ពលរដ្ឋ​ថា​ទាហាន​បន្ត​ទន្ទ្រាន​យកដី​ព្រៃសហគមន៍​ឧត្ដមស្រែពស់ ខណៈ​អាជ្ញាធរ​មិនទាន់​ដោះស្រាយ​ជម្លោះ​ចប់

ទីតាំងដីដែលបានរងការឈូសឆាយពីសំណាក់ក្រុមទាហានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋមួយចំនួន ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រជាពលរដ្ឋនៅតំបន់ព្រៃសហគមន៍ឧត្ដមស្រែពស់ ហៅព្រៃ​មេត្តា​ធម្ម​ជាតិ បាន​អះ​អាង​ថា ក្រុម​ទាហាន​នៅ​តែ​បន្ត​ធ្វើសកម្ម​ភាព​ទន្ទ្រាន​យក​ដី​ព្រៃសហគមន៍​មួយ​នេះ ខណៈអាជ្ញាធរនៅ​មិនទាន់​ដោះស្រាយបញ្ហា​វិវាទ​ដីធ្លីនេះ​​ចប់នៅឡើយ។

ចាប់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០២១​មក ក្រុម​​ទាហាន​បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ដី​ព្រៃសហគមន៍ «ឧត្ដម​ស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ស្ថិតក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ អស់រាប់រយហិកតា ក្រោយពីពួកគេទទួលបានដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាលនៅតំបន់នោះ ប៉ុន្តែត្រូវបានអ្នកភូមិរាប់រយនាក់នៅសហគមន៍មួយនេះតវ៉ាប្រឆាំង។

លោក ខន សារិទ្ធ ជាសមាជិកព្រៃស​ហគមន៍​​ឧត្ដ​មស្រែខ្ពស់ ប្រាប់​វីអូឌី​នៅ​ថ្ងៃចន្ទនេះ​ថា ក្រោយ​កើត​មាន​ជម្លោះ​រវាង​ក្រុមទាហាន និង​ប្រជា​សហគមន៍​ជាង​១ឆ្នាំ គឺ​អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បាន​ចុះ​សម្រ​ប​សម្រួលដោះស្រាយ ដោយឱ្យក្រុមទាហានផ្អាកសកម្មភាពឈូសឆាយ និង​រង់ចាំការដោះស្រាយពីសំណាក់​អាជ្ញាធរពាក់ព័ន្ធជាមុនសិន។

សមាជិក​ព្រៃសហគមន៍ អះអាងថា បច្ចុប្បន្ននេះ ក្រុមទាហាននៅតែបន្តធ្វើសកម្មភាពទន្ទ្រានយកដីព្រៃសហគមន៍​មិន​ឈប់នោះ​ទេ ដូចជា សកម្មភាពលួចកាប់ឈើ បូម​ខ្សាច់ កាយ​ក្រវាត់​ព្រំដី និង​ការ​បោះបង្គោលរបងចូលដីព្រៃសហគមន៍ ជាដើម ដោយ​គ្មានការជួយទប់ស្កាត់ពីអាជ្ញាធរឡើយ។

លោកបន្ថែមថា៖ «កន្លែង​គំនរឈើដែល​គេ​បាន​ឈូស​រួច​ហ្នឹង ឥលូវនេះ គេចាប់ផ្តើមប្រមូលដុត ហើយ​គេភ្ជួរដី ហើយ​មានកន្លែង​ខ្លះ​គេចាប់ផ្តើមបូម​ខ្សាច់​យក​លក់​ហើយ ឥលូវ​នេះ​ឡានធំៗកំពុងដឹកចេញរាល់ថ្ងៃ។ ហើយ​ពេល​គេ​ភ្ជួរ គេ​ដើរ​បោះបង្គោល​បណ្ដើរ។ ពេល​ដែល​ប្រជាសហគមន៍ទៅហាម​ឃាត់ គឺ​ពួក​គេចេ​ញ ប៉ុន្តែពេល​ដែល​យើងត្រ​លប់មកផ្ទះវិញ គឺ​ពួក​គេចូល​ធ្វើ​សកម្មភាពទៀត ធ្វើអ៊ីចឹងសឹងរាល់ថ្ងៃ»

សមាជិកសហគមន៍ឧត្ដមស្រែពស់ម្នាក់ទៀត​ លោក តឹក ម៉ៅ បានឱ្យដឹងថា ក្រោមជម្លោះដីធ្លីនេះ ខាង​ក្រុម​ទាហានបាន​ប្រើហិង្សា​លើ​ប្រជាសហគមន៍ និងបាញ់គំរាមកំហែងព្រះសង្ស​ជាបន្តបន្ទាប់ ខណៈព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ចុះ​ទប់​ស្កាត់​ការឈូស​ឆាយ និង​ការ​ទន្ទ្រាន​យក​ដី​ព្រៃ​សហគមន៍ពីសំណាក់​ក្រុម​ទាហាន​ទាំង​នោះ។

លោក​បន្ត​ថា កាល​ពី​ថ្ងៃទី៦​ ខែមក​រា​នេះ ក្រុម​ទាហាន​បាន​ចូល​មក​ភ្ជួរ​ដី និងបោះបង្គោលរបងចូលដីព្រៃសហគមន៍ ហើយបាន​គំរាមប្រើហិង្សាលើព្រះសង្ឃ និង​ចាប់​យក​ទូរសព្ទរបស់លោក មិនឱ្យថតពីសកម្មភាពល្មើសរបស់ទាហានទាំងនោះថែម​ទៀត។

លោកបន្ថែមថា៖ «អ៊ីចឹងហើយពួកខ្ញុំត្រូវតែខំថែរក្សាភស្តុតាងទាំងអស់​ហ្នឹងទុ​ក​ហើយ អត់ឱ្យពួកគាត់រំលោយបានទៀតទេ ព្រោះ​ព្រៃឈើ គា​ត់​បាន​ឈូស​ឆាយ និង​កាប់​បំផ្លាញ​អស់​ហើយ ហើយ​គាត់​បាន​វាយ​ប្រជា​សហគមន៍​ឆ្អែត​ឆ្អន់​ហើយ​ហ្នឹង។គាត់បាញ់​ផង​ គំរាម​ផង គាត់​វាយ​ផង រហូតអ៊ុំពូមីងខ្លះបានបាក់ដៃ។ ហើយគាត់បានបំផ្លាញព្រៃឈើ បំផ្លាញភស្តុតាងអស់ហើយ​ហ្នឹង អ៊ីចឹងខ្ញុំត្រូវតែខំរក្សាភស្តុតាងដែលសេសសល់នៅហើយ»

លោក ប៉ែន សារិន ដែលអ្នកភូមិ​ប្រាប់​ថាជា​ទាហាន និ​ង​ជាអ្នកដឹក​នាំ​សកម្ម​ភាព​ឈូស​ឆាយ​រំលោភដីសហគមន៍ឧត្ដមស្រែពស់ បាន​ច្រានចោលចំពោះការចោទប្រកាន់ ដែល​ថាទាហានគំរាមកំហែងលើពលរដ្ឋ និងឈូសឆាយប៉ះពាល់លើដីសហគមន៍។ លោក​ថា ទាហាន​ធ្វើ​សកម្មភាពឈូសឆាយតែលើដីដែលរដ្ឋាភិបាលកាត់ឆ្វៀលឱ្យតែប៉ុណ្ណោះ ដោយ​មិន​បានរំលោភ​លើដីរបស់សហគមន៍ឡើយ។

លោកបន្ថែមថា៖ «ខ្ញុំអត់បានដឹងទេ​ រឿងគំរាមកំហែងហ្នឹង ខ្ញុំអត់បានទៅហ្នឹង​ផង! ហើយ​ការ​ឈូស​ឆាយ​ហ្នឹង​ យើង​ធ្វើ​តាម​តែរដ្ឋាភិបាល​គាត់​ចេញ​អនុក្រឹត្យ​ទេ។ យើងមិនចេះតែធ្វើទេ យើងធ្វើទាល់តែមានច្បាប់ទម្លាប់ បានយើងធ្វើ»

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពី​​អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានទេ នៅថ្ងៃចន្ទនេះ។

យ៉ាងណា អភិបាលខេត្តរូបនេះបានប្រាប់វីអូឌីកាល​ពីថ្ងៃ​ទី​២៩ ខែវិច្ឆិកា​​ ឆ្នាំ២០២២​ ថា ​អាជ្ញាធរ​ថ្នាក់​ខេត្ត​​កំពុង​ស្វែង​រ​ក​ដំណោះស្រាយលើបញ្ហា​នេះ។

ជុំវិញជម្លោះដីធ្លីនេះ លោក វ៉ី សំណាង បាន​កាត់ឆ្វៀ​ល​ដី​ទំហំជាង ៨០០ហិកតា ផ្ដល់​ឱ្យ​ទៅ​សហគមន៍ការពារវិញ ប៉ុន្តែមិនទាន់​បាន​វាស់វែង និង​កំណត់​ព្រំ​ឱ្យ​ច្បាស់​លាស់​នៅឡើយ​ទេ ក្រោម​ហេតុ​ផល​ថា ដោយ​សាររដ្ឋបាលខេត្តកំពុងខ្វះថវិកា ឬ​ខ្វះ​​បង្គោល​​របង​​សម្រាប់​បោះកំ​ណត់​ព្រំ រវាង​​​​ដី​សហគមន៍ និងដី​ទាហាន។ លោក​​បានអំពាវនាវដល់សប្បុរសជន ឬអ្នកស្រឡាញ់ធនធានធម្មជាតិ ជួយជាថវិកា ឬបង្គោលព្រំ ដល់ប្រជាសហគមន៍ សម្រាប់បោះការពារដីព្រៃសហគមន៍ឧត្តមស្រែពស់ និងព្រៃមេត្តាធម្មជាតិ ដើម្បីឈានទៅរកការបញ្ចប់ជម្លោះដីធ្លីនេះឱ្យបានឆាប់។

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង បានបង្ហាញការសោកស្តាយដែលរដ្ឋបាលខេត្តកំពង់ស្ពឺ មិនព្រមដោះស្រាយបញ្ចប់វិវាទដីធ្លីសហគមន៍ឧត្តមស្រែពស់ ហើយបានបន្តឱ្យជម្លោះនេះអូសបន្លាយរ៉ាំរ៉ៃ​ ដែលធ្វើឱ្យប្រជាពលរដ្ឋអស់ជំនឿលើយន្តការ​ដោះស្រាយរបស់អាជ្ញាធររដ្ឋ។

មន្ត្រីសង្គមស៊ីវិលផ្នែកព្រៃឈើរូបនេះ បារម្ភថា ការពន្យារពេលមិនដោះស្រាយនេះ នឹងធ្វើឱ្យធនធានធម្មជាតិ ឬព្រៃសហគមន៍ឧត្តមស្រែពស់ ប្រឈមបាត់បង់ទាំងស្រុង ហើយអំពើហិង្សាផ្សេងៗ​រវាងប្រជាសហគមន៍និងទាហានអាចកើ​ត​ឡើងជា​យថា​ហេតុ​ណា​មួយ។

លោកបន្ថែមថា៖ «យើងបារម្ភថា ការមិនបញ្ចប់បញ្ហា ហើយបន្តឱ្យបញ្ហានៅរ៉ាំរ៉ៃ ដែលធ្វើឱ្យបាត់បង់ដីព្រៃសហគមន៍​នៅតំបន់​ហ្នឹង ហើយធ្វើឱ្យអ្នកដែលពាក់ព័ន្ធជាមួយការគំរាមកំហែងជុំវិញករណីជម្លោះដីធ្លីហ្នឹងរួច​ខ្លួន​ពី​ការទទួលខុសត្រូវពីសំណាញ់​ច្បាប់។ ការបារម្ភមួយទៀតនោះ គឺ​អាចបង្ក​ឱ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង ទំនាស់​បន្តរ៉ាំរ៉ៃ ដែល​ធ្វើ​ឱ្យ​ខាត​បង់​ផលប្រយោជន៍ និង​ពេលវេលារ​បស់​ប្រជា​ពលរដ្ឋ។ ហើយមួយទៀតនោះ ប្រជាពលរដ្ឋនឹងអស់ជំនឿលើយន្តការដោះ​ស្រាយរបស់អាជ្ញាធររដ្ឋ»

កាលពីថ្ងៃទី​២០ ខែសី​ហា ឆ្នាំ២០២១ រដ្ឋាភិបាល​បានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង ២៦០​ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋ​ចំនួន​៤១គ្រួសារ សម្រាប់​ធ្វើ​លំនៅឋា​ន និង​​ប​ង្កបង្កើនផល។

ក្រោយទទួលបានដីសម្បទានសង្គមកិច្ចនេះ ក្រុមទាហានដាក់គ្រឿងចក្រឈូសឆាយ និងប្រើកម្លាំងកម្មករឱ្យចូលទៅកាប់រុករានព្រៃឈើតំបន់នោះ ប៉ុន្តែត្រូវបានអ្នកភូមិរាប់រយនាក់នៅឃុំត្រពាំងជោរ តវ៉ាប្រឆាំង ដោយពួកគេអះអាងថា ព្រៃឈើតំបន់នោះជាព្រៃសហគមន៍ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ ដែលពួក​គេ​​បាន​ការ​ពារ​ជាង​២០​ឆ្នាំមកហើយ សម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងសហគមន៍។

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង តាមរយៈលិខិត បានបញ្ជាទៅអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ឱ្យចាត់ចែងមន្ត្រីចុះសិក្សាស្រាវជ្រាវ ពិនិត្យ និងដោះស្រាយបញ្ហាជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងអតីតបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងបក្ខពួក ដោយផ្អែកលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានចែងជាធរមាន ហើយធ្វើការឆ្លើយតបទៅប្រជាពលរដ្ឋវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ