ប្រធានរដ្ឋសភាកម្ពុជាលោក ហេង សំរិន នឹងដឹកនាំប្រតិភូជាន់ខ្ពស់រដ្ឋសភាទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេល៥ថ្ងៃ ក្រោយចិនប្រកាសផ្តល់ជំនួយដល់កម្ពុជាជិត៦០០លានដុល្លារ។
ក្នុងសេចក្តីជូនដំណឹងមួយរបស់រដ្ឋសភាចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ លោក ហេង សំរិន នឹងដឹកនាំ គណៈប្រតិភូទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៩ ខែក្កកដា ឆ្នាំ២០១៦។ ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ លោក ហេង សំរិន គ្រោងជួបជាមួយអនុប្រធានាធិបតីចិនលោក Li Yuanchao ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់នយោបាយប្រជាជនចិនទូទាំងប្រទេសលោក Yu Zhensheng លោក Zhang Dejiang ប្រធានសភាប្រជាជនចិនទូទាំងប្រទេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
ជាមួយគ្នានេះ ប្រធានរដ្ឋសភាកម្ពុជាក៏ចូលរួមកិច្ចប្រជុំរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងពីរផងដែរ។
កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ក្រោយជួបពិភាក្សាគ្នារវាងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅប្រទេសម៉ុងហ្គោលី ចិនបានប្រកាសផ្តល់ជំនួយឥតសំណងដល់កម្ពុជានូវទឹកប្រាក់ជិត៦០០នលានដុល្លារសម្រាប់ឆ្នាំ២០១៦ដល់២០១៨ ដោយផ្តោតលើវិស័យទឹកស្អាត ដំណើរការបោះឆ្នោត និងការអប់រំជាដើម។
ទោះយ៉ាងណា ជំនួយនេះត្រូវបានមជ្ឈដានមួយចំនួនមើលឃើញថាបានធ្វើឡើងក្រោយពីកម្ពុជាបានប្រកាសជំហរម្តងហើយម្តងទៀតថាបញ្ហាជម្លោះសមុទ្រចិនមិនទាក់ទងនឹងអាស៊ាន និងជំហរមិនគាំទ្រដល់សេចក្តីសម្រេចរបស់តុលាការមជ្ឈត្តិការអន្តរជាតិដែលកាត់សេចក្តីឲ្យភីលីពីនឈ្នះចិនក្នុងជម្លោះសមុទ្រចិនខាងត្បូង ដោយកម្ពុជាចង់ឲ្យភាគីទាំងពីដោះស្រាយទំនាស់ទ្វេភាគី៕