ប្រភពស្និទ្ធស្នាលនឹងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន មួយរូប បានព្រមានអង្គការណាតូ (NATO) នៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការបរាជ័យរបស់រុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន អាចបង្កឱ្យមានជាសង្គ្រាមនុយក្លេអ៊ែរកើតឡើង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។
ការលើកឡើងបែបនេះ ត្រូវបានមើលឃើញថាមានគោលបំណងរារាំងសម្ពន្ធមិត្តយោធាណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក មិនឱ្យមានការចូលរួមកាន់តែខ្លាំងក្នុងសង្គ្រាម នៅមុនកិច្ចប្រជុំនៃសម្ពន្ធមិត្តអ៊ុយក្រែន ដើម្បីពិភាក្សាអំពីការបញ្ជូនអាវុធបន្ថែមទៀតទៅកាន់ក្រុងកៀវ។
ថ្លែងឱ្យដឹងតាមរយៈការបង្ហោះនៅលើប្រព័ន្ធតេឡេក្រាម (Telegram) អតីតប្រធានាធិបតីរុស្ស៊ី ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានលើកឡើងថា៖ «ការបរាជ័យនៃប្រទេសមហាអំណាចនុយក្លេអ៊ែរ [រុស្ស៊ី] ក្នុងសង្គ្រាម គឺអាចនឹងបង្កឱ្យមានជាសង្គ្រាមនុយក្លេអ៊ែរកើតឡើង»។
អតីតប្រធានាធិបតីរុស្ស៊ីចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ រូបនេះ បន្ថែមថា៖ «មហាអំណាចនុយក្លេអ៊ែរ គឺមិនដែលចាញ់សង្គ្រាមធំៗឡើយ»។
ទាក់ទិននឹងករណីនេះ លោកបន្តថា អង្គការណាតូ និងមេដឹកនាំការពារជាតិនៃបណ្ដាប្រទេសផ្សេងទៀត ដែលនឹងត្រូវជួបគ្នានៅឯមូលដ្ឋានយោធាអាមេរិកតំបន់ Ramstein ក្នុងប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រ និងការគាំទ្ររបស់លោកខាងលិច ក្នុងការកម្ចាត់រុស្ស៊ីនៅអ៊ុយក្រែន គួរតែគិតអំពីហានិភ័យនៃគោលនយោបាយរបស់ពួកគេ។
គួរបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គិតរហូតមកដល់ពេលនេះ បានកើតឡើងអស់រយៈពេលជិត១១ខែមកហើយ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់ និងតំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក។
ករណីនេះក៏បានបង្កឱ្យមានជាការព្រួយបារម្ភពីបណ្ដាប្រទេសនានា ដែលថា ការប៉ះទង្គិចរវាងប្រទេសទាំង២ នេះអាចនឹងវិវត្តទៅជាសង្គ្រាមដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរផងដែរ ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏ធ្លាប់ឱ្យដឹងកាលពីពេលកន្លងទៅថា ការត្រៀមខ្លួនដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារប្រទេសរុស្ស៊ី ដែលលើកឡើងដោយលោក ពូទីន មិនមែនជាករណីលេងសើចនោះទេ។
ទោះជាយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំងមួយរូប ធ្លាប់បានបញ្ជាក់ឱ្យដឹងកាលពីពេលកន្លងទៅថា គោលនយោបាយសន្តិសុខរបស់រុស្ស៊ី គឺកំណត់ថាប្រទេសរបស់ខ្លួននឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ សម្រាប់តែករណីដែលអត្ថិភាពរបស់ខ្លួនត្រូវបានគំរាមកំហែងប៉ុណ្ណោះ ខណៈប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ក៏ធ្លាប់បានអះអាងថា លោក ពូទីន នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រក្នុងសង្គ្រាមជាមួយអ៊ុយក្រែននោះទេ បើទោះបីជាប្រធានាធិបតីរូបនេះធ្លាប់បានព្រមានពីហានិភ័យខ្ពស់នៃសង្គ្រាមនុយក្លេអ៊ែរយ៉ាងណាក៏ដោយ៕