​កូដករណាហ្គាវើលដ៍​​​ប្រមាណ១០រូបក៏​ត្រូវ​​បាន​សាលា​​​​ដំបូង​រាជ​ធានី​ភ្នំពេញកោះហៅឱ្យចូលបំភ្លឺជាបន្តបន្ទាប់នាពេលថ្មីៗនេះ​ ក្រោមបណ្តឹងចំនួន៣របស់ក្រុមហ៊ុន រួមមាន បទរំលោភលើលំនៅឋាន, ធ្វើឱ្យខូច​ខាត​ដោយចេតនាស្ថានទម្ងន់ទោស និងចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់ ដែលក្រុមហ៊ុនបានប្តឹងពួកគេ ខណៈប្រធានសហជីពទ្រទ្រង់សិទ្ធិការងារ​បុគ្គលិក​កម្ម​ករ​ខ្មែរ​នៃក្រុម​ហ៊ុនណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និង​​បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស​បម្រាម ឬគេចវេះពីការត្រួតពិនិត្យរបស់តុលាការ ក្រោយ​ពេល​កញ្ញាបាន​ធ្វើដំណើរត្រលប់មកពីប្រជុំនៅ​ប្រទេសអូស្ត្រាលីវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ